ពលរដ្ឋជាច្រើននាក់ ភាគច្រើនជាជនជាតិដើមភាគតិចកួយ រស់នៅខេត្តព្រះវិហារ នៅថ្ងៃទី៣ វិច្ឆិកា បានលើកគ្នាតវ៉ាប្រឆាំងក្រុមហ៊ុនឯកជនមួយ កំពុងយកគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយផ្ដួលដើមឈើធំៗ ឋិតក្នុងតំបន់ព្រៃសហគមន៍ជីអោក ដែលពួកគាត់អាស្រ័យផល។ ប្រជាសហគមន៍ខ្លះ ត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនគំរាមចាប់ដាក់គុក ប្រសិននាំគ្នាតវ៉ាប្រឆាំងការឈូសឆាយនេះ។
ពលរដ្ឋរាប់រយគ្រួសាររស់នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង សោកស្តាយ ដើមឈើធំៗ ដែលជាអត្តសញ្ញាណភូមិកំណើតរបស់ពួកគាត់ និងជាប្រភពអនុផលព្រៃឈើយ៉ាងសំខាន់របស់អ្នកភូមិកំពុងទទួលរងការឈូសឆាយកម្ទេចឱ្យក្លាយជាវាលរហោឋាន។
ប្រជាសហគមន៍ថា មកទល់ពេលនេះ ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) ជារបស់ អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន ដែលមានងារជាឧកញ៉ាផងនោះ នៅតែបន្តយកគ្រឿងចក្រជិត ១០គ្រឿង ពង្រាយឈូសឆាយកម្ទេចព្រៃអស់ជាង ១០០ហិកតារ នៅរយៈពេលជាង ៣ សប្ដាហ៍ចុងក្រោយនេះ។
សមាជិកសហគមន៍ជីអោក លោក ជិន ឡូត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ វិច្ឆិកាថា អាជ្ញាធរមូលដ្ឋានបានគំរាមចាប់ពលរដ្ឋដាក់គុក ប្រសិនបើនាំគ្នាតវ៉ាប្រឆាំងការឈូសឆាយនេះ ហើយមកទល់ពេលនេះ មានពលរដ្ឋប្រមាណជាង ២០នាក់ប៉ុណ្ណោះ បន្តតវ៉ាឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន។ លោកថា មកទល់ពេលនេះ ក្រុមហ៊ុននៅតែសម្រុកឈូសឆាយព្រៃសហគមន៍ទាំងយប់/ថ្ងៃ ដោយមិនទាន់បានដោះស្រាយជាមួយសហគមន៍នៅឡើយទេ។
លោកបន្ថែមថា ក្រុមហ៊ុនគ្រោងនឹងឈូសឆាយព្រៃស្រោងជាង ៣រយហិកតារ (៣២៤) ដែលតំបន់នោះ អ្នកភូមិខំថែរក្សាជាង ២០ឆ្នាំមកហើយ៖
« ធម្មតាយើងស្ដាយព្រៃ គេថាព្រៃរដ្ឋ ព្រៃរដ្ឋមែន តែបើប្រគល់ឱ្យពលរដ្ឋអ្នកការពារ មានសិទ្ធិអីមកវិនិយោគ បើពលរដ្ឋមិនព្រមផង។ ខ្ញុំចង់តវ៉ាដែរ តែធម្មតាខ្លាចគេ បើចេញមុខចុចឈ្មោះមួយ សុទ្ធតែអ្នកប្រឆាំង » ។
សមាជិកសហគមន៍ជីអោកម្នាក់ទៀត ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឱ្យដឹងថា គ្រឿងចក្រ ៩គ្រឿងកំពុងឈូសឆាយព្រៃនៅ ៤ទីតាំងផ្សេងៗ គ្នា ហើយតំបន់ដែលក្រុមហ៊ុនឈូសឆាយ ជាកន្លែងសត្វព្រៃរស់នៅ មានដើមឈើធំៗ ដែលពលរដ្ឋអាស្រ័យផលរួមមាន រកផ្សិត បោចវល្លិ ដងជ័រ រកឃ្មុំ និងបេះបន្លែផ្លែឈើជាដើម។
លោកថា ប្រជាសហគមន៍បែកបាក់សាមគ្គីផ្ទៃក្នុង និងខ្លះទៀតបានផ្ដិតមេដៃ គាំទ្រឱ្យក្រុមហ៊ុនឈូសឆាយ តាមសំណើរបស់អាជ្ញាធរ។ លោកបន្ថែមថា មន្ត្រីបរិស្ថាន បានផ្ដល់ឱកាសឱ្យ ពលរដ្ឋណាមានរណាយន្ត អាចចូលអារឈើក្នុងព្រៃនេះបានដោយសេរី ដោយគ្រាន់តែបង់លុយ ឱ្យមន្ត្រីជំនាញ ប្រចាំការនៅទីនោះ៖
«គាត់ចូលទៅខាងក្នុងហ្នឹង ៤ ទៅ ៥គ្រឿង នៅជិតថ្នល់មកខាងក្រុមហ៊ុន មេគង្គហ្នឹង ៤គ្រឿង ដែលឈូសឆាយជិនដល់គ្នាហើយ។ គេគំរាមបើនរណាហ៊ានតវ៉ាគេនឹងចាប់ដាក់គុក ទើបបងប្អូននាំគ្នាខ្លាច » ។

