តុលាការ​លើក​យក​ការ​និយាយ​សាធារណៈ​របស់​លោក អាឡិច ដើម្បី​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ

(ពីឆ្វេង​ទៅស្ដាំ) សកម្មជន​ការពារ​បរិស្ថាន ៥នាក់ រួមមាន ​លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី និង​លោក ថុន រដ្ឋា ​យក​ផ្កា​កុលាប​ជូន​សមត្ថកិច្ច ដែល​ជា​អ្នក​យាម​ការពារ​សណ្ដាប់ធ្នាប់ ច្រក​ចូល​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​របស់​ពួក​គេ ចំពោះ​អាជ្ញាធរ និង​មនុស្ស​គ្រប់​គ្នា។
(ពីឆ្វេង​ទៅស្ដាំ) សកម្មជន​ការពារ​បរិស្ថាន ៥នាក់ រួមមាន ​លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី និង​លោក ថុន រដ្ឋា ​យក​ផ្កា​កុលាប​ជូន​សមត្ថកិច្ច ដែល​ជា​អ្នក​យាម​ការពារ​សណ្ដាប់ធ្នាប់ ច្រក​ចូល​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​របស់​ពួក​គេ ចំពោះ​អាជ្ញាធរ និង​មនុស្ស​គ្រប់​គ្នា។ (រូបពីពលរដ្ឋ)

0:00 / 0:00

តុលាការ​ក្រុង​ភ្នំពេញ​បាន​យក វីដេអូ​មួយ​ចំនួន​របស់​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) មក​ភ្ជាប់​ការ​ប្រកាន់​ទៅ​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ថា បាន​ចូលរួម​ធ្វើ​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​ណា​ក្ដី អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​សវនាការ​នេះ ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ មិថុនា បាន​បន្ត​បើក​សវនាការ​ជំនុំជម្រះ​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ១០ នាក់ ជា​លើក​ទី៤ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»។

មុន​ចូល​សវនាការ​សកម្មជន​ការពារ​បរិស្ថាន ដែល​មាន​វត្តមាន​ទាំង ៥នាក់ រួមមាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​លោក លី ចាន់ដារ៉ាវុត បាន​យក​ផ្កា​កុលាប​ជូន​សមត្ថកិច្ច ដែល​ជា​អ្នក​យាម និង​អ្នក​ការពារ​សណ្ដាប់ធ្នាប់ ដើម្បី​បង្ហាញ​នូវ​ក្ដី​ស្រលាញ់​របស់​ពួក​គេ ចំពោះ​អាជ្ញាធរ និង​មនុស្ស​គ្រប់​គ្នា។ ចំណែក​សកម្មជន ៥នាក់​ទៀត រួមមាន កញ្ញា ស៊ុន រដ្ឋា លោក ពក ខឿយ លោក ប៉ិញ ពិសិដ្ឋ លោកស្រី រ៉ី រក្សា និង​លោក អាឡិច បន្ត​អវត្តមាន​នៅ​ក្នុង​សវនាការ។

សវនាការ​បាន​ចាប់​ផ្ដើម​ដោយ​មាន​ការ​បញ្ចាំងវីដេអូ​ ​ជិត ១០ឃ្លិប និង​សំឡេង ដែល​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន បាន​និយាយ​ជាមួយ​សារព័ត៌មាន វីដេអូ​បទ​បង្ហាញ​របស់​លោក​និយាយ​ជាមួយ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​កិច្ចប្រជុំ (Zoom)។ តុលាការ​បាន​ដកស្រង់​កម្មវិធី​វេទិកា​អ្នកស្ដាប់ វិទ្យុ​អាស៊ី​សេរី (RFA) កាល​ពី​ឆ្នាំ២០២១ ដែល​មាន លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន និង នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី និយាយ​ពី​ការ​ក្រឡាស់​សម្ដី​របស់​អតីត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ ដែល​រង​ការ​បិទ​ខ្ទប់​ពី​ជំងឺ​រាតត្បាត​កូវីដ១៩។ តុលាការ ក៏​បាន​លើក​យក​បទ​បង្ហាញ​របស់​លោក អាឡិច ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​អាម៉េរិកាំង នៅ​ទីក្រុងឡងប៊ិច (Long Beach) កាល​ពី​ឆ្នាំ២០១៩ ថា លោក អាឡិច និយាយ​ថា លោក​នឹង​បន្ត​តស៊ូ​ការពារ​ធនធាន​ធម្មជាតិ។ តុលាការ​ក៏​បាន​លើក​យក​កិច្ច​សម្ភាសន៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ដែល​មាន​ចំណងជើង​ថា «ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​បកស្រាយ​ពី​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​នៅ​កម្ពុជា» ដើម្បី​ជា​ភស្តុតាង​ដាក់​បន្ទុក​ជា​ដើម។

