ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ប្រតិកម្ម​នឹង​អាជ្ញាធរ​មិន​ចាត់​វិធានការ​ក្រុម​ហ៊ុន​ឯកជន​ចាក់​ដី​លុប​ស្រះ​បណ្ដាល​ឲ្យទឹក​លិច​ផ្ទះ​ពួកគាត់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ​ប្រតិកម្ម​នឹង​អាជ្ញាធរ​ក្រុង​នេះ​ថា បណ្ដោយ​ឱ្យ​ក្រុម​ហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ ភី​ ភី ភី (PPP) របស់​ប្អូន​ថ្លៃ​លោក​ឧកញ៉ា​ កុក​ អាន​ ចាក់​ដី​លុប​​ស្រះ​សាធារណៈ​បណ្ដាល​ឱ្យ​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​។ ​មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្សារ​កណ្ដាល​សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត លោក វន វ័ន ថ្លែង​នៅ​ថ្ងៃ​ទី១៨ ឧសភា​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បដិសេធ​នឹង​សំណើ​របស់​ពួក​លោក ដែល​មាន​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ជាង ១០០​នាក់​​ប្ដឹង​សុំ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​តាម​ច្បាប់​លើ​ក្រុម​ហ៊ុន​​ក្រឡុក​ស៊ីម៉ង់ ភី.ភី.ភី (PPP) រំលោភ​យក​ដី​ស្រះ​ទឹក​សាធារណៈ។ លោក​បញ្ជាក់​ថា ​មន្ត្រី​សាលាក្រុង​ម្នាក់​​បាន​គំរាម​ចាត់​វិធានការ​មក​លើ​តំណាង​ពលរដ្ឋ ដែល​ប្ដឹង​តវ៉ា​លើ​រឿង​នេះ​ទៅ​វិញ៖ «អីចឹង​ប្រាស់​ចាក​គ្នា​ដោយសារ​គាត់​ទារ​អត្តសញ្ញាណប័ណ្ណ ទាល់​តែ​គ្រប់ ១១គ្រួសារ បាន​គាត់​ទទួល​បណ្ដឹង​ ហើយ​សុំ​លេខ​ពលរដ្ឋ​ម្នាក់​ !​ អ្នក​ដែល​មាន​ផ្ដិត​មេដៃ។ ខ្ញុំ​គិត​ថា​រឿង​នេះ​អាជ្ញាធរ​ក្រុង​កំពុង​តែ​មាន​ការ​ពាក់ព័ន្ធ​​គ្នា​ហើយ​បិទ​បាំង​ការ​រំលោភ​ដី​រដ្ឋ ហើយ​កំពុង​តែ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ហើយ​បែប​នេះ »

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត លោក ឆេង ប៊ុន​ហាក់​ អះអាង​ថា ផ្ទះ​របស់​លោក​ត្រូវ​បាន​ក្រុម​ហ៊ុន​ក្រឡុក​ស៊ីម៉ង់ ភី.ភី.ភី (PPP) ចាក់​ដី​លុប​ស្រះ​បណ្ដាល​ឱ្យ​ទឹក​លិច​ផ្ទះ​ប្រមាណ ១ខែ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ជួយ​ដល់​គ្រួសារ​លោក​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ​សព្វ​ថ្ងៃ​នេះ​​មាន​ពលរដ្ឋ​ប្រមាណ ២០​គ្រួសារ​ហើយ ដែល​ទ្រាំ​រស់​នៅ​លើ​ទឹក​ស្អុយ និង​លើ​ដី​ភក់​យ៉ាង​លំបាក​នោះ៖ «ខ្ញុំ​រស់​នៅ​ពិបាក​ណាស់​ ព្រោះ​អី​ខ្ញុំ​កំពុង​តែ​អត់​លុយ​ផង រក​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ​ដល់​ពេល​ទឹក​លិច​អ៊ីចឹង នៅ​មិន​កើត​អ៊ីចឹង វា​ពិបាក​ទទួល​យក​ណាស់ ក្ដៅ​ក្រហាយ​ណាស់​ដល់​អ៊ីចឹង។ បើ​យើង​រស់​នៅ​មាន​សេចក្ដី​មិន​ដែល​ប៉ះពាល់​អ្នក​ណា ដល់​ពេល​គេ​ធ្វើ​មក​លើ​យើង​អ៊ីចឹង យើង​ត្រូវ​រើ​ផ្ទះ​រើ​អី​ចេញ ដល់​ពេល​អីចឹង​យើង​រស់​នៅ​ម៉េច​កើត បើ​ក្នុង​ផ្ទះ​សុទ្ធតែ​ទឹក និង​ភក់​អ៊ីចឹង »

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​​ម្ចាស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ ភី.ភី.ភី (PPP) លោក គីម ឡេដារ៉ូ និង​អភិបាល​ក្រុង​ប៉ោយប៉ែត​ លោក គាត ហ៊ុល ព្រម​ទាំង​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៨ ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

