តុលាការ​គ្រោង​ប្រកាស​សាលក្រម​លើ​សកម្មជន​ការពារ​បរិស្ថាន នៅ​ថ្ងៃ​ទី២ ខែកក្កដា

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ​កំណត់​យក​ថ្ងៃ​ទី២ ខែកក្កដា ដើម្បី​ប្រកាស​សាលក្រម​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​ទាំង ១០រូប ដោយ​ក្នុង​នោះ​មាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៧រូប។ ទោះ​ជា​យ៉ាង​ណា​ក្ដី សកម្មជន​ចលនា​មាតា​ធម្មជាតិ​សោកស្ដាយ ដែល​តុលាការ​មិន​ព្រម​ទទួល​យក​ភស្តុតាង​ដោះ​បន្ទុក​របស់​ខ្លួន​បង្ហាញ​ក្នុង​សវនាការ។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៤ មិថុនា បាន​បិទ​បញ្ចប់​ការ​ជំនុំជម្រះ​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ១០ នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់» ដែល​បាន​ប្រព្រឹត្ត​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០២១។

មុន​ចូល​សវនាការ​សកម្មជន​ការពារ​បរិស្ថាន ដែល​មាន​វត្តមាន​ទាំង ៥នាក់ រួម​មាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​លោក លី ចាន់ដារ៉ាវុត ចូលរួម​សវនាការ ដោយ​ពាក់​អាវ ដែល​មាន​រូប​ដើម​កោងកាង និង​ពាក្យ​ពាមក្រសោប។ ចំណែក​សកម្មជន ៥នាក់​ទៀត រួមមាន កញ្ញា ស៊ុន រដ្ឋា លោក ពក ខឿយ លោក ប៉ិញ ពិសិដ្ឋ លោកស្រី រ៉ី រក្សា និង​លោក អាឡិច បន្ត​អវត្តមាន​នៅ​ក្នុង​សវនាការ។

សវនាការ​បាន​ចាប់​ផ្ដើម​ដោយ​មាន​ការ​បញ្ចាំង​វីដេអូ ២ឃ្លិប កាល​ពី​ឆ្នាំ២០២១ ដែល​លោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផ្សេង​ទៀត ចូលរួម​ក្នុង​កិច្ចប្រជុំ (Zoom)។ ក្នុង​វីដេអូ​នោះ ពួក​គេ​បាន​និយាយ​ពី​បញ្ហា​ផ្សេងៗ រួម​មាន ក្រុមហ៊ុន​ជីក​យក​រ៉ែ​ម៉ាស​ទាំង​គ្មាន​អាជ្ញាបណ្ណ បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​អំឡុង​កូវីដ១៩។ លោក អាឡិច ក៏​បាន​គូស​គំនូរ​ជីវចល និង​ធ្វើ​បទ​បង្ហាញ​ថា អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន មាន​អំណាច​គ្រប់គ្រង​រដ្ឋ​តែ​ម្នាក់​ឯង និង​ដើរ​តួ​ជំនួស​ស្ដេច។

ក្រោយ​ពេល​តុលាការ​ចាក់​វីដេអូ​រួច សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​ប្រាំ​នាក់ បាន​ស្នើសុំ​ចៅក្រម​ឱ្យ​អនុញ្ញាត​ឲ្យ​ពួក​គេ​បង្ហាញ​វីដេអូ​កន្លង​មក ដែល​បាន​ធ្វើ​សកម្មភាព ដើម្បី​បរិស្ថាន ដូចជា សកម្មភាព​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ និង​វីដេអូ​បង្ហាញ​អំពី​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ នៅ​ខេត្តព្រះសីហនុ​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក្ដី ចៅក្រម និង​តំណាង​អយ្យការ​បដិសេធ​សំណូមពរ​របស់​សកម្មជន ដោយ​លើក​ឡើង​ថា សកម្មភាព​បរិស្ថាន​មិន​បាន​ពាក់ព័ន្ធ​នឹង​បទ​ចោទ។

