អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៨ កក្កដា ថា ក្រុមហ៊ុនឈ្មោះ ចុង យាន មានបុគ្គលិកជាជនជាតិចិន ជាអ្នកនៅពីក្រោយការនាំចូលកាកសំណល់សំរាមប្លាស្ទិក ១.៦០០តោន ឬស្មើនឹង ៨៣ កុងតឺន័រ មកកាន់កម្ពុជា។ លោកបដិសេធផ្ដល់ព័ត៌មានលម្អិតពីអត្តសញ្ញាណម្ចាស់ក្រុមហ៊ុននេះ ដោយសារសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុន ញឹម បញ្ជាក់ថា មានតែក្រុមហ៊ុនមួយគត់ជាប់ពាក់ព័ន្ធនឹងករណីនាំចូលកាកសំណល់ សំរាមប្លាស្ទិករហូតមកទល់ពេលនេះ។ លោកបន្តថា អាជ្ញាធរកំពុងស្រាវជ្រាវបន្ត ហើយនឹងបិទបញ្ចប់ការស្រាវជ្រាវនេះ នៅដើមសប្ដាហ៍ក្រោយ។ តែលោកមិនទាន់អាចបញ្ជាក់ទេថា តើជនជាតិចិន ដែលមានឈ្មោះក្នុងក្រុមហ៊ុននេះ ជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន ឬក៏ជាបុគ្គលិកធម្មតានោះ៖ «ក្រុមហ៊ុនហ្នឹងឈ្មោះក្រុមហ៊ុន ចុងយាន ជាក្រុមហ៊ុនដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មត្រឹមត្រូវ ហើយក្រុមហ៊ុនដែលចុះបញ្ជីហ្នឹង ម្ចាស់ក្រុមហ៊ុនជាជនជាតិខ្មែរទេ។ ប៉ុន្តែនៅក្នុងក្រុមហ៊ុនហ្នឹង យើងស្រាវជ្រាវមកដល់ម៉ោងនេះ គឺមានជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹង។ មិនទាន់អាចបញ្ជាក់បានទេថាតើជនជាតិចិនទាំងនោះ ជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុននេះ ឬគ្រាន់តែជាបុគ្គលិកក្នុងក្រុមហ៊ុនយ៉ាងណានោះទេ។ មិនទាន់ច្បាស់ ហើយយើងក៏មិនទាន់បានទំនាក់ទំនងទៅស្ថានទូតចិនដែរ»។
យ៉ាងណាក៏ដោយ លោក គន់ ញឹម បញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងរងពិន័យរដ្ឋបាល ហើយចំពោះបញ្ហាទោសទណ្ឌបែបព្រហ្មទណ្ឌយ៉ាងណានោះ អាជ្ញាធរនឹងសម្រេចក្រោយបិទបញ្ចប់ការស្រាវជ្រាវ។
លោក គន់ ញឹម មិនទាន់អាចបញ្ជាក់ពីបញ្ជីឈ្មោះក្រុមហ៊ុនដឹកជញ្ជូន ឬនាំចេញពីសហរដ្ឋអាមេរិក និងប្រទេសកាណាដានៅឡើយទេ រួមទាំង ឈ្មោះកំពង់ផែផ្ទុកទំនិញនាំចេញ និងកំពង់ផែឆ្លងកាត់នានា មុននឹងចូលមកដល់កម្ពុជានោះ។ លោកថា អាជ្ញាធររបស់លោកកំពុងពិនិត្យមើល ផ្ទៀងផ្ទាត់ឯកសារដឹកជញ្ជូនទាំងអស់នេះ ដោយសារតែមានការដឹកជញ្ជូននាំចេញកុងតឺន័រទាំងនោះ ធ្វើឡើងជាច្រើនដំណាក់កាល។
