យុវជនចលនាមាតាធម្មជាតិ នៅថ្ងៃទី២៩ កញ្ញា ជួបជុំគ្នាដាក់ញត្តិស្នើសុំតុលាការក្រុងភ្នំពេញ ដើម្បីអនុញ្ញាតឱ្យពួកគេធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិនៅប្រទេសស៊ុយអែត (Sweden)។ មន្ត្រីអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាល និងតុលាការ គួរតែអនុញ្ញាតឲ្យក្រុមយុវជនបានទៅទទួលពានរង្វាន់ដោយផ្ទាល់ នៅបរទេស ដើម្បីនាំឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ។
ក្រុមយុវជនចលនាមាតាធម្មជាតិ នៅថ្ងៃទី២៩ កញ្ញា បានជួបជុំគ្នា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីរង់ចាំគ្នាឡើងជិះរឺម៉កកង់បីរួមគ្នា ទៅដាក់ញត្តិនៅតុលាការក្រុងភ្នំពេញ។
យុវជន ដែលត្រូវបានអញ្ជើញឲ្យទៅទទួលពានរង្វាន់ ហើយបានមកសុំការអនុញ្ញាតពីតុលាការរួមមានកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា។
យុវជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា ប្រាប់អាស៊ីសេរីថា មូលហេតុនៃការមកដាក់ញត្តិនេះ គឺដើម្បីស្នើសុំការអនុញ្ញាតពីតុលាការ ធ្វើដំណើរទៅក្រៅប្រទេស។
លោក ថុន រដ្ឋា៖ «ពានរង្វាន់នេះ ក៏មិនមែនសម្រាប់តែពួកយើងប្រជាជនខ្មែរទេ គឺរដ្ឋាភិបាលខ្លួនឯងហ្នឹងក៏ជាមុខមាត់មួយសម្រាប់ខ្លួនឯងគឺ មានប្រជាជននៅក្នុងប្រទេសខ្លួន ដែលជាម្ចាស់ពានរង្វាន់សកលមួយធំ គឺជាមោទនភាពដូចគ្នា។ អ៊ីចឹងម្ដងហើយម្ដងទៀត យើងជឿជាក់ថា ឯកឧត្តមព្រះរាជអាជ្ញានឹងអនុញ្ញាតឲ្យពួកយើងទាំង៣នាក់បានចេញទៅទទួលពានរង្វាន់នេះ ដោយផ្ទាល់»។
យុវជនចលនាមាតាធម្មជាតិម្នាក់ទៀតគឺកញ្ញា ភួន កែវរស្មី ថ្លែងក្រោយចាកចេញពីសាលាដំបូងរាជធានីភ្នំពេញថា សាលាដំបូងរាជធានីភ្នំពេញបានទទួលសំណើនោះ និងសន្យាថា នឹងមានការឆ្លើយតបនៅពេលឆាប់ៗខាងមុខនេះ។ កញ្ញាសង្ឃឹមថា តុលាការនឹងអនុញ្ញាតឲ្យក្រុមចលនាមាតាធម្មជាតិ បានទៅទទួលពានរង្វាន់អន្តរជាតិដោយផ្ទាល់នៅប្រទេសស៊ុយអែត។
កញ្ញា ភួន កែវរស្មី៖ «ហើយពួកយើងក៏សង្ឃឹមថា ទាំងតុលាការ ទាំងរដ្ឋាភិបាលគាត់យោគយល់ ហើយគាត់មើលឃើញថា នេះគឺជាសេចក្ដីត្រេកអរ សប្បាយរីករាយ និងជាកិត្តិយសជាតិ ជាកិត្តិយសរបស់រដ្ឋាភិបាលដូចគ្នា ហើយខ្ញុំរំពឹង ហើយសង្ឃឹមថា តុលាការនឹងអនុញ្ញាតឲ្យពួកយើងបានទៅទទួលពានរង្វាន់នេះ ដោយផ្ទាល់»។
ការលើកឡើងនេះ ក្រោយពីចលនាមាតាធម្មជាតិ ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិពីប្រទេសស៊ុយអែត(Sweden) ដែលតម្រូវឲ្យពួកគេទៅទទួលពានរង្វាន់ផ្ទាល់នៅថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី១ ធ្នូ ខាងមុខនេះ ប៉ុន្តែពួកគេកំពុងតែជាប់បំរាម របស់តុលាការ ដែលមិនអនុញ្ញាតឱ្យធ្វើដំណើរចេញពីរង្វង់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដើម្បីសុំការឆ្លើយតបនឹងសំណើនេះ បាននៅឡើយទេ នៅថ្ងៃទី២៩ កញ្ញា។
ទោះជាយ៉ាងនេះក្ដី ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោកហេង គឹមហុង មានប្រសាសន៍ថា រដ្ឋាភិបាល និងតុលាការគួរតែអនុញ្ញាតឲ្យក្រុមយុវជនទាំងនោះ បានទៅទទួលពានរង្វាន់ ដែលជាកិត្តិយសសម្រាប់ជាតិ នៅខែវិច្ឆិកាខាងមុខ ដើម្បីបង្ហាញថា ប្រទេសកម្ពុជា បានបើកឱកាសឲ្យយុវជនចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ។
លោក ហេង គឹមហុង៖ «មនុស្សជាតិនៅលើភពផែនដីមានការសប្បាយចិត្ត មានការកោតស្ញប់ស្ញែង មានការគាំទ្រចំពោះសកម្មភាពទាំងឡាយណា ដែលការពារបរិស្ថាន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេក៏អាចជាកាតាលីករ មួយចង្អុលបង្ហាញថា ការឃាត់ខ្លួនសកម្មជនបរិស្ថាន ការចាប់ខ្លួនសកម្មជនបរិស្ថាន ការចោទប្រកាន់យុវជនការពារធនធានធម្មជាតិនេះ គឺជារឿងពុំត្រឹមត្រូវទេ ពួកគេគួរតែត្រូវបានលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងទូលំទូលាយ»។
តុលាការបានដោះលែងក្រុមយុវជនចលនាមាតាធម្មជាតិ ៦នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នក្រោមបទចោទប្រកាន់ «ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែបន្តដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងភ្ជាប់ជាមួយបំរាមមួយចំនួន ក្នុងនោះក៏មានការមិនអនុញ្ញាតឱ្យចាកចេញទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតពីតុលាការផងដែរ។
យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល និងតុលាការបើកឱកាសដល់ក្រុមយុវជនចលនាមាតាធម្មជាតិ ទៅទទួលពានរង្វាន់នៅក្រៅប្រទេស និងបង្ហាញពីសក្ដានុពលធនធានមនុស្សកម្ពុជានៅលើឆាកអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។