តំណាង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​ ​ខេត្ត​ព្រះវិហារ​ថា​ ​តុលាការ​សួរនាំ​លោក​​​រឿង​ឡើង​ទៅ​ភ្នំពេញ​ធ្វើបាតុកម្ម

0:00 / 0:00

តំណាង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ​លោក ហែត ណៃ ត្រូវ​បាន​តុលាការ​ខេត្ត​នេះ អនុញ្ញាត​ឱ្យ​ត្រលប់​មក​លំនៅឋាន​វិញ ក្រោយ​ពី​សួរនាំ​ជិត​មួយ​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែវិច្ឆិកា ក្នុង​បទ​ចោទ​ឆបោក និង​ញុះញង់​បង្ក​ឱ្យ​វឹកវរ​ដល់​សន្តិសុខ​សង្គម។ សកម្មជន​ព្រៃឈើ​រូប​នេះ​ថ្លែង​ថា តុលាការ​គ្មាន​មូលដ្ឋាន​ចោទ​ប្រកាន់​ពួក​គាត់​នោះ​ទេ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​រស់នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ លោក ហែត ណៃ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ វិច្ឆិកា​ថា តំណាង​អយ្យការ​ខេត្ត​នេះ លោក សេង ម៉េងស្រ៊ុន គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ ​ដើម្បី​ចោទប្រកាន់​ពួក​លោក​នោះ​ទេ ព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ឡើយ។ លោក​ថា​ ​តំណាង​អយ្យការ​បាន​សួរនាំ​លោក​រឿង​លោក​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ធ្វើ​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​ ​ហើយ​បាន​ជា​ចេញ​ដីកា​កោះ​ហៅ​ប្រជា​សហគមន៍ ១១នាក់ ឱ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ចាប់​ពី​ដើម​ខែ រហូត​ដល់​ថ្ងៃ​ទី១១ ខែវិច្ឆិកា​នេះ។ លោក​ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ ក្នុង​បំណង​គំរាម​កំហែង​ពលរដ្ឋ និង​រាំង​ខ្ទប់​បេសកកម្ម​ការពារ​ព្រៃឈើ​របស់​ពួក​លោក៖ «សំខាន់​គេ​សួរ​ថា ពូ​ទៅ​ភ្នំពេញ​ធ្វើ​អី ? ថ្ងៃ​ទី៦ កញ្ញា​ខ្ញុំ​ទៅ​ភ្នំពេញ ដើម្បី​រៀនសូត្រ​មើល​ដំណើរការ​របស់​បាតុកម្ម​ដោយ​សន្តិវិធី ឱ្យ​ដោះ​លែង​លោកគ្រូ រ៉ុង ឈុន យ៉ាង​ម៉េច ? អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ដូច​អត់​ឃើញ​ថា អ្នក​ណា​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ទេ ? ហើយ​គេ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌ គេ​ចង់​ដាក់​សម្ពាធ​ផ្នែក​ខាង​សិទ្ធិ​សេរីភាព​មក​លើ​សហគមន៍​ខ្ញុំ »។

តំណាង​សហគមន៍​រូប​នេះ​បន្ថែម​ថា អ្នកភូមិ ២៨នាក់ បាន​ទៅ​ឃ្លាំមើល​ដល់​តុលា និង​ត្រៀម​ខ្លួន តវ៉ា​ប្រសិន​បើ​មាន​ការ​ឃុំ​ខ្លួន​រូប​លោក​ក្នុង​ពេល​លោក​កំពុង​ឆ្លើយ​បំភ្លឺ។ លោក​អំពាវនាវ​ឱ្យ​តំណាង​អយ្យការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ពួក​លោក តែ​តំណាង​អយ្យការ​ឆ្លើយ​ថា សំណុំរឿង​នេះ​កំពុង​ស៊ើប​អង្កេត​មិន​ទាន់​សម្រេច​បែប​ណា​នោះ​ទេ ហើយ​នឹង​បន្ត​នីតិវិធី​សួរនាំ​ទៅ​ថ្ងៃ​ក្រោយ។

