ក្រុម​យុវជន​មាតា​ធម្មជាតិ​បង្ហាញ​អំពី​ផល​ប៉ះពាល់​នៃ​ការ​លុប​បឹង បណ្ដាល​ឲ្យ​ភ្លៀង​ធ្លាក់​ជន​លិច​ទីក្រុង

ក្រុម​យុវជន​មាតា​ធម្មជាតិ អះអាង​ថា ការ​លុប​បឹង​ធម្មជាតិ កំពុង​បង្ក​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន និង​ជីវភាព​ពលរដ្ឋ ជា​ពិសេស កំពុង​បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​រៀបរាប់​ក្នុង​វីដេអូ​ឃ្លី​ប​រយៈ​ពេល​ជាង ២នាទី ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា​ថា បឹង​តា​មោក ដែល​ជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់ ជា​ជម្រក​សត្វស្លាប ហើយ​ប្រជាពលរដ្ឋ​ជាង ៣០០គ្រួសារ​កំពុង​អាស្រ័យផល​នៅ​លើ​បឹង​នេះ ត្រូវ​បាន​រដ្ឋាភិបាល សម្រេច​ឲ្យ​លុប​យ៉ាងហោចណាស់​មាន​ទំហំ​លុប​សរុប ៥៣៤ហិកតារ​ទៅ​ហើយ។ ពួក​គេ​បន្ត​ថា ការ​លុប​បឹង​ក្រោម​ហេតុផល ដើម្បី​យក​មក​អភិវឌ្ឍន៍​សាងសង់​អគារ​ធំៗ ផ្ទះ​ល្វែង​ប្រណិតៗ នេះ មិនបាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ទទួល​ផល​ប្រយោជន៍​នោះ​ទេ។ ក្រុម​យុវជន​ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​នេះ​តទៅទៀត។

បឹង​តា​មោក​មានផ្ទៃ​ដី​ទំហំ ជាង ៣ពាន់​ហិកតារ (៣.២៣៩ហិកតារ) ស្ថិតនៅ​ផ្នែក​ខាងលិច​ឆៀងខាងជើង​រាជធានី​ភ្នំពេញ ស្ថិតនៅ​ចន្លោះ​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែនសុខ មាន​ភូមិ​ចំនួន១៩។ ពលរដ្ឋ រស់នៅ​ជុំវិញ​បឹង​នេះ ប្រកប​របរ​ធ្វើ​ស្រែ រក​ត្រី ដាំ​ដំណាំ និង​ខ្លះ​ជា​កម្មករ​រោងចក្រ។ កាល​ពី​រដ្ឋាភិបាល មិន​ទាន់​លុប​បឹង​ក្នុង​ក្រុង​ភ្នំពេញ បឹង​តា​មោក មាន​សភាព​ថ្លាឆ្វង់។ ប៉ុន្តែ​បច្ចុប្បន្ន​បឹង​តា​មោក ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ យក​ធ្វើជា​ទីតាំង​សម្រាប់​បង្ហូរទឹក​ស្អុយ និង​ជា​កន្លែង​រំដោះ​ជំនន់​ទឹក​ភ្លៀង​ចេញ ពី​ភ្នំពេញ ដែល​ធ្វើឲ្យ​ផ្ទៃ​បឹង​ទាំង​ស្រុង ប្រែ​ក្លាយ​ជា​ពណ៌ខ្មៅ ធំ​ក្លិន​ស្អុយ និង​បែក​ពពុះ ហើរ​ពាសពេញ​លើ​ផ្លូវ​ថ្នល់​ព័ទ្ធ​ជុំវិញ​បឹង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។