ការបង្ហូរទឹកស្អុយតាមលូបញ្ចូលក្នុងទន្លេដោយគ្មានចម្រោះ បានធ្វើឲ្យសុខភាពពលរដ្ឋកាន់តែរងគ្រោះ និងកាន់តែបំផ្លាញបរិស្ថានតាមដងទន្លេ។ ពលរដ្ឋដែលរស់នៅតាមដងប្រឡាយទឹកស្អុយបង្ហូរចេញពីរាជធានីភ្នំពេញមួយកន្លែង នៅម្ដុំសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ ក្រៅពីព្រួយបារម្ភបញ្ហាសុខភាព ពួកគេក៏បានរអ៊ូរទាំថាគ្មានសុភមង្គលក្នុងគ្រួសារ ដោយសារតែក្លិនស្អុយនៃទឹកលូនេះ។ សង្គមស៊ីវិល ថាការបង្ហូរទឹកស្អុយនេះប៉ះពាល់ទាំងសុខភាពមនុស្ស និងបរិស្ថានចម្រុះក្នុងទឹកទន្លេ។
សំឡេងពលរដ្ឋរអ៊ូពីបញ្ហាស្អុយ៖ « អាទឹកពពុះហ្នឹងដែលបូមខ្លាំងណាស់ វារឹតតែឆួលស្អុយខ្លាំងណាស់ អានេះគ្រាន់បានខ្យល់ ពេលណាវាហូរទៅខ្យល់វាមករំភើយៗចឹងមក ក្លិនមក ...»។
ពលរដ្ឋដែលមានផ្ទះលើខ្នងប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ បានត្អូញត្អែរអំពីក្លិនស្អុយនៃលូបង្ហូរទឹកស្អុយពីរាជធានីភ្នំពេញ ចូលក្នុងទឹកទន្លេ ព្រោះតែទឹកស្អុយហូរតាមប្រឡាយនេះ មិនបានចម្រោះ ឬបានធ្វើប្រព្រឹត្តិកម្មឲ្យទឹកស្អាតជាមុន។
ពលរដ្ឋម្នាក់រស់នៅតាមផ្លូវជាតិលេខ៥ ជាប់ប្រឡាយលូទឹកស្អុយគីឡូម៉ែត្រលេខ៩ លោកស្រី ទង់ ចន្ថា ថ្លែងថា នៅជាប់ផ្លូវជាតិលេខ៥ មានតែស្ថានីយបូមទឹកស្អុយ ប៉ុន្តែមិនមានការចម្រោះទឹកស្អុយនេះមុនពេលបង្ហូរចូលទន្លេនោះទេ។ ក្រៅពីបាត់បង់សុភមង្គលក្នុងគ្រួសារ អាជីវកររូបនេះបន្ថែមថា ក្លិនស្អុយបានជះក្លិនដល់អ្នកធ្វើដំណើរតាមផ្លូវជាតិ ហើយអតិថិជនរបស់លោកស្រី តែងបើកឡាន ឬម៉ូតូរំលង មិនហ៊ានចូលទិញទំនិញពីតូបលោកស្រីឡើយ៖ « ទឹកហ្នឹងវាហូរតិចៗចឹងទៅ វានៅខ្មៅនៅហ្នឹង ហូរដល់ទន្លេហ្នឹងម៉ង។ ដល់ទន្លេខ្មៅឃ្លីកម៉ង អូនឯងមិនឃើញ ហូរទៅដល់ទន្លេខ្មៅហើយ មានអីទៀត ឡើងខ្មៅ ខ្មៅលែងនិយាយ ខ្មៅដូចជ្រាំ។ ចាស់ទៅចេះថាអនាគតយើងចេះតែទ្រុឌទ្រោមហើយណា ដល់ពេលវាស្អុយមក គេហៅជាន់អ្ហាមេរោគវាច្រើនណា ប៉ិនឥឡូវហ្នឹងវាឈឺដែរ តែឈឺដើរបាន ញ៉ាំបាន ដេកបាន វាអត់អីទេ តែខ្លាចទៅមុខទៀត »។
