ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគីរី អះអាងថា ប្រធានមន្ទីរអភិវឌ្ឍជនបទ បានគំរាមកំហែងមិនឲ្យពួកគាត់បង្កើតសហគមន៍នៅក្នុងឃុំនេះនោះទេ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការគំរាមកំហែងនេះ បានដើរផ្ទុយពីច្បាប់ដែលបានចែង និងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ។
ប្រជាសហគមន៍នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី អះអាងថា ប្រធានមន្ទីរអភិវឌ្ឍជនបទ បានបង្ខំឲ្យពួកគេរុះរើស្លាកឈ្មោះសហគមន៍ភូមិមេមុំចេញ និងតម្រូវឲ្យពួកគេរស់នៅជាប្រជាពលរដ្ឋធម្មតា នឹងគ្មានឈ្មោះសហគមន៍អ្វីទាំងអស់។ ប្រសិនបើសហគមន៍មិនធ្វើតាមនោះទេ អាជ្ញាធរមិនព្រមចុះបញ្ជីស្របច្បាប់ឲ្យឡើយ ។ សហគមន៍បន្ថែមថា ការបង្កើតសហគមន៍នេះឡើង គ្រាន់តែចង់ឲ្យពលរដ្ឋនៅក្នុងឃុំសាមគ្គីគ្នា ដើម្បីចូលរួមការពារធនធានធម្មជាតិ និងការពារទ្រព្យសម្បត្តិរបស់ខ្លួន មិនឲ្យក្រុមឈ្មួញនិងអ្នកមានអំណាចមកកាប់ទន្ទ្រានដីព្រៃនិងយកដីស្រែចម្ការតែប៉ុណ្ណោះ។
តំណាងឲ្យសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិមេមុំ លោក ទន់ ញ៉ង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែតុលាថា អាជ្ញាធរបានកោះហៅប្រជាពលរដ្ឋឲ្យមកជួបជុំគ្នានៅក្នុងភូមិ រួចប្រកាសប្រាប់ទៅប្រជាពលរដ្ឋឲ្យឈប់ប្រើប្រាស់ពាក្យថា សហគមន៍តទៅទៀត ប៉ុន្តែប្រជាសហគមន៍មិនយល់ព្រមនោះទេ។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរថា ជាការគំរាមកំហែង បំបាក់ស្មារតីរបស់សហគមន៍មិនឲ្យមានការសាមគ្គីគ្នា ដើម្បីស្រួលដល់ក្រុមឈ្មួញនិងអ្នកមានអំណាចរំលោភយកដីព្រៃ និងដីស្រែចម្ការរបស់ពួកគេ។
លោក ទន់ ញ៉ង៖ «អត់ឱ្យយើងហៅគ្នាជាសហគមន៍ទាំងអស់គ្នាឈប់ហៅគ្នាជាសហគមន៍ទៅ ព្រោះយើងអត់ទាន់មានច្បាប់ជាសហគមន៍ទេ គេថាអ៊ីចឹង ទី២ទៀតគេថាឱ្យពួកសហគមន៍រើស្លាកសហគមន៍ចេញទៅ ។ វាអាចមានហានិភ័យទៅខាងមុខ ព្រោះកុំគិតតែខ្លួនយើង យើងគិតពីអនាគតកូនចៅទៅមុខទៀត។ នៅតែខំតវ៉ាអ៊ីចឹង ទាមទារអ៊ីចឹង។ បើគិតទៅមួយថ្ងៃតឹងបន្តិចៗ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តមណ្ឌលគិរី លោក យន់ សោរ៉ោម ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៧ ខែតុលានេះ ដោយលោកចុចបិទទូរស័ព្ទ បន្ទាប់ពីឮថាវិទ្យុអាស៊ីសេរី ។ ចំណែកអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
សហគមន៍ជនជាតិដើមភាគតិចព្នងភូមិមេមុំ ស្ថិតនៅឃុំរយ៉ ធ្លាប់ចេញតវ៉ាជាច្រើនសាររួចមកហើយ ដើម្បីទាមទារមិនឲ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិទៅឲ្យក្រុមឈ្មួញមកពីខេត្តដទៃ ដែលបានទិញដីព្រៃ ធ្វើឲ្យប៉ះពាលដីកប់សព ព្រៃអារក្ស ដីព្រៃបម្រុងទុក និងដីអាស្រ័យផលរបស់ពួកគេ លើផ្ទៃដីសរុបប្រមាណជិត ៨ពាន់ហិកតារ ( ៧៩៤៥,០៧)។
ជុំវិញរឿងនេះ មន្ត្រីស្របស្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់ឃើញថា អាជ្ញាធរគួរពន្យល់បញ្ហាផ្លូវច្បាប់ឲ្យពលរដ្ឋបានយល់ ជាជាងទៅប្រើប្រាស់ពាក្យគំរាមកំហែងដល់សហគមន៍ ដែលពួកគាត់គ្រាន់តែបង្កើតសហគមន៍ឡើង ក្នុងគោលបំណងដើម្បីការពារធនធានធម្មជាតិ និងការពារទ្រព្យសម្បត្តិរបស់ពួកគាត់។
លោក ប៊ី វ៉ាន់នី៖ «ស្នើសូមឱ្យពិនិត្យទៅលើភារកិច្ចមន្ត្រីមួយចំនួនដែលនៅក្រោមនេះ ដែលគាត់អនុវត្តតួនាទីមិនបានត្រឹមត្រូវតាមផ្លូវច្បាប់ហ្នឹង ឬក៏គាត់ធ្វើការងារមិនស្របទៅនឹងច្បាប់ ឬក៏ធ្វើឱ្យប្រជាពលរដ្ឋមានការគ្រោះថ្នាក់ដោយសារតែតួនាទី និងអំណាចរំលោភទៅលើសិទ្ធិប្រជាពលរដ្ឋហ្នឹង ត្រូវការស៊ើបអង្កេត ផ្លាស់ប្ដូរ ឬដកចេញពីតំណែង ដើម្បីការចូលរួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍគោលនយោបាយរបស់រដ្ឋាភិបាល»។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ រដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ដីព្រៃការពារជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចចំនួន៦ពាន់ហិកតារ ស្ថិតនៅឃុំសុខសាន្ដ និងឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលមានការសហការនិងឧបត្ថម្ភដោយធនាគារពិភពលោក (The World Bank) ក្រោមគម្រោងដីសម្បទានសង្គមកិច្ច ឡាសិតទី៣ (Lased 3) ។ គម្រោងនេះបានធ្វើឲ្យប៉ះពាល់ដីព្រៃសហគមន៍ភូមិមេមុំ ប្រមាណជាង២ពាន់ហិកតារ សហគមន៍ក៏ធ្លាប់ចេញតវ៉ានិងទាមទារឲ្យរដ្ឋាភិបាលកាក់ឆ្វៀលដីជាង២ពាន់ហិកតារនោះទុកជាដីព្រៃការពារធម្មជាតិរបស់សហគមន៍ភូមិមេមុំវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។