សង្គមស៊ីវិល និងយុវជន ធ្វើកម្មវិធីពីរផ្សេងគ្នា នៅថ្ងៃរំលឹកខួប ១២ឆ្នាំ នៃឃាតកម្មបាញ់សម្លាប់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី។ យុវជនចលនាមាតាធម្មជាតិ និងព្រះសង្ឃ បានដង្ហែញត្តិទៅក្រសួងយុត្តិធម៌ ដើម្បីទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញ ចំពោះករណីឃាតកម្ម លើសកម្មជនព្រៃឈើលោក ឈុត វុទ្ធី។ ចំណែកក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នាប្រារព្ធពិធីរំលឹកខួប ១២ឆ្នាំ នៅសហភាពផ្ទះសាមគ្គី និងចេញលិខិតចំហរួម ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធិ ឲ្យស៊ើបអង្កេតករណីឃាតកម្មនេះ ឡើងវិញដូចគ្នា។
ក្រុមសកម្មជនចលនាមាតាធម្មជាតិ និងព្រះសង្ឃប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី២៦ មេសា បានជួបជុំគ្នា នៅមាត់ទន្លេខាងមុខផ្សាររាត្រី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយដើរដង្ហែញត្តិ ឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ ដោយឆ្លងកាត់ផ្សារចំនួនពីរ គឺផ្សារកណ្ដាល និងផ្សាររាត្រី។
ក្បួនដង្ហែញត្តិនៅថ្ងៃនេះ ក្រុមយុវជន បានពាក់អាវពណ៌ស ហើយចងក្រណាត់សលើក្បាល ព្រមទាំងប្រើទឹកថ្នាំពណ៌ក្រហម គូសនៅលើផ្ទៃមុខថា «ឈាមវុទ្ធី» និងកាន់បដា ដែលពួកគេបានសរសេរថា យុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី។
ការដង្ហែញត្តិនេះ មានពលរដ្ឋនៅតាមផ្លូវចាប់អារម្មណ៍ច្រើន ដោយពួកគាត់បានចេញមកខាងមុខផ្ទះ រួចសម្លឹងមើលក្បួនដង្ហែរបស់ក្រុមយុវជន ហើយមានពលរដ្ឋខ្លះទៀត បានជជែកគ្នាអំពីមូលហេតុនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី។
ការដង្ហែញត្តិនៅថ្ងៃនេះ ក៏មានមន្ត្រីអង្គការសិទ្ធិមនុស្សដូចជា អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) មជ្ឈមណ្ឌលការពារសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) ជាដើម បានចូលរួមឃ្លាំមើលការដង្ហែញត្តិរបស់ក្រុមយុវជន និងមានអាជ្ញាធរស្លៀកពាក់ឯកសណ្ឋាននគរបាល និងស៊ីវិល តាមថតរូបអ្នកចូលរួមផងដែរ។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា ថ្លែងនៅខាងមុខក្រសួងយុត្តិធម៌ថា ការដាក់ញត្តិនៅថ្ងៃនេះ គឺដោយសារតែក្រុមយុវជន នៅមិនទាន់អាចទទួលយកបាន ចំពោះការលើកឡើងរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងករណីឃាតកម្ម លើលោក ឈុត វុទ្ធី ហើយបញ្ហានេះ នៅមិនទាន់ផ្ដល់យុត្តិធម៌ចំពោះក្រុមគ្រួសាររបស់លោក ឈុត វុទ្ធី ឡើយ។
កញ្ញា មាន លីសា៖«នេះគឺជាឆន្ទៈរបស់ក្រុមយុវជនខ្មែរ ដែលចង់ឲ្យវីរជនរបស់យើងទទួលបានយុត្តិធម៌ មិនមែនតែវីរជនរបស់យើងទេ គឺក្រុមគ្រួសាររបស់គាត់ និងប្រជាជនខ្មែរទាំងមូល។ ថ្ងៃនេះមិនមានយុត្តិធម៌សម្រាប់លោកពូ ឈុត វុទ្ធី ហើយយើងអត់ដឹងថា បន្តទៅទៀតអ្នកការពារព្រៃឈើប៉ុន្មាននាក់ទៀតនឹងអាចរងនូវអំពើបែបនេះទៀត គឺអំពើបាញ់សម្លាប់ទាំងកណ្ដាលព្រៃអីចឹង។ អីចឹងយើងចង់បង្ហាញ និងរំលឹកវារាល់ឆ្នាំឲ្យយុវជនខ្មែរ ប្រជាជនខ្មែរដឹងថា ប្រទេសយើងគ្មានសន្តិភាពពិតប្រាកដទេ ដែលពួកយើងខិតខំធ្វើការ ប៉ុន្តែត្រូវបានរឹតត្បិតគ្រប់រូបភាព»។