តុលាការ​បាន​ចាក់​វីដេអូ​ចុង​ក្រោយ​ត្រឹម​កិច្ចប្រជុំ (Zoom) របស់​សកម្មជន​ចលនា​ធម្មជាតិ​ជាមួយ​លោក អាឡិច អំពី​គម្រោង​កិច្ចការពារ​បរិស្ថាន​របស់​ពួក​គេ។ ប្រធាន​ចៅក្រម​ជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេច​បន្ត​សវនាការ នៅ​ថ្ងៃ​ទី២៤ ខែមិថុនា រយៈ​ពេល​មួយ​ថ្ងៃ​ពេញ។ សវនាការ​នេះ ក៏​មាន​មន្ត្រី​តំណាង​ទូត​សហភាព​អឺរ៉ុប អាមេរិក មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ សង្គម​ស៊ីវិល និង​យុវជន​ចូលរួម​ឃ្លាំមើល​ផង​ដែរ។

ក្រោយ​ចេញ​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត លើក​ឡើង​ថា តុលាការ​មិន​គួរ​យក​វីដេអូ ដែល​មាន​លក្ខណៈ​កាត់​ត​របស់ លោក អាឡិច ដែល​បាន​លើក​ឡើង​ទាំង​នោះ មក​ដាក់​បន្ទុក​លើ​ពួក​គេ​នោះ​ទេ។ លោក​ថា វីដេអូ​ទាំង​នេះ គឺ​គ្រាន់តែ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ លោក អាឡិច ទៅ​លើ​ថ្នាក់​ដឹកនាំ​កម្ពុជា ហើយ​រាល់​វីដេអូ​ទាំង​នោះ​មិន​បាន​ធ្វើ​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​នោះ​ឡើយ។

លោក លី ចាន់ដារ៉ាវុត៖«នៅ​ក្នុង​វីដេអូ​អត់​មាន​ធាតុផ្សំ​ស្ដី​អំពី​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ឬ​គម្រោង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ស្ថាប័ន​ណា ឬ​ក៏​ការ​ប្រព្រឹត្ត​ណា​មួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បូរណភាព​ដែនដី​ខ្មែរ​នោះ​ទេ។ ដូច្នេះ ភស្តុតាង​នេះ យើង​មិន​ទាន់​និយាយ​ពី​ភាព​ស្រប​ច្បាប់ នៃ​ភស្តុតាង​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​លើក​ឡើង​ជា​ភស្តុតាង​នេះ គឺ​មិន​បាន​បង្ហាញ​អំពើ​រួម​គំនិត​ក្បត់​រួច​ទៅ​ហើយ»។

អតីត​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន លើក​ឡើង​ថា ការ​លើក​យក​វីដេអូ ដែល​លោក​បាន​ថ្លែង​ជា​សាធារណៈ គឺ​បង្ហាញ​ថា តុលាការ​គ្មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ ដើម្បី​ចោទ​មក​លើ​សកម្មជន​បរិស្ថាន​ទាំង​នេះ​ទេ។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​បាន​និយាយ​កន្លង​ទៅ​ពុំ​មាន​បទល្មើស​ហិង្សា ឬ​នាំ​បរទេស​មក​ឈ្លានពាន​លើ​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន៖«ការ​ចោទ​ប្រកាន់​នេះ គឺ​គ្មាន​មូលដ្ឋាន​ច្បាប់ ហើយ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ថា តុលាការ​កំពុង​តែ​អស់​ផ្លូវ​ហើយ ពីព្រោះ​គេ​ចោទ​ប្រកាន់​ទៅ​យើង​រួម​គំនិត​ក្បត់​អី​ឯ​ណា ហើយ​គ្មាន​ភស្តុតាង​ណា​ក្រៅ​តែ​អំពី​បទ​សម្ភាសន៍​ជាមួយ​អ្នកកាសែត គ្មាន​ជន​រងគ្រោះ គ្មាន​សាក្សី គ្មាន​បទល្មើស គ្មាន​អ្វី ដែល​ត្រូវ​ខូចខាត​នោះ​ទេ មាន​តែ​បទ​សម្ភាសន៍​ជាមួយ​អ្នក​កាសែត ជា​ភស្តុតាង ដែល​គេ​មាន​នៅ​ក្នុង​ដៃ តែ​ប៉ុណ្ណឹង​ឯង»។

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​អ៊ិក្ស (X) កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា នេះ​ថា អ្នកស្រី​កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​សវនាការ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ខណៈ​កន្លង​មក អ្នកស្រី​បាន​លើក​ករណី​សកម្មជន​បរិស្ថាន​ទាំង​នេះ​ជាមួយ​រដ្ឋាភិបាល។ អ្នកស្រី​បារម្ភ​ថា សកម្មជន​បរិស្ថាន​ទាំង​នេះ កំពុង​ត្រូវ​បាន​គេ​កាត់ទោស​លើ​បទ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​សកម្មភាព​បរិស្ថាន​ដោយ​សន្តិវិធី​របស់​ពួក​គេ។

