ចលនា​មាតា​ធម្មជាតិ​ធ្វើ​យុទ្ធនាការ​ផ្ញើ​សារ​ទៅ​ក្រសួង​បរិស្ថាន​ឱ្យ​ឆ្លើយ​តប​ការ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ធ្វើ​យុទ្ធនាការ​បំផុស​ឱ្យ​សាធារណជន ចូលរួម​ផ្ញើ​សារ​ទៅ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន ជំរុញ​ឱ្យ​ក្រសួង​បរិស្ថាន ដាក់​កោះ​ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​ធំ​ជាងគេ​បន្ទាប់ពី​កោះត្រល់​មួយ​នេះ ជា​ឧទ្យានជាតិ​សមុទ្រ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៥ ខែ​មករា ថា យុទ្ធនាការ​ផ្ញើ​សារ​នេះ ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃទី​៤ ខែ​មករា រហូតដល់​ថ្ងៃទី​១១ ខែ​មករា ដោយ​តម្រូវ​អ្នក​ចូលរួម​យុទ្ធនាការ​នេះ​ផ្ញើ​សារ​ដោយ​ផ្ទាល់​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​ថា តើ​ក្រសួង​បរិស្ថាន​ត្រូវ​ការ​រយៈពេល​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​ទៀត ក្នុង​ការ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ? កញ្ញា​បន្ត​ថា ការ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ មិន​ត្រឹមតែ​អាច​ធានា​ពី​ចីរភាព​ធនធាន​ធម្មជាតិ​នៅ​កោះកុង​ក្រៅ តែប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ឱ្យ​ទៅលេង​កម្សាន្ត ដើម្បី​ទទួល​បាន​ចំណូល​ថវិកាជាតិ​ផង​ដែរ។

តោះ!!!កុំឱ្យស្ងាត់រឿងកោះកុងកុងក្រៅពេក យើងនាំគ្នាសួរក្រសួងបរិស្ថានមើលគាត់ធ្វើការដល់ណាហើយ?...

Posted by Mother Nature Cambodia on Wednesday, January 3, 2024

កញ្ញា មាន លីសា៖ «ខ្ញុំ​សំណូមពរ​ឱ្យ​ចូល​រួម​លេង​ទាំងអស់គ្នា​ក្រែង​បាន​រង្វាន់​ទៅ​លេង​នៅ​កោះកុង​ក្រៅ បាន​អាវ​កោះកុង​ក្រៅ ស្ទីកឃ័រ(Sticker)កោះកុង​ក្រៅ ហើយ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​កោះកុង​ក្រៅ ដែល​ជា​សម្បត្តិ​របស់​យើង​ទាំងអស់​គ្នា មិនមែន​របស់​បុគ្គល​ណា​ម្នាក់​ទេ ហើយ​សំណូមពរ​ទៅ​ក្រសួង​យើង​មាន​រយៈពេល​៧​ថ្ងៃ មាន​អ្នក​ឆា​តទៅ​សួរ អាច​នឹង​លើស​រយ​នាក់ អ៊ីចឹង​សុំ​ឱ្យ​មានការ​ឆ្លើយតប​ពី​លោក​រដ្ឋមន្ត្រី អ៊ាង សុផល្លែត សុំ​កុំ​យក​ការ​ធ្វើ​ការ​របស់​រដ្ឋមន្ត្រី​អាណត្តិ​ចាស់ មក​ធ្វើការ​នៅ​អាណត្តិ​ថ្មី​នេះ សូម​ឱ្យ​ឆ្លើយតប​ជាមួយ​ពួក​យើង»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៥ ខែ​មករា។

រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ប្រគល់​សិទ្ធិ​វិនិយោគ​កោះកុង​ក្រៅ​ទាំងមូល​ដោយ​ស្ងាត់ៗ កាល​ពី​ឆ្នាំ​២០១៩ ទៅ​ឱ្យ​ក្រុមហ៊ុន​កោះកុង​អេសអ៊ីហ្សិត (Koh Kong SEZ) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច និង​ជា​សេដ្ឋី​បន​ល្បែង​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ទោះជា​យ៉ាងណា បន្ទាប់ពី​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ កាលពី​ឆ្នាំ​២០២០ ក្រសួង​បរិស្ថាន​បែរ​ជា​ប្រកាស​ថា ក្រសួង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ និង​ទិន្នន័យ​ទាក់ទិន​នឹង​កោះកុង​ក្រៅ​តាំងពី​ឆ្នាំ​២០១៦​។ បន្ថែម​ពី​នេះ​ក្រសួង​បរិស្ថាន​ថា នឹង​អាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​នៅ​អំឡុង​ឆ្នាំ​២០២១ ក្រោយ​បញ្ចប់​ការ​សិក្សា​រួច។ ប៉ុន្តែ​រយៈពេល​ជាង ៦​ឆ្នាំ​មក​នេះ ក្រសួង​មិន​បាន​បង្ហាញ​ជា​សាធារណៈ​អំពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ ឬ​ប្រកាស​តំបន់​កោះកុង​ក្រៅ ជា​ឧទ្យានជាតិ​សមុទ្រ ដូច​ការសន្យា​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។