អ្នកការពារ​បរិស្ថាន​បារម្ភ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កោះកុង​ក្រៅ

0:00 / 0:00

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ព្រួយបារម្ភ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កោះកុង​ក្រៅ​ធ្វើ​ឱ្យ​បាត់បង់​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ។ ពួកគាត់​អះអាង​ថា ការបំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ទេសចរណ៍​កោះកុង​ក្រៅ​នេះ គឺ​ដោយសារតែ​ក្រសួងបរិស្ថាន​ធ្វើការ​យឺតយ៉ាវ​ក្នុង​ការ​ដាក់បញ្ចូល​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​បាន​ចេញ​វីដេអូ បង្ហាញ​ពី​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កោះកុង​ក្រៅ ដែល​មាន​អ្នក​មាន​អំណាច​ជា​អ្នក​កាង​ពីក្រោយ​។ ក្នុង​វីដេអូ​រយៈពេល​ជិត​៥​នាទី ពួកគាត់​បាន​រៀបរាប់​ពី​កាប់​បំផ្លាញ​ឈើ​ខុសច្បាប់​នៅ​តំបន់​កោះកុង​ក្រៅ ហើយ​តំបន់​ដែល​រង​កាប់​ទន្ទ្រាន​ច្រើន​ជាងគេ គឺ​នៅ​ឆ្នេរ​ទី​១ នៃ​កោះកុង​ក្រៅ​ជាប់​នឹង​បន្ទាយ​ទាហាន​តែម្ដង។

«ភាគច្រើន​បណ្ដាញ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តកោះកុង​បាន​បញ្ជូន​គាត់​ឱ្យ​ទៅ​រក​កាប់​ឈើប្រណិតៗ​នៅ​លើ​កោះកុង​ក្រៅ​គាត់​បាន​បន្ត​ទៀត​ថា គាត់​និង​គ្នីគ្នា​របស់​គាត់​ត្រូវ​បាន​ដឹក​ចេញពី​ដីគោក​ដោយ​ធ្វើដំណើរ​តាម​ដងព្រែក​នានា​នៅ​ក្បែរ​កោះកុង​ក្រៅ​ហើយ​មាន​ទាហាន​ការពារ​ដើម្បី​ទៅ​រក​ឈើប្រណិតៗ​នៅក្នុង​តំបន់​ភ្នំ​ព្រៃ​ជ្រៅៗ​ដែល​មិនទាន់​ត្រូវ​បាន​កាប់​បំផ្លាញ»។

ការ​ចេញ​ផ្សាយ​វីដេអូ​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់​សកម្មជន​បរិស្ថាន​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា​នេះ គឺ​ដោយសារ​ក្រសួង​បរិស្ថាន​នៅតែ​មិនទាន់​ដាក់បញ្ចូល​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ដែល​ធ្វើ​ឱ្យ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​មានឱកាស​ចូល​កាប់​ទន្ទ្រាន​ព្រៃឈើ​ដោយ​សេរី។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ កញ្ញា ថា គោលបំណង​នៃ​ការ​ធ្វើ​វីដេអូ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះ​ដែល​ធំ​ជាងគេ​នៅ​កម្ពុជា ដែល​អាច​ប្រឈម​នឹង​ការ​វិនាស ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​អើពើ​ចំពោះ​បញ្ហា​នេះ។ កញ្ញា​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​សមុទ្រ​នោះ​គឺ​ប្រៀប​ដូចជា​ក្រសួង​បរិស្ថាន​កំពុង​ក្បត់​ពាក្យសន្យា​របស់​ខ្លួន​ចំពោះ​ពលរដ្ឋ។

កញ្ញា មាន លីសា៖ «យើង​នៅតែ​ទាមទារ​ដដែល​ដរាបណា​កោះកុង​ក្រៅ​នៅ​មិនទាន់​ក្លាយជា​ឧទ្យាន​ជាតិ​សមុទ្រ​ទេ ពួកយើង​មិន​ឈប់​ដាច់ ចលនា​មាតា​ធម្មជាតិ នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឱ្យ​មាន​ការ​ឆ្លើយតប​ពីព្រោះ​វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋ ហើយ​ឥឡូវ​នៅក្នុង​អាណត្តិ​ថ្មី​ក្នុង​ថ្នាក់ដឹកនាំ​ថ្មី​ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថ្មី លោក អ៊ាង សុផល្លែត យើង​សង្ឃឹម​ហើយ និង​ជឿ​ជាក់​ថា គាត់​នឹង​យក​សំណើ​ដែល​ធ្វើការ​ស្នើ​រាប់​ឆ្នាំ​មក​ដោះស្រាយ មក​ធ្វើ​ការ​ឆ្លើយ​តប»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១២ កញ្ញា។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន សង្ស័យ​ថា ការណ៍​ដែល​ក្រសួង​បរិស្ថាន​ពន្យារ​ពេល​ដាក់​បញ្ចូល​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​នៅ​តំបន់​កោះកុង​ក្រៅ។ លោក​បន្ត​ថា ក្រសួង​បរិស្ថាន​គួរតែ​ពិចារណា​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​តាម​ការ​ស្នើ​សុំ​របស់​យុវជន​ស្រឡាញ់​បរិស្ថាន និង​ទទួល​ស្គាល់​ពី​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ។

លោក អូត ឡាទីន៖ «នៅក្នុង​អាណត្តិ​ថ្មី​នេះ​បើ​យើង​ក្រឡេក​មើល​ភាគច្រើន​មន្ត្រី​វ័យក្មេង​ច្រើន​ទៅ​សុទ្ធសឹងតែ​អ្នករៀន​សូត្រ​បាន​ជ្រៅជ្រះ ហើយ​ខ្ញុំ​ស្នើសុំ​ដល់​រដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថាន​ហ្នឹង​សូម​ឱ្យ​ប្រើប្រាស់​មន្ត្រី​ជំនួយ​មន្ត្រី​បច្ចេកទេស​ទាំងអស់​ហ្នឹង​ធ្វើ​យ៉ាងណា​ដាក់​គោលដៅ​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​បាន​តែម្ដង​ហើយ​ធ្វើការ​សហការ​គ្នា​ដោយ​មិន​រើសមុខ»។

កន្លងទៅ​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​តែង​ធ្វើ​យុទ្ធនាការ​ចែក​ខិត្តប័ណ្ណ​អំពី​កោះកុង​ក្រៅ និង​ដាក់​ញត្តិ​ជាច្រើនលើក​ទៅ​ក្រសួងបរិស្ថាន​ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ដាក់បញ្ចូល​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ក្នុង​គោលបំណង​ការពារ​សម្បត្តិ​ជាតិ។ ប៉ុន្តែ​ក្រសួង​បរិស្ថាន​តែង​ច្រានចោល​សំណើ​របស់​ពួកគេ និង​បែរ​ជា​ចាត់ទុក​ទង្វើ​របស់​យុវជន​ទាំងនេះ​ថា​ប្រាសចាក​ពី​ឧត្ដម​ប្រយោជន៍​ជាតិ និង​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល ហើយ​គំរាម​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៀត​ផង។

កោះកុង ឬ​អ្នកស្រុក​និយម​ហៅថា​កោះកុង​ក្រៅ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ ទី​រួម​ខេត្ត​កោះកុង។ កោះ​នេះ​មាន​ផ្ទៃ ១០៣​គីឡូម៉ែត្រ​ក្រឡា និង​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​ចម្រុះ​រួមមាន​ព្រៃឈើ ឆ្នេរ​ខ្សាច់​សក្បុស ទឹក​សមុទ្រ​ថ្លាឈ្វេង កូនភ្នំ ទឹកជ្រោះ ព្រមទាំង​សត្វព្រៃ និង​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ។ ក្រុម​យុវជន​អះអាង​ថា ពួកគេ​នៅតែ​ប្រកាន់​គោលជំហរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​សមុទ្រ​បើ​ទោះ​ជា​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​យ៉ាងណាក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។