តុលាការក្រុងភ្នំពេញបន្តសាកសួរសកម្មជនការពារបរិស្ថានដោយភ្ជាប់សកម្មភាពរបស់ពួកគេជាមួយសកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ថា ជាមេខ្លោងធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល។ ទោះជាយ៉ាងណាក្ដី សកម្មជនការពារបរិស្ថានច្រាលចោលការចោទប្រកាន់នេះ ហើយពួកគេថា សកម្មភាពការពារបរិស្ថានកន្លងមក គឺបានបង្ហាញភាពស្អាតស្អំជាសាធារណៈ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ មិថុនា បានបន្តបើកសវនាការជំនុំជម្រះទៅលើសកម្មជនការពារបរិស្ថានចំនួន ១០នាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»។
មុនចូលសវនាការសកម្មជនការពារបរិស្ថាន ដែលមានវត្តមានទាំង ៥នាក់រួមមានកញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុត បានលើកបដា និងពិភាក្សាផ្សាយផ្ទាល់នៅមុខតុលាការ លើបណ្ដាញសង្គមពីសកម្មភាពដែលពួកគេធ្លាប់ធ្វើកន្លងមក ដូចជា ការដង្ហែញត្តិទៅស្ថាប័នពាក់ព័ន្ធ ដើម្បីសុំអន្តរាគមន៍ទប់ស្កាត់បទល្មើសព្រៃឈើ លុបបឹង ជីករ៉ែ លក់ខ្សាច់ និងការបង្ហូរទឹកកខ្វក់ចូលទន្លេនិងសមុទ្រជាដើម។ ចំណែកនៅខាងក្រៅរបងតុលាការ អាជ្ញាធរបានរឹតបន្តឹងចំពោះអ្នកធ្វើដំណើរចូលក្នុងតុលាការផងដែរ។
សវនាការបានចាប់ផ្ដើមដោយចៅក្រមបានឱ្យក្រឡាបញ្ជីអានកំណត់ហេតុសួរចម្លើយ ក្នុងដំណាក់កាលនគរបាល ដំណាក់កាលអយ្យការ និងដំណាក់កាលចៅក្រមស៊ើបសួររបស់កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា។ បន្ទាប់មក ព្រះរាជអាជ្ញា និងចៅក្រមបានសួរពួកគេបន្ថែម ដោយភ្ជាប់នឹងទំនាក់ទំនងជាមួយលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាបណ្ដេញចេញ និងកញ្ញា ស៊ុន រដ្ឋា។ តុលាការលើកឡើងតិចតួចពីសកម្មជនបរិស្ថាន ៣នាក់ទៀត រួមមាន លោក ពក ខឿយ លោក ប៉ិញ ពិសិដ្ឋ និងលោកស្រី រ៉ី រក្សា។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ឆ្លើយនៅក្នុងរង្វង់ក្រចកសេះក្រោយស្ដាប់កំណត់ហេតុរបស់ខ្លួនថា កញ្ញាសុំមិនឆ្លើយពាក់ព័ន្ធនឹងសកម្មភាព ឬទស្សនៈលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ដែលបាននិយាយជាមួយវិទ្យុអាស៊ីសេរី ឬវិទ្យុបរទេស ព្រោះថា សកម្មភាពរបស់ចលនាមាតាធម្មជាតិមិនបានជាប់ពាក់ព័ន្ធជាមួយ លោក អាឡិច នោះទេ។
កញ្ញា ភួន កែវរស្មី បញ្ជាក់ក្នុងអង្គសវនាការថា កញ្ញាផ្ទាល់ គឺជានិស្សិត ដែលបានចូលរួមស្ម័គ្រចិត្ត ក្នុងក្រុមចលនាមាតាធម្មជាតិនេះ ហើយយុវជនផ្សេងទៀត ក៏ចូលរួមធ្វើសកម្មភាពការពារបរិស្ថានដោយមិនទទួលបានប្រាក់ខែអ្វីនោះដែរ។ កញ្ញាសំណូមពរតុលាការអនុញ្ញាតឱ្យលោក អាឡិច បានឆ្លើយសំណួរ ហើយតុលាការមិនគួរភ្ជាប់សកម្មភាពលោក អាឡិច ជាមួយកញ្ញា ឬសកម្មជនចលនាមាតាធម្មជាតិផ្សេងទៀតនោះទេ។
កញ្ញា ភួន កែវរស្មី លើកឡើងក្នុងសវនាការថា៖«ខ្ញុំចង់ចូលរួមការពារធនធានធម្មជាតិ គឺនៅពេលដែលខ្ញុំបានទៅលេងកោះកុងក្រៅលើកដំបូង ខ្ញុំឃើញធម្មជាតិ មានភ្នំ មានព្រៃឈើ មានទេសភាពស្រស់ស្អាត ដែលខុសពីស្រុកកំណើតរបស់ខ្ញុំនៅខេត្តស្វាយរៀង ដូច្នេះ ខ្ញុំចាប់ផ្ដើមជាសកម្មជននេះគឺដើម្បីការពារធនធានធម្មជាតិដល់មនុស្សជំនាន់ក្រោយ»។
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ថា លោកបានស្គាល់លោក អាឡិច នៅឆ្នាំ២០១៤ តាមរយៈសកម្មភាពការពារបរិស្ថានរបស់លោកនៅលើបណ្ដាញសង្គម។ លោកបញ្ជាក់ថា អង្គការចលនាមាតាធម្មជាតិ ដែលមានលោក អាឡិច ជាស្ថាបនិកនោះ ត្រូវបានរំលាយដោយក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០១៨ ដូច្នេះសកម្មភាពរបស់ចលនាមាតាធម្មជាតិមិនបានពាក់ព័ន្ធជាមួយលោក អាឡិច ទៀតនោះទេ។
