អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​លេង​កោះ​កុង​ក្រៅ

0:00 / 0:00

ក្រុម​អាជ្ញាធរ​ខណ្ឌ​ទួលគោក រារាំង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ខណៈ​ពួកគេ​ចុះ​ទៅ​ចែក​ខិត្តប័ណ្ណ​អំពី​កោះ​កុង​ក្រៅ​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នោះ នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​រារាំង​របស់​ក្រុម​អាជ្ញាធរ​នេះ ធ្វើ​ឡើង​ក្នុង​ន័យ​គំរាម​កំហែង​ដល់​ក្រុម​យុវជន ដែល​សកម្ម​ក្នុង​ការ​គិតគូរ​ពី​បរិស្ថាន ធនធាន​ធម្មជាតិ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា។

IMG_2681.JPG
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ​ចុះ​ទៅ​ចែក​ខិត្តប័ណ្ណ​អំពី​កោះ​កុង​ក្រៅ​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នោះ នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ក្រុម​អាជ្ញាធរ​ខណ្ឌ​ទួល​គោល បាន​ចុះ​រារាំង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ មិន​ឱ្យ​ចែក​ខិត្តប័ណ្ណ​អំពី​កោះ​កុង​ក្រៅ​២ដង នា​ថ្ងៃ​ទី២៨ ខែវិច្ឆិកា។ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ រួម​ជា​មួយ​យុវជន​ស្រលាញ់​បរិស្ថាន​ប្រមាណ​២០នាក់ បាន​សហការ​គ្នា​ជំរុញ​ឱ្យ​សាធារណៈ​ជន​ទៅ​លេង​កោះ​កុងក្រៅ តាម​រយៈ​ការ​ចែក​ខិត្តប័ណ្ណ និង​កាត​ផុស​តាល់ (Card Postal) អំពី​កោះ​កុង​ក្រៅ ទៅ​កាន់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​៣កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ភ្លាម​ៗ​បន្ទាប់​ពី​ក្រុម​យុវជន​ចាប់​ផ្ដើម​ចែក​ខិត្តប័ណ្ណ ក្រុម​អាជ្ញាធរ​បាន​ចុះ​ទៅ​ឃ្លាំមើល និង​ក្រោយ​មក​ប្រហែល​កន្លះ​ម៉ោង ក្រុម​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ក្រុម​យុវជន​បញ្ឈប់​ការ​ចែក​រំលែក​ខិត្តប័ណ្ណ​ទាំង​នោះ នៅ​ចំណុច​ស្តុប​វិទ្យាស្ថាន​ភាសាបរទេស អាយ.អេហ្វ.អិល (IFL) នៅ​ពេល​ព្រឹក និង​នៅ​ចំណុច​ស្តុប​សាលា​តិចឡូ នៅ​ពេល​រសៀល ដោយ​សំអាង​លើ​ហេតុផល​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ។ ទោះ​បី​យ៉ាង​ណា​ក្ដី ក្រុម​យុវជន​បាន​ជម្នះ​ចែក​ខិត្តប័ណ្ណ​រហូត​ទាល់​តែ​អស់​ទើប​ពួកគេ​បំបែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន។ ដោយ​ឡែក​ក្រុម​អាជ្ញាធរ​មិន​បាន​រារាំង​សកម្មភាព​ចែក​ខិត្តប័ណ្ណ​នេះ​នៅ​ចំណុច​វិទ្យាល័យ​សន្ធរមុខ​នោះ​ឡើយ។

នៅ​ក្នុង​ការ​ចែក​រំលែក​ខិត្តប័ណ្ណ​នេះ ក្រុម​យុវជន​បាន​ពាក់​អាវ​ពោង ដែល​មើល​ទៅ​ហាក់​ដូចជា​ភ្ញៀវ​ទេសចរណ៍​កំពុង​លេង​ទឹក​សមុទ្រ ហើយ​មាន​យុវជន​ខ្លះ​បាន​កាន់​បដា ដែល​មាន​ពាក្យ​ថា "ពួក​យើង​ស្រលាញ់​កោះ​កុង​ក្រៅ" និង​ពាក្យ​ថា "សូម​ក្រសួង​បរិស្ថាន ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ" ជាដើម។ នៅ​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​អំពី​កោះ​កុង​ក្រៅ​នេះ ក៏​មាន​យុវជន​ម្នាក់​និយាយ​ផ្សព្វផ្សាយ​ដាក់​មីក្រូ​កាន់​នៅ​នឹង​ដៃ អំពី​សក្ដានុពល​ទេសចរណ៍​កោះ​កុង​ក្រៅ និង​ជំរុញ​ឱ្យ​ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក ក៏​បាន​ចុះ​ទៅ​សង្កេត និង​យក​ព័ត៌មាន​អំពី​សកម្មភាព​ផ្សព្វ​ផ្សាយ​អំពី​សក្ដានុពល​អំពី​កោះ​កុង​ក្រៅ​នោះ។

