ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហានឌ្រូ ហ្កាន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson) ហៅ អាឡិច បារម្ភថាផលប្រយោជន៍ជាតិនឹងប៉ះពាល់ធ្ងន់ធ្ងរថែមទៀតនៅក្រោយពេលដែលរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម ដាក់កូនប្រុសខ្លួនឯងអោយកាន់តំណែងកាន់តែខ្ពស់ក្នុងក្រសួងនេះ។ ព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែវិច្ឆិកា បានតែងតាំង លោក ស៊ុយ ឌីម៉ង់ ដែលជាកូនប្រុសលោករដ្ឋមន្ត្រី ស៊ុយ សែម អោយឡើងតំណែងទៅជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។
អាឡិចបន្តថាក្រៅតែពីពាក់ព័ន្ធនឹងអំពើពុករលួយ បក្សពួកនិយម ករណីនេះបង្ហាញនូវភាពអយុត្តិធម៌ចំពោះយុវជនខ្មែរ និងអ្នកមានសមត្ថភាពជាច្រើនលាននាក់។ លោកថា ទង្វើបែបនេះបង្ហាញថា កូនប្រុសរបស់លោក ស៊ុយ សែម ទៅជាអសមត្ថភាពទៅវិញទេ បើទោះជាលោករៀនបានខ្ពស់កម្រិតណាក៏ដោយ គឺបានតំណែងបានតួនាទីដោយសារបុណ្យឪពុក៖ «ពេលដែលយកកូនខ្លួនឯង សាច់ញាតិខ្លួនឯងមកកាន់តួនាទីក្នុងក្រសួងហ្នឹង បញ្ហាដែលក្រសួងរ៉ែ និងថាមពលឆ្លងកាត់រយៈពេល២០ឆ្នាំមកនេះខ្ញុំថា វារិតតែធំជាងមុន ពុករលួយរឹតតែខ្លាំងជាងមុន ហើយខ្វះតម្លាភាពក៏កាន់តែខ្លាំងជាងមុន ធ្ងន់ធ្ងរជាងមុនទៅទៀត។ ប្រទេសណាក៏ដោយអោយតែរើសយកសាច់ញាតិខ្លួនឯងមកធ្វើការដោយមិនជ្រើសរើសពលរដ្ឋធម្មតាជាទូទៅតាមសមត្ថភាពអាចថាអ្នកអ្នកកាន់អំណាចបក្សពួកគាត់គ្រួសារគាត់រឹតតែមានលុយមានអំណាច ប៉ុន្តែជាតិខាត អាហ្នឹងមិនមែននៅតែស្រុកខ្មែរទេ គឺមាននៅប្រទេសមួយចំនួន ទៀតដែលពោរពេញដោយអំពើពុករលួយ»។
សារព័ត៌មានក្នុងស្រុកចុះផ្សាយថា នៅមុនការតែងតាំងនេះ លោក ស៊ុយ ឌីម៉ង់ គឺជាអ្នកនាំពាក្យក្រសួងរ៉ែ ក្នុងមុខងារជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ដែលផ្នែកនេះទទួលខុសត្រូវលើផ្នែករដ្ឋបាល ព័ត៌មានវិទ្យា ផ្នែកបុគ្គលិក គណនេយ្យ ហិរញ្ញវត្ថុ សហប្រតិបត្តិការ និងកិច្ចការអាស៊ាន និងនីតិកម្ម។
លោក អាឡិច លើកឡើងទៀតថា តាមបទពិសោធន៍របស់លោក ជាមួយនឹងក្រសួងរ៉ែ និងថាមពលលោកមើលឃើញថា ក្រសួងនេះក្ដោបក្ដាប់ធនធានរ៉ែនៅទូទាំងប្រទេស ប៉ុន្តែបានបរាជ័យនៅក្នុងការថែរក្សាធនធានទាំងនេះ ដើម្បីជាប្រយោជន៍ជាតិឡើយ។ លោកថា ធនធានជាច្រើនត្រូវបានបំផ្លាញដោយពុំបានផលចំណេញដល់ជាតិឡើយរាប់ទាំងការប្រមូលពន្ធ និងសួយសារផ្សេងៗពី ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគទាំងឡាយនោះ ក៏ដោយសារតែការបំពេញការងាររបស់ក្រសួងនេះពុំមានតម្លាភាព មានអំពើពុករលួយ៕