អ្នកឃ្លាំមើល​និង​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​អនុវត្ត​ច្បាប់​ទៅលើ​អ្នក​ប្រព្រឹត្ត​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ភ្នំ​ឱរ៉ាល់

0:00 / 0:00

អ្នកឃ្លាំមើល​និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ធនធានធម្មជាតិ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​អនុវត្ត​ច្បាប់​ទៅលើ​អ្នក​ប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ភ្នំ​ឱរ៉ាល់​ឲ្យ​បាន​តឹងរ៉ឹង​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ដកហូត​ដី​ព្រៃ​ជាង ៣​ពាន់​ហិកតារ ដែល​ក្រុម​ជនល្មើស​បាន​លួច​កាប់​ទន្ទ្រាន​ក្នុង​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដោយ​ខុសច្បាប់​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែមិថុនា​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​គួរតែ​បន្ត​ស្រាវជ្រាវ​ស្វែងរក​អ្នក​ប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ ដែល​បាន​បណ្ដោយ​ឲ្យ​បទល្មើស​ក្នុង​តំបន់​ការពារ​កើតមាន ហើយ​ត្រូវ​យក​ជនល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស ដើម្បី​ឲ្យ​ពួកគេ​រាងចាល​ឈប់​ប្រព្រឹត្ត​បទល្មើស​បន្ត​ទៀត​។ លោក​ថា អ្នក​ដែល​ទទួល​ត្រូវ​ចំពោះ​ការបាត់បង់​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ គឺជា​មន្ត្រី​បរិស្ថាន ពីព្រោះ​តំបន់​ព្រៃ​ទាំងនោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​ជំនាញ​មួយ​នេះ។

លោក សេង សុខហេង៖ «យើង​នៅតែ​មាន​ការ​បារម្ភ​ដី​ដែល​បាន​ដកហូត​នេះ ប្រសិនបើ​យើង​មិន​មាន​ការ​តាមដាន​ឃ្លាំមើល ឬក៏​ការពារ​បាន​តឹងរ៉ឹង​ទេ វា​នឹង​ក្លាយជា​កម្មវត្ថុ​សម្បទាន​ដល់​អ្នកមាន​លុយ​មាន​អំណាច ឬក៏​ក្រុមហ៊ុន​ឯកជន អ៊ីចឹង​ការ​ធ្វើ​បែប​នេះ ខ្ញុំ​គិត​ថា នឹង​បាត់បង់​ជំនឿ​ចិត្ត​ពី​មហាជន និង​ដៃគូ​ពាក់ព័ន្ធ»។

តាមរយៈ​លិខិត​បដិសេធ និង​ដកហូត​ដី​ព្រៃ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ចុះ​ថ្ងៃ​ទី៧ ខែមិថុនា បាន​ឲ្យ​ដឹង​ថា ដីព្រៃ​ជាង ៣​ពាន់​ហិកតារ (៣,៤៣៥) ដែល​ក្រុម​ជនល្មើស​លួច​ចូល​កាប់​ទន្ទ្រាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ សមត្ថកិច្ច​បាន​ដកហូត​យក​មក​ធ្វើជា​សម្បត្តិ​រដ្ឋ ចំណែក​ដី​ព្រៃ​សហគមន៍​កោដូនតី ក៏បាន​ដកហូត​ទុក​ឲ្យ​សហគមន៍​មូលដ្ឋាន​ប្រើប្រាស់​វិញ។

ជុំវិញ​រឿង​នេះ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​នៅ​មិនទាន់​រក​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស និង​អ្នក​នៅ​ពី​ខាង​ក្រោយខ្នង​នោះ​ទេ​។ ទោះជា​យ៉ាងណា លោក​ថា អាជ្ញាធរ​កំពុងតែ​ខិតខំ​ស្វែងរក​ជនល្មើស​ទាំងនោះ​យក​មក​អនុវត្ត​ទៅ​តាម​ច្បាប់ ។ លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឈប់​ចាញ់បោក​ក្រុម​ឈ្មួញ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅក្នុង​តំបន់​ការពារ ដោយសារតែ​ចង់បាន​ប្រាក់​បន្តិចបន្តួច​ពី​ឈ្មួញ​ទាំងនោះ។

លោក វ៉ី សំណាង៖ «អ៊ីចឹង​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក អំពាវនាវ​យ៉ាង​ទទូច​ដែរ​អ្នក​ដែល​ចង់បាន​ដី​ព្រៃ​សូម​បោះបង់​គំនិត​ចង់បាន​ដី​ព្រៃ​នោះ​ទៅ យើង​រួមគ្នា​ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​រួម​របស់​យើង​ក្នុង​គោលដៅ​មួយ​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​មាន​និរន្តរភាព​ក្នុង​ការ​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​ជា​ប្រយោជន៍​រួម​សម្រាប់​មនុស្សជាតិ​សត្វ និង​រុក្ខជាតិ»។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​(ACNCIPO)​លោក ជា ហ៊ាន មាន​ប្រសាសន៍​ថា លោក​គាំទ្រ​នូវ​វិធានការ​របស់​អាជ្ញាធរ​កន្លង​មក ប៉ុន្តែ​ធ្វើ​យ៉ាងណា​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មិន​ត្រូវ​ធ្វើ​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​យំសោក​។ លោក​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​ឈប់​ចុះហត្ថលេខា​លើ​ឯកសារ​ទិញ​លក់ និង​ការ​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ ហើយ​ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​ទាំងនោះ​បន្ត​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់​ខេត្ត​គួរ​មាន​វិធានការ​ទៅលើ​ពួកគេ។

លោក ជា ហ៊ាន៖ «ព្យាយាម​ដាក់​កម្លាំង​ដើម្បី​រាយការណ៍ នៅពេល​ដែល​មាន​បទល្មើស​យើង​រាយការណ៍​ជូន​ទៅ​គាត់ បើ​គាត់​មិន​អនុវត្ត​ទេ​យើង​អន្តរាគមន៍​ទៅ​ក្រសួង ឬ​មួយ​ទៅ​មន្ទីរ ប៉ុន្តែ​នៅ​ពេល​មាន​បទល្មើស​ឃើញ​ថា ចុះ​ល្បាត និង​ចាត់វិធានការ​បាន​លឿន​ដែរ នៅពេល​បច្ចុប្បន្ន​នេះ វា​មិន​ដូច​មុន បើ​ពីមុន​ដូច​រាង​យឺត តែ​ឥឡូវ​រាង​លឿន»។

ក្រុម​អ្នកធ្វើការ​លើ​វិស័យ​ធនធាន​ធម្មជាតិ ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ចុះ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌ មិនមែន​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ទៅលើ​តែ​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ ចំណែក​អ្នកមាន​លុយ​មានអំណាច​រួចខ្លួន​នោះ​ទេ​។ លើស​ពី​នោះ ស្ថាប័ន​មាន​សមត្ថកិច្ច​មិន​ត្រូវ​លើកលែង​ឲ្យ​អាជ្ញាធរ​រូប​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ជាដាច់ខាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។