IMG_2439.JPG
​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ​ចុះ​ទៅ​ចែក​ខិត្តប័ណ្ណ​អំពី​កោះ​កុង​ក្រៅ​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នោះ នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ធួន ស្រីពៅ ប្រាប់​វិទ្យុអាស៊ីសេរី​ឱ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ដែល​បាន​ចុះ​ទៅ​រារាំង​នៅ​ពេល​រសៀល ត្រង់​ចំណុច​ស្តុប​សាលា​តិចណូ បាន​ប្រើប្រាស់​ពាក្យ​សំដី​គ្មាន​សីលធម៌​មក​លើ​ក្រុម​យុវជន ហើយ​ពួកគេ​ថែម​ទាំង​បាន​ដក​យក​បដា​ពី​ក្រុម​យុវជន​ថែម​ទៀត​ផង។ កញ្ញា​បន្ថែម​ថា ក្រុម​យុវជន​ចែក​ខិត្តប័ណ្ណ តែ​នៅ​ពេល​ដែល​ស្តុប​ចរាចរណ៍​ឈប់​តែ​ប៉ុណ្ណោះ ហើយ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​ឡើយ តែ​ក្រុម​អាជ្ញាធរ​បែរ​ជា​គំរាម​រក​ឃាត់​ខ្លួន​ក្រុម​យុវជន​ទៅ​វិញ។ កញ្ញា ធួន ស្រីពៅ យល់ថា សកម្មភាព​រារាំង​របស់​ក្រុម​អាជ្ញាធរ​ទាំង​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា៖

«ពួក​យើង​សប្បាយ​រីករាយ​មែន​ទែន​នៅ​ពេល​ដែល​មាន​ប្រជាពលរដ្ឋ​បញ្ចេញ​សំឡេង​ថា ស៊ូ ស៊ូ គ្នាយើង ស៊ូ ស៊ូ! អញ្ចឹង​ទោះ​បី​អារម្មណ៍​ពួក​យើង​ខ្លាច អារម្មណ៍​យើង​ភ័យ អារម្មណ៍​យើង​កំពុង​ច្របូក​ច្របល់​យ៉ាង​ណា វា​ដូច​រលាយ​អស់​រលីង វា​ដូច​រសាយ​អស់​រលីង យើង​មាន​តែ​ទឹក​ចិត្ត យើង​នៅ​តែ​បន្ត​ធ្វើ​វា តែ​បើ​សួរ​ថា​ភ័យ​ខ្លាច​អត់? បញ្ឈប់​សកម្មភាព​អត់?ពួក​យើង​អត់​បញ្ឈប់​ទេ ពួក​យើង​នៅ​តែ​ធ្វើ​បន្ត​ទៀត»។

IMG_2879.JPG
​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ​ចុះ​ទៅ​ចែក​ខិត្តប័ណ្ណ​អំពី​កោះ​កុង​ក្រៅ​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នោះ នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

វិទ្យុអាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ លោក សាន សុខសីហា ដើម្បី​សុំ​បក​ស្រាយ​ចំពោះ​ការ​ចុះ​រារាំង​សកម្មភាព​ក្រុម​យុវជន​បាន​ឡើយ​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ យុវជន​ស្រលាញ់​បរិស្ថាន លោក ហេង លីហ័ង ដែល​បាន​ចូលរួម​ផ្សព្វ​ផ្សាយ​ពី​កោះកុង​ក្រៅ​នេះ​ដែរ លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ខិត្តប័ណ្ណ​អំពី​កោះកុង​ក្រៅ សម្ដែង​ការ​រីករាយ និង​បាន​សួរ​ព័ត៌មាន​បន្ថែម​អំពី​កោះកុង​ក្រៅ ព្រោះ​ពួកគាត់​ចង់​ទៅ​កម្សាន្ត​កោះ​នេះ ក៏​ប៉ុន្តែ​ពួកគាត់​មិន​ដឹង​ទៅ​ដោយ​របៀបណា។ លោក ហេង លីហ័ង បន្ថែម​ថា មូលហេតុ​ដែល​ក្រុម​យុវជន​ចង់​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ព្រោះ​កោះកុង​ក្រៅ​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​តាម​បែប​ធម្មជាតិ ហើយ​ក្រុម​យុវជន​មិន​ចង់​ឱ្យ​មាន​ការ​អភិវឌ្ឍ​ដែល​បំផ្លាញ​បរិស្ថាន​នៅ​លើ​កោះ​នោះ​ឡើយ៖