រីឯ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា ថា អាជ្ញាធរ​កម្ពុជា​កំពុង​កាត់ទោស​សកម្មជន​បរិស្ថាន​ចំនួន ១០នាក់ ក្រោម​រូបភាព នយោបាយ ដើម្បី​បំបិទ​មាត់​អ្នក​ដែល​ហ៊ាន​រិះគន់​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

នាយក​រង​ប្រចាំ​តំបន់​អាស៊ីនៃ យូមែន រ៉ៃត៍ វ៉ច្ឆ អ្នកស្រី ប្រៃយូនី លឺ (Bryony Lau) បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ថា នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត គឺ​ដូច​គ្នា​នឹង​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ហាក់​មាន​បំណង​ដាក់​សកម្មជន​បរិស្ថាន​ទាំង​នេះ ទៅ​ក្នុង​ពន្ធនាគារ​មិន​ឱ្យ​ធ្វើ​ការងារ​សង្គម។ អ្នកស្រី​ថា ការ​កាត់​ទោស​សកម្មជន​ទាំង​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ​នោះ​ទេ តែ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់ ដែល​ត្រូវការ​បរិស្ថាន​ស្អាត សុខភាព​ល្អ និង​និរន្តរភាព។អ្នកស្រី ប្រៃយូនី លឺ បន្ត​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​ឈប់​ប្រើប្រាស់​ច្បាប់​ជា​លេស ដើម្បី​គាប​សង្កត់ និង​ចោទ​ប្រកាន់​បែប​នយោបាយ ក្នុង​គោលដៅ​បំបិទ​មាត់​អ្នក​ការពារ​បរិស្ថាន និង​សកម្មជន​ដទៃ​ទៀត។ អ្នកស្រី​ក៏​បាន​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគ​ទុន​ផ្សេង​ទៀត ដែល​បាន​បណ្ដាក់ទុន​ក្នុង​ការ​ការពារ​បរិស្ថាន​នៅ​កម្ពុជា​គួរតែ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​ទាំង​នេះ​ជា​បន្ទាន់។សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​គម្រោង​ហេដ្ឋារចនាសម្ពន្ធ ដែល​បំផ្លិចបំផ្លាញ​បរិស្ថាន និង​លាតត្រដាង​នូវ​អំពើ​ពុក​រលួយ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​កម្ពុជា និង​បាន​ប្រមូលផ្ដុំ​យុវជន ដើម្បី​ការពារ​ជីវៈ​ចម្រុះ ដែល​កំពុង​ធ្លាក់​ចុះ។ កម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក និងកម្រិតខ្ពស់ នៃ​ការ​ជួញដូរ​សត្វព្រៃ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត ដែល​ឃ្លាំមើល​ក្នុង​សវនាការ​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​បង្ហាញ​វីដេអូ​របស់​តុលាការ​ទាំង​នេះ គឺ​ជា​ការ​បញ្ចេញ​មតិ​របស់ លោក អាឡិច ដូច្នេះ តុលាការ​មិន​គួរ​យក​វីដេអូ​ទាំង​នេះ ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​សកម្មជន​បរិស្ថាន​ទាំង​នេះ​ទេ។

លោក យី សុខសាន្ត៖«ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​ទៅ​លើ​ពួក​គាត់​ហ្នឹង បើ​យើង​ពិនិត្យ​មើល​ហ្នឹង​ឃើញ​តែ អាឡិច និយាយ​ខ្លួន​ឯង​ទេ មិន​ទាន់​ពាក់ព័ន្ធ​អី​ហ្នឹង​យុវជន​ក្មេងៗ ដែល​ធ្វើ​ការងារ​ជាមួយ​នោះ​ទេ ដូច្នេះ យើង​មើល​រឿង​នេះ​វា​ហាក់​ដូចជា អាឡិច និយាយ​តែ​ឯង ប៉ុន្តែ​មក​ចោទ​អ្នក​ធ្វើ​ការងារ​ជាមួយ​នេះ ជា​ចំណុច ដែល​យើង​មើល»។

បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា ចោទ​ប្រកាន់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ថា ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ក្ដី ក៏​សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ថា ជា​វីរជន​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដ៏​ស្វាហាប់ ហើយ​ពួក​គេ​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ចំនួន​ពីរ គឺ​ពាន​រង្វាន់​អ្នក​ការពារ​ជួរ​មុខ ពី​អង្គការ Front Line Defenders និង​ពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) ពី​ប្រទេស​ស៊ុយអែត (Sweden) ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។