មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាត់ឆ្វៀលដីគម្របព្រៃឈើជាង៤០ហិកតារនៅខេត្តព្រះសីហនុទៅឱ្យកូនរបស់លោកចំនួន២នាក់និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត។ ពួកគេព្រួយបារម្ភថា ទង្វើរបស់រដ្ឋាភិបាលនេះ ជាការធ្វើឱ្យហិនហោចសម្បត្តិជាតិ ហើយអាចបង្កឱ្យមានទំនាស់រវាងពលរដ្ឋនិងអ្នកមានលុយនិងមានអំណាចនៅពេលខាងមុខ។
ស្ថាបនិកអង្គការមាតា ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) ថ្លែងនៅថ្ងៃទី២៤ វិច្ឆិកាថា លោក ហ៊ុន សែន មិនគួរកាត់គម្របព្រៃឈើជាង ៤០ហិកតារនោះទៅឱ្យកូនស្រីរបស់ខ្លួន និងមន្ត្រីមានអំណាចបែបនេះឡើយ។ លោកចាត់ទុករឿងនេះថា ជាការស៊ុមគ្រលុំគ្នាលួចដីរបស់រដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យទ្រព្យសម្បត្តិរបស់ជាតិធ្លាក់លើដៃបុគ្គល៖ «ភាគច្រើនលក់ទៅឱ្យជនជាតិចិនមករស់នៅ អាចនឹងសាងសង់រីសត ឬក៏ទីក្រុងរណប សម្រាប់ប្រយោជន៍របស់ជនជាតិចិន ។ ខ្ញុំឃើញកូនរបស់លោកហ៊ុន សែន ក្រោយពីទទួលដីរបស់ហ្នឹងកម្រទៅអភិវឌ្ឍន៍អីជាក់ស្ដែងខ្លួនឯងទេ។ភាគច្រើនគាត់យកទៅលក់ត អាហ្នឹងជាឧក្រិដ្ឋកម្មធ្ងន់ណាស់បើយើងមើលច្បាប់នៅស្រុកខ្មែរហ្នឹងជាឧក្រិដ្ឋកម្មធ្ងន់ណាស់យើងដីរបស់រដ្ឋហ្នឹងយកទៅលក់ឆៅឱ្យកូនខ្លួនឯង ដើម្បីប្រយោជន៍របស់ជនបរទេស។ អាហ្នឹងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាស់អ្នកខ្លះអាចនិយាយថា វាមិនខុសពីសកម្មភាពក្បត់ជាតិទេ » ។
ចំណែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ព្រួយបារម្ភខ្លាចការកាត់ឆ្វៀលដីនេះ អាចនឹងប៉ះពារលើដីរបស់ពលរដ្ឋ បង្កទៅជាទំនាស់រវាងពលរដ្ឋនិងអ្នកមានលុយមានអំណាច ប្រសិនបើអាជ្ញាធរមិនបានពិនិត្យរឿងនេះឱ្យបានត្រឹមត្រូវ។អ្នកស្រីបន្ថែមថា ដីនៅតំបន់នោះស្ថិតនៅក្បែរតំបន់មានការអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋតែងផ្ទុះការតវ៉ាពាក់ព័ន្ធនឹងជម្លោះដីធ្លីជាញឹកញាប់៖ «បើយើងនិយាយពីដីភោគគឺចេតនាកាន់កាប់ពិតប្រាកដ គោលបំណង យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដូចជាមានការប្រើប្រាស់ជាប់ជាប្រចាំដោយឥតអាក់ខាន។អីចឹងយើងក៏មិនដឹងថា ការកាន់កាប់របស់គាត់ហ្នឹងរបៀបម៉េច គាត់បានប្រើប្រាស់ដីហ្នឹងទេ បានធ្វើចម្ការដំណាំឬក៏បានសង់ផ្ទះ។ ប៉ុន្តែបើសិនគាត់បានកាន់កាប់ជាក់ស្ដែង ប្រើប្រាស់ដីជាង៤០ហិកតារហ្នឹងគឺគ្មានទំនាស់ទេ ដោយសារតែប្រជាពលរដ្ឋម៉េចចូលបានបើគាត់បានប្រើប្រាស់ជាប្រចាំ អីចឹងពលរដ្ឋចង់ចូលទៅកាត់ឆ្វៀលឬសង់អីក៏ម្ចាស់គេដឹងដែរ » ។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យចុះថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ បានកាត់ឆ្វៀលដីចំនួនជាង ៤៤ហិកតារ ស្ថិតនៅក្នុងដែនគម្របព្រៃឈើ២០០២ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុប្រគល់ឱ្យកូនស្រីរបស់លោក គឺលោកស្រី ហ៊ុន ម៉ាណា និងលោកស្រី ហ៊ុន ម៉ាលី និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ទៀត មានដូចជាប្រធាននាយកដ្ឋាននគរបាលការពារនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ជុំ សាវុឌ្ឍ និង អ្នកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ ជាភរិយាលោក ពេជ្រ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។ ការកាត់ឆ្វៀលគម្របដីព្រៃឈើជាង ៤០ហិកតានេះ គឺដើម្បីឲ្យពួកគាត់ប្រើប្រាស់ដីនេះជាប្រយោជន៍បុគ្គល។
ទាក់ទងនឹងបញ្ហានេះ មេឃុំបិតត្រាំង លោក មាច ចាន់ ប្រាប់អាស៊ីសេរីថា ដីនោះគ្មានទំនាស់អ្វីទេ ពីព្រោះជាដីកម្មសិទ្ធិឯកជនបានកាន់កាប់និងដាំដើមអាកាសស្យាប្រមាណ១០ឆ្នាំមកហើយ៖ «ដើមអាកាស្យានៅពេញហ្នឹង ប៉ុន្តែក្រោយមកគាត់ដាក់ឈូសឆាយធ្វើរបងហ្នឹង ដើម្បីមានគោលការណ៍វិនិយោគប៉ុន្តែមិនដឹងវិនិយោគផ្នែកអីយើងអត់ទាន់ដឹង។ ដើមអាកាស្យាកាលពីមុខពេញតាំងពីខ្ញុំមិនទាន់ធ្វើមេឃុំ » ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៤ វិច្ឆិកា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ប៉ុន្តែលោក ផៃ ស៊ីផាន បានប្រាប់សារព័ត៌មានវីអូឌី (VOD) ថា ដីនោះ ជាកម្មសិទ្ធិឯកជនបានកាន់កាប់ជាយូរឆ្នាំមកហើយ។
ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្ស អ្នកស្រី ជៀប សុធារី ឱ្យដឹងថា ជាទូទៅកន្លែងដែលមានវិវាទដីធ្លីនៅខេត្តព្រះសីហនុភាគច្រើនជាតំបន់ដែលមានការអភិវឌ្ឍន៍ ហើយដីមានតម្លៃខ្ពស់។ អ្នកស្រី ប្រាប់ថា ដីនៅក្នុងឃុំបិតត្រាំង ដែលលោកហ៊ុន សែន កាត់ឆ្វៀលឱ្យកូនរបស់ខ្លួននោះ ធ្លាប់មានវិវាទបង្កហិង្សាដាក់គ្នារវាងពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធម្ដងរួចមកហើយ។
កាលពីខែមករា ឆ្នាំ២០១៩កងកម្លាំងសមត្ថកិច្ចចម្រុះ ៣រយនាក់ បានចុះបង្ក្រាប និងបានបាញ់រះគ្រាប់កាំភ្លើងពិតទៅកាន់ក្រុមអ្នកតវ៉ាដីធ្លី ក្នុងពេលចុះអនុវត្តសាលដីការបស់តុលាការកំពូល ដែលបានសម្រេចផ្ដល់ដីទំនាស់ជាង ៧០ហិកតារទៅឲ្យអ្នកមានលុយមានអំណាចកាន់កាប់មួយចំនួន ខណៈដីនោះមានពលរដ្ឋជាច្រើនរយគ្រួសារកំពុងរស់នៅ។ ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យកម្មករសំណង់ម្នាក់អាយុ ២៨ឆ្នាំ ឈ្មោះ ពៅ សារ័ត្ន បានរងរបួសដោយគ្រាប់កាំភ្លើងចំស្មាពីផ្នែកខាងក្រោយ បៀមគ្រាប់ជាប់នឹងឆ្អឹងខ្នង ហើយក្លាយជាជនពិការដល់សព្វថ្ងៃ។
មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ការកាត់ឆ្វៀលដីនេះ ក៏មិនខុសគ្នាដែរ ប្រសិនបើអាជ្ញាធរមិនបានរៀបចំឱ្យបានត្រឹមត្រូវទេ នោះប្រជាពលរដ្ឋអាចនឹងផ្ទុះការតវ៉ាដូចពេលមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។