«បើ​សិន​ជា​មាន​ប្រជាពលរដ្ឋ​ច្រើន​ទៅ​លេង​នៅ​កោះ​កុង​ក្រៅ​ទៅ ទី១ វា​ផ្ដល់​ចំណូល​ទៅ​ដល់​សហគមន៍​ដែល​រស់​នៅ​ទី​នោះ​ផ្ទាល់ ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួក​គាត់។ ហើយ​មួយ​ទៀត​យើង​អត់​ឱ្យ​គេ​អភិវឌ្ឍ​កោះកុង​ក្រៅ​ហ្នឹង គឺ​កុំ​ឱ្យ​មាន​ភាព​ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាន ប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ​ដែល​នៅ​ទី​នោះ ដែល​ធ្វើ​ឱ្យ​ខូច​សោភ័ណភាព ដែល​មាន​តាំង​ពី​យូរ​មក​ហើយ យើង​ចង់​រក្សា​ភាព​ដើម​នៅ​ទៅ​ហ្នឹង។ ពួក​យើង​អត់​ចង់​ឱ្យ​មាន​ការ​ឈូស​ឆាយ​ព្រៃ​ឈើ ដើម្បី​សាង​សង់​អគារ​ធំ​ៗ ហើយ​ពួក​យើង​ក៏​អត់​ចង់​ឃើញ​ការ​បំពុល​ទឹក​សមុទ្រ​ដែរ​បាទ»។

Environment yourth on 28-11-2022 by People-2.jpg
អាជ្ញាធរ​ខណ្ឌ​ទួលគោក រារាំង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ខណៈ​ពួកគេ​ចុះ​ទៅ​ចែក​ខិត្តប័ណ្ណ​អំពី​កោះ​កុង​ក្រៅ​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នោះ នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ការ​ទាមទារ​របស់​ក្រុម​យុវជន​ជា​បន្ត​បន្ទាប់​នៅ​ពេល​នេះ ដោយសារ​ក្រសួង​បរិស្ថាន កាលពីខែមិថុនា ឆ្នាំ២០២០ ប្រកាស​ថា​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទៅ​សិក្សា​ស្រាវ​ជ្រាវ រៀប​ចំ​ឯកសារ និង​ទិន្នន័យ​ទាក់​ទិន​នឹង​កោះកុង​ក្រៅ តាំង​ពី​ឆ្នាំ​២០១៦ ហើយ​ក្រសួង​ថា នឹង​អាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​នៅ​អំឡុង​ឆ្នាំ​២០២១ ក្រោយ​បញ្ចប់​ការ​សិក្សា​រួច។ ប៉ុន្តែ​រយៈ​ពេល​ជាង ៦​ឆ្នាំ​មក​នេះ ក្រសួង​មិន​បាន​បង្ហាញ​ជា​សាធារណៈ​អំពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ ឬ​ប្រកាស​តំបន់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ដូច​ការ​សន្យា​របស់​ក្រសួង​នោះ​ឡើយ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ក្រុម​យុវជន បារម្ភ​ពី​ការ​បាត់បង់​តំបន់​ធម្មជាតិ​មួយ​នេះ ខណៈ​តំបន់​នោះ​បាន​ប្រគល់​ឱ្យ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ឧកញ៉ា លី យ៉ុង ផាត់ សម្រាប់​អភិវឌ្ឍន៍។

ទាក់ទង​នឹង​រឿង​នេះ វិទ្យុអាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ដ្រា បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា​ក្ដី កន្លង​មក លោក នេត្រ ភក្ត្រា ធ្លាប់​លើក​ឡើង​ថា ក្រសួង​ពិត​ជា​មាន​បំណង​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ប៉ុន្តែ​មិន​អាច​បញ្ជាក់​ពេល​វេលា​ច្បាស់​លាស់​បាន​ទេ។

