ក្រុមសកម្មជនចលនាមាតាធម្មជាតិ ដង្ហែក្បួនទៅក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីស្នើឲ្យក្រសួងបង្ហាញពីរយៈពេលបញ្ចប់ដំណើរការដាក់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ។ សង្គមស៊ីវិលយល់ឃើញថា សកម្មភាពរបស់ក្រុមយុវជននេះជារឿងត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញ ហើយស្នើឲ្យក្រសួងសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីការពារធនធានធម្មជាតិតាមការស្នើសុំរបស់ក្រុមយុវជន។
ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន ១៥នាក់ ដើរទាំងញើសជោគខ្លួន ហែក្បួនក្រោមកម្ដៅថ្ងៃ តាមដងផ្លូវចាប់ពីមុខផ្សារទំនើប អ៊ីអន១ (Aeon 1) ទៅកាន់ក្រសួងបរិស្ថាន ពួកគេបិតរូបបេះដូងចម្រុះពណ៌នៅលើដងខ្លួន ដៃកាន់ផ្កាឈូកម្នាក់មួយទងៗ និងកាន់បដាដែលមានខ្លឹមសារ ថា «ខ្ញុំស្រឡាញ់កោះកុងក្រៅ» «កោះកុងក្រៅជាបេះដូងខ្ញុំ» «ស្រឡាញ់កោះកុងក្រៅឲ្យដូចមនុស្សជាទីស្រឡាញ់របស់អ្នក» «ការពារកោះកុងក្រៅ» និង សរសេរជាភាសាបរទេសថា «I LOVE KOH-KONG ISLAND»។
ក្រុមយុវជនដែលចូលរួមលើកឡើងផ្សេងៗ គ្នាថា កោះកុងក្រៅជាកោះធម្មជាតិមួយ ដែលធំជាងគេបន្ទាប់ពីកោះត្រល់ មានទៅដោយទឹកជ្រោះ ព្រៃឈើ ឆ្នេរខ្សាច់សក្បុសគួរឲ្យទាក់ទាញ ពួកគេចង់ឃើញកោះកុងក្រៅនៅតែរក្សាសម្រស់បែបធម្មជាតិ។ ពួកគេមិនចង់ឃើញមានការអភិវឌ្ឍណាមួយនាំឲ្យប៉ះពាល់ដល់ធម្មជាតិដ៏ស្រស់បំព្រងនៅលើកោះនោះទេ និងចង់ឃើញកោះកុងក្រៅត្រូវបានបញ្ចូលជាឧទ្យានជាតិសមុទ្រ។
យុវជនចលនាមាតាធម្មជាតិ កញ្ញា ភួង កែវរស្មី ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមយុវជនជូនផ្កាទៅកាន់អ្នកតំណាងក្រសួងបរិស្ថានម្នាក់ម្ដងៗ និងលើកឡើងជាសំណួរថា តើនៅពេលណាទើបក្រសួងបរិស្ថានដាក់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ ខណៈ ដែលក្រសួងដាក់ក្ដីរំពឹងថា នឹងដាក់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រតាំងពីឆ្នាំ២០២១។ កញ្ញាចង់ឲ្យក្រសួងបរិស្ថានឆ្លើយតបជាវិជ្ជមាន និងតាមបែបវិទ្យាសាស្ត្រ ដែលបានសិក្សាពីគម្រោងរួចរាល់ ហើយមានទិន្នន័យគ្រប់គ្រាន់សម្រាប់បង្ហាញឲ្យពលរដ្ឋជឿទុកចិត្តបាន។ កញ្ញាស្នើ អាជ្ញាធរកុំឲ្យលាបពណ៌ថា បម្រើគណបក្សនយោបាយ ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន។
កញ្ញា ភួង កែវរស្មី៖ « ការដាក់ជាឧទ្យានជាតិសមុទ្រពិតជាមានសារប្រយោជន៍ខ្លាំងណាស់ទៅដល់កោះកុងក្រៅព្រោះថា ឧទ្យានជាតិសមុទ្រ គឺជាតំបន់ការពារមួយ នៅក្នុងតំបន់ការពារទាំង៨ ដែលមាននៅក្នុងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ហើយអ៊ីចឹងនៅពេលដែលដាក់ចូលជាឧទ្យានជាតិសមុទ្រមានន័យថា កោះកុងក្រៅបើសិនជារដ្ឋាភិបាល ឬក៏មន្ត្រីពាក់ព័ន្ធ គាត់អនុវត្តច្បាប់បានខ្ជាប់ខ្ជួនគឺកោះ កុងក្រៅនឹងមានសុវត្ថិភាព អ៊ីចឹងទើបយើងខំប្រឹងធ្វើការទាមទារឲ្យមានការដាក់កោះ កុងក្រៅជាតំបន់ការពារឧទ្យានជាតិសមុទ្រ » ។