ទឹកស្អុយដែលហូរតាមប្រឡាយគីឡូម៉ែត្រលេខ៩ នេះ ហូរចេញតាមប្រព័ន្ធលូពីភាគខាងជើងនៃរាជធានីភ្នំពេញ ហូរចាក់ចូលដោយផ្ទាល់ក្នុងទឹកទន្លេសាប នៅសង្កាត់ស្វាយប៉ាក។ ពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីតាមបែក្រោមផ្ទះបណ្ដែតទឹក បានរំកិលផ្ទះបណ្ដែតទឹកចេញពីកន្លែងបង្ហូរទឹកស្អុយនោះជាច្រើនឆ្នាំមកហើយ ខណៈដែលអ្នកចិញ្ចឹមត្រីខ្លះទៀតបានសម្រេចចិត្តឈប់ប្រកបរបរនេះ ដោយសារត្រីងាប់ច្រើនពេក នៅពេលទឹកស្អុយហូរចូលទន្លេម្ដងៗ។ មកដល់ពេលនេះ នៅមាត់ប្រឡាយទឹកស្អុយដែលបង្ហូរចូលទន្លេនោះ មិនមាននរណាចិញ្ចឹមត្រីទៀតទេ។
ពលរដ្ឋដែលរស់នៅលើខ្នងប្រឡាយទឹកស្អុយក្នុងភូមិ១ សង្កាត់ស្វាយប៉ាក លោក វ៉េង វីរៈ ប្រាប់ថា អ្នកភូមិរស់នៅទាំងបង្ខំចិត្តហិតក្លិនស្អុយពីប្រឡាយជារៀងរាល់ថ្ងៃ។ លោកថា អ្នកភូមិ១ គ្មានជម្រើសអ្វីក្រៅពីទ្រាំហិត ដើម្បីឲ្យស៊ាំច្រមុះទេ។ ប៉ុន្តែទោះយ៉ាងណា លោកមិនសូវចង់ឲ្យអាជ្ញាធរអភិវឌ្ឍប្រឡាយទឹកស្អុយ ដើម្បីបំបាត់ក្លិនស្អុយនេះប៉ុន្មានទេ ព្រោះលោកបារម្ភខ្លាចអាជ្ញាធរប្រើលេសអភិវឌ្ឍនេះ ដើម្បីបង្ខំបណ្ដេញអ្នកភូមិចេញពីផ្ទះ៖ « ស្អុយខ្លាំង ! វាអត់ស្អុយរហូតទេ វាឆួលម្ដងៗដែរហ្នឹង ឆួលខ្លាំង ឆួលមែនទែនម៉ង វាអត់ទៀត ជះក្លិនមកខ្លាំងមែនទែនម៉ង។ វាអត់ទៀត តាមវាជះក្លិនមកម្ដងៗ ខួបប្រាំងខួបវស្សា ... ហូរតាំងពីភ្នំពេញមក ...»។
ពលរដ្ឋរស់នៅភូមិ១ នៃសង្កាត់ស្វាយប៉ាក ភាគច្រើនចង់បានប័ណ្ណកម្មសិទ្ធិដី និងផ្លូវថ្នល់ ជាជាងការអភិវឌ្ឍប្រឡាយទឹកស្អុយ។
នៅពេលដែលខ្យល់ធ្លាក់រំភើយៗ គ្រប់គ្នាសប្បាយចិត្តរីករាយនឹងអាកាសធាតុបែបនេះ ប៉ុន្តែសម្រាប់អ្នករស់នៅជិតប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ វិញ នៅពេលខ្យល់ធ្លាក់រំភើយៗ ជាពេលដែលពួកគេកើតទុក្ខដោយសារក្លិនស្អុយជះរំភាយៗដល់អ្នកភូមិ។ ពេលដែលខ្យល់ធ្លាក់រំភើយៗ ជាពេលដែលអ្នកភូមិនាំគ្នាខ្ទប់មាត់ បិទច្រមុះ ឬបិទមុខនឹងក្រមា ដើម្បីកុំឲ្យក្លិនស្អុយចូលច្រមុះខ្លាំង។
អ្នកភូមិ១ ម្នាក់ទៀតជាកម្មការិនីរោងចក្រនៅខេត្តកំពង់ស្ពឺ លោកស្រី ណុប ច័ន្ទថារី ថាផ្ទះលោកស្រីនៅពីលើខ្យល់ ដូច្នេះមិនសូវរងផលប៉ះពាល់ក្លិនខ្លាំងទេ ប៉ុន្តែលោកស្រីរងគ្រោះខ្លាំងពីទឹកលូនៅពេលខ្យល់ជះត្រឡប់វិញ៖ « មិនដែលឃើញមេរោគអីហោះផង អើបើពពុះនៅខាងថ្នល់មាន។ ទឹកទន្លេវាបុកមកខ្លាំងចឹងទៅ ទឹកអាកន្លែងកែងហ្នឹងវាបុកមកទៀតចឹងទៅ គេមានអាប្រព័ន្ធលូគេ អារនាំងគេហ្នឹងអ្ហា ! វាហូរមក កើតជាពពុះ ពពុះហ្នឹងនៅខាងថ្នល់មានមែន វាហុយពេញថ្នល់ »។