​​ប៉ុន្តែ​មន្ត្រី​សាលា​ក្រុង​ប៉ោយប៉ែត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​អាស៊ី​សេរី​ថា ​មូលហេតុ​ដែល​អាជ្ញាធរ​ក្រុង​មិន​​បាន​​​​ទៅ​ដោះស្រាយ​លើ​រឿង​នេះ​ ដោយសារ​តំណាង​ពលរដ្ឋ​ដាក់​​​ឯកសារ​​​មិន​​ទាន់​គ្រប់​គ្រាន់៖ «​សំខាន់​គាត់​ដាក់​ពាក្យ​បណ្ដឹង​មក​អត់​គ្រប់​ឯកសារ​ដល់​ពេល​​​គ្រប់​ឯកសារ​បាន​ក្រុម​ការងារ​ពួក​ខ្ញុំ​ចុះ​ទៅ​ទីតាំង​​ដី​ជាក់​ស្ដែង​ ហើយ​​ពាក្យ​បណ្ដឹង​របស់​គាត់​ហ្នឹង​ឯកសារ​វា​អត់​គ្រប់​គ្រាន់​​ » ​​​​

កាល​ពី​ថ្ងៃ​ទី១២ ឧសភា​អ្នក​​ភូមិ​រស់​នៅ​ទីតាំង​ដែល​មាន​បញ្ហា​នៅ​​ភូមិ​ផ្សារ​កណ្ដាល ជាង ១០០​នាក់​ប្ដឹង​ទៅ​សាលា​ក្រុង​ប៉ោយប៉ែត ទាមទារ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​លើ​ក្រុមហ៊ុន​មួយ​នេះ​តាម​ច្បាប់ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ជូន​ពួកគាត់​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​គួរ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់ ពីព្រោះ​ពួកគាត់​រស់​នៅ​​លើ​ទឹក​ដោយ​លំបាក។ លោក​​ចាត់​ទុក​ការ​ទាមទារ​របស់​មន្ត្រី​សាលា​ក្រុង​ប៉ោយប៉ែត​ឱ្យ​ពលរដ្ឋ​បន្ថែម​ឯកសារ​នេះ​ថា គ្រាន់​តែ​ជា​លេស​ដោះសា​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ៖ «នេះ​ជា​ការ​បំបិទ​មាត់​មួយ​មិន​ពួកគាត់​ហ្នឹង​រាយការណ៍​ទៅ​អាជ្ញាធរ​ ហើយ​អាជ្ញាធរ​ខ្លួន​ឯង​ហ្នឹង​មិន​បាន​ដោះស្រាយ​បែរ​​ទៅ​ជា​គំរាមកំហែង​មិន​ឱ្យ​ប្ដឹង​គឺ​ជា​រឿង​មួយ​ដែល​ប្រព្រឹត្ត ផ្ទុយ​ទៅ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​និយាយ​អំពី​ អាជ្ញាធរ​ហ្នឹង​ជា​អ្នក​បម្រើ​រាស្ត្រ​បែរ​​ទៅ​ជា​គំរាមកំហែង​រាស្ត្រ​ទៅ​វិញ »

កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ ភីភីភី (PPP) បាន​ដក​គ្រឿង​ច្រក​ចេញ​ពី​តំបន់​ដី​ជម្លោះ​ នៅ​ភូមិ​ផ្សារ​កណ្ដាល បន្ទាប់​ពី​ពលរដ្ឋ​ដើរ​ប្រមូល​ស្នាម​មេដៃ​តវ៉ា​ប្រឆាំង​នឹង​ការ​លុប​ស្រះ​នេះ។ ក្រុមហ៊ុន​នេះ​បាន​ចាក់​ដី​លុប​ស្រះ​បាន​ប្រមាណ ៤០ភាគ​រយ​ ក្នុង​ចំណោម​ផ្ទៃ​ប្រហែល​ ១ហិកតារ។ អ្នក​ភូមិ​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជាង ១០០​គ្រួសារ​​ផ្សេង​ទៀត ប្រឈម​នឹង​លិច​ទឹក​ក្នុង​រដូវ​វស្សា​ខាង​មុខ​បណ្ដាល​មក​ពី​ការ​ចាក់​ដី​លុប​ស្រះ​នេះ​។ ពលរដ្ឋ​ បន្ត​ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​កាយ​ដី​ចេញ​ពី​ស្រះ​ទឹក​សាធារណៈ​នោះ​ជាបន្ទាន់ ដើម្បី​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​​បាន​ប្រើប្រាស់​ទឹក​ដូច​ដើម​ឡើង​វិញ។​អ្នក​ភូមិ​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ពួកគាត់​​ទេ នោះ​ពួក​គាត់​នឹង​លើក​គ្នា​ទៅ​សាលាក្រុង​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។