សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញលោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បានប្ដឹងសាទុក្ខទៅតុលាការកំពូលប្រឆាំងនឹងសាលក្រមផ្ដន្ទាទោសលើរូបលោកក្នុងសំណុំរឿងញុះញង់។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា តុលាការគួរតែទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងលោក អាឡិច និងសកម្មជនមាតាធម្មជាតិ ៦ នាក់ទៀត ពីព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច សម្រេចប្ដឹងសាទុក្ខទៅតុលាការកំពូលប្រឆាំងនឹងការផ្ដន្ទាទោសលើរូបលោក ទោះជាមិនសូវមានជំនឿថា នឹងទទួលបានយុត្តិធម៌ក៏ដោយ។ នេះគឺដោយសារលោកចង់បង្ហាញថា លោកមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ ហើយការចោទប្រកាន់ និងផ្ដន្ទាទោសលោកកន្លងមក គ្រាន់តែជារូបភាពគំរាមកំហែងលើសកម្មជនបរិស្ថានប៉ុណ្ណោះ។
លោក អាឡិច រិះគន់ថា អាជ្ញាធរ និងតុលាការដែលស្ថិតក្រោមបញ្ជារបស់រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងជាន់ឈ្លីច្បាប់ដោយខ្លួនឯង តាមរយៈការចោទប្រកាន់លើរូបលោក តែបិទផ្លូវលោកមិនឱ្យចូលការពារខ្លួនក្នុងសវនាការ។ លោកបន្តថា លោកមិនមានជំនឿថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់រូបលោកឡើយ ព្រោះតុលាការជាន់ខ្ពស់មួយនេះក៏នឹងសម្រេចក្ដីទៅតាមបញ្ជារបស់អ្នកនយោបាយដូចតុលាការថ្នាក់ក្រោមដែរ។ ប៉ុន្តែលោកថា ការតតាំងក្ដីដល់ទីបញ្ចប់នេះ គឺដើម្បីបង្ហាញឱ្យពលរដ្ឋខ្មែរឃើញកាន់តែច្បាស់ថា តុលាការកម្ពុជាមិនឯករាជ្យ និងបំពេញការងារដោយមិនត្រឹមត្រូវ៖ «ករណីរបស់ខ្ញុំហ្នឹង គឺបានរំលោភនីតិវិធីផង រំលោភរដ្ឋធម្មនុញ្ញផង ហើយរំលោភកតិកាសញ្ញាអន្តរជាតិដោយកម្រោល។ ចេះតែចោទប្រកាន់ ចេះតែផ្ដន្ទាទោស ចេះតែកោះហៅខ្ញុំឱ្យចូលរួម ក្រោយមកហ្នឹងអត់មានវត្តមាន ( ខ្ញុំ ) នៅតែទៅមុខ អាហ្នឹងវាជារឿងដែលប៉ះពាល់។ ប៉ះពាល់ជាងគេ គឺប៉ះពាល់លើមុខមាត់របស់តុលាការ ប៉ះពាល់ទៅលើប្រទេសជាតិទាំងមូល » ។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសកំបាំងមុខ លោក អាឡិច ដាក់ពន្ធនាគារចំនួន ២០ខែ ពីបទ «សមគំនិតក្នុងអំពើញុះញង់» ក្នុងសំណុំរឿងជាមួយសកម្មជនមាតាធម្មជាតិ ៣នាក់ទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមផ្ដន្ទាទោសនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
មេធាវីការពារក្ដីឱ្យលោក អាឡិច គឺលោក សំ ចំរើន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ០៩មករាថា លោកបានដាក់បណ្ដឹងសាទុក្ខរួចហើយកាលពីពេលថ្មីៗនេះ និងកំពុងត្រៀមដាក់សារណាការពារក្ដីទៅតុលាការកំពូលបន្ថែមទៀត។ លោកបញ្ជាក់ថា កន្លងមកកូនក្ដីរបស់លោកខាតបង់ប្រយោជន៍ផ្លូវច្បាប់មួយយ៉ាងសំខាន់ គឺសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ពីព្រោះដំណើរការក្ដីនៅតុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ធ្វើឡើងដោយកំបាំងមុខ៖ «សវនាការដែលត្រឹមត្រូវ និងយុត្តិធម៌ គេមិនងាយអនុវត្តដោយកំបាំងមុខទេ លុះត្រាតែអស់ជម្រើស ហើយនិងថា មិនអាចចូលមកបាន ដោយសារហេតុផលសុខភាព ឬហេតុផលចាំបាច់លើសលប់ណាមួយ ទើបគេអនុវត្តនីតិវិធីកំបាំងមុខ។ បើជនជាប់ចោទនៅតែមានឆន្ទៈចង់ចូលរួម តុលាការជាទូទៅត្រូវផ្ដល់សិទ្ធិហ្នឹងឱ្យជនជាប់ចោទចូលរួមសវនាការដោយផ្ទាល់ ដើម្បីគាត់អាចឆ្លើយដោះសា អាចតតាំងជាមួយសាក្សីដាក់បន្ទុក គាត់អាចធ្វើសំណូមពរចុងក្រោយ ជាដើម»។
អាជ្ញាធរកម្ពុជាបានបណ្ដេញលោក អាឡិច ចេញពីកម្ពុជា កាលពីឆ្នាំ២០១៥ និងបានដាក់លោកក្នុងបញ្ជីខ្មៅនៃជនបរទេសដែលត្រូវហាមឃាត់មិនឱ្យចូលទឹកដីកម្ពុជា។ លោកបានស្វះស្វែងជាច្រើនលើកក្នុងការស្នើសុំទិដ្ឋាការវិលមកកម្ពុជាវិញ ជាពិសេសការត្រឡប់មកតតាំងក្ដីនៅតុលាការ ប៉ុន្តែត្រូវបានបដិសេធ ឬមិនឆ្លើយតបពីសំណាក់អាជ្ញាធរកម្ពុជាឡើយ។
ទាក់ទងនឹងការបន្តហាមឃាត់លោក អាឡិច មិនឱ្យវិលចូលកម្ពុជាវិញនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនបានដឹងរឿងនេះទេ ហើយលោកបង្វែរឱ្យទៅសួរអគ្គនាយកដ្ឋានអន្តោប្រវេសន៍វិញ។ វិទ្យុអាស៊ីសេរីបានទាក់ទងទៅអគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន ប៉ុន្តែទូរស័ព្ទចូល ពុំមានអ្នកទទួល នៅថ្ងៃទី៩ ខែមករា។
ក្រៅពីត្រូវបានផ្ដន្ទាទោសក្នុងបទចោទ «សមគំនិតក្នុងអំពើញុះញង់» នេះហើយ លោក អាឡិច ក៏ជាប់ចោទពីបទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»មួយទៀតដែរ ដែលសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ការបិទផ្លូវជនជាប់ចោទមិនឱ្យចូលតតាំងក្ដីក្នុងតុលាការ ជាការរំលោភសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទ។ លោកស្នើដល់អាជ្ញាធរកម្ពុជាបើកផ្លូវឱ្យលោក អាឡិច វិលមកកម្ពុជាវិញ ដើម្បីតតាំងក្ដីក្នុងតុលាការ និងបន្តសកម្មភាពការពារបរិស្ថានរបស់គាត់វិញ៖ «ការផ្ដល់យុត្តិធម៌ក្នុងរឿងនេះ គឺទម្លាក់ការចោទប្រកាន់ ហើយផ្ដល់លទ្ធភាពឱ្យលោក អាឡិច បានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីការពារព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិដែលកម្ពុជាយើងកំពុងសេសសល់ចុងក្រោយហ្នឹងឯង»។
លោក ស៊ឹង សែនករុណា បញ្ជាក់បន្ថែមថា ក្រុមអង្គការសង្គមស៊ីវិលនៅតែរក្សាជំហរទាមទារឱ្យអាជ្ញាធរ និងតុលាការ ទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងសកម្មជនបរិស្ថាន ៦នាក់ទៀត រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី លោក ថុន រដ្ឋា និងយុវជន លី ចាន់ដារ៉ាវុធ ពីព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ផ្ទុយទៅវិញ សកម្មភាពរបស់ពួកគេកន្លងមក ជាការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់ និងជាការចូលរួមជួយការពារបរិស្ថាន និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។