អតីត​​សកម្មជន​​មាតា​ធម្មជាតិ​​ដែល​​ទើប​​ចេញ​​ពី​​ពន្ធនាគារ​ បង្ហាញ​​ពី​​ទីតាំង​​បង្ហូរ​ទឹក​​លូ​​ចូល​​ស្ទឹង​​សៀមរាប

0:00 / 0:00

អតីត​សកម្ម​ជន​​ចលនា​មាតា​ធម្ម​ជាតិ​ដែល​ទើប​ចេញ​ពី​ពន្ធនា​គារលោក ថុន រដ្ឋា បាន​​បង្ហោះ​វីដេអូ​លើក​ទី១ នៅ​លើ​​ហ្វេកបុក​របស់​ខ្លួន ដោយ​​បង្ហាញ​​ពី​​ទី​តាំង​លូ​​បង្ហូរ​ទឹក​​កខ្វក់​​​​មាន​​ផ្ទុក​​ដោយ​កាក​សំណល់​ស្អុយ​រលួយ​ហូរ​ចូល​ក្នុង​ស្ទឹងសៀម​រាប ដោយ​មិនបាន​ឆ្លង​កាត់​ការ​ចម្រោះ​ត្រឹម​ត្រូវ​នោះ​ទេ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខុមាល​ភាព​សាធារណៈ និង​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ។ យុវជន​ស្រឡាញ់​បរិស្ថាន​រូប​នេះ ស្នើ​ដល់​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​នេះ។ ប៉ុន្តែអាជ្ញាធរ​​ក្រុង​​សៀម​រាប​ថា ​ការលើក​ឡើង​នោះ​ ជា​ការ​ភាន់​ច្រឡំ ព្រោះ​ស្ថាន​ភាព​ស្ទឹងសៀមរាប​បច្ចុប្បន្ន​មាន​សោភ័ណ្ឌ​​ភាព​ស្អាត និង​មិន​មាន​ការ​បង្ហូរ​ទឹកកខ្វក់​​នោះ​ទេ។

អតីត​សកម្មជន​​ចលនា​​មាតា​​ធម្មជាតិ​ម្នាក់​ដែល​ទើប​ចេញ​ពី​ពន្ធនា​គារ និង​ជាប់បម្រាម​របស់​តុលាការ​ផង​នោះ បាន​​ចេញ​​ផ្សាយ​វីដេអូថ្មី​ជា​លើក​ទី១ បង្ហោះ​លើទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​កាល​ពី​​ថ្ងៃ​​ទី១១ ខែកុម្ភៈ បង្ហាញ​​ទី​តាំង​លូ​​បង្ហូរ​ទឹក​កខ្វក់​​ជា​​ច្រើន​​កន្លែង​ហូរ​​ចូល​ដង​ស្ទឹង​សៀម​រាប ហើយ​លោក​​សង្ស័យ​​ថា ​ទឹក​កខ្វក់​​ដែល​មាន​​ជះក្លិន​​​ស្អុយ​ចេញ​ពី​បំពង់​លូ​ផ្ទុក​ដោយ​កាក​សំណល​រលួយ​នោះ​ ​មិន​បាន​​ឆ្លង​​កាត់​​ប្រព័ន្ធ​​ចម្រោះ​​​នោះ​​ទេ។

ក្នុង​​វីដេអូ​​មាន​​រយៈ​​ពេល​ជិត​៣នាទី របស់​យុវជន​ស្រឡាញ់​បរិស្ថាន​រូប​នេះ​បន្ត​ថា ទឹក​កខ្វក់​​ទាំង​នោះ​ហូរ​ចេញ​ពី​មន្ទីរពេទ្យ ផ្សារ សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន​ និង​​ផ្ទះ​ប្រជា​ពលរដ្ឋ ខណៈ​លោក​រក​ឃើញ​ថា ​អាង​ចម្រោះ​ទឹក​សំណល់​ក្រុងសៀម​រាប​មួយ​កន្លែង​មាន​ទំហំ​១២ហិតា ចំណាយ​លុយ​អស់​១៤លាន​ដុល្លារ និងដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០១០ បាន​ក្លាយ​ជា​អាង​ចិញ្ចឹម​ត្រី​ទៅ​វិញ។

