អង្គការ Rights livelihood ផ្ដល់​ពានរង្វាន់​ដល់​យុវជន​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា

សកម្មជន អង្គការ​មាតា​ធម្មជាតិ បាន​ទទួល​ពានរង្វាន់​ពី​អង្គការ Rights livelihood ជា​ផ្លូវការ​ហើយ កាល​ពី​យប់​ថ្ងៃ​ទី២៩ វិច្ឆិកា​នេះ។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ចំនួន​បី​នាក់ បាន​ឡើង​ទៅ​ទទួល​ពានរង្វាន់​ដោយ​ផ្ទាល់​ពី​អង្គការ Rights livelihood នៅ​ទីក្រុងស្ដុកខម (Stockholm) ប្រទេសស៊ុយអែត (Sweden) រួមមាន លោក លី ចាន់ តារាវុធ កញ្ញា មាន លីហ្សា និង​កញ្ញា ស៊ុន រដ្ឋា។

កញ្ញា ស៊ុន រដ្ឋា បាន​ថ្លែង​សារ នៅ​ពេល​ឡើង​ទៅ​ទទួល​ពានរង្វាន់​ថា នាង​រំភើប ដែល​អង្គការ​ចលនា​មាតា​ធម្មជាតិ​បាន​ទទួល​ពានរង្វាន់​នេះ។ កញ្ញា​បន្ថែម​ថា ពានរង្វាន់​នេះ មិន​ត្រឹមតែ​មាន​តម្លៃ​សម្រាប់​យុវជន​មាតា​ធម្មជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​មាន​តម្លៃ សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំង​មូល។ កញ្ញា​បាន​ថ្លែង​រៀបរាប់​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ​បាន​ប្រឈម​នឹង​ការ​គំរាមកំហែង​ជា​ច្រើន​ក្នុង​បេសកកម្ម​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន និង​ការ​តស៊ូ​មតិ​លើក​កម្ពស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

កញ្ញា ស៊ុន រដ្ឋា ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​រាប់​រយ​នាក់ ដោយ​នាង​បាន​ហៅ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ថា ជា «ក្រុម​ខុស​ច្បាប់»។ កញ្ញា​បាន​ពន្យល់​ថា សកម្មភាព​ការងារ​របស់​ពួក​គាត់ ត្រូវ​បាន​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា មិនមែន​ជា​សកម្មភាព​ខុស​ច្បាប់​នោះ​ទេ ប៉ុន្តែ ពួក​គាត់​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ប្រសិទ្ធិនាម​ថា ជា​ក្រុម​ខុស​ច្បាប់​ទៅ​វិញ។

កញ្ញា ស៊ុន រដ្ឋា៖ «ខ្ញុំ​ប្រើ​ពាក្យ​ខុស​ច្បាប់​នេះ ពីព្រោះ​ជា​អ្វី ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​ពួក​យើង ថា ជា​ក្រុម​ខុស​ច្បាប់។ ជាក់ស្ដែង ដូចជា តារា វុធ និង​ខ្ញុំ ដែល​ឈរ​នៅ​ទី​នេះ ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល ៥ខែ កាល​ពី​ឆ្នាំ២០២១»

កញ្ញា ស៊ុន រដ្ឋា និង លី ចាន់តារាវុធ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ ។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ ពី​បទ រួម​គំនិត​ក្បត់ និង​ប្រឆាំង​ព្រះមហាក្សត្រ ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ឆ្នាំ។

យុវជន​ទាំង​បី​នាក់ កញ្ញា មាន លីហ្សា កញ្ញា ស៊ុន រដ្ឋា និង លោក លី ចាន់រាវុធ ដែល​ឡើង​ទៅ​ទទួល​ពានរង្វាន់ Right Livelihoodនៅ​ពេល​នេះ គឺ​តំណាង​ឲ្យ​អង្គការ​ចលនា​មាតា​ធម្មជាតិ នៅ​ក្រោយ​ពី​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង លោក ថុន រដ្ឋា ត្រូវ​បាន​តុលាការ​បដិសេធ​មិន​ឲ្យ​ពួក​គេ​ទៅ​ទទួល​ពានរង្វាន់ ដោយ​ផ្ទាល់។

គណៈកម្មការ​ផ្ដល់​ពានរង្វាន់ Right livelihood បាន​លើក​ឡើង​ថា ពានរង្វាន់​ផ្ដល់​ឲ្យ​យុវជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​នេះ គឺ​សម្រាប់​ភាពក្លាហាន និង​ភាព​ទាក់ទាញ​របស់​ពួក​គេ ក្នុង​ការ​អភិរក្ស​បរិស្ថាន ធនធាន​ធម្មជាតិ នៅ​ក្នុង​បរិបទ​សង្គម​មួយ ដែល​លំហ​ប្រជាធិបតេយ្យ​ត្រូវ​បាន​រឹតត្បិត​ធ្ងន់ធ្ងរ។

អ្នក​រៀបចំ​កម្មវិធី​បាន​សួរ​សំណួរ​ទៅ​កាន់​ក្រុម​យុវជន​ទាំង​បី​នាក់ ក្រោយ​ពេល ស៊ុន រដ្ឋា បាន​ថ្លែង​សន្ទរកថា​រួចរាល់​ថា តើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នឹង​អ្វី​ទៅ​មុខ​ទៀត។ កញ្ញា មាន លីហ្សា បាន​ឆ្លើយ​តប​ភ្លាម​ថា ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ នឹង​ធ្វើ​យុទ្ធនាការ ការពារ កោះកុង និង​មាន​សកម្មភាព​ផ្សេងៗ ទៀត ដើម្បី​ការពារ​បរិស្ថាន ដូចជា ធ្វើ​ជា​វីឌីអូ គូរួប​ថ្លុក (Cartoon) ជា​ដើម។ ជាពិសេស ពួក​គេ​នឹង​ធ្វើ​សកម្មភាព ដើម្បី​ជំរុញ​យុវជន​ឲ្យ​ក្លាយ​ជា​យុវជន​សកម្ម។

ក្រៅ​ពី​យុវជន​ទាំង​បី​នាក់​បាន​ឡើង​ទៅ​ទទួល​ពានរង្វាន់​ដោយ​ផ្ទាល់ នៅ​លើ​វេទិកា​នេះ គេ​ក៏​បញ្ចាំង​វីឌីអូ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ អំពី​សកម្មភាព​របស់​យុវជន ធ្វើការ ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នេះ​ដែរ។

សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ឆ្នើម​ជា​ច្រើន​នាក់​ទៀត មក​ពី​មជ្ឈិម​បូព៌ា និង​មក​ពី​ប្រទេស​ប្រកាន់​របប​ផ្ដាច់ការ​មួយ​ចំនួន​ទៀត ដែល​ពួក​គេ​មាន​ឆន្ទៈ និង​បាន​លះបង់​សព្វ​បែប​យ៉ាង ដើម្បី​ការពារ​បរិស្ថាន សិទ្ធិមនុស្ស ក៏​បាន​ទៅ​ទទួល​ពានរង្វាន់​នេះ​ដែរ។

រយៈ​ពេល ៤០ឆ្នំា​មក​នេះ អង្គការRight livelihood បាន​ផ្ដល់​ពានរង្វាន់​ជូន​ដល់​បុគ្គល ដែល​ក្លាហាន ចំនួន ១៩៤នាក់ មក​ពី ៧៦ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។