អ្នកឃ្លាំមើលធនធានធម្មជាតិ និងសហគមន៍ការពារព្រៃឈើបារម្ភថា ការណ៍ដែលអង្គភាពកងទ័ពចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនដែលមានជាប់ព័ន្ធនឹងការរកស៊ីកាប់បំផ្លាញព្រៃឈើខុសច្បាប់នឹងធ្វើឱ្យធនធានធម្មជាតិរងការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ។ ការលើកឡើងរបស់ពួកគាត់បែបនេះគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចឱ្យអង្គភាពកងទ័ពសហការជាមួយក្រុមហ៊ុន ទ្រី ភាព គ្រុប និងក្រុមហ៊ុនឯកជនមួយចំនួនទៀត។
អ្នកឃ្លាំមើលធនធានធម្មជាតិគ្មានជំនឿទៅលើក្រុមហ៊ុនឯកជនដែលរដ្ឋាភិបាលសហការជាមួយនោះថា អាចនឹងជួយពង្រឹងសមត្ថភាពលើវិស័យយោធាឱ្យមានភាពរីកចម្រើនបានឡើយ ដោយសារក្រុមហ៊ុនឯកជននោះមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការកាប់ទន្ទ្រានព្រៃឈើ។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែវិច្ឆិកា ថា លោកគ្មានសង្ឃឹមលើក្រុមហ៊ុន ទ្រី ភាព អាចជួយពង្រឹងវិស័យយោធា និងការពារសន្តិសុខជាតិបាននោះទេ ខណៈដែលលោក ទ្រី ភាព គឺជាអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិ។ លោកបន្តថា ការសហការរវាងក្រុមហ៊ុន ទ្រី ភាព គ្រុប និងកងកម្លាំងយោធានេះនឹងបង្កលក្ខណៈងាយស្រួលឱ្យក្រុមហ៊ុននេះរកស៊ីកាប់ឈើកាន់តែប្រសើរ។
លោក ហឿន សុភាព៖«ប្រសិនបើរដ្ឋាភិបាលនៅតែបន្តសហការ ឬក៏ចងសម្ព័ន្ធភាពជាមួយ ឧកញ៉ា ទ្រី ភាព បន្ថែមទៀតវានឹងអាចមានសកម្មភាពជាច្រើនទៀតដែលអាចបំផ្លាញជាតិបន្តបន្ថែមទៀត។ ខ្ញុំមានការព្រួយបារម្ភចំពោះទង្វើទាំងអស់នេះមិនអាចឆ្លើយតបទៅនឹងការជួយដល់ប្រទេសជាតិបានទេ ពីព្រោះវានៅតែជាទង្វើមួយដែលយើងរកឃើញថា គាត់បំផ្លាញជាតិហើយអត់ព្រមរកវិធីសាស្ត្រនៅក្នុងការរឹតត្បិត ឬដាក់ទោសទាន់ទៅតាមអ្វីដែលរកឃើញ»។
ស្រដៀងគ្នានេះ តំណាងប្រជាសហគមន៍ព្រៃឡង់នៅខេត្តក្រចេះ លោក ស្វាយ សុង យល់ឃើញថា គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលបានដែលរដ្ឋាភិបាលចងសម្ព័ន្ធភាពជាមួយមេក្រុមហ៊ុនរកស៊ីឈើខុសច្បាប់។ លោកហួសចិត្តដែលមេឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិបែរជាទទួលបានការសហការជាមួយរដ្ឋាភិបាល ផ្ទុយពីប្រជា សហគមន៍ដែលការពារធនធានធម្មជាតិប្រឈមនឹងគុកច្រវាក់។
លោក ស្វាយ សុង៖«ការសហការហ្នឹងខ្ញុំគិតៗទៅមិនផ្ដល់ប្រយោជន៍ជាវិជ្ជមានទេមានន័យថា យើងធ្លាប់ឃើញធ្លាប់ដឹងធ្លាប់លឺហើយថា ក្រុមហ៊ុន ទ្រី ភាព ជាអ្នកបំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា។ អ៊ីចឹងខ្ញុំមិនឃើញផលជាវិជ្ជមានទេក្រែងសេពគប់សហការទៅកាន់តែបំផ្លាញព្រៃឈើយើងបន្ថែមទៀត»។
ក្ដីបារម្ភរបស់ប្រជាសហគមន៍ទាំងនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចស្ដីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពបន្ថែមរវាងអង្គភាពកងទ័ពជាមួយស្ថាប័នអង្គភាពស៊ីវិល ចុះនៅថ្ងៃទី២៦ ខែកក្កដា តាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា។ ក្នុងលិខិតនោះបង្ហាញថា បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចងសម្ព័ន្ធភាពជាមួយ ក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន សៀ រិទ្ធី គ្រុប តំបន់ប្រតិបត្តិការសឹករងកែប នៃយោធភូមិភាគទី៣កងទ័ពជើងគោក ចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន ទ្រី ភាព គ្រុប តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៃយោធភូមិភាគទី៣កងទ័ពជើងគោក ចងសម្ព័ន្ធភាពជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងកងការពារព្រំដែនលេខ៥០២ និងលេខ៥០៣ នៃយោធភូមិភាគទី៥ កងទ័ពជើងគោកចងសម្ព័ន្ធភាពជាមួយក្រសួងកសិកម្ម។