ពាក់ព័ន្ធនឹងការអះអាងរបស់អាជ្ញាធរកម្ពុជាថា កាកសំណល់នេះមានប្រភពដើមមកពីសហរដ្ឋអាមេរិក និងកាណាដានោះ មន្ត្រីព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី អេមីលី ហ្ស៊ីបឺក ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកកាលពីថ្ងៃទី១៨ កក្កដា ថា ស្ថានទូតកំពុងស្នើសុំព័ត៌មានបន្ថែមពីភាគីកម្ពុជា ហើយថា សហរដ្ឋអាមេរិកកំពុងតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត។ លោកស្រីថា ស្ថានទូតត្រៀមខ្លួនជួយកម្ពុជា ក្នុងការកំណត់រកប្រភពដើម ស្ថាប័ន ឬក្រុមហ៊ុនពាក់ព័ន្ធ នឹងការដឹកជញ្ជូនកាកសំណល់សំរាមទាំងនេះមកកម្ពុជា។
ជុំវិញការស្នើសុំជួយ និងព័ត៌មានបន្ថែមពីស្ថានទូតអាមេរិកនេះ លោក គន់ ញឹម ថា លោកទទួលបានលិខិតនោះហើយ ទាំងពីរភាគីអាមេរិក និងកាណាដា។ លោកថា កម្ពុជាបើកចំហចំពោះករណីនេះ ក៏ប៉ុន្តែ លោកនៅមិនទាន់ឆ្លើយតបជាផ្លូវការនៅឡើយទេទៅភាគីអាមេរិក និងកាណាដានោះ៖ «ខ្ញុំមែនទែនទៅ បានទទួលលិខិតថា គាត់នឹងចូលរួម។ ពីស្ថានទូតអាមេរិកគាត់ថា គាត់នឹងចូលរួមសហការក្នុងការស្រាវជ្រាវករណីហ្នឹង។ ជាគោលជំហរជារួមគឺយើងបើកចំហជារួម គឺយើងបើកចំហ ពីព្រោះប្រទេសនាំចេញគឺសហរដ្ឋអាមេរិក ហើយក្រុមហ៊ុននាំចេញ ក៏ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែរ។ ដូច្នេះ វាមានពីរភាគី មួយក្រុមហ៊ុននាំចេញ គឺនៅសហរដ្ឋអាមេរិក ហើយមួយទៀតគឺក្រុមហ៊ុននាំចូល ជុងយាន នៅប្រទេសកម្ពុជាហ្នឹង។ សមត្ថកិច្ចរបស់យើង នឹងធ្វើការជាមួយក្រុមហ៊ុនក្នុងស្រុក ហើយចំពោះការស្រាវជ្រាវទៅលើក្រុមហ៊ុន នៅសហរដ្ឋអាមេរិក គឺស្ថិតក្នុងយុត្តាធិការច្បាប់សហរដ្ឋអាមេរិក»។
មន្ត្រីព័ត៌មានស្ថានទូតសហរដ្ឋអាមេរិក អ្នកស្រី អេមីលី ហ្សីបឺក បដិសេធផ្តល់ព័ត៌មានបន្ថែមដល់អាស៊ីសេរី ជុំវិញដំណើរវិវត្តចុងក្រោយនេះ។ អាស៊ីសេរីក៏បានព្យាយាមទាក់ទងសុំប្រតិកម្មពីស្ថានទូតកាណាដាប្រចាំកម្ពុជាដែរជុំវិញបញ្ហានេះ តែមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ។
