គណៈកម្មការ​ទន្លេមេគង្គ​ (​M​RC) ​ថា​ ​ក​ម្ពស់​ទឹក​ទន្លេមេគង្គ​ចុះ​ទាប​គួរ​ឱ្យ​ព្រួយបារម្ភ​

0:00 / 0:00

យ៉ាងហោចណាស់​តំបន់​ប្រភព​ទឹក​សំខាន់​របស់​កម្ពុជា​ចំនួន​៤​ ​មាន​ទន្លេ​បាសាក់​រាជធានី​ភ្នំពេញ​ ​ព្រែក​ក្ដាម​ ​ខេត្ត​កំពង់ចាម​ ​និង​អ្នក​លឿង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ប្រកបរបរ​កសិកម្ម​របស់​ពលរដ្ឋ​ ​ការ​ប​ម្លាស់​ទី​របស់​ត្រី​ ​និង​ការធ្វើដំណើរ​តាម​ដងទន្លេ​។​
​សេចក្ដីថ្លែង​ការណ៍​របស់​គណៈកម្មការ​ទន្លេមេគង្គ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែកុម្ភៈ​ ឱ្យ​ដឹង​ថា​ ​ក​ម្រិ​ត​ទឹកបាន​ចាប់ផ្ដើម​ធ្លាក់ចុះ​តាំងពី​ចុង​ឆ្នាំ​២​០​២​០ ​រហូតមកដល់​ពី​ខែ​មករា​ ឆ្នាំ​២​០​២​១​នេះ​ ​ដោយ​យ៉ាងហោចណាស់​ទឹកធ្លាក់​ចុះ ​០​,​២​០​ម៉ែត្រ​ នៅ​ក្នុងមួយថ្ងៃ​។​ បញ្ហា​នេះ​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​តិច​ ​ការផ្លាស់ប្ដូរ​លំ​ហូរ​ទឹក​នៅ​តំបន់​មេគង្គ​ខាងលើ​ដែល​បណ្តាលមកពី​ដំណើរការ​នៃ​ទំនប់​វា​រី​អគ្គិសនី​នៅ​តាម​ដៃទន្លេ​ ​ហើយ​ដើមហេតុ​សំខាន់​មួយទៀត​ ​គឺ​ការ​រាំង​ខ្ទប់​ទឹក​របស់​ទំនប់​វា​រី​អគ្គិសនី​ជីង​ហុង​ (J​in​g​h​on​g​) ​ក្នុង​ខេត្ត​យូ​ណា​ន​របស់​ប្រទេស​ចិន​។​ ​មិនមែន​តែ​កម្ពុជា​ទេ​ ​ប៉ុន្តែ​ប្រទេស​​ក្នុង​តំបន់​ទន្លេមេគង្គ​ ​ដូចជា​ ​ថៃ​ ​ឡាវ​ ​និង​វៀតណាម​ក៏​រង​ផល​ប៉ះពាល់​នេះ​ដែរ​។​​

នាយក​ទទួលបន្ទុក​ផ្នែក​គាំទ្រ​បច្ចេកទេស​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ ​លោក​បណ្ឌិត​ ​វី​ណៃ វ៉ាំ​ង​ភី​មូ​ន​ (​Win​a​i​ ​Wan​g​p​i​moon​) ​លើកឡើង​ក្នុង​សេចក្តីថ្លែង​ការណ៍​នោះ​ថា​ ​បើ​បញ្ហា​នេះ​នៅតែ​បន្ត​អូស​បន្លាយ​តទៅទៀត​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​របស់​ប្រជាជន ​ដែល​រស់នៅ​តាម​ដងទន្លេ​ ​និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​។​ ​លោក​ស្នើ​ទៅ​ប្រទេស​ចិន ​និង​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំងអស់​ រួមគ្នា​ចែករំលែក​គម្រោង​គ្រប់គ្រង​ទន្លេមេគង្គ​ ​និង​រួមគ្នា​ដោះស្រាយបញ្ហា​នេះ​។​
​ជុំវិញ​បញ្ហា​នេះ​ ​អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេ​ត​ ​ភ​ក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​លោក​ ​ចាន់​ យុត្ថា ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​ហើយ​លេខ​ខ្លះ​ហៅ​មិន​ចូល​នៅ​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​។​

