ពលរដ្ឋ​ចង់​ឃើញ​ក្រសួង​ធនធាន​ទឹក​អនុវត្ត​គោលការណ៍​ជាក់​លាក់​ការពារ​បរិស្ថាន និង​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​តំបន់​បឹង​ទន្លេ​សាប និង​សកម្មជន​ការពារ​បរិស្ថាន​ចង់​ឃើញ​ក្រសួង​ធនធាន​ទឹក​ និង​អាជ្ញាធរ​ពាក់ព័ន្ធ អនុវត្ត​គោលការណ៍​ជាក់​លាក់ ដើម្បី​ការពារ​បរិស្ថាន និង​ព្រៃ​លិចទឹក​ក្នុង​តំបន់​បឹង​ទន្លេ​សាប​ឱ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង។

ការ​លើក​ឡើង​នេះ​ក្រោយ​ពី រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក លោក ថោ ជេដ្ឋា ប្ដេជ្ញា​ចិត្ត​ថា នឹង​យក​ចិត្ត​ទុកដាក់​សហការ​គ្នា​ការពារ​បរិស្ថាន​ទន្លេសាប និង​ព្រៃ​លិច​ទឹក​ឱ្យ​មាន​ប្រសិទ្ធភាព។

ពលរដ្ឋ​រស់​នៅ​តំបន់​បឹង​ទន្លេសាប និង​សកម្មជន​ការពារ​បរិស្ថាន សង្កេត​ឃើញ​ថា វិបត្តិ​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប រួមមាន ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ការ​ចោល​សំរាម​ចូល​ទន្លេ​សាប និង​បទ​ល្មើស​នេសាទ នៅតែ​ជា​បញ្ហា​ប្រឈម​ដដែល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​វិធានការ​ដោះ​ស្រាយ ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

ពលរដ្ឋ​រស់​នៅ​ជាប់​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង លោកស្រី ពេញ អាត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៨ មីនា​ថា លោកស្រី​មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​ប្រសិទ្ធភាព​ការងារ របស់​អាជ្ញាធរ​រដ្ឋ​នៅ​ឡើយ​ទេ ព្រោះ​កន្លង​ទៅ អាជ្ញាធរ​តែង​តែ​សន្យា ក៏​ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​យូរ​អង្វែង​នោះ​ឡើយ។

លោកស្រី​ថា ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​កាន់​តែ​រួម​តូច​មួយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ធនធាន​ត្រី​កាន់​តែ​ថយ​ចុះ​បទ​ល្មើស​នេសាទ​នៅ​តែ​កើត​មាន​ច្រើន ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវភាព​ពលរដ្ឋ និង​បរិស្ថាន​ទន្លេសាប។

លោកស្រី ពេញ អាត៖ «និយាយ​ទៅ​បើក​ចំហ​បណ្ដោយ​ បទល្មើស​នេសាទ គ្មាន​ជំនឿ​ទេ និយាយ​ទៅ​ចាំ​គេ​ឃើញ​ល្អ​សិន បាន​ខ្ញុំ​ជឿ។ គេ​អនុវត្ត​ច្បាប់​មាន​ចែង​ក្នុង​ច្បាប់​ល្អ​ហើយ ថា​ទប់ស្កាត់​ព្រៃ​លិច​ទឹក ឈូស​លើស​ដើម ព្រៃ​លិច​ទឹក​ហ្នឹង»។

ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លោក ថោ ជេដ្ឋា និង​អាជ្ញាធរ​ពាក់ព័ន្ធ​ កាល​ពី​ថ្ងៃ​ទី២៦ មីនា

បាន​ចុះ​ពិនិត្យ និង​ស្វែង​យល់​ពី​ស្ថានភាព​ សហគមន៍​នេសាទ​ភូមិ​បណ្ដែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិត​នៅ​ក្នុង​ឃុំ​ផាត់សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់​​ឆ្នាំង។

ក្រសួង​ធនធាន​ទឹក​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេសប៊ុក​ថា បេសកកម្ម​របស់​រដ្ឋ​មន្ត្រី​រូប​នេះ ដើម្បី​ពិនិត្យ​ពី​ស្ថានភាព បឹង​ទន្លេសាប​