ជុំវិញថាតើអាចមានពាក់ព័ន្ធនឹងភាពមិនប្រក្រតី ឬអំពើពុករលួយណាមួយ ក្នុងការនាំចូលកាកសំណល់សំរាមនេះ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធកម្ពុជា រួមមានខាងអាជ្ញាធរក្រុងព្រះសីហនុ ដែលបណ្ដាលឱ្យផ្ទុកកុងតឺន័រនៅកំពង់ផែរបស់ខ្លួនអស់រយៈពេលយ៉ាងយូរចាប់តាំងពីពេលកុងតឺន័រមកដល់កំពង់ផែដំបូងកាលពីខែតុលា ឆ្នាំ២០១៨នោះ លោក គន់ ញឹម ព្យាយាមថ្លែងការពារ ដោយអះអាងថា រឿងនេះកើតមានឡើងជាទូទៅនៅតាមកំពង់ផែប្រទេសដទៃ។ លោកថា តាមគោលការណ៍នៅក្នុងទីលានកំពង់ផែ កុងតឺន័រទម្លាក់ពីកប៉ាល់មក អាចសំចតបានបណ្ដោះអាសន្ន រង់ចាំការបំពេញបែបបទពីគយ។ លោកថា ខាងសមត្ថកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុកពេល៤៥ ថ្ងៃ ឱ្យម្ចាស់ទំនិញ ត្រូវនាំទំនិញចេញពីកំពង់ផែ។ លើសពីរយៈពេលកំណត់នេះ ក្រុមហ៊ុនពាក់ព័ន្ធនឹងត្រូវរងពិន័យ ចំពោះការស្តុកទំនិញលើសកាលកំណត់។
គិតត្រឹមម៉ោងផ្សាយនេះ អាស៊ីសេរីនៅមិនទាន់អាចទាក់ទងខាងអាជ្ញាធរគ្រប់គ្រងកំពង់ផែក្រុងព្រះសីហនុបាននៅឡើយទេ ដើម្បីសុំការឆ្លើយបំភ្លឺបន្ថែមជុំវិញការអនុញ្ញាតឱ្យមានការ ផ្ទុកកុងតឺន័រយូរ ហួសពីកាលកំណត់នេះ ទើបមានការស្រាវជ្រាវការពិតនោះ។
សកម្មជនបរិស្ថានលោក ថុន រដ្ឋា ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៩ កក្កដា ថា ជារឿងអាម៉ាស់សម្រាប់កម្ពុជា ដែលបានបណ្ដែតបណ្ដោយឱ្យកើតមានករណីនេះឡើង។ លោកពុំមានជំនឿចំពោះការស៊ើបអង្កេតនេះឡើយ ព្រោះលោកយល់ថា អាជ្ញាធររបបលោក ហ៊ុន សែន ព្យាយាមបិទបាំងព័ត៌មាននេះ៖ «មន្ត្រីដែលពាក់ព័ន្ធនឹងអាច ថាជាអ្នកដែលកំពុងតែជាបក្ខពួកខ្លួន ឬជាសែស្រឡាយខ្លួនអីជាដើម ដែលមិនអាចធ្វើឱ្យមានការចាត់វិធានការភ្លាមៗទេ។ គឺត្រូវតែមានការជជែកជាមួយមេ ឬក៏ព្យាយាមរកហេតុផលដែលជាលេសណាមួយធ្វើម៉េច ពេលដែលបញ្ចេញឈ្មោះទៅ មិនសូវប៉ះពាល់ធ្ងន់ធ្ងរមកកាន់របបសព្វថ្ងៃ»។
នេះមិនមែនជាលើកទីមួយទេ ដែលកម្ពុជាទទួលរងការនាំចូលកាកសំណល់សំរាមបែបនេះ។ កាលពីឆ្នាំ១៩៩៨ របបក្រុងភ្នំពេញបានរកឃើញកាកសំណល់ផ្ទុកសារធាតុពុលប្រមាណជិត ៣ពាន់តោនបានដឹកតាមនាវារបស់ក្រុមហ៊ុនចិនតៃវ៉ាន់មួយមកចាក់ចោលនៅក្រុងព្រះសីហនុអស់រយៈពេលជាច្រើនខែ ទើបរបបក្រុងភ្នំពេញសម្រេចដឹកជញ្ជូនចេញត្រឡប់ទៅប្រទេសដើមវិញក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលភ័យខ្លាចពីផលប៉ះពាល់ដល់សុខភាព ដែលភាយចេញពីកាកសំណល់ជាតិពុលទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។