សវនាការ​នេះ​មាន​ប្រធាន​ចៅក្រម​ជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា និង​តំណាង​អយ្យការ លោក សេង ហៀង ។ សវនាការ​នេះ ក៏​មាន​មន្ត្រី​តំណាង​ទូត​សហភាព​អឺរ៉ុប មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ សង្គម​ស៊ីវិល និង​យុវជន​ចូលរួម​ឃ្លាំមើល​ផង​ដែរ។

ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ថ្លែង​ថា កញ្ញា​សោកស្ដាយ ដែល​ចៅក្រម​លើក​យក​វីដេអូ​ពី​តំណាង​អយ្យការ​មក​​បង្ហាញ ដើម្បី​ដាក់​បន្ទុក​លើ​ពួក​គេ និង​បដិសេធ​មិន​លើក​យក​វីដេអូ​ធ្វើ​ការងារ​បរិស្ថាន​របស់​ពួក​គេ​មក​បង្ហាញ។ កញ្ញា​យល់​ថា ចៅក្រម​មិន​បាន​ដើរតួ​ជា​អាជ្ញា​កណ្ដាល​ទេ គឺ​ចៅក្រម​តែងតែ​មាន​ភាព​លំអៀង​ទៅ​ខាង​តំណាង​អយ្យការ។

កញ្ញា ភួន កែវរស្មី ចាត់​ទុក​សវនាការ​កន្លង​មក​នេះ​មិន​មាន​ភស្តុតាង​ណា​មួយ ដើម្បី​ចោទ​ប្រកាន់​មក​លើ​សកម្មជន​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ កញ្ញា​ថា ជា​សវនាការ​មួយ ដើម្បី​ចោទ​ប្រកាន់​មក​លើ​សកម្មជន ដែល​ស្រឡាញ់​បរិស្ថាន​ប៉ុណ្ណោះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា ថា បើ​ទោះ​បី​ជា​កញ្ញា និង​សកម្មជន​ផ្សេង​ទៀត នឹង​ត្រូវ​បាន​​​​​​​​​​​​​​​​​​​​​​​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្ដង​ទៀត​យ៉ាង​ណា​ក្ដី ប៉ុន្តែ​កញ្ញា​ចង់​ឃើញ​ពលរដ្ឋ និង​យុវជន​ផ្សេង​ទៀត​បន្ត​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ទាំង​អស់​គ្នា។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​ឃ្លាំមើល​ក្នុង​សវនាការ​កត់​សម្គាល់​ឃើញ​ថា សវនាការ​ទាំង​ប្រាំ​លើក​មក​នេះ តុលាការ​នៅ​មិន​ទាន់​មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ ដើម្បី​អាច​ចោទ​ប្រកាន់​មក​លើ​សកម្មជន​ទាំង​នេះ​នោះ​ទេ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួក​គេ និង​គួរ​ងាក​មក​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​បន្ត​ការពារ​បរិស្ថាន​បន្ត​ទៀត។

សកម្មជន​ទាំង ១០រូប ត្រូវ​​​បាន​​ចោទ​​ប្រកាន់​អំពី​​បទ​​រួម​​គំនិត​​ក្បត់ តាម​មាត្រា៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១០ឆ្នាំ។ ចំណែក​សកម្មជន​ចំនួន ៣រូប ដែល​រួម​មាន កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និង លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន រង​ការ​ចោទ​ពី​មួយ​បទ​ទៀត​គឺ បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ យោង​តាម​មាត្រា ៤ ៣ ៧ ស្ទួន នៃ​ក្រម​ព្រហ្មទណ្ឌ។

អង្គការ​ជាតិ និង អន្តរជាតិ នា​ពេល​កន្លង​មក​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​សកម្មជន​ទាំង​នេះ។ ជាក់ស្ដែង អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃទី១៦ ខែមិថុនា ថា អាជ្ញាធរ​កម្ពុជា​កំពុង​កាត់ទោស​សកម្មជន​បរិស្ថាន​ចំនួន ១០នាក់ ក្រោម​រូបភាព​នយោបាយ ដើម្បី​បំបិទ​មាត់​អ្នក ដែល​ហ៊ាន​រិះគន់​គោល​នយោបាយ​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។