កាលពី​អំឡុង​ខែ​តុលា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​លោក សេង ម៉េងស្រ៊ុន បាន​ចេញ​ដីកា​កោះ​ហៅ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ១១រូប ឱ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ពី​បទ​ឆបោក និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ ដីកាកោះ​ហៅ​នេះ មិន​បាន​បញ្ជាក់​ថា តើ​អ្នក​ណា​ជា​ភាគី​ដើម​បណ្ដឹង​នោះ​ទេ។

មក​ទល់​ពេល​នេះ ប្រជា​សហគមន៍ ១១នាក់ បាន​ទៅ​ឆ្លើយ​បំភ្លឺ​រួច​ហើយ ហើយ​តំណាង​អយ្យការ​បាន​ដោះ​លែង​ពួក​គេ​ឱ្យ​វិល​មក​ផ្ទះ​វិញ។

អាស៊ី​សេរី​ព្យាយាម​ទាក់ទង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក សេង ម៉េងស្រ៊ុន និង​ព្រះរាជអាជ្ញា លោក ទី សុវណ្ណថាល់ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ពួក​លោក មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី១១ វិច្ឆិកា។

តែ​យ៉ាង​ណា​ព្រះរាជអាជ្ញា​ខេត្ត​ព្រះវិហារ លោក ទី សុវណ្ណថាល់ ប្រាប់​អាស៊ី​សេរីកា​ល​ពី​សប្ដាហ៍​មុន​ថា ដីកា​កោះ​ហៅ​នេះ គ្រាន់​តែ​ជា​ការ​ស៊ើប​អង្កេត​បឋម​តែ​ប៉ុណ្ណោះ គឺ​ពុំ​មែន​ជា​បទ​ល្មើស​ជាក់​ស្ដែង​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រជា​សហគមន៍​ទាំង​នោះ មិន​មែន​ជា​ជន​ជាប់​ចោទ​នោះ​ឡើយ គឺ​គ្រាន់តែ​ជា​ជន​សង្ស័យ​រង​បណ្ដឹង​ពី​អ្នក​ដទៃ ឬ​មន្ត្រី​ជំនាញ​ណា​មួយ។ ហេតុ​នេះ​ស្ថាប័ន​អយ្យការ​នឹង​មិន​ឃាត់​ខ្លួន​ពួក​គាត់​ទេ។ លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ទេ​ថា នរណា​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ៖ «អា​ហ្នឹង​គ្រាន់តែ​អង្កេត​បឋម​តើ មិនមែន​ជា​បទល្មើស​ជាក់ស្ដែង​ឯ​ណា។ ដូច្នេះ មិន​អាច​ឃាត់ខ្លួន​ឡើយ។ អាច​សំណុំរឿង​ប្ដឹង​ចូល​សមត្ថកិច្ច​នគរបាល ឬ​អាវុធហត្ថ អាវុធហត្ថ​អង្កេត​បឋម​កសាង​សំណុំរឿង​រុញ​មក​ខាង​ខ្ញុំ ហើយ​ជួន​កាល អាច​គេ​ដើម​បណ្ដឹង​ប្ដឹង​ផ្ទាល់​មក​ខាង​ខ្ញុំ »។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ​ថា ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ពលរដ្ឋ ដែល​ស្ម័គ្រ​ចិត្ត​ការពារ​ព្រៃ​ឈើ និង​ឃ្លាំមើល​បទ​ល្មើស​ព្រៃ​ឈើ ក្នុង​តំបន់​ព្រៃ​ព្រះ​រកា។ លោក​សង្កេត​ឃើញ​ថា អ្នក​កាប់​ឈើ និង​ដឹក​ឈើ​ខុស​ច្បាប់ កម្រ​ឃើញ​តំណាង​អយ្យការ​កោះហៅ​មក​សួរនាំ​ណាស់៕