ជនជាតិដើមភាគតិចព្នង ១៧០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី កំពុងស្វែងរកការជួយជ្រោមជ្រែង ពីអាជ្ញាធរ និងតុលាការ ដើម្បីឱ្យស្ថាប័នទាំងនេះ ជួយការពារដីព្រៃសហគមន៍ភូមិអណ្ដូងក្រឡឹង ដែលកំពុងទទួលរងការរំលោភបំពាន ពីឈ្មួញមានអំណាច។ អ្នកភូមិត្អូញថា ពួកគេពុំមានសមត្ថភាព ការពារព្រៃឈើនៅតំបន់នោះបានទេ ព្រោះឈ្មួញសុទ្ធតែអ្នកមានឥទ្ធិពល។
ជនជាតិដើមភាគតិចព្នងជិត ២រយគ្រួសារ រស់នៅភូមិចំនួន៤ នៃឃុំសែនមនោរម្យ ស្រុកអូររាំង នៅថ្ងៃទី២៦ មករា អំពាវនាវឱ្យអាជ្ញាធរ និងស្ថាប័នយុត្តិធម៌ រកមធ្យោបាយសង្គ្រោះព្រៃសហគមន៍ភូមិអណ្ដូងក្រឡឹង ដែលកំពុងទទួលរងការកាប់ឈើមានតម្លៃដឹកទៅលក់នៅប្រទេសវៀតណាម និងសកម្មភាពទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិអស់ជាច្រើនហិកតារ។
ប្រធានសហគមន៍ភូមិអណ្ដូងក្រឡឹង លោក សុខា ផុន ថ្លែងថា ពួកលោកបានពឹងមេធាវីរួចហើយ ដើម្បីត្រៀមប្ដឹងឈ្មួញម្នាក់ឈ្មោះ រុន វណ្ណៈ ទៅតុលាការ ករណីរំលោភដីព្រៃសហគមន៍ជាង ១០ហិកតារទៀត។ លោកថា សកម្មភាពកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្ម និងសកម្មភាពទន្ទ្រានដីព្រៃសហគមន៍ បណ្ដាលឱ្យប៉ះពាល់ជម្រកសត្វព្រៃ បាត់បង់ប្រពៃណីវប្បធម៌ និងជីវភាពអ្នកភូមិធ្លាក់ចុះ៖ «ឥលូវរងការបាត់បង់ ដោយសារជនខិលខូចកាប់បំផ្លាញព្រៃឈើ លក់ឱ្យប្រទេសក្រៅ ហើយមានឈ្មួញធំៗ ទិញឈើទៅវៀតណាម។ ជុំវិញព្រៃសហគមន៍សុទ្ធជាដែនជម្រកសត្វព្រែកែវសីមា អ៊ីចឹងដែនកែវសីមា គាត់អត់ជួយទប់ស្កាត់»។
ប្រធានសហគមន៍រូបនេះ បារម្ភថា ព្រៃសហគមន៍ភូមិអណ្ដូងក្រឡឹង សំបូរដោយសត្វព្រៃជាច្រើនប្រភេទរួមមាន សត្វទោច ស្វាកន្ទុយស ស្វាក្រេះ មាន់ទោពណ៌ប្រាក់ និងសត្វស្លាបជាច្រើនប្រភេទទៀត កំពុងប្រឈមបាត់បង់ទីជម្រក ខណៈសកម្មភាពកាប់ឈើមូលធំៗដឹកទៅលក់នៅប្រទេសវៀតណាម នៅតែកើតមានច្រើន៖ «សហគមន៍ព្រួយបារម្ភខ្លាចបាត់បង់ សត្វព្រៃ និងព្រៃឈើសម្រាប់ កូនចៅជំនាន់ក្រោយ គាត់អត់បានស្គាល់ សត្វព្រៃរបៀបម៉េច។ វាប្រឈមបាត់បង់យ៉ាងខ្លាំង បើបាត់ព្រៃឈើហើយ សត្វព្រៃក៏បាត់បង់ដែរ»។
ព្រៃសហគមន៍ភូមិអណ្ដូងក្រឡឹង គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃកែវសីមា ឋិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង មានផ្ទៃដីជាង ១ពាន់ ៤រយហិកតារ ( ១ ៤២៦) បានចុះបញ្ជីទទួលស្គាល់ដោយក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៧។ ព្រៃសហគមន៍នេះ ជាបណ្ដុំនៃធនធានធម្មជាតិសំបូរបែប រួមមានសត្វព្រៃកម្រជាង ៣រយប្រភេទរស់នៅ អមដោយទឹកជ្រោះជាង ១០កន្លែង។
អាស៊ីសេរីមិនអាចទាក់ទង ប្រធានដែនជម្រកសត្វព្រៃកែវសីមា លោក វិបុល រត្តនៈ និង អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ដើម្បីសុំការបំភ្លឺរឿងនេះបាននៅឡើយទេ នៅថ្ងៃទី ២៦ មករា។ ចំណែកឈ្នួញ លោក រុន វណ្ណៈ ដែលប្រជាសហគមន៍ចោទប្រកាន់នោះ ក៏អាស៊ីសេរីមិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
រីឯ មេឃុំសែនមនោរម្យ អ្នកស្រី ថ្វាន់ ត្រែល វិញ យល់ថា អ្នកស្រីគាំទ្រសកម្មភាពរបស់ប្រជាសហគមន៍ ដែលចេញមុខប្ដឹងអ្នកទន្ទ្រានដីព្រៃសហគមន៍ខុសច្បាប់។ អ្នកស្រីថា អាជ្ញាធរឃុំតែងតែសហការជាមួយពលរដ្ឋ ដើម្បីចូលរួមការពារព្រៃសហគមន៍ និងរាយការណ៍ទៅថ្នាក់លើ បំណងរកដោះស្រាយពីវិបត្តិព្រៃឈើនេះ៖ «ពួកខ្ញុំចូលរួមគាំទ្រសហគមន៍ និងចូលរួមចុះល្បាតជាមួយក្រុមប្រឹក្សាឃុំ បើខ្ញុំអត់ចុះផ្ទាល់ខ្ញុំចាត់ សមាជិកក្រុមប្រឹក្សាខ្ញុំចុះ»។
មន្ត្រីពង្រឹងសិទ្ធិអំណាច សហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ការបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរី។ លោកបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីព្រៃ និងអ្នកអនុគ្រោះនាំឲ្យកើតមានបទល្មើស ត្រូវសងការខូចខាតទំហំព្រៃឈើទាំងមូល និងទទួលទោសតាមអំណាចច្បាប់។
ប្រជាសហគមន៍បន្ថែមថា ព្រៃសហគមន៍ភូមិអណ្ដូងក្រឡឹង ជាតំបន់អេកូទេសចរធម្មជាតិដ៏ទាក់ទាញ ជួយបង្កើនប្រាក់ចំណូលឱ្យពលរដ្ឋរស់នៅទីនោះចំនួន ៤ភូមិជិត ១០ ឆ្នាំមកហើយ។ ព្រៃសហគមន៍នេះ អាចរកចំណូលបាន ចាប់ពី ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ពីវិស័យទេសចរ។ ក្រៅពីនេះ សហគមន៍អាចលក់ឥណទានកាបូន ដែលសាយភាយចេញពីព្រៃឈើ បាន ១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយថវិកាទាំងនេះ ជួយគាំទ្រដល់កិច្ចគាំពារព្រៃឈើ និងសត្វព្រៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។