មន្ត្រីប្រចាំការនៅក្រសួងយុត្តិធម៌ បានឲ្យក្រុមយុវជន យកញត្តិទៅដាក់នៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana) ជំនួសវិញ ដោយសារតែក្រសួងយុត្តិធម៌កំពុងជួសជុល ។
ក្រុមយុវជន ក៏បានដើរត្រឡប់មកទៅជួបជុំគ្នា តាមបណ្ដោយមាត់ទន្លេនៅទល់មុខពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្នុងខណ្ឌដូនពេញ រួចមានយុវជនម្នាក់ ស្លៀកពាក់ដូចលោក ឈុត វុទ្ធី បានធ្វើត្រាប់តាមលោក ក្នុងគ្រាដែលលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ហើយមានទឹកថ្នាំពណ៌ក្រហម ប្រៀបដូចជាឈាមស្រោចជោគលើដងខ្លួន។
បន្ទាប់មកមានយុវតីម្នាក់ បានអានលិខិតចំហ បង្ហាញពីក្ដីអាឡោះអាល័យ និងស្ដាយស្រណោះវីរជនការពារព្រៃឈើលោក ឈុត វុទ្ធី ហើយពួកគេប្ដេជ្ញាថា នឹងបន្តវីរភាពរបស់លោក ។
នៅមុនពេលបំបែកគ្នា មានយុវជនមួយចំនួន បាននាំយកញត្តិទៅដាក់នៅកន្លែងទទួលឯកសារបណ្ដោះអាសន្នរបស់ក្រសួងយុត្តិធម៌ នៅសណ្ឋាគារកាំបូឌីយ៉ាណា ហើយមន្ត្រីប្រចាំការនៅទីនោះ ក៏បានទទួលញត្តិរបស់ក្រុមយុវជនផងដែរ។
ងាកមកសហភាពផ្ទះសាមគ្គីវិញ មានក្រុមអង្គការសង្គមស៊ីវិល និងសជីពជិត១០ស្ថាប័ន រួមមានអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) អង្គការភាពជាដៃគូ ដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ជាដើម រួមទាំងយុវជន កូដករណាហ្គាវើលដ៍ ប្រមាណ ៥០នាក់ នៅថ្ងៃដដែលនេះ បានជួបជុំគ្នា ប្រារព្ធពិធីរំលឹកខួប ១២ឆ្នាំ នៃឃាតកម្មបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី។
ក្នុងពិធីនេះ មានព្រះសង្ឃ ៣អង្គ និមន្តមកបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី បន្ទាប់មកតំណាងក្រុមអង្គការសង្គមស៊ីវិល បាននាំគ្នា សម្ដែងមតិខ្លីៗ ជុំវិញឃាតកម្មលើសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា ការបាត់បង់ជីវិតរបស់វីរជនការពារព្រៃឈើ លោក ឈុត វុទ្ធី គឺបានធ្វើឲ្យបាត់បង់ត្រឹមតែកាយ របស់លោកប៉ុណ្ណោះ ប៉ុន្តែវីរភាពរបស់លោក នៅតែបន្តស្ថិតនៅក្នុងដួងចិត្តរបស់ពលរដ្ឋ។ លោកថ្លែងថា ទោះជាមានយុវជនម្នាក់ត្រូវបានប្រឈម ចំពោះមុខច្បាប់ ចំពោះឃាតកម្មលើលោក ឈុត វុទ្ធី ប៉ុន្តែអ្នកពាក់ព័ន្ធ ឬអ្នកនៅពីក្រោយខ្នង នៅមិនទាន់ផ្ដន្ទាទោសនៅឡើយ។
លោក អំ សំអាត៖«ទោះបីជាយុវជនម្នាក់ត្រូវបានកាត់ទោសដោយតុលាការខេត្តកោះកុង ដោយយើងទាំងអស់គ្នានៅមិនទាន់មានជំនឿជឿជាក់ថា អ្នកដែលពាក់ព័ន្ធ និងអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ដែលជាវីរជនការពារព្រៃឈើនេះ ទទួលបាននូវការប្រឈមមុខចំពោះមុខច្បាប់នៅឡើយដែរ។ អីចឹងហើយបានយើងត្រូវតែទាមទារឲ្យមានការស៊ើបអង្កេតបន្តលើករណីនេះ ដើម្បីផ្ដល់យុត្តិធម៌ពេញលេញមួយសម្រាប់លោក ឈុត វុទ្ធី»។
