យុវជន​អង្គការ​មាតា​ធម្មជាតិ​ថា នៅ​តែ​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​បើ​ទោះ​ជា​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

0:00 / 0:00

0:00 / 0:00

យុវជន​អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​សមត្ថកិច្ច​ដោះ​លែង​ក្រោយ​ពី​ឃាត់​ខ្លួន​ជិត ២ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នោះ អះអាង​ថា ខ្លួន​នឹង​ធ្វើ​ការងារ​សង្គម ឬ​ជា​ពលរដ្ឋ​ល្អ​ថែម​ទៀត​ដូច​ទៅ​នឹង​កិច្ច​សន្យា​របស់​ពួក​គេ​ដែល​បាន​ព្រមព្រៀង​ជាមួយ​សមត្ថកិច្ច។ ការ​លើក​ឡើង​បែប​នេះ​ក្រោយ​ពេល សមត្ថកិច្ច​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​ឃាត់​ខ្លួន​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ​បី​នាក់ ក្នុង​ពេល​កំពុង​ពេក​គេ​ធ្វើ​វីដេអូ​ទាក់ទង​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន ប្រាប់​ពី​ទីតាំង​ការ​រក្សា​ភ្លុក​ដំរី និង​ឆ្អឹង​សត្វ​ព្រៃ​កម្រ​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​បាន​ចាប់ និង​រឹប​អូស​ទុក​នា​ពេល​កន្លង​មក។

យុវជន​អង្គការ​មាតា​ធម្មជាតិ ចាត់​ទុក​ការ​ឃាត់​ខ្លួន​ពួក​គេ​សំណាក់​សមត្ថកិច្ច​នោះ គឺ​ជា​ការ​គំរាម​កំហែង​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​ខណៈ​សកម្មភាព​របស់​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ល្មើស​ច្បាប់​នោះ​ឡើយ។

យុវជន ថុន រដ្ឋា ឲ្យ​អាស៊ី​សេរី​ដឹង​ក្រោយ​សមត្ថកិច្ច​ដោះ​លែង​កាល​ពី​យប់​ទី៣ ខែ​កុម្ភៈ​ថា សមត្ថកិច្ច​បាន​ព្យាយាម​សួរ​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ឲ្យ​ពន្យល់​ពាក្យ​ថា «ក្រោក​ឡើង» នៅ​លើ​អាវ​របស់​លោក​នោះ។

យុវជន ថុន រដ្ឋា ពន្យល់ថា ពាក្យ « ក្រោក​ឡើង »គឺ​មាន​ន័យ​ថា​ល្អ ជា​ការ​លើក​ទឹក​ចិត្ត បើ​ពលរដ្ឋ ឬ​អ្នក​ណា​ម្នាក់​ជួប​បញ្ហា​បាក់ ទឹក​ចិត្ត គឺ​ត្រូវ​តែ​ក្រោក​ឡើង​វិញ ឬ​ពង្រឹង​ស្មារតី​ខ្លួន​ឯង​ឲ្យ​រឹងមាំ​ឡើង​វិញ។

លោក​បន្ត​ថា ក្រោយ​ពី​ពន្យល់​ពាក្យ« ក្រោក​ឡើង »នេះ​រួច សមត្ថកិច្ច​តម្រូវ​ឲ្យ​ក្រុម​លោក​ផ្ដិត​មេ​ដៃ​លើ​កិច្ច​សន្យា​មួយ​គឺ​ឲ្យ​ពួក​គេ​ត្រូវ​ធ្វើ​ខ្លួន​ជា​ពលរដ្ឋ​ល្អ។ លោក​បញ្ជាក់​ថា សកម្មភាព​របស់​លោក សព្វ​ថ្ងៃ​ជា​ពលរដ្ឋ​ល្អ​ស្រាប់​ទៅ​ហើយ ដូច្នេះ​លោក​នឹង​បំពេញ​ការងារ​របស់​ខ្លួន​បន្ត​ទៀត ដូច​ទៅ​នឹង​ការ​ចង់​បាន​របស់​សមត្ថកិច្ច៖ «ពលរដ្ឋ​ដែល​ល្អ​នោះ​គឺ តាម​ដាន​គ្រប់​សកម្មភាព​មេ​ដឹក​នាំ​ឃើញ​បញ្ហា​ណា ដែល​ជា​ចន្លោះ​ប្រហោង​របស់​សង្គម​តែង​តែ​ឈឺ​ឆ្អាល​យក​ចិត្ត​ទុក​ដាក់ មិន​មែន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ទេ​ហ៊ាន​និយាយ​ជា​សាធារណៈ ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​ឥរិយាបថ​អ៊ីចឹង​ខ្ញុំ​បន្ត​ទៅ​ជា​ពលរដ្ឋ​ល្អ​ថែម​ទៀត»

