ក្រុម​យុវជន​បន្ត​ស្ទង់​មតិ​ពលរដ្ឋ​នៅ​​ភ្នំពេញ​អំពី​ការ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ប្រមាណ​១០​នាក់ នៅ​រសៀល​ថ្ងៃទី​០៩ មេសា បន្ត​ស្ទង់​មតិ​ពលរដ្ឋ​ក្នុង​គោលបំណង ស្វែងរក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បន្ត​ស្វែង​រក​សំឡេង​ពី​ប្រជាពលរដ្ឋ​នៅ​សួន​មុន​វត្ត​បទុមវតី ក្បែរ​ព្រះបរមរាជវាំង ក្រោម​ការ​ឃ្លាំមើល​ពី​ជន​ស្លៀកពាក់​ស៊ីវិល និង​មាន​ការ​រំខាន​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ និង​កាយវិការ​ចាប់​អូសទាញ​យុវជន​តាម​ថតរូប ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​ឈប់​ស្ទង់​មតិ ហើយ​ងាក​មក​ជួយ​ការងារ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​វិញ។ សកម្មជន​បរិស្ថាន​ចាត់​ទុក​ទង្វើ​នេះ​ថា គឺជា​រឿង​អសីលធម៌ និង​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភិតភ័យ​មិន​ហ៊ាន​ផ្ដល់​សំឡេង​គាំទ្រ​ដល់​ពួកគេ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ថ្លែង​ថា ការ​គំរាមកំហែង​ទាំងអស់​នេះ​មិន​បាន​ធ្វើ​ឱ្យ​កញ្ញា បោះបង់​ការ​ខិត​ប្រឹងប្រែង​ជួយ​បរិស្ថាន​នោះ​ទេ។ កញ្ញា​រំពឹង​ថា ឱកាស​ក្រោយ​នឹង​មាន​ការ​ចូលរួម​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ដើម្បី​ចូលរួម​ការពារ​សុវត្ថិភាព និង​ជួយ​សម្រួល​ចរាចរណ៍​ឱ្យ​ពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ជាជាង​ចោទប្រកាន់ និង​រារាំង​យុវជន​មិន​ឱ្យ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ។

កញ្ញា មាន លីសា៖ «គឺ​និយាយ​ស្ដាប់​គ្នា​អត់​បាន​ហ្មង គាត់​ព្យាយាម​និយាយ​គំហុក​ឱ្យ​យើង​ខ្លាំង​មែនទែន​ហ្មង គាត់​បាញ់​ទឹក​លាង​ការ៉ូ​គាត់​ឱ្យ​យើង​ទៅ​ឡាយ(live)ឱ្យ​គាត់ ឱ្យទៅ​ថត​ឡាយ​ដែល​យើង​កំពុង​ឡាយ​កម្មវិធី​របស់​យើង គាត់​ថា​ម៉េច​ពួក​យើង ម៉េច​ក៏​អត់​ឡាយ​នៅពេល​គាត់​ធ្វើ​សកម្មភាព​ទាំងអស់​នឹង ទាំង​ដែរ​នេះ​ជា​កម្មវិធី​របស់​យើង​កំពុង​ឡាយ​ស្ទង់​មតិ ហើយ​ឱ្យ​យើង​ទៅ​ឡាយ​ឱ្យ​គាត់​ម៉េច​បាន​ទៅ និយាយ​ទៅ​និយាយ​សម្លុត​អត់​ស្ដាប់​គ្នា​ហ្មង​អាជ្ញាធរ»។

រយៈពេល ៣​ថ្ងៃ​នៃ​ការ​ស្ទង់មតិ​អំពី​បរិស្ថាន និង​ធនធាន​ធម្មជាតិ សំឡេង​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ទទួល​បាន​ជាង ១​ពាន់​សំឡេង (១.២៥៤) និង​មានការ​ចូលរួម​ឃ្លាំមើល​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន។

បើ​ទោះ​បី​ជា​មាន​ការ​រំខាន និង​ការ​ឃ្លាំមើល​ពី​ជន​ស្លៀកពាក់​ស៊ីវិល​យ៉ាងណាក៏ដោយ ក៏​ក្រុម​យុវជន​នៅតែ​បន្ត​យុទ្ធនាការ​ស្ទង់មតិ​នេះ​ជា​រហូត​ដល់​ចប់​កម្មវិធី។

ពួកគេ​ជំរុញ​ឱ្យ​ក្រសួង​បរិស្ថាន​ពន្លឿន​នីតិវិធី​ដើម្បី​ដាក់​បញ្ចូល​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ត្រួតពិនិត្យ​ការពារ​សុវត្ថិភាព​របស់​ពួកគេ ដោយសារ​ពួកគេ​តែង​ត្រូវ​បាន​អាជ្ញាធរ និង​ជន​ស្លៀកពាក់​ស៊ីវិល​តាម​ថតរូប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។