លោក ថុន រដ្ឋា បារម្ភ​ថា ​ទឹក​ស្អុយ​ដែល​បង្ហូរ​ចូល​ស្ទឹង​ទេសចរណ៍​ប្រវត្តិ​សាស្រ្តនេះ ហើយ​បន្ត​ហូរ​ចូល​បឹង​ទន្លេ​សាប ដោយ​មិន​បាន​ចម្រោះ​ត្រឹម​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​​កម្ពុជា និង​បំផ្លាញ​ជីវៈ​ចម្រុះ​នៅ​ក្នុង​ទឹក។ ជា​មួយ​គ្នា ​ទឹក​នេះ​ត្រូវបាន​ប្រើ​ប្រាស់​ដើម្បី​ស្រោច​ដំណាំ ដំា​បន្លែ ចិញ្ចឹម​ត្រី និង​នេសាទ ដែល​ប៉ះ​ពាល់ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​ផង​ដែរ។ យុវជន​រូប​នេះ​បញ្ជាក់​ថា ​ក្នុង​នាម​រូបលោក​ជាយុវជន​ស្រឡាញ់​សន្តិភាព​ពេញលេញ និង​ស្រឡាញ់​បរិស្ថាន​ស្អាត​នោះ លោកចង់​ឃើញ​ទឹក​ស្ទឹង​សៀមរាប​មាន​ទឹក​ថ្លា​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍ ដោយ​មិនមែន​ជា​ស្ទឹង​ទឹក​លូ​នោះ​ទេ។ ដូច្នេះ​លោក​ស្នើ​ដល់​អាជ្ញាធរ​ពិនិត្យ ដោះ​ស្រាយបញ្ហា​នេះ និង​បើក​ដំណើរ​អាង​ចម្រោះ​ទឹក​កខ្វក់​​ឡើង​វិញ៖ «គ្រាន់​តែ​ការ​ចូល​រួម​ដើម្បី​ការ​ពារ​ធន​ធាន​ធម្មជាតិ​មិន​មែន​ជាអំពើ​ខុស​ច្បាប់ មិន​មែន​ជា​បទ​ល្មើស ជា​ការ​រួម​ចំណែក​មួយ​​ក្នុង​នាម​យើង​ជាពលរដ្ឋ​សកម្ម យុវជន​សកម្ម​ដែល​ឈឺ​ឆ្អាល​រឿង​ធន​ធាន​ធម្ម​ជាតិ បើ​ទោះ​បី​មានការ​ភ័យ​ខ្លាច​តែ​ខ្ញុំ​នៅ​តែ​ទៅ​មុខ ខ្ញុំ​ជឿ​ជាក់លើវីដេអូ​ដែល​និយាយ​​ពី​បញ្ហា​បរិស្ថាន​ចេញក្តី​ស្រឡាញ់​ក្នុង​នាម​ជា​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​របស់​ខ្លួន​ឯង»។

ជា​​មួយ​​គ្នា​នេះ​​ដែរ អាជីវករ​នៅ​ក្រុង​សៀម​រាប លោក យឹម សុង៉ា ​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១២ ខែកុម្ភៈ​ថា សោភ័ណ្ឌ​ភាព​តាម​ស្ទឹង​សៀមរាប​ មិន​បាន​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរ​ជាតិ​​ជា​​ច្រើន​​ឆ្នាំ​​មក​​ហើយ ដោយ​សារ​​ខ្វះ​ការ​យក​​ចិត្ត​​ទុក​​ដាក់​ពី​​អាជ្ញាធរ​​ពាក់​ព័ន្ធ។ លោក​បន្ត​ថា បញ្ហា​នេះ កើត​ឡើងដោយ​សារ​ការ​បង្ហូរ​កាក​សំណល់​កខ្វក់​​​ហូរ​ចេញ​ពី​លូ និង​មិន​បាន​សម្អាត​ភក់​នៅ​បាតស្ទឹង​ឱ្យ​បាន​ត្រឹម​ត្រូវ៖ «ស្ទឹង​នេះ​មិន​បាន​សម្អាត​ឱ្យ​បាន​ត្រឹម​ត្រូវ​មែន ទី​មួយ​បង្ហូរ​ទឹកស្អុយ​ចូល ទី​ពីរ​មាន​កាក​សំណល់​ផ្សេងៗ​ជា​ច្រើន ទី​បី​នៅ​បាត​ស្ទឹង​ហ្នឹង​មានជា​មួយ​ភក់​អត់​ស្អាត​ច្រើន និយាយចំ​ទៅ​ស្ទឹង​សៀម​រាប​ហ្នឹង​អត់​បាន​សម្អាត​ឱ្យ​ស្អាតទេ ហើយ​វា​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេស​ចរណ៍​មែន។ ខ្ញុំ​រស់​នៅ​សៀម​រាប​ស្នើ​សុំ​អាជ្ញាធរ​គួរ​មាន​វិធាន​ការ»។