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញសកម្មភាពឈូសឆាយនេះ ពីអ្នកនាំពាក្យសាលាខេត្តព្រះវិហា លោក យង់ គឹមហឿង បាននៅឡើយទេនៅថ្ងៃទី២៥ តុលា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ចាន់សុជាតិ បដិសេធបំភ្លឺរឿងនេះ ប្រាប់វិទ្យុអាស៊ីសេរី តាមទូរសព្ទនោះទេ។
ប្រជាសហគមន៍បន្ថែមថា ពួកគាត់ខកបំណង ដែលធ្លាប់ស្រមៃថា នឹងទុកព្រៃអភិរក្សបន្សល់ចុងក្រោយ នៅតំបន់នោះ បម្រើវិស័យទេសចរធម្មជាតិមិនចេះរីកស្ងួត ព្រោះព្រៃនេះ
មានសក្ដានុពលធនធានធម្មជាតិសំបូរបែប ផ្ដល់ប្រយោជន៍ច្រើនដល់អ្នកភូមិ នៅកៀកភូមិជីអោក ដែលជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ ប្រឹងប្រែងអភិរក្សជាង ២ទសវត្សរ៍មកហើយ។
រីឯមន្ត្រីបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារ មិនអើរាល់ការអំពាវនាវ របស់ពលរដ្ឋនោះឡើយ ផ្ទុយទៅវិញ ចូលដៃជើង ជាមួយក្រុមហ៊ុនឈូសកម្ទេចព្រៃ។
វិទ្យុអាស៊ីសេរីមិនទាន់អាច ទាក់ទងសុំការបំភ្លឺរឿងនេះ ពីម្ចាស់ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD)ជារបស់ អភិបាលរងខេត្តព្រះវិហារ គឺឧកញ៉ា អ៊ុក គឹមសាន
បាននៅឡើយទេ នៅថ្ងៃទី៣ វិច្ឆិកា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារ លោក ឡោ ចាន់ ចាត់ទុកការឈូសឆាយព្រៃនេះ ជាទង្វើល្មើសច្បាប់ ព្រោះតំបន់អភិរក្សនេះ ជាផ្នែកមួយនៃដែនជម្រកសត្វព្រៃបឹងពែរ បានទទួលស្គាល់ដោយព្រះរាជ្យក្រឹត្យ។ លោកស្នើឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការជំនាញឯករាជ្យមួយ ដោះស្រាយក្ដីកង្វល់របស់ពលរដ្ឋ ដែលចង់ទុកព្រៃឱ្យគង់វង្ស៖
« បើយើងនិយាយជាគោលការណ៍ច្បាប់ ទាល់តែព្រះមហាក្សត្រឡាយព្រះហស្តលេខា ឆ្វៀលដីតំបន់ហ្នឹងចេញសិន ទើបក្រុមហ៊ុនមានសិទ្ធិធ្វើអ្វីមួយលើដីហ្នឹងតាមរយះអាជ្ញាធរ ឬ អាជ្ញាធរអាចផ្ដល់ឱ្យ » ។
ព្រៃសហគមន៍ភូមិជីអោក ឬហៅម្យ៉ាងទៀតថា សហគមន៍តំបន់ការពារធម្មជាតិជីអោក បឹងព្រៃ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃបឹងពែរ បានចុះបញ្ជីដោយព្រះរាជក្រឹត្យនៅឆ្នាំ ១០៩៣ ដោយមានផ្ទៃដីជាង ២ពាន់ហិកតារ (២.០៦០)។ ព្រៃសហគមន៍នេះបានចុះបញ្ជី ទទួលស្គាល់ដោយក្រសួងបរិស្ថាន កាលពីឆ្នាំ២០០៣ ឋិតក្នុងភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
អ្នកភូមិថា សកម្មភាពឈូសឆាយព្រៃអភិរក្សនេះ កំពុងបំផ្លាញជម្រកសត្វព្រៃ រួមមាន សត្វទន្សោង ស្វា ខ្ទីង ប្រើស ក្ងោក និងជ្រូកព្រៃជាដើម។
ព្រៃអភិរក្សនេះមានដើមឈើកម្រជិតផុតពូជរួមមាន ធ្នង់ សុក្រំ កកោះ គគីរ ផ្ចឹក និងឈើទាល រួមទាំងដើមឈើដែលទើបដុះលូតលាស់ធំធាត់ ក៏កំពុងប្រឈមការឈូសឆាយ និងកាប់រំលំ ឱ្យក្លាយជាវាលរហោឋាន គ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងក្រុមអ្នកមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។