Environment yourth on 28-11-2022 by People.jpg
អាជ្ញាធរ​ខណ្ឌ​ទួលគោក រារាំង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ខណៈ​ពួកគេ​ចុះ​ទៅ​ចែក​ខិត្តប័ណ្ណ​អំពី​កោះ​កុង​ក្រៅ​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នោះ នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដែល​បាន​ចូលរួម​សង្កេត​ការ​ផ្សព្វផ្សាយ​អំពី​កោះកុង​ក្រៅ​នេះ​ដែរ យល់​ឃើញ​ថា ការ​រារាំង​របស់​ក្រុម​អាជ្ញាធរ​មក​លើ​ក្រុម​យុវជន​ទាំង​នេះ គឺជា​ការ​គំរាម​កំហែង បំបាក់​ស្មារតី​ក្រុម​យុវជន​ដែល​ពួកគេ​បាន​បង្ហាញ​គម្រូ ក្លាហាន​ចូល​រួម​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ និង​ដក​ហូត​កោះ​ដែល​ធំ​ជាង​គេ​របស់​កម្ពុជា បន្ទាប់​ពី​កោះត្រល់ ពី​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ មក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ។ លោក​បន្ថែម​ថា ដើម្បី​កុំ​ឱ្យ​សាធារណៈ​ជន​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​ឱ្យ​បាត់បង់​សម្រស់​បែប​ធម្មជាតិ​កោះកុង​ក្រៅ រដ្ឋាភិបាល​គួរ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ឱ្យ​បាន​ឆាប់៖

«រដ្ឋាភិបាល និង​សាមី​ក្រសួង​គួរ​តែ​ពន្លឿន​នៅ​ក្នុង​ការ​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស ជា​ឧទ្យាន​សមុទ្រ​ជាតិ​ជាជាង​ដែល​នៅ​តែ​ទុក​ស្ងៀម​ស្ងាត់​ដូច​នេះ ហើយ​ពួក​យើង​បារម្ភ​ថា នឹង​មាន​ការ​ឃុបឃិត​គ្នា​ទៀត ដើម្បី​បំផ្លាញ​នៅ​ក្នុង​តំបន់​នេះ ជា​ពិសេស​ជីវចម្រុះ»។

Environment yourth on 28-11-2022 by People-4.jpg
អាជ្ញាធរ​ខណ្ឌ​ទួលគោក រារាំង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ខណៈ​ពួកគេ​ចុះ​ទៅ​ចែក​ខិត្តប័ណ្ណ​អំពី​កោះ​កុង​ក្រៅ​ទៅ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នោះ នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ បាន​ធ្វើ​យុទ្ធនា​ការ​ទាមទារ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​នេះ​ជា​យូរ​មក​ហើយ ដូច​ជា​យុទ្ធនាការ​ជិះ​កង់ ការ​តាំង​ពិពណ៌នា​រូប កោះកុង​ក្រៅ និង​ការ​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​ជាដើម។ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល មិន​ត្រឹម​តែ​មិន​ឆ្លើយ​តប​ជា​វិជ្ជមាន​នោះ​ទេ ថែម​ទាំង​ប្រើ​កង​កម្លាំង​សមត្ថកិច្ច​រាំង​ពួកគាត់​ជា​រៀង​រាល់​លើក​ថែម​ទៀត​ផង។

កោះកុង​ជា​កោះ​ដ៏​ធំ​ស្ថិត​នៅ​ក្នុង​លំហ​សមុទ្រ​កម្ពុជា មាន​ទីតាំង​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង និង​មាន​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ។ កោះកុង​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​ក្រាស់​ឃ្មឹក អម​ដោយ​ទឹក​ជ្រោះ​ជា​ច្រើន​កន្លែង មាន​ជីវចម្រុះ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​កោះ​នេះ មាន​ឆ្នេរ​ខ្សាច់​សក្បុស និង​ទឹក​សមុទ្រ​ពណ៌ខៀវ​ស្រងាត់។ ក្រុម​យុវជន​ដែល​ធ្លាប់​បាន​ទៅ​ដល់​ទី​នោះ បញ្ជាក់​ថា មូលហេតុ​ដែល​កោះកុង​អាច​រក្សា​លក្ខណៈ​ធម្មជាតិ របស់​ខ្លួន​បាន គឺ​ដោយសារ​តែ​មិន​មាន​មនុស្ស​រស់​នៅ និង​មិន​មាន​ការ​អភិវឌ្ឍ​ពី​ក្រុម​ហ៊ុន​ឯកជន។ ពួក​គាត់ ចង់​ឃើញ​កោះ​នេះ ក្លាយ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ដើម្បី​ផល​ប្រយោជន៍​រួម​របស់​ជាតិ តាម​រយៈ​ការ​បម្រើ​វិស័យ​ទេសចរណ៍​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។