ក្រុមអង្គការសង្គមស៊ីវិលជិត ១០ស្ថាប័ននោះ បានចេញលិខិតចំហរួមគ្នា ជូនទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ឲ្យបើកការស៊ើបអង្កេតឡើងវិញ ចំពោះករណីឃាតកម្មលើសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី។
ការស្នើសុំនេះ ក្រោយពីតុលាការបានផ្ដន្ទាទោសបុគ្គលិកក្រុមហ៊ុន ធីមប៊ើរ៍ ហ្គ្រីន (Timber Green) លោក រ៉ាន់ បូរ័ត្ន ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ«មនុស្សឃាតដោយអចេតនា» កាលពីខែតុលា ឆ្នាំ២០១២ ដែលបានបន្សល់ទុកនូវមន្ទិលសង្ស័យជាច្រើនដល់មហាជន។ សង្គមស៊ីវិលថា ការផ្ដល់សក្ខីកម្ម ភស្តុតាង និងការសម្ដែងឡើងវិញរបស់លោក រ៉ាន់ បូរ័ត្ន នៅក្នុងបន្ទប់សវនាការ អំពីការបាញ់ទៅលើលោក អ៊ិន រតនា គឺមិនមានភាពស៊ីសង្វាក់គ្នាឡើយ ។
លិខិតចំហដដែលនេះ បានស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ចំនួន ៥ចំណុច រួមមាន ឲ្យបើកការស៊ើបអង្កេតឡើងវិញ លើករណីឃាតកម្មលើលោក ឈុត វុទ្ធី និងសាងសង់ស្តូបនិមិត្តរូបរបស់លោក ឈុត វុទ្ធី ជាដើម។
របាយការណ៍របស់កងរាជអាវុធហត្ថខេត្តកោះកុងបង្ហាញថា ឃាតក ដែលបានបាញ់សម្លាប់លោក ឈុត វុទ្ធី ជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា ហើយក្រោយពីបាញ់សម្លាប់លោក ឈុត វុទ្ធី រួចលោក អ៊ិន រតនា បានបាញ់សម្លាប់ខ្លួនឯងចំនួន ២គ្រាប់។
របាយការណ៍នេះ មិនស៊ីសង្វាក់គ្នាជាមួយអង្គហេតុ ក្នុងសាលក្រមរបស់តុលាការខេត្តកោះកុង ដែលនៅថ្ងៃទី ២២ តុលា ឆ្នាំ២០១២ ឡើយ។ តុលាការខេត្តកោះកុង បានរកឃើញបុរសម្នាក់ទៀត គឺ លោក រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន ធីមប៊ើរ៍ ហ្គ្រីន (Timber Green) មានទោសជាប់ពន្ធនាគារចំនួន ២ឆ្នាំ។
តុលាការខេត្តនេះថា លោក រ៉ាន់ បូរ័ត្ន ជាអ្នកកេះកៃកាំភ្លើង បាញ់សម្លាប់ប៉េអិមឈ្មោះ អ៊ិន រតនា ដោយអចេតនា ក្រោយពីលោក អ៊ិន រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី។ សន្តិសុខក្រុមហ៊ុន ធីមប៊ើរ៍ ហ្គ្រីន (Timber Green) លោក រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការឲ្យជាប់ពន្ធនាគារចំនួន ៦ខែ រួចដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១២ ហើយព្យួរទោស ដែលនៅសេសសល់។
សកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះ លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ពេលលោកចុះអង្កេត និងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់ នៅតំបន់ជួរភ្នំក្រវាញ ជាមួយអ្នកកាសែតពីររូបរបស់សារព័ត៌មាន ឌឺ ខេមបូឌា ដេលី (The Cambodia Daily)។ កូនប្រុសរបស់លោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី បានសរសេរសារនៅលើទំព័រហ្វេសប៊ុកថា ថ្ងៃនេះ ១២ឆ្នាំមុន ឪពុករបស់លោកត្រូវបានឃាតកបាញ់សម្លាប់ ហើយរយៈពេល ១២ឆ្នាំមកនេះ លោកមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។