សកម្មជនមាតាធម្មជាតិ ២រូប ត្រូវបានតុលាការខេត្តកោះកុងសម្រេចដោះលែងឱ្យនៅក្រៅឃុំហើយ នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១៣ កុម្ភៈ នេះ ក្រោយជាប់ឃុំអស់រយៈពេលជិតកន្លះឆ្នាំ។ សកម្មជនបរិស្ថានទាំងពីររូបអះអាងដូចគ្នាថា ពួកគេនឹងបន្តសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិជាបន្តទៀត ដោយមិនរាថយឡើយ។
សកម្មជនបរិស្ថានទាំងពីររូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី អះអាងដូចគ្នាថា ពន្ធនាគារឃុំឃាំងបានតែរូបកាយប៉ុណ្ណោះ តែមិនអាចឃុំចិត្តគំនិត និងមនសិការរបស់ពួកលោកអំពីរឿងការពារធនធានធម្មជាតិបាននោះឡើយ។ អ្នកទាំងពីរប្ដេជ្ញាចិត្តរួចជាស្រេចហើយថា នឹងបន្តសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិតទៅទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន ក្រោយបាននៅក្រៅឃុំ។
លោក ឌឹម គុនឌី ថ្លែងប្រាប់អាស៊ីសេរី ក្រោយចេញពីពន្ធនាគារថា ចំណាត់ការរបស់សមត្ថកិច្ច និងតុលាការខេត្តកោះកុងប្រឆាំងនឹងរូបលោក និងលោក ហ៊ុន វណ្ណៈ នោះ គឺជារឿងអយុត្តិធម៌ គួរឱ្យអស់សំណើច និងជារឿងដ៏អាម៉ាស់ ព្រោះលោកគិតថា ក្រុមអាជ្ញាធរទាំងនោះធ្វើតាមបញ្ជារបស់អ្នកមានលុយមានអំណាច ដែលរកស៊ីខុសច្បាប់នៅខេត្តកោះកុង។ សកម្មជនរូបនេះ អះអាងថា ក្នុងនាមជាអ្នកស្រឡាញ់បរិស្ថានមួយរូប និងធ្លាប់បានចូលប្រឡូកក្នុងការងារការពារបរិស្ថានជាច្រើនឆ្នាំ លោកនឹងមិនបញ្ឈប់សកម្មភាពទាំងនោះ ត្រឹមការចាប់ខ្លួនលោកដាក់ពន្ធនាគារ ៥ ខែនេះទេ៖ «ការចាប់ចងពួកខ្ញុំនេះ គឺជាការខ្លាចបែកព័ត៌មាន ឬក៏ខ្លាចពួកយើងលាតត្រដាងពីរឿងអាស្រូវ ពីរឿងការប្រព្រឹត្តខុសច្បាប់របស់ពួកគេ។ ហើយខ្ញុំគិតថាវាជារឿងអយុត្តិធម៌ណាស់ ដែលកាត់ទោសឱ្យពួកយើងជាប់មួយឆ្នាំ ហើយអនុវត្តទោសនៅក្នុងពន្ធនាគារ ៥ ខែ នៅសល់ ៧ ខែទៀត ដែលយើងនៅតែជាប់ពិរុទ្ធដដែល។ ក៏ប៉ុន្តែ ការឃុំខ្លួនបែបនេះ មិនធ្វើឱ្យខ្ញុំខ្លាចរអានោះទេ ខ្ញុំសូមផ្ដាំផ្ញើទៅប្រជាពលរដ្ឋថា ការងាររបស់ពួកយើងគឺពួកយើងនៅតែធ្វើដដែល ហើយជាប់គុកម្ដង យើងពេញកម្លាំង និងឆន្ទៈ ដើម្បីបន្តការងារទៅមុខទៀត»។
ចំណែកសកម្មជនមាតាធម្មជាតិមួយរូបទៀត គឺលោក ហ៊ុន វណ្ណៈ វិញ ឱ្យដឹងដូចគ្នាដែរថា លោកនឹងបន្តការងារដូចពីមុនដដែល គឺចូលរួមការពារធនធានធម្មជាតិ ទោះបីជាអង្គការរបស់លោកត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលរួចទៅហើយក្ដី។ លោកនៅតែអះអាងថា លោក និងសហការី មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ដើមបណ្ដឹង និងតំណាងអយ្យការនោះទេ ហើយរឿងក្តីប្រឆាំងនឹងរូបលោកនេះ គឺគ្រាន់តែជាចេតនានៃការគំរាមកំហែងលើពួកលោកតែប៉ុណ្ណោះ៖ «ពួកខ្ញុំជឿជាក់ថា វាជាការព្យាយាមគំរាមកំហែងពួកខ្ញុំ ដោយសារតាំងពីដើមមក អង្គការមាតាធម្មជាតិ ធ្វើការប៉ះពាល់ជាមួយនឹងបុគ្គលដែលរកស៊ីបំផ្លាញធនធានធម្មជាតិ ជាពិសេសនៅខេត្តកោះកុង គឺយើងធ្វើការប៉ះពាល់ដល់ផលប្រយោជន៍គេយ៉ាងច្រើន គេមិនសប្បាយចិត្តទេ។ ការចាប់ខ្លួនពួកខ្ញុំវាធ្វើឡើងក្នុងឱកាសមួយដែលពួកគេមាន ស្របពេលស្ថានភាពនយោបាយនៅក្នុងប្រទេសយើងមិនល្អប្រសើរផង គេអាចមានឱកាសចាប់ខ្លួនពួកខ្ញុំដើម្បីគំរាមកំហែង»។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ត្រូវបានតុលាការខេត្តកោះកុងកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ ១ ឆ្នាំ តែអនុវត្តទោសតែ ៥ ខែប៉ុណ្ណោះ ដោយទោសនៅសល់ត្រូវព្យួរ ព្រមទាំងពិន័យជាប្រាក់ម្នាក់ ១ លានរៀល ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល ក្រោយពេលពួកគេបានជិះទូកថតរូបភាព និងវីដេអូ សកម្មភាពកប៉ាល់ដឹកខ្សាច់ស៊ីលីកា (Silica) ពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។ ដើមបណ្តឹងនៃសំណុំរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទោះបីជាសកម្មជនបរិស្ថានទាំងពីររូបត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្តី អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស នៅតែព្រួយបារម្ភថា ពួកគេងាយនឹងត្រូវចាប់ដាក់ពន្ធនាគារវិញ ប្រសិនបើពួកគេបន្តការងារការពារបរិស្ថានដូចកាលពីមុន។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ថ្លែងថា តុលាការមិនគួរផ្ដន្ទាទោសសកម្មជនទាំងពីរនាក់នេះទេ ព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ លោកថាសកម្មភាពរបស់អ្នកទាំងពីរ ដែលចុះស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលព័ត៌មាន និងទិន្នន័យនេះ គឺជាការអនុវត្តវិជ្ជាជីវៈជាសកម្មជនបរិស្ថាន ដូច្នេះចំណាត់ការរបស់សមត្ថកិច្ច និងតុលាការខេត្តកោះកុងទៅលើអ្នកទាំងពីរ គឺគ្រាន់តែជាការគំរាមកំហែង និងបំបាក់ស្មារតីយុវជនដទៃទៀត មិនឱ្យចូលរួមការងារការពារបរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ។
ចំណែក អ្នកនាង លឹម គីមស័រ ដែលជាអតីតសហការីរបស់សកម្មជនទាំងពីររូបនេះវិញ បញ្ជាក់ថា នាងត្រេកអរដែលតុលាការសម្រេចដោះលែងអ្នកទាំងពីរឱ្យនៅក្រៅឃុំជួបជុំគ្រួសារឡើងវិញ បើទោះជាសេរីភាពនេះមិនបានពេញលេញក៏ដោយ។ ទោះជាយ៉ាងណា នាងនៅតែមិនអស់ចិត្តចំពោះតុលាការខេត្តកោះកុង ដែលបានផ្ដន្ទាទោសអ្នកទាំងពីរ ទាំងដែលពួកគេមិនបានប្រព្រឹត្តកំហុសអ្វីនោះឡើយ៖«មិនមែនមានតែពួកយើងទេដែលដឹងថារឿងនេះជារឿងអយុត្ដិធម៌ ចំពោះអ្នកផ្សេងទៀតក៏ដឹងថារឿងនេះជារឿងអយុត្តិធម៌ដែរ ហើយបើគេព្យាយាមឃុំខ្លួនពួកគាត់យូរជាងនេះទៀត រូបភាពវាកាន់តែអាក្រក់មើល។ អ៊ីចឹងទោះបីយ៉ាងម៉េចក៏ដោយ ក៏ខ្ញុំចូលរួមត្រេកអរជាមួយពួកគាត់ជាមួយក្រុមគ្រួសាររបស់ពួកគាត់ ហើយសំណូមពរឱ្យតុលាការខេត្តកោះកុង ផ្ដល់ភាពយុត្តិធម៌ដល់ពួកគាត់ ជាងនេះទៀត គឺទម្លាក់ចោលការចោទប្រកាន់តែម្ដងក៏បានដែរ ព្រោះយើងដឹងស្រាប់ហើយថា ពួកគាត់អត់មានខុសអ្វីទេ។ ការចោទប្រកាន់នេះ គឺដកហូតសម្ភារៈរបស់ពួកគាត់ទាំងអស់ដែលជាអំណោយរបស់សប្បុរសជន និងរបស់មួយចំនួនដែលគាត់ខំប្រឹងរកមកដោយខ្លួនឯង»។
សកម្មជនបរិស្ថានទាំងពីររូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី អះអាងថា ពួកលោកនឹងពិភាក្សាជាមួយមេធាវីដើម្បីដាក់បណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់តុលាការខេត្តកោះកុងនាពេលឆាប់ៗខាងមុខនេះ ព្រោះពួកលោកយល់ថា ការផ្ដន្ទាទោសពួកលោក រួមទាំងការដកហូតយកឧបករណ៍ផ្សេងៗ ដែលបម្រើឱ្យសកម្មភាពការពារបរិស្ថាន ដូចជា កាមេរ៉ា និងប្រដាប់វាស់វែងផែនទី (GPS) ជាដើម ទៅធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋ ទាំងដែលពួកលោកមិនបានប្រព្រឹត្តបទល្មើសអ្វីផងនោះ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។