សកម្មជនចលនាមាតាធម្មជាតិស្នើសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់បទចោទ «ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»ប្រឆាំងនឹងពួកគាត់។ ពួកគាត់នៅតែអះអាងថា សកម្មភាពការពារធនធានធម្មជាតិដើម្បីផលប្រយោជន៍ជាតិមិនមែនជាបទឧក្រិដ្ឋនោះទេ។ មន្ត្រីអង្គការសង្គមស៊ីវិលថា តុលាការគួរតែទម្លាក់ការចោទប្រកាន់មកលើយុវជនទាំងនោះ ព្រោះពួកគេធ្វើសកម្មភាពកន្លងទៅ គឺដើម្បីការពារធនធានធម្មជាតិ ដែលជាសម្បត្តិរួមតែប៉ុណ្ណោះ។
សកម្មជនចលនាមាតាធម្មជាតិបានចេញវីដេអូនៅថ្ងៃទី២៤ ខែឧសភា ដោយស្នើដល់តុលាការក្រុងភ្នំពេញទម្លាក់បទចោទប្រកាន់នានាដល់ពួកគាត់។ ពួកគាត់ រៀបរាប់នៅក្នុងវីដេអូថា សកម្មភាពការពារធនធានធម្មជាតិ គឺជាអំពើស្របច្បាប់ មិនមែនជាអំពើក្បត់ជាតិ ដូចតុលាការចោទប្រកាន់ពួកគាត់កន្លងមកឡើយ។
ពួកគាត់លើកឡើងក្នុងវីដេអូថា៖ «គ្រាន់តែការពារបរិស្ថានក្បត់ជាតិដែរ?ប្រឆាំងអំពើពុករលួយក្បត់ជាតិដែរ?គ្រាន់តែការពារធនធានធម្មជាតិក្បត់ជាតិដែរ?សួរទៅកាន់រដ្ឋាភិបាលពីបញ្ហាបរិស្ថានក្បត់ជាតិដែរ?គ្រាន់តែអប់រំប្រជាពលរដ្ឋឱ្យប្រើប្លាស្ទិកជាអំពើខុសច្បាប់ដែរមែនទេ?ការចោទប្រកាន់យុវជនខ្មែរដែលការពារបរិស្ថានពីបទរួមគំនិតក្បត់គឺជាសោកនាដកម្មដ៏ធំមួយក្នុងប្រព័ន្ធយុត្តិធម៌ខ្មែរ។ ពួកយើងទាមទារឱ្យតុលាការគិតគូដល់ប្រយោជន៍ជាតិ ហើយទម្លាក់ការចោទប្រកាន់មកលើពួកយើង»។
ការចេញផ្សាយវីដេអូទាមទារឱ្យតុលាការលុបចោលការចោទប្រកាន់នេះ គឺបន្ទាប់ពីតុលាការ បានបិទបញ្ចប់ការស៊ើបសួររួចហើយ និងត្រៀមជំនុំជម្រះលើសំណុំរឿងដែលចោទសកម្មជនបរិស្ថានទាំង៦នាក់ពីបទរួមគំនិតក្បត់ នៅពេលខាងមុខ។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីបន្ថែមថា មូលហេតុដែលកញ្ញា និងសកម្មជនផ្សេងទៀតចេញវីដេអូនេះ ព្រោះចង់បង្ហាញដល់តុលាការ និង រដ្ឋាភិបាលយល់ថា សកម្មភាពដែលពួកគេធ្វើកន្លងមក ដើម្បីចូលរួមចំណែកក្នុងការពារធនធានធម្មជាតិដែលបម្រើដល់ផលប្រយោជន៍សាធារណៈតាមករណីកិច្ចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ដែលផ្ទុយពីការចោទប្រកាន់របស់តុលាការពីបទរួមគំនិតក្បត់ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរទៅវិញ។
កញ្ញា ឡុង គន្ធា៖ «យើងព្រួយបារម្ភព្រោះវាជាបទចោទដែលធ្ងន់ធ្ងរដែលមិនអាចទទួលយកបានព្រោះចោទយើងទៅដល់រួមគំនិតក្បត់ តើយើងបានរួមគំនិតក្បត់ជាមួយនរណាគេ?ក្បត់ជាតិបែបម៉េច?បើយើងគ្រាន់តែការពារបរិស្ថាន តើក្បត់ជាតិបែបម៉េច។ យើងព្រួយបារម្ភ យើងអត់ដឹងថា តើយើងនឹងត្រូវគេបញ្ជូនទៅពន្ធនាគារវិញនៅពេលណាក៏យើងអត់ដឹង បើនិយាយពីក្ដីសង្ឃឹមថាទទួលបានយុត្តិធម៌នៅឆ្ងាយពេល ឆ្ងាយដូចជើងមេឃ»។
ទៅបីប្រឈមក្នុងបទចោទដែលប្រឈមនឹងពន្ធនាគារប្រមាណពី៥ ទៅ១០ឆ្នាំ កញ្ញា ឡុង គន្ធា នឹងបន្តចូលរួមការពារធនធានធម្មជាតិដដែល និងទទូចស្នើដល់តុលាការទម្លាក់បទចោទប្រកាន់កញ្ញា និងសកម្មជនផ្សេងទៀត។
កញ្ញា ឡុង គន្ធា៖ «ស្នើសុំដល់តុលាការទម្លាក់បទចោទប្រកាន់មកលើពួកយើងទាំង៦នាក់ ដែលពួកយើងអត់បានប្រព្រឹត្តកំហុសដូចអ្វីដែលតុលាការចោទប្រកាន់មកលើពួកយើងទេ ហើយយើងដឹងហើយថាការការពារបរិស្ថានវាស្របទៅតាមច្បាប់ដែលវាមិនមែនជាបទល្មើសក្បត់ជាតិ បទល្មើសឧក្រិដ្ឋនោះទេ ហើយសកម្មភាពរបស់ពួកយើងគួរតែត្រូវបានលើកទឹកចិត្ត មិនមែនត្រូវបានគំរាមកំហែងចាប់ដាក់គុក ដាក់ច្រវាក់ ឬក៏ចោទបទល្មើសនោះទេ»។