អ្នកភូមិដែលរស់នៅតាមប្រឡាយទឹកស្អុយនេះ ស្នើឲ្យអាជ្ញាធររៀបចំដាក់បណ្ដាញលូ ហើយប្រសិនបើអាចលុបប្រឡាយទឹកស្អុយនេះចោល ដើម្បីបញ្ចប់បញ្ហាក្លិនស្អុយ។ ពួកគេថា បច្ចុប្បន្ន សុខភាពរបស់ពួកគេរងផលប៉ះពាល់ជាខ្លាំង ពិសេសពេលធ្លាក់ខ្យល់ ពួកគេតែងផ្ដាសាយ និងក្អកជាប្រចាំ។
ចៅសង្កាត់ស្វាយប៉ាក លោក ហ៊ូ សាម៉ន ប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា កិច្ចការងារនេះហួសពីសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋានហើយ។ លោកថា កាលពីចុងឆ្នាំ២០១៦ អាជ្ញាធរក្រុងភ្នំពេញធ្លាប់បានចុះទៅពិនិត្យដល់ប្រឡាយទឹកស្អុយនោះ។ លោកចៅសង្កាត់ ថាអាជ្ញាធរក្រុងធ្លាប់សន្យាថានឹងដោះស្រាយឲ្យពលរដ្ឋ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ទទួលដំណឹងពីអាជ្ញាធរក្រុងថាយ៉ាងម៉េចនោះទេ៖ « អត់ទាន់ដឹងទេ ! ខ្ញុំអត់ទាន់ដឹងទេ ! ប៉ិនអាថ្ងៃដែលគាត់ ( អភិបាលក្រុង ) មកពិនិត្យលូហ្នឹង ចុងឆ្នាំ២០១៦ គាត់ពិនិត្យមើលថា អាហ្នឹងត្រូវតែធ្វើអាងចម្រោះ ការពារកុំឲ្យមានមេរោគមេអីហូរចូលទន្លេ ដោយសារយើងបង្ហូរចេញ ៦សង្កាត់ ពិសេសរាជធានីភ្នំពេញទាំងមូល បានបង្ហូរតាមអូរវែងហ្នឹងណា »។
អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្ដី បានបង្វែរសំណួរឲ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ស៊ាំ ពិសិដ្ឋ ប៉ុន្តែលោក ស៊ាំ ពិសិដ្ឋ មិនលើកទូរស័ព្ទទេ។ តែទោះជាយ៉ាងណា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថាអាជ្ញាធរក្រុងមិនមានលទ្ធភាពធ្វើម្ដងទាំងអស់បានទេ ដោយសារកិច្ចការចម្បង គឺសាលាក្រុងបានដាក់លូដើម្បីរំដោះទឹកជន់លិចពីក្រុងភ្នំពេញជាមុនសិន៖ « វាមានជំហានដែលយើងត្រូវរៀបចំធ្វើ គ្រាន់តែថាដំណាក់កាលហ្នឹងយើងត្រូវធ្វើកន្លែងណាៗ មិនអាចថាមួយពេលធ្វើទាំងអស់ »។