តំបន់​ព្រៃ​លិច​ទឹក​ ការ​បង្ក​បង្កើន​ផល​ដី​កសិកម្ម ​និង​ ការពារ​របស់​សហគមន៍​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ។

ប្រធាន​អាជ្ញាធរ​ទន្លេសាប​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ធនធាន​ទឹក

​ជួយ​ទ្រទ្រង់​ជីវភាព​ពលរដ្ឋ ស្រប​តាម​គោល​នយោបាយ​របស់ រដ្ឋាភិបាល ដើម្បី​ការពារ​បរិស្ថាន និង​គ្រប់គ្រង​តំបន់​ទន្លេសាប។

ឆ្លើយ​តប​រឿង​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា សង្កេត​ឃើញ​ថា ការ​ចោល​សំរាម ចូល​ស្ទឹង​សង្កែ ​អណ្ដែត​ឆ្ពោះ​ទៅ​កាន់​បឹង​ទន្លេ​សាប​នៅតែ​ជា​វិបត្តិ​បរិស្ថាន​ធ្ងន់ធ្ងរ ​ប៉ះពាល់​គុណភាព​ទឹក និង​ជីវចម្រុះ អាជ្ញាធរ​នៅ​មិន​ទាន់​មាន​វិធានការ​ដោះស្រាយ​ជាក់​លាក់​នៅ​ឡើយ​ទេ។

លោក​ថា មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​គ្រប់គ្រង​សំរាម​ត្រឹមត្រូវ​ពី​សំណាក់​អាជ្ញាធរ​នៅ​ឡើយ។

លោក ថុន រដ្ឋា៖«អនុវត្ត​សកម្មភាព​ចេញ សកម្មភាព​មួយ​ចម្អិន​កំពឹស ក្រោយ​ពី​ចប់ ក៏​ប្រែប្រួល​ត្រឡប់​ដូច​ដើម។ យើង​សង្ឃឹម​ថា រដ្ឋ​មន្ត្រី​ថ្មី អនុវត្ត​មាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​ត្រូវ​តែ​ធ្វើ​ដូច​ភ្លៀង​រលឹម​អ៊ីចឹង»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ យល់​ថា ប្រសិនបើ​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​ការពារ​បរិស្ថាន​ទន្លេសាប​ឱ្យ​ច្បាស់​លាស់​ទេ វិបត្តិ​បរិស្ថាន ការបំផ្លាញ​ជីវចម្រុះ​ នឹង​ប៉ះពាល់​សុខភាព​មនុស្ស បម្រែបម្រួល​អាកាសធាតុ និង​វិស័យ​ទេសចរណ៍​កាន់​តែ​រីក​ធំ​ឡើង។

លោក លាង ប៊ុនលាភ៖ «ប្រសិន​បើ​ការងារ​ទាំង​អស់​នេះ យើង​ធ្វើ​មិន​បាន​ទេ វា​នាំ​ឱ្យ​មាន​បញ្ហា​ការ​គ្រប់គ្រង​បរិស្ថាន ធ្វើ​ឱ្យ​សំរាម​មិន​បាន វា​នឹង​ហានិភ័យ ។ យើង​ឃើញ​ទន្លេ​កខ្វក់​ជា​ច្រើន ដូច​ជា​ស្ទឹង​សៀមរាប​ជា​ដើម ពិបាក»។

ប្រជាពលរដ្ឋ និង​សកម្មជន​ការពារ​បរិស្ថាន​ផ្ដល់​ដំណោះ​ស្រាយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ការពារ​បរិស្ថាន ក្នុង​តំបន់​ទន្លេសាប និង​ដី​ព្រៃ​លិច​ទឹក ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​យូរ​អង្វែង លុប​បំបាត់​អំពើ​ពុក​រលួយ និង​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​ឱ្យ​បាន​ទូលំ​ទូលាយ​ពី​ការ​វិធានការ​ការពារ​បរិស្ថាន ដី​ព្រៃ​លិច​ទឹក និង​ការ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។