សាលាដំបូងខេត្តរតនគិរីកោះហៅមន្ត្រីអង្កេតជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ឱ្យចូលខ្លួនឆ្លើយបំភ្លឺជាលើកទីពីរ នៅព្រឹកថ្ងៃទី៣ កញ្ញា ខាងមុខ ពាក់ព័ន្ធនឹងសំណុំរឿងញុះញង់។ ចៅក្រមស៊ើបសួរតុលាការខេត្តព្រះវិហារ លោក សេង ស៊ឹមសុរិយា បញ្ជាក់នៅក្នុងដីកាកោះលើកទីពីរនេះថា ប្រសិនបើលោក ប៉ែន ប៊ុណ្ណារ៍ មិនចូលខ្លួនតាមកាលកំណត់នោះទេ លោកនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួនមន្ត្រីសិទ្ធិមនុស្សរូបនេះ។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន បុណ្ណារ៍ ថ្លែងថា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺរឿងនេះ ដោយមិនញញើតឡើយ។ លោកបញ្ជាក់ថា លោកគ្មានអ្វីត្រូវបារម្ភនោះទេ ពីព្រោះលោកយល់ថា សំណុំរឿងប្រឆាំងរូបលោកនេះ មិនមានមូលដ្ឋានគ្រប់គ្រាន់ឡើយ ហើយលោកក៏មិនបានប្រព្រឹត្តកំហុសអ្វីនោះដែរ។ លោកអះអាងទៀតថា លោកចង់ចូលបំភ្លឺតាំងពីការកោះហៅលើកទីមួយ នៅថ្ងៃទី៦ សីហាមកម៉្លេះ ក៏ប៉ុន្តែដោយសារមេធាវីត្រូវពិនិត្យមើលសំណុំរឿងបន្ថែមទៀត ទើបមានការពន្យារពេលចូលឆ្លើយបំភ្លឺ។
តុលាការខេត្តរតនគិរីបានចោទប្រកាន់លោក ប៉ែន ប៊ុណ្ណារ៍ ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" ដែលប្រព្រឹត្តនៅចំណុចភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។ ការចោទប្រកាន់នេះ កើតមានឡើងក្រោយពេលមន្ត្រីសិទ្ធិមនុស្សរូបនេះបានចូលរួមជាមួយប្រជាសហគមន៍ភូមិសមុទ្រក្រោម ដាក់បណ្តឹងបរិហារករណីកាប់រានដីព្រៃជាង ៨០០ហិកតារ នៅស្រុកលំផាត់ ទៅតុលាការខេត្តរតនគិរី។
បណ្តឹងបរិហារនោះ គឺពលរដ្ឋបានប្តឹងអាជ្ញាធរតាំងពីថ្នាក់ភូមិរហូតដល់មន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តដែលបានបណ្តែតបណ្តោយឱ្យមានបទល្មើសកើតឡើង ហើយមិនចាត់ការលើក្រុមឧក្រិដ្ឋជន។ ទោះជាយ៉ាងណាក្ដី បណ្តឹងបរិហារនោះមិនត្រូវបានតុលាការចាត់ការឡើយ។ ផ្ទុយទៅវិញ លោក ប៉ែន ប៊ុណ្ណារ៍ បែរជារងការប្តឹងបកពីបទញុះញង់ទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។