ចំណែកសកម្មជនម្នាក់ទៀត លោក លី ចាន់ដារ៉ាវុធ ចាត់ទុកការចោទប្រកាន់នេះថា រឿងដែលអស់សំណើច និងគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថា សកម្មជនចលនាមាតាធម្មជាតិបានរួមគំនិតក្បត់នោះដែរ។ យុវជន លី ចាន់ដារ៉ាវុធ បន្តថា ការចោទប្រកាន់នេះមិនបានធ្វើឱ្យលោកភ័យខ្លាច ឬបោះបង់កិច្ចការងារការពារធនធានធម្មជាតិនោះទេ ហើយលោកនឹងបន្តចូលរួមលាតត្រដាងការបំផ្លាញធនធានធម្មជាតិបន្តទៀត។
លោក លី ចាន់ដារ៉ាវុធ៖ «ពួកយើងជឿជាក់ថាគ្មានភស្តុតាងអីទេ ហើយពួកយើងក៏គ្មានបំណងផ្ដួលរំលំនរណាម្នាក់ដែរ ដូចច្នេះការចោទប្រកាន់មកលើពួកយើងគឺជារឿងដែលហួសហេតុ បើមើលមកពីក្រៅវិញ គឺជារឿងដែលអស់សំណើចដែលអ្នកមានអំណាចពេញដៃ បែរជាមកចោទប្រកាន់មកលើក្មេង៥ ទៅ៦នាក់ពីបទរួមគំនិតក្បត់ ហើយពួកយើងគឺជាក្មេងជំទង់អាយុ២០ឆ្នាំអី គ្មានអាវុធក្នុងដៃ គ្មានកងទ័ព មានតែកាមេរ៉ាមួយ និងការស្រាវជ្រាវ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បានទេ នៅថ្ងៃទី២៥ ខែឧសភានេះ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ(Licadho) លោក អំ សំអាត លើកឡើងថា តាមរយៈសកម្មភាពសកម្មជនចលនាមាតាធម្មជាតិកន្លងទៅ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិ។ លោកថា សកម្មភាពទាំងនេះមិនបានប៉ះពាល់ ឬប្រព្រឹត្តបទល្មើសនោះទេ ហើយកន្លងមកអង្គការសង្គមស៊ីវិលក៏បានស្នើឱ្យទម្លាក់ការចោទប្រកាន់ទៅលើពួកគាត់ដែរ។
លោក អំ សំអាត៖ «កន្លងមករបស់ពួកគាត់គឺការពារទៅលើធនធានធម្មជាតិ និងបរិស្ថានហ្នឹងទេ អ៊ីចឹងបទចោទប្រកាន់នេះមិនមានមូលដ្ឋាន និងសមហេតុផលនោះទេ អ៊ីចឹងកន្លងមកអង្គការសង្គមស៊ីវិលដែលធ្វើលើផ្នែកសិទ្ធិមនុស្ស ផ្នែកធនធានធម្មជាតិ និងបរិស្ថាន ក៏ទាមទារទម្លាក់បទចោទប្រកាន់ទៅលើអ្នកទាំងអស់នោះផងដែរដើម្បីឱ្យពួកគាត់មានសេរីភាពក្នុងការចូលរួមកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ»។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់សកម្មជនបរិស្ថាន កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ចំណែកលោក លី ចាន់ដារ៉ាវុត តុលាការបានចោទពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការធ្វើវីដេអូទាមទារឱ្យទម្លាក់ការចោទប្រកាន់មកលើសកម្មជនបរិស្ថាន កាលពីខែមិថុនា ឆ្នាំ២០២១។ ក្នុងសំណុំរឿងក្ដីនេះដែរ កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ក្នុងពេលឃុំខ្លួននៅពន្ធនាគារ តុលាការក៏បានចោទប្រកាន់ពួកគាត់មួយបទល្មើសទៀត គឺបទរួមគំនិតក្បត់ បន្ថែមលើបទចោទញុះញង់ ដែលពួកគាត់ត្រូវបានឃាត់ខ្លួន កាលពីដើមខែកញ្ញា ឆ្នាំ២០២០។
ទោះជាយ៉ាងណាពីតុលាការបានដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ក្រុមសកម្មជនចលនាមាតាធម្មជាតិបានទទួលពានរង្វាន់២។ ទី១ គឺជាពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើមប្រចាំឆ្នាំ២០២១ ពីបណ្ដាញអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា និងមួយទៀត គឺជាពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders ចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។