ក្រុមសកម្មជនចលនាមាតាធម្មជាតិលើកឡើងថា បើទោះបីជាពួកគេមិនរំពឹងថា នឹងបានទទួលយុត្តិធម៌ពីតុលាការក្ដី តែពួកគេនឹងចូលរួមសវនាការក្នុងសំណុំរឿងរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ នាចុងខែឧសភានេះ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការចូលរួមសវនាការនៅតុលាការរបស់យុវជនចលនាមាតាធម្មជាតិ នឹងកាន់តែបង្ហាញគំរូភាពក្លាហាន បំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ក្នុងបុព្វហេតុការពារបរិស្ថាននៅកម្ពុជា។
យុវជនចលនាមាតាធម្មជាតិលើកឡើងដូចៗ គ្នាថា ដើម្បីលើកទឹកចិត្តសកម្មជនបរិស្ថានជំនាន់ថ្មី ពួកគេនឹងចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភាខាងមុខ។
សកម្មជនចលនាមាតាធម្មជាតិ និងជាអតីតគ្រូបង្រៀនក្របខ័ណ្ឌរដ្ឋ កញ្ញា ឡុង គន្ធា ប្រាប់វិទ្យុអាស៊ីនៅថ្ងៃទី២៣ ខែឧសភា ថា បើទោះបីជាប្រឈមនឹងត្រូវចាប់ឃុំខ្លួននៅពន្ធនាគារក្ដី ក៏កញ្ញានៅតែចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងគោលបំណងការពារបរិស្ថាន ដែលកញ្ញាបានចូលរួមជាមួយចលនាមាតាធម្មជាតិនាពេលកន្លងមក។ កញ្ញាបន្តថា ការចូលរួមសវនាការនៅតុលាការនេះ ក៏ជាសារមួយបង្ហាញទៅដល់សាធារណជនថា សកម្មជនចលនាមាតាធម្មជាតិនៅតែរឹងមាំ និងបន្តធ្វើការងារការពារបរិស្ថានផងដែរ។
កញ្ញា ឡុង គន្ធា៖«ហើយក៏ចង់ផ្ដាំទៅកាន់យុវជន ពលរដ្ឋខ្មែរទាំងអស់គ្នា សុំកុំអស់សង្ឃឹម ហើយសង្ឃឹមថា ទាំងអស់គ្នានៅតែបន្តរឹងមាំ បន្តនៅក្នុងការចូលរួមគាំទ្រទៅនឹងកិច្ចការងារសង្គម ជាពិសេស កិច្ចការងារការពារបរិស្ថាន»។
ស្រដៀងគ្នានេះដែរ សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី លើកឡើងថា ការចូលរួមសវនានៅតុលាការ គឺជាការបញ្ជាក់ថា សកម្មជនចលនាមាតាធម្មជាតិមិនបាក់ស្មារតី ដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រព័ន្ធតុលាការឡើយ។ កញ្ញាបន្តថា តាមរយៈការចូលរួមសវនាការ ដោយមិនគេចវេះនេះ ក៏ជាការបង្ហាញពីភាពអត់ធ្មត់ ក្លាហាន និងសាមគ្គីភាព របស់ក្រុមយុវជនចលនាមាតាធម្មជាតិ ក្នុងកិច្ចការងារការពារបរិស្ថាន។
កញ្ញា ភួន កែវរស្មី៖«ពួកយើង មិនមែនសម្រាប់តែខ្ញុំទេ ខ្ញុំចង់ឃើញប្រជាពលរដ្ឋខ្មែរ ក៏ដូចជា យុវជនគាត់នៅមានគោលជំហររឹងមាំ មិនថា មានការឃុំខ្លួនឡើងវិញ ក៏ពួកយើងមិនចង់ឃើញពលរដ្ឋខ្មែរណាម្នាក់បាក់ទឹកចិត្ត ដោយសារតែការគំរាមកំហែងបែបនេះទេ ព្រោះគោលដៅ នៃការចាប់ឃុំខ្លួន នៃការដកហូតសេរីភាពយើង គឺគេចង់ប្រើយុទ្ធសាស្ត្របំបាក់ទឹកចិត្ត គំរាមកំហែងទៅដល់ប្រជាពលរដ្ឋ ហើយនឹងយុវជន បើសិនជាពួកយើងបាក់ទឹកចិត្ត ហើយមិនហ៊ានធ្វើអីទៀត ស្មើនឹងយើងផ្ដល់ជ័យជម្នះទៅឱ្យគេ»។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង កាលពីថ្ងៃទី៣០ ខែមេសា បានចេញលិខិតកោះហៅមេធាវី សំ ចំរើន និងសកម្មជនចលនាមាតាធម្មជាតិទាំង ៧នាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ព្រមទាំងអតីតសកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត គឺលោក ពក ខឺយ ឱ្យចូលសវនាការនៅសប្ដាហ៍ក្រោយនេះ។
សកម្មជនចលនាមាតាធម្មជាតិធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរគឺ ពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders និងពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) ពីប្រទេសស៊ុយអែត (Sweden) ចំពោះភាពក្លាហាន និងការហ៊ានប្រថុយគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កែវ រ៉េមី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេនៅថ្ងៃទី២៣ ខែឧសភា។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្សឯករាជ្យ លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលគួរលើកទឹកចិត្តការងាររបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ជាជាងបន្តប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងទៅលើពួកគេ។ លោកបន្តថា រដ្ឋាភិបាល ជាពិសេស ក្រសួងបរិស្ថាន គួរអន្តរាគមន៍ឱ្យមានការលើកលែងបទចោទលើសកម្មជនចលនាមាតាធម្មជាតិ ជាជាងបន្តលាបពណ៌ក្រុមយុវជន ដែលក្លាហាន ហ៊ានលើកយកបញ្ហាបរិស្ថានកើតមាននៅតាមសហគមន៍ឱ្យសាធារណជន និងរដ្ឋាភិបាលបានដឹង ដើម្បីដោះស្រាយ។
លោក ស៊ឹង សែនករុណា៖«អ៊ីចឹង បើសិនជាមានការទម្លាក់ចោលនូវបទចោទប្រកាន់ទៅលើពួកគាត់ គាត់នឹងមានសេរីភាពពេញលេញនៅក្នុងការអនុវត្តសកម្មភាពទាំងអស់នេះ ដើម្បីជាការរួមចំណែក ក៏ដូចជា ជួយទៅដល់រដ្ឋាភិបាលទៅវិញទេ តែផ្ទុយទៅវិញ បើសិនជាមានការកាត់ទោស ឬក៏ឃុំខ្លួនអ្នកទាំងអស់គ្នាហ្នឹង រដ្ឋាភិបាលនឹងមានឈ្មោះកាន់តែអសោចតទៅទៀត»។
សកម្មជនចលនាមាតាធម្មជាតិលើកឡើងថា ដរាបណាបញ្ហាបរិស្ថាន និងការទាញយកធនធានធម្មជាតិប្រើប្រាស់ដោយមិនមានតម្លាភាពនៅតែកើតមាន នោះបើទោះបីជាប្រឈមនឹងហានិភ័យបែបណាក្ដី ក៏ពួកគេនៅតែបន្តភាពសកម្មនិយមការពារបរិស្ថានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។