ឆ្លើយ​តប​​រឿង​​នេះ អភិបាល​ក្រុង​សៀម​រាប​លោក នួន ពុទ្ធារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរីថា​ កន្លង​មក​អាជ្ញាធរ បាន​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​បរិស្ថាន​ទី​ក្រុង​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេស​ចរណ៍។ លោក​អះអាង​ថា​ ដង​ស្ទឹង​សៀម​រាប​បច្ចុប្បន្ន​មាន​សោភ័ណ្ឌ​ភាពស្អាត ហើយ​ទឹក​ក្នុង​ស្ទឹង គឺ​ហូរ​ចេញ​ពី​លូ​ទឹក​ភ្លៀង​ប៉ុណ្ណោះ ដោយ​មិន​មាន​ការ​បង្ហូរ​ទឹកកង្វក់​ពី​ការ​ប្រើ​ប្រាស់​ដូច​ការ​លើក​ឡើង​នោះ​ទេ ព្រោះ​អាជ្ញាធរ​បាន​រៀបចំ​ប្រព័ន្ធនៃ​ការ​បង្ហូរ​ទឹក​លូទាំង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។ រីឯ​អាង​ចម្រោះ​ទឹក​មួយ​​កន្លែងនៅ​ភូមិ​កន្រ្តក់ សង្កាត់​ស្វាយ​ដង្គំវិញ លោក​បញ្ជាក់​ថា ​កំពុង​ដំណើរ​ការធម្មតា ហើយអាជ្ញាធរ​ខេត្ត​ក៏​គ្រោង​រៀបចំ​ទី​តាំង​ចម្រោះ​ទឹក​មួយ​កន្លែង​ទៀត​នៅ​​ស្រុក​ប្រាសាទបា​គង នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​ពង្រីក​សមត្ថភាព​ចម្រោះ​ទឹក​ផង​ដែរ៖ «វីដេអូ​នេះ ខ្ញុំ​នឹង​ពិនិត្យ​មើល​ដោយ​សារ​ខ្ញុំ​អត់​ទាន់​ឃើញ តែឥឡូវ​ប្រព័ន្ធ​លូ​យើង​មាន​​ពីរ​ផ្សេង​គ្នា មួយ​លូ​កខ្វក់​ដែល​ចេញ​តាម​ការ​ប្រើ​ប្រាស់របស់​បង​ប្អូន​មួយ​ខ្សែ​ផ្សែង ហើយ​លូ​ទឹក​ភ្លៀង​មួយ​ខ្សែង​ផ្សេង អត់​មាន​បញ្ចូល​គ្នាទេ រាល់​កន្លែង​បញ្ចូល​ដង​ស្ទឹង​ទាំង​អស់​សុទ្ធ​តែ​ទឹក​ភ្លៀង​មិន​មែន​ទឹក​លូ​ទេ ឥឡូវទាក់​ទង​ដង​ស្ទឹង​យើង​ស្អាត​ហើយ​បរិស្ថាន​ក្នុង​ក្រុង​ទាំង​អស់​កំពុង​រៀបចំ​កំណែទម្រង់​ឡើង​​វិញ​​ពាក់​ព័ន្ធ​ការ​ថែ​រក្សា​បរិស្ថាន»។

ទោះយ៉ាង​ណា លោក ថុន រដ្ឋា បញ្ជាក់​ថា វី​ដេអូ​នេះ កើត​ចេញ​ពី​ក្តី​ស្រឡាញ់​របស់លោក​ចំពោះ​បរិស្ថាន ពុំ​មាន​ចេតនា​ញុះ​ញង់ និង​បង្ខូច​កេរ​ឈ្មោះ​រដ្ឋា​ភិបាលនោះ​ទេ។ លើស​ពី​នេះ​លោក​រីក​រាយ​ក្នុង​ការ​បង្ហាញ​ទី​តាំង​ទាំង​នោះ​ទៅ​កាន់អាជ្ញាធរ ដើម្បី​ផ្តល់​ដំណោះ​ស្រាយ និង​ទទួល​បាន​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ។

កន្លង​ទៅ​​យុវជន​​ចលនា​មាតា​ធម្មជាតិ​ធ្លាប់​​បាន​​បង្ហោះ​​វីឌីអូ ទាម​ទារ​​ឲ្យ​​រដ្ឋា​ភិបាល​បញ្ឈប់​​ការ​​លុប​​បឹង​​ធម្ម​ជាតិ និង​​ការ​ពារ​​បរិស្ថាន បណ្ដាល​​ឲ្យ​​តុលាការ​​​ចោទ​ប្រកាន់​​ពួក​គេ​​​ពី​​បទ​​ញុះ​ញង់ បទ​​រួម​​គំនិត​​ក្បត់ និង​​បទ​​ប្រមាថ​​ព្រះ​មហាក្សត្រ​​ជា​ដើម។ ប៉ុន្តែ​​​​ក្រោយ​​មាន​​ការ​​​ថ្កោល​​ទោស​​​ពី​​​សហគមន៍​​អន្តរ​ជាតិ ​រដ្ឋា​ភិបាល​​​បាន​​ដោះ​លែង​​​ពួក​​គេ​​ឲ្យ​នៅ​​ក្រៅ​​ឃុំ​​បណ្ដោះ​​​អាសន្ន​​​កាល​​ពី​​ចុង​​ឆ្នាំ​​២០២១​ ក្រោមលក្ខ​ខណ្ឌ​តឹងរ៉ឹង​ជា​ច្រើន​របស់​តុលា​ការ។ យ៉ាង​ណា​ក៏​ដោយ​ចុះ ពួក​គាត់ តែ​​​បន្ត​ធ្វើ​កិច្ច​​ការ​ពារ​​បរិស្ថាន​តទៅទៀត ពី​ព្រោះ​សកម្មភាព​ទាំង​នោះ ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ និង​ការ​ពារ​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។