កាល​ពី​រសៀល​ថ្ងៃ​ទី៣ ខែ​កុម្ភៈ សមត្ថកិច្ច​ខណ្ឌ​ចំការ រាជធានី ភ្នំពេញ បាន​ឃាត់​ខ្លួន​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ​បី​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​យុវជន​ដែល​តែង​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម បង្ហាញ​ពី​ផល​ប៉ះពាល់​បរិស្ថាន គឺ​លោក ថុន រដ្ឋា និង​យុវជន​ពីរ​នាក់​ទៀត ជា​អ្នក​ថត​វីដេអូ និង​ដក​ហូត​មេម៉ូរី អង្គ​ចងចាំ​ដែល​ផ្ទុក​វីដេអូ ដែល​ពួក​គេ​បាន​ថត និង​អាវ​យឺត​របស់​យុវជន ដែល​លើ​អាវ​បាន​ថា សរសេរ​ពាក្យ​ក្រោក​ឡើង​នោះ។

អធិការ​រង​ខណ្ឌ​ចំការមន​លោក ជុន ប៊ុនណាន ឲ្យ​ដឹង​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ក្រោយ​ធ្វើ​ការ​អប់រំ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​យុវជន​ទាំង​បី​នាក់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។ សមត្ថកិច្ច​រូប​នេះ​ថា ការ​ឃាត់​ក្រុម​យុវជន គឺ​សមត្ថកិច្ច​សង្កាត់​ជា​អ្នក​ឃាត់ អ្វី​លើស​ពី​នេះ​លោក​សុំ​មិន​អត្ថាធិប្បាយ​ទេ៖ «យើង​ដក​ហូត​អាវ​យឺត​គាត់​គាត់​ដែល​គាត់​ពាក់​ខ្មែរ​ក្រោក​ឡើង​អី​ណឹង​ណា ខាង​សង្កាត់​គេ​ធ្វើ​ឥឡូវ​ខ្ញុំ​អត់​ដឹង​ច្បាស់​ដែរ ឮ​ថា ដក​មេម៉ូរី ប៉ុន្តែ​មិន​ដឹង​មាន​ស្អី​នៅ​ក្នុង​ហ្នឹង​ទេ។ ដូច​ខ្ញុំ​ប្រាប់​ជម្រាប​ទៅ​បង​អ៊ីចឹង ខ្ញុំ​ថ្ងៃ​នេះ​សម្រាក​នៅ​ផ្ទះ ហើយ​ដល់​ពេល​មក​ដល់​ផ្ទះ បាន​ឃើញ​គេ​រាយការណ៍​មក​ខ្ញុំ​អត់​បាន​ដឹង​ច្បាស់​ដែរ»

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ គឺ​លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ហៅ​លោក អាឡិច យល់​ថា សកម្មភាព​នៃ​ការ​ថត​វីដេអូ​របស់​ក្រុម​យុវជន គឺ​មិន​ខុស​ច្បាប់​ទេ។ លោក​បញ្ជាក់​ថា យុវជន​អង្គការ​មាតា​ធម្មជាតិ​យល់​ដឹង​ពី​ច្បាប់ និង​ដោយ​ការ​ថត​វីដេអូ​នោះ​ធ្វើ​នៅ​ទី​សាធារណៈ ហើយ​មិន​បាន​ប្រើប្រាស់​ឧបករណ៍​ដ្រូន​ដែល​សមត្ថកិច្ច​ហាម​ឃាត់​នោះ​ដែរ៖ «គឺ​ជា​សកម្មភាព​ស្រប​ច្បាប់​ដោយសារ ថុន រដ្ឋា គាត់​ជា​មនុស្ស​យល់​ពី​ច្បាប់ យល់​ពី​សិទ្ធិ​របស់​គាត់​ច្បាស់​ណាស់ ហើយ​ក៏​ដឹង​ថា នៅ​ភ្នំពេញ​យើង​មិន​អាច​ទៅ​ថត​ដោយ​ប្រើ​ដ្រូន ប៉ុន្តែ​យើង​មាន​សិទ្ធិ​ថត​នៅ​កន្លែង​សាធារណៈ​អ៊ីចឹង​ទៅ»

ក្រុម​យុវជន​មាតា​ធម្មតា​ធម្មជាតិ​ឲ្យ​ដឹង​ថា វីដេអូ​ដែល​ពួក​គេ​ផលិត គឺ​ជា​ការ​ស្នើ​ទៅ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ឲ្យ​ពន្យល់​ថា តើ​ភ្លុក​ដំរី កុយ​រមាស ឆ្អឹង​ខ្លា និង​ស្រកា​ពង្រូល ដែល​សមត្ថកិច្ច​បាន​ចាប់​រឹប​អូស​កាល​ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៨ ត្រូវ​បាន​រក្សា​ទុក​នៅ​ទីណា? សំណើ​របស់​ពួក​គេ​បែប​នេះ ក្រោយ​ពី​ក្រុម​យុវជន​បាន​ទៅ​ស្រាវជ្រាវ​នៅ​សារមន្ទីរ​ជាតិ​ក្រុង​ភ្នំពេញ និង​សារមន្ទីរ​នៅ​ខេត្ត​សៀមរាប រក​មិន​ឃើញ​វត្ថុ​មាន​តម្លៃ​ទាំង​នោះ​ទេ។ ក្រុម​យុវជន តែង​តែ​ធ្វើ​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​ពី​ការ​បំផ្លាញ​បរិស្ថាន អំពើ​ពុក​រលួយ និង​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។