​ដូចគ្នា​ទៅ​របាយការណ៍​របស់​គណៈកម្មការ​ទន្លេមេគង្គ​ ​ប្រធាន​សហគមន៍​នេសាទ​បឹង​បេ​៦​ ​ដែល​ស្ថិតនៅ​តាម​ដង​ទន្លេមេគង្គ​ ​ស្រុក​កង​មាស​ ​ខេត្ត​កំពង់ចាម​ ​លោក​ អ៊ា​ង​ ណាំ ​ប្រាប់​អាស៊ី​សេរី​ថា​ ​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ​ទឹកទន្លេ​ថយ​ចុះ​រហូត​។​ ​លោក​ថា​ ​ពេលនេះ​អ្នកនេសាទ​ក៏​ពិបាក​រក​ត្រី​ ​ហើយ​អ្នកធ្វើ​ស្រែប្រាំង​ក៏​គ្មាន​ទឹក​ធ្វើស្រែ​ដែរ​៖ << ​ ខែ​៨​ ​ខែ​៩​បាន​ទឹក​ចូល​មក​ ​ចូល​តែម​ក​តែ​រយៈ​ពីរបី​ស​ប្ដាហ៍​ចេញទៅ​វិញ​អស់​ចូល​យឹត​តែ​ចេញទៅ​វិញ​ឆាប់​។​ ​យើង​ដឹង​ថា​ ​ត្រី​ចាប់​ពង​កូន​ពី​ពាក់កណ្ដាល​ខែ​៧​ក៏ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ខក​រដូវ​ត្រី​ពង​ដល់​ខែ​៨​ ​ខែ​៩​បាន​ទឹក​មក​ចឹ​ង​ពង​កូន​ក៏​រាំង​ស្ទះ​ដែរ​»។
​ទន្លេមេគង្គ​មាន​ប្រភព​ទឹក​ពី​ខ្ពង់រាប​ទីបេ​ហូរកាត់​ប្រទេស​ចំនួន​៦​គឺ​ប្រទេស​ចិន​ ​ភូមា​ ​ថៃ​ ​ឡាវ​ ​កម្ពុជា​ ​និង​វៀតណាម​ ​មុននឹង​ហូរ​ធ្លាក់​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​។​​

អ្នកជំនាញ​កិច្ចការ​តំបន់​ទន្លេមេគង្គ​លើកឡើង​ថា​ ​កត្តា​ប្រែប្រួល​អាកាសធាតុ​ ​ការ​គ្មាន​ភ្លៀង​ធ្លាក់​ ​និង​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​សម្បើម​នៅ​តាម​ប្រទេស​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ​ ​ជាពិសេស​ប្រទេស​ចិន​ ​និង​ឡាវ​កំពុងតែ​ធ្វើឲ្យ​ផ្ទៃ​បឹង​ទន្លេសាប​ត្រូវ​រីង​រាក់​ខ្លាំង​មិនធ្លាប់​មាន​ពីមុន​មក​នៅ​រដូវវស្សា​។​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​វិបត្តិ​ទឹក​ទន្លេមេគង្គ​នេះ​ ​សកម្មជន​បរិស្ថាន​ ​លោក​ ​អា​ឡិច​ ​ធ្លាប់​លើកឡើង​ថា​ ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ហ៊ាន​ចេញមុខ​ប្ដឹង​មហាយក្ស​ចិន​ ​និង​ប្រទេស​ឡាវ​ទាមទារ​សំណង​ពី​ផល​ខូចខាត​បង្ក​ឲ្យ​មានវិបត្តិ​ទឹក​បណ្ដាលមកពី​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​សម្បើម​នៅ​ខ្សែទឹក​ខាងលើ​នៃ​ផ្ទៃ​អាង​ទន្លេមេគង្គ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។