លោក លី ចាន់ដារ៉ាវុត បញ្ជាក់ទៀតថា ការដែលតុលាការលួចយកវីដេអូពីកម្មវិធីប្រជុំ (Zoom) ដែលលោក និងសកម្មជនផ្សេងជជែកគ្នា មកធ្វើការចោទប្រកាន់ គឺមិនសមស្របតាមផ្លូវច្បាប់នោះទេ។
លោក លី ចាន់ដារ៉ាវុត៖«មិនមានការជជែកអំពីផែនការណ៍អ្វីនោះដែរ ការដេញដោលពីការប្រជុំZoomនេះ គឺខ្ញុំបានបញ្ជាក់រួចមកហើយថា យើងជជែកអំពីបរិស្ថានទេ ហើយការងារជាផ្លូវការរបស់ចលនាមាតាធម្មជាតិ ក៏មាននៅលើផេក(Page)ចលនាមាតាធម្មជាតិហើយ ហើយបង្ហោះតែពីរឿងបរិស្ថានទេ។ ដូច្នេះ ការទៅថតZoomដោយមិនមានការអនុញ្ញាតហ្នឹងហើយ ក៏ជារឿងខុសច្បាប់ដែរ។ យើងមិនអាចទៅថតការសន្ទនា ដែលបិទជិតមិនមែនជាការសន្ទនាជាសាធារណៈមកធ្វើជាភស្តុតាងនៅក្នុងសវនាការអ៊ីចឹងទេ»។
ប្រធានចៅក្រមជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេចបន្តសវនាការ នៅថ្ងៃទី១៧ ខែមិថុនា។ សវនាការនេះ ក៏មានមន្ត្រីតំណាងទូតសហភាពអឺរ៉ុប អាមេរិក មន្ត្រីតំណាងអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងយុវជនចូលរួមឃ្លាំមើលផងដែរ។
អតីតស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន លើកឡើងថា តុលាការគ្មានភស្តុតាងជាក់លាក់ណាមួយ ដើម្បីចោទមកលើសកម្មជនបរិស្ថានទាំងនេះទេ ហើយលោកថា តុលាការគួរអនុញ្ញាតឱ្យលោកបានឆ្លើយតបនៅក្នុងសវនាការផងដែរ។ លោកយល់ថា តុលាការគួរទម្លាក់ការចោទប្រកាន់លើពួកគេ ព្រោះថា ពលរដ្ឋខ្មែរបានដឹងថា សកម្មជនទាំងនេះមិនមានកំហុសនោះឡើយ។
លោក អាឡិច៖«អ៊ីចឹង ទោះបីជាអ្នកឯងថ្ងៃនេះដើរតួជាព្រះរាជអាជ្ញា ចៅក្រម ហើយសប្បាយហើយទទួលលុយ ហើយទទួលសក្ការពីអ្នកនយោបាយក៏ដោយ កុំភ្លេចថា អនាគត នៅពេលដែលកម្ពុជាមានជាប្រទេសត្រឹមត្រូវ ជាប្រទេសប្រជាធិបតេយ្យពិតប្រាកដហ្នឹង នៅពេលដែលតុលាការឯករាជ្យ មានចៅក្រមពិតប្រាកដ ចៅក្រម ជាមួយព្រះរាជអាជ្ញាអាចនឹងលែងអង្គុយនៅកៅអីចៅក្រម ព្រះរាជអាជ្ញាហើយ គេនឹងអង្គុយលើកៅអីជនត្រូវចោទហ្នឹង ជាឧក្រិដ្ឋជនដូចអ្វី ដែលប្រទេសមួយចំនួនបានឆ្លងកាត់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ដែលបានឃ្លាំមើលក្នុងសវនាការមានប្រសាសន៍ថា ការសាកសួរទៅលើសកម្មជនបរិស្ថាននៅថ្ងៃនេះ មិនទាន់បានបង្ហាញពីភស្តុតាងជាក់លាក់ណាមួយពាក់ព័ន្ធនឹងបទចោទប្រកាន់ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»នៅឡើយទេ។ លោកថា មន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិនៅតែស្នើតុលាការទម្លាក់ការចោទប្រកាន់នានាទៅលើសកម្មជនទាំងនេះ ដើម្បីឱ្យពួកគេបន្តចូលរួមការពារបរិស្ថាន។
លោក អំ សំអាត៖«តែបើយើងបកទៅកន្លងមកវិញ ឃើញថា មានការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទៅលើការចាប់ និងការឃុំខ្លួនទៅលើសកម្មជនបរិស្ថានទាំងអស់ជាការរំលោភទៅលើសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ»។
ចំណែកអង្គការ រ៉ាយឡាយលីហ៊ូត (Right Livelihood) នៅប្រទេសស៊ុយអែត (Sweden) ដែលធ្លាប់បានផ្ដល់ពានរង្វាន់បរិស្ថានដល់សកម្មជនចលនាមាតាធម្មជាតិ បានលើកឡើងនៅលើបណ្ដាញសង្គមអ៊ិក្ស (X) កាលពីថ្ងៃទី១០ ខែមិថុនា ដោយចាត់ទុកសវនាការលើសកម្មជនចលនាមាតាធម្មជាតិ គឺជារឿងអាម៉ាស់ ដោយសារតែសកម្មភាពការពារបរិស្ថានរបស់ពួកគេបែរជាត្រូវប្រឈមនឹងការផ្ដន្ទាទោសពី ៥ ទៅ ១៥ឆ្នាំទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។