ការបង្ហូរទឹកស្អុយតាមប្រឡាយគីឡូម៉ែត្រលេខ៩ ដោយគ្មានការចម្រោះត្រឹមត្រូវនេះ ក្រៅពីពលរដ្ឋដែលរស់នៅ និងឆ្លងកាត់រងផលប៉ះពាល់ហើយនោះ ទឹកទន្លេ និងជីវចម្រុះក្នុងទន្លេ ក៏រងផលប៉ះពាល់ខ្លាំងដែរ។ សង្គមស៊ីវិលស្នើឲ្យអាជ្ញាធរ គួរច្រោះទឹកកង្វក់ឲ្យបានស្អាតជាមុន មុននឹងបង្ហូរចូលទឹកទន្លេ។
នាយកអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ថាការបង្ហូរទឹកស្អុយដោយគ្មានចម្រោះឲ្យបានស្អាតជាមុន មុនពេលបង្ហូរចូលក្នុងទន្លេ វានឹងជះឥទ្ធិពលអាក្រក់សម្រាប់បរិស្ថាន ហើយអ្នកដែលរងគ្រោះពីការបង្ហូរទឹកស្អុយ គឺជាប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកដោយផ្ទាល់ ត្រី និងជីវចម្រុះក្នុងទន្លេ៖ « ពេលដែលបង្ហូរចូលទៅក្នុងទន្លេធម្មជាតិ ឬមួយបឹងបួធម្មជាតិ វាធ្វើឲ្យកើតមានទាក់ទងការបំពុលទឹកកើតឡើង។ អ្នកដែលទទួលរងផលប៉ះពាល់ អាចត្រី អាចទាក់ទងធនធានដែលមានជីវិតនៅក្នុងទឹក ហើយអាចជាប្រជាពលរដ្ឋដែលគាត់ប្រើប្រាស់ទឹកផ្ទាល់ពីអាងទន្លេ »។
ចំណែករដ្ឋលេខាធិការក្រសួងកសិកម្ម លោក ណៅ ធួក វិញ មិនបានឆ្លើយពីការរងប៉ះពាល់នៃការបង្ហូរទឹកស្អុយចូលទន្លេទេ តែលោកយល់ឃើញថា កន្លែងដែលមានការចម្រោះទឹកឲ្យស្អាត មុនបង្ហូរចូលទន្លេ ជាកន្លែងសម្រាប់ត្រីរកចំណី ព្រោះលោកសំអាងថា មានអ្នកនេសាទយ៉ាងច្រើនចាំរកត្រីនៅម្ដុំនោះ៖ « កន្លែងម៉ាចំនួនក៏ល្អដែរទេ មិនជាថាលូបង្ហូរទៅហ្នឹងវាអាក្រក់សុទ្ធទេណា កន្លែងខ្លះគេបានធ្វើប្រព្រឹត្តិកម្មរួចហើយ បានគេបង្ហូរចេញទៅ ហើយនៅកន្លែងមួយទៀតជិតស្ពានជ្រោយចង្វារ ខាងក្រោមស្ពានជ្រោយចង្វារតិចហ្នឹង ម្ដុំចំវត្តភ្នំ ម្ដុំអស់ហ្នឹង មានលូមួយចេញទៅ ហើយលូហ្នឹងមានអ្នកនេសាទច្រើនណាស់ ព្រោះអីវាដូចកន្លែងត្រីរកចំណីអីនៅម្ដុំហ្នឹង »។
លូបង្ហូរទឹកស្អុយដោយគ្មានការចម្រោះចូលក្នុងទឹកទន្លេ មិនមែនមានតែនៅក្នុងសង្កាត់ស្វាយប៉ាក នោះទេ។ ពលរដ្ឋថា នៅម្ដុំព្រែកព្នៅ និងនៅមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក៏មានការបង្ហូរទឹកស្អុយចូលទន្លេដោយគ្មានការចម្រោះដែរ។ ពលរដ្ឋយល់ថា ការបង្ហូរទឹកស្អុយទៅក្នុងទន្លេ គឺជាផ្នែកមួយដែលធ្វើឲ្យកំណើនត្រីថយចុះ ហើយពលរដ្ឋនៅតែមានការបារម្ភចំពោះសុខភាពរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។