ការហែក្បួនរបស់ក្រុមយុវជននេះមានកងកម្លាំងសន្តិសុខប្រចាំនៅក្រសួងបរិស្ថាន សួរនាំអំពីគោលបំណងរបស់ក្រុមយុវជន។ កញ្ញា ភួង កែវរស្មី ថ្លែងថា ពួកគាត់មកកាន់ក្រសួងបរិស្ថាន ដើម្បីបង្ហាញពីការស្រឡាញ់ក្នុងនាមជាពលរដ្ឋខ្មែរដូចគ្នា និងសុំឲ្យក្រសួងបង្ហាញពីពេលណា ដែលក្រសួងនឹងដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
កញ្ញា ភួង កែវរស្មី សម្ដែងការសោកស្ដាយនៅពេលដែលក្រុមយុវជនបានយកផ្កាមកជូនដល់មុខក្រសួងបរិស្ថានហើយបែរជា ក្រសួងបរិស្ថានបដិសេធមិនមកទទួលយកផ្កាទៅវិញ។
កញ្ញា ភួង កែវរស្មី៖ « ខាងក្រសួងបរិស្ថានគាត់បដិសេធអត់ទទួលយកផ្កា ឬអាចថា វាស្ទើរតែជាការ
បដិសេធមួយ ដែលអត់ទទួលការរាប់អាន ការស្រឡាញ់ពីយុវជនទៅហើយ ព្រោះផ្កានេះ នៅថ្ងៃនេះ គឺតំណាងឲ្យការស្រឡាញ់រាប់អានក្នុងនាមជាយុវជន ដែលតែងតែការពារធនធានធម្មជាតិ ព្រៃឈើ ជាពិសេស កោះកុងក្រៅទៅកាន់ក្រសួងបរិស្ថាន ប៉ុន្តែបែរជា ត្រូវបានបដិសេធនៅថ្ងៃនេះ ហើយថ្ងៃនេះ ពួកយើងមកដល់មុខផ្ទះទៅហើយ បើសិនជាយើងនិយាយភ្ញៀវមកដល់មុខផ្ទះ ហើយ ប៉ុន្តែជាអកុសល ម្ចាស់ផ្ទះអត់ទទួលយើងទេ ក្រសួងបរិស្ថាន គឺអត់ស្វាគមន៍ក្នុងការទទួលយកផ្កានោះទេ « ។
កញ្ញា ភួង កែវរស្មី បញ្ជាក់ថា ក្រុមយុវជនធ្លាប់ដាក់ញត្តិទៅក្រសួងបរិស្ថានរួចមកហើយ តាំងតែពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មកទល់នឹងពេលនេះ ក្រសួងមិនទាន់មានការឆ្លើយតបណាមួយ មកក្រុមយុវជននៅឡើយទេ។
ពាក់ព័ន្ធករណីនេះមន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ថ្លែងថា សកម្មភាពរបស់យុវជននៅថ្ងៃនេះ គឺបង្ហាញពី ការគោរពស្រឡាញ់របស់ពួកគេ ក្នុងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមយុវជន នឹងក្រសួងបរិស្ថាន ដើម្បីដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។ លោក អូត ឡាទីន សំណូមពរដល់រដ្ឋាភិបាល គួរបញ្ឈប់វប្បធម៌លាបពណ៌លើក្រុមសកម្មជន យុវជនដែលស្រឡាញ់ និងការពារបរិស្ថានធនធានធម្មជាតិ ហើយងាកមកលើកទឹកចិត្តពួកគេឲ្យបន្តសកម្មភាព ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិបន្តទៀត
លោក អូត ឡាទីន៖ « អ៊ីចឹង ខ្ញុំស្នើទៅរាជរដ្ឋាភិបាល ធ្វើការបើកចំហចិត្ត ហើយអនុវត្តច្បាប់ ដែលមានជាធរមានដោយផ្ដល់សិទ្ធិសេរីភាព ឲ្យប្រជាពលរដ្ឋ ឲ្យសកម្មជន សមាគមអង្គការមិនមែន
រដ្ឋាភិបាលអីហ្នឹង ឲ្យគាត់អាចចូលរួមការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា ដោយស្មើមុខស្មើមាត់គ្នា ហើយកិច្ចសហប្រតិបត្តិការរួមគ្នា ធ្វើកិច្ចការងាររួមគ្នា ដើម្បីការពារទ្រព្យសម្បត្តិជាតិរបស់យើងទាំងអស់គ្នាឲ្យវាមាននិរន្តរភាពណា៎បាទ » ។
កោះកុងក្រៅគ្របដណ្ដប់ដោយព្រៃឈើក្រាស់ឃ្មឹក អមដោយទឹកជ្រោះជាច្រើនកន្លែង មានជីវចម្រុះជាច្រើនប្រភេទ ជាពិសេស កោះនេះ មានឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់ ហើយកន្លងមកក្រុមយុវជនធ្លាប់ធ្វើយុទ្ធនាការ ដាក់ញត្តិទៅក្រសួងបរិស្ថានឲ្យដកហូតកោះកុងក្រៅមកជាទ្រព្យសម្បត្តិរដ្ឋវិញ ប្រេតមាតាធម្មជាតិ ទាមទារឲ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ និងការជូនផ្កាទៅក្រសួងបរិស្ថាន ដើម្បីស្នើឲ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។