យុវជន​មាតា​ធម្មជាតិ​គ្រោង​ធ្វើ​ស្ទង់​មតិ​លើ​បណ្ដាញ​សង្គម ដើម្បី​ស្វែងរក​ការ​គាំទ្រ​តំបន់​កោះកុង​ក្រៅ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​គ្រោង​ធ្វើ​ស្ទង់​មតិ​លើ​បណ្ដាញ​សង្គម (Facebook) ដើម្បី​ស្វែងរក​ការ​គាំទ្រ ពី​ប្រជាពលរដ្ឋ​ដែល​ចង់បាន​ការ​ការពារ​តំបន់​កោះកុង​ក្រៅ ដើម្បី​ការពារ​និង​ថែរក្សា​ធនធានធម្មជាតិ និង​តំបន់​កោះ​ដ៏​កម្រ​មួយ​នេះ។

យុទ្ធនា​ការស្ទង់មតិ​លើ​ទំព័រ​ហ្វ៊េសប៊ុក​នៃ​ចលនា​មាតា​ធម្មជាតិ​នេះ នឹង​ស្ទង់​មតិ​ពលរដ្ឋ​តាមរយៈ​ការ​ចុច​សញ្ញា​មេដៃ ឬ​Like ក្នុង​សំណួរ​ថា​តើ​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ឲ្យ​មានការ​ថែរក្សា​ធនធាន​ធម្មជាតិ​នៅ​តំបន់​កោះកុង​ក្រៅ​ដែរ​ឬទេ?

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​អះអាង​ថា យុទ្ធនាការ​តាម​អនឡាញ​នេះ នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កាន់តែ​យកចិត្តទុកដាក់​នឹង​ពិចារណា​ឡើងវិញ នៅ​ពេល​ឃើញ​ពលរដ្ឋ​ចូលរួម​កាន់តែ​ច្រើន។សមាជិក​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ យុវជន ថុន រដ្ឋា ថ្លែង​ពី​គោលបំណង​នៃ​យុទ្ធនាការ​ថា ក្រុម​យុវជន​ចង់​ឲ្យ​សំឡេង​អ្នកចូលរួម​យុទ្ធនាការ​តាម​អនឡាញ​នេះ មាន​ចំនួន​កាន់តែ​ច្រើន និង​បាន​លឺ​ដល់​រដ្ឋាភិបាល​អំពី​ការ​ឈឺ​ឆ្អាល និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​ចង់​ឲ្យ​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ​ដោយ​ច្បាប់ ឬ​ជា​ឧទ្យាន​ជាតិ កុំ​ឲ្យ​មាន​ក្រុមហ៊ុន​ណាមួយ​កាន់កាប់​យក​ជា​កម្មសិទ្ធិ​ឯកជន ដែល​នាំ​ឲ្យ​បាត់បង់​ធនធាន​ជាតិ​ដ៏​កម្រ​មួយ​នេះ​៖ «យើង​ចង់​ឲ្យ​សំឡេង​បងប្អូន​បាន​លឺ​ដល់​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​។ សម្ដេច ហ៊ុន សែន គាត់​ជា​មនុស្ស​តែ​ម្នាក់​ទេ ដែល​គាត់​មាន​សិទ្ធ​ថែរក្សា​តំបន់​ហ្នឹង ហើយក៏​គាត់​មាន​សិទ្ធិ​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​អេសអ៊ីហ្សិត របស់​ឧកញ៉ា លី យ៉ុងផាត់ ថែរក្សា​ឲ្យ​កោះ​ហ្នឹង​ក្លាយ​ជា​ទ្រព្យសម្បត្តិ​របស់​ប្រទេសជាតិ និង​រក្សា​ភាព​ដើម​នៃ​កោះ»។

យុទ្ធនាការ​តាម​អនឡាញស្ទង់​មតិ លើ​ទំព័រ​ហ្វ៊េសប៊ុក​នៃ​ចលនា​មាតា​ធម្មជាតិ គ្រោង​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ សីហា សប្ដាហ៍​ក្រោយ។

ក្រុម​យុវជន​មាតា​ធម្មជាតិ​បន្ត​ធ្វើ​យុទ្ធនាការ ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​កោះកុង​ក្រៅ​តាម​វិធី​ប្រមូល​ការ​គាំទ្រ​លើ​បណ្ដាញ​សង្គម​នេះ ស្រប​ពេល​ដែល​យុវជន​កំពុង​បន្ត​ធ្វើ​យុទ្ធនា​ការចែក​រូបភាព​ជាច្រើន អំពី​ទេសភាព​កោះកុង​ក្រៅ​ទៅ​ប្រជាពលរដ្ឋ តាម​ទីប្រជុំជន និង​ទីផ្សារ​នានា នៅ​រាជធានី​ភ្នំពេញ​។ រូបភាព​ទាំងនោះ​មាន​ដូចជា រូបភាព​ឆ្នេរ​ខ្សាច់ ទឹកជ្រោះ និង​សត្វព្រៃ​អម​ជាមួយ​ធម្មជាតិ​ជាដើម​។ យុវជន​មាតា​ធម្មជាតិ​បារម្ភ​ថា កោះ​ដ៏​ធំ​របស់​កម្ពុ​ជា​មួយ​នេះ​កំពុង​ប្រឈម​ការ​បំផ្លិចបំផ្លាញ ក្នុង​ពេល​ដ៏​ខ្លី ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ​រួមគ្នា​និយាយ និង​ការពារ ដើម្បី​កុំ​ឲ្យ​យឺត​ពេល។

រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​វិនិយោគ​កោះ​នេះ​ទាំងមូល​ដោយ​ស្ងាត់ៗ ទៅ​ឱ្យ​ក្រុមហ៊ុន​កោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​កាន់អំណាច និង​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​ប្រគល់​សិទ្ធិ​វិនិយោគ​នេះ ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៩ តែ​រដ្ឋាភិបាល​មិនបាន​បង្ហាញ​ព័ត៌មាន​នេះ​ជា​សាធារណៈ​ឡើយ ទាល់តែ​ក្រុម​យុវជន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ កាលពី​ខែ​មិថុនា កន្លង​ទៅ​ដោយ​មានការ​រារាំង​ពី​អាជ្ញាធរ​ខេត្ត​កោះកុង ទើប​រដ្ឋាភិបាល​សម្រេច​ទម្លាយ​ព័ត៌មាន​នេះ​។ ប៉ុន្តែ​ការ​ទម្លាយ​ព័ត៌មាន​នេះ រដ្ឋាភិបាល​មិនបាន​បញ្ជាក់​ឱ្យ​លម្អិត​នោះ​ទេ គឺ​គ្រាន់តែ​រំលេច​នៅ​ក្នុង​លិខិត​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​ត្រួតពិនិត្យ​គម្រោង​អភិវឌ្ឍ​កោះកុង​របស់​ក្រុមហ៊ុន​អេសអ៊ីហ្សិត​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ធ្លាប់​បាន​ចោទ​ប្រកាន់​ថា ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​ជា​បន្តបន្ទាប់ គឺ​ដើម្បី​ញុះញង់​ឲ្យ​មាន​ចលាចល​សង្គម ជា​នយោបាយ​ទុច្ចរិត និង​បង្កើត​ឲ្យ​មាន​អនាធិបតេយ្យ​សង្គម​ប៉ុណ្ណោះ​។ លោក​អះអាង​ដដែលៗ​ថា រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការអភិវឌ្ឍន៍​កោះកុង​ក្រៅ ដែល​មាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ធ្វើការ​សិក្សា​អំពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​នេះ។

ប៉ុន្តែ​យុវជន​មាតា​ធម្មជាតិ យុវជន ថុ​ន រដ្ឋា ថ្លែង​ថា ពួកគេ​មិន​ព្រួយបារម្ភ​ឬ​ភ័យខ្លាច​ឡើយ​ចំពោះ​ការ​ចោទប្រកាន់​បែបនេះ ពីព្រោះ​សកម្មភាព​ដែល​យុវជន​ធ្វើ​ស្រប​នឹង​គោលការណ៍​ច្បាប់ រួម​ទាំង​ទិសដៅ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​។ យុវជន​រូប​នេះ សំណូមពរ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា ដោយ​មិន​អាច​រំពឹង​តែ​ទៅលើ​យុវជន​មួយ​ក្រុម​នោះ​ទេ​៖ «បើ​សិន​ណា​ជា​យើង​បាន​ធ្វើ​ទាក់ទង​សន្តិសុខ​អី សូម​ជួយ​ប្រាប់​ផង​ថា​ខុស​នឹង​ច្បាប់​អី​ខ្លះ ហើយ​ថា​តើ​គោលបំណង​អី​ដែល​តែងតែ​ចោទប្រកាន់​ពួក​យើង ក្នុងនាម​ជា​យុវជន​ដែល​គ្រាន់តែ​បញ្ចេញ​សិទ្ធិ​និង​ចង់​ការពារ​ទ្រព្យសម្បត្តិ​កេរ្តិ៍​មរកត​សម្រាប់​ប្រទេសជាតិ​ដែល​បន្សល់​ពី​ដូនតា​យើង​ហើយ​យើង​ចង់​រក្សា​វា​ទៅកាន់​មនុស្ស​ជំនាន់​ក្រោយ»។

កោះកុង​ក្រៅ មាន​ផ្ទៃ ១០៣​គីឡូម៉ែត្រ​ការ៉េ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ ទី​រួម​ខេត្ត​កោះកុង។ កោះ​នេះ​សម្បូរ​ដោយ​សក្ដានុពល​ផ្នែក​ធនធាន​ធម្មជាតិ ព្រៃឈើ និង​ជីវចម្រុះ​ជាច្រើន​ប្រភេទ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​អះអាង​ថា ការចូលរួម​របស់​ព​ល​រដ្ឋ​ក្នុង​យុទ្ធនាការ​នេះ ពិតជា​សំខាន់​ដែល​ជា​ផល​វិជ្ជមាន​អាច​រក្សា​កេរ្តិ៍​មរកត​ធនធានធម្មជាតិ​របស់​ខ្មែរ​ទុក​សម្រាប់​ពលរដ្ឋ​ជំនាន់​នេះ និង​មនុស្ស​ជំនាន់​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។