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា អ្នកស្រីនៅមិនទាន់ទទួលបានព័ត៌មានអំពីរឿងនេះនៅឡើយទេ។
កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅប្អូនប្រុសលោក ហ៊ុន ម៉ាណែត និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានចូលរួមក្នុងពិធីចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប (World Bridge Group) ជាមួយបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅខេត្តកំពង់ស្ពឺ ដោយលើកឡើងថា ការចងសម្ព័ន្ធមេត្រីភាពនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ឪពុករបស់លោកគឺលោក ហ៊ុន សែន ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជាមួយស្ថាប័នអង្គភាពស៊ីវិលឱ្យកាន់តែជិតស្និទ្ធ ដើម្បីជួយពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងបង្កលក្ខណៈឱ្យកងទ័ពកាន់តែមានភាពងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
ក្រសួងរតនាគារជាតិអាមេរិក កាលពីចុងឆ្នាំ២០១៩ បានសម្រេចដាក់ទណ្ឌកម្មបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិរបស់ លោក ទ្រី ភាព ព្រមទាំងក្រុមហ៊ុនដែលលោកគ្រប់គ្រងចំនួន ១១ក្រុមហ៊ុន ដោយរកឃើញថា លោក ទ្រី ភាព បានប្រើប្រាស់ខ្សែបណ្ដាញដ៏សម្បើមរបស់លោកនៅកម្ពុជាដើម្បីបង្កើតអាជីវកម្មកាប់ឈើទ្រង់ទ្រាយធំ ដោយបានពឹងផ្អែកទៅលើអំពើស៊ុមគ្រលុំជាមួយមន្ត្រីរដ្ឋាភិបាល និងទទួលបានកិច្ចគាំពារពីរដ្ឋាភិបាល ព្រមទាំងមន្ត្រីយោធា ដើម្បីដឹកជញ្ជូនទំនិញខុសច្បាប់របស់លោក។ ជាមួយនេះគ្នា លោក ទ្រី ភាព ក៏បានប្រើប្រាស់បណ្ដាញយោធា ដើម្បីឱ្យលោកអាចធ្វើសកម្មភាពដឹកជញ្ជូនឈើ ហ៊ុប យកទៅលក់ឱ្យប្រទេសវៀតណាម (Vietnam)ចិន(China)អឺរ៉ុប (Europe) និងរុស្ស៊ី (Russia)ជាដើម។
ទាក់ទងរឿងនេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ លោកសាទរប្រសិនបើក្រុមហ៊ុន លោក ទ្រី ភាព ពិតចង់ជួយសង្គមជាតិពិតប្រាកដតាមរយៈការផ្ដល់ជាជំនួយដល់វិស័យយោធា។ ក៏ប៉ុន្តែលោកបារម្ភថា ការសហការគ្នារវាងកងកម្លាំងយោធា និងក្រុមហ៊ុនលោក ទ្រី ភាព នេះអាចជាលេសនៅក្នុងការឱ្យកងកម្លាំងយោធានៅចាំជួយការពារឱ្យក្រុមហ៊ុននេះរកស៊ីដឹកជញ្ជូនឈើទៅលក់នៅក្រៅប្រទេសច្រើនជាង។
លោក អូត ឡាទីន៖«ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភខ្ញុំព្រួយបារម្ភក្រែងលោថា នៅពេលដែលចងសម្ព័ន្ធភាពជាមួយអ៊ីចឹងទៅក្រុមហ៊ុនគាត់អាចប្រសិនជាគាត់យកអាហ្នឹងជាខ្នងបង្អែកក្នុងការជាប់ពាក់ព័ន្ធនឹងធនធានធម្មជាតិបន្តទៅទៀតអ្វីដែលជាការព្រួយបារម្ភអ្វីដែលជាការហានិភ័យហ្នឹងគឺធនធានធម្មជាតិដែលនៅសេសសល់»។
អ្នកឃ្លាំមើលធនធានធម្មជាតិព្រួយបារម្ភថា នៅពេលក្រុមហ៊ុនលោក ទ្រី ភាព ទទួលការសហការពីក្រសួងការពារជាតិ និងចូលកាន់តែកៀកជាមួយស្ថាប័នជាតិធំៗ លោក ទ្រី ភាព នឹងពង្រីកអាណាចក្រនៃជំនួញរកស៊ីបំផ្លាញធនធានធម្មជាតិ កាន់តែខ្លាំង និងបន្តជំនួញនេះតជំនាន់ដោយយកស្ថាប័នជាតិ និងគ្រួសារត្រកូលហ៊ុនធ្វើជាខ្នងបង្អែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។