សកម្មជនបរិស្ថានទាមទារឱ្យអាជ្ញាធរជំនាញដែលគ្រប់គ្រងតំបន់ឆ្នេរ ចាត់វិធានការណ៍តាមផ្លូវច្បាប់បន្ថែមទៀតលើក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុ មិនមែនត្រឹមការកាយដីចេញវិញនោះទេ ដោយសារនេះគឺជាបទល្មើសឧក្រិដ្ឋ។ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពីសប្តាហ៍មុន បានបញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមរបស់លោក ចុះទៅពិនិត្យករណីចាក់ដីរំលោភចូលឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រោយពេលផ្ទុះការរិះគន់ពីសាធារណជន។
សកម្មជនបរិស្ថាន និងមន្ត្រីអង្គការសង្គមស៊ីវិលសម្តែងការសោកស្តាយចំពោះអាជ្ញាធរជំនាញដែលហាក់យឺតយ៉ាវក្នុងការបង្ហាញដល់សាធារណជនអំពីព័ត៌មានលម្អិតទាក់ទងនឹងរឿងចាក់ដីលុបឆ្នេរសមុទ្រក្នុងតំបន់ព្រែកត្រែង និងមិនទាន់ឃើញមានចំណាត់ការតាមផ្លូវច្បាប់លើម្ចាស់ក្រុមហ៊ុនដែលរំលោភយកដីឆ្នេរនោះនៅឡើយទេ មកទល់នឹងពេលនេះ។
អតីតសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ លោក សាន់ ម៉ាឡា ថ្លែងថា លោកមានការឈឺចាប់ ជាខ្លាំងនៅពេលឃើញករណីនេះ ព្រោះនេះជាករណីរំលោភយកទ្រព្យសម្បត្តិរបស់ជាតិយ៉ាងជាក់ស្តែង ប៉ុន្តែបែរជាអាជ្ញាធរជំនាញមិនចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងលើក្រុមហ៊ុន។ ផ្ទុយទៅ វិញ កន្លងមកពេលដែលលោក និងសកម្មជនដទៃទៀត ចុះធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិនៅខេត្តកោះកុង បែរជារងការចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារជាច្រើនខែ តាមតែការចង់បានរបស់ភាគីដើមបណ្តឹងដែលជាក្រុមហ៊ុនល្មើសច្បាប់ទៅវិញ៖ «មនុស្សដែលតែងតែធ្វើការដើម្បីការពារធនធានធម្មជាតិ ដូចជាករណីលោក វ៉ែន វ៉ន ប្រធានសហគមន៍អារ៉ែង គាត់ទិញឈើដើម្បីសាងសង់ស្នាក់ការទេសចរណ៍បម្រើផលប្រយោជន៍សហគមន៍ ត្រូវបានអាជ្ញាធរមូលដ្ឋានប្តឹងគាត់ដាក់គុកអស់ជាច្រើនខែ។ សកម្មជនមាតាធម្មជាតិសរុបទាំងអស់ ៥រូប សកម្មភាពដែលយើងធ្វើ គឺដើម្បីការពារធនធានធម្មជាតិសុទ្ធសាធ ក៏ប៉ុន្តែយើងត្រូវបានគេចាប់ខ្លួនពីបទបំផ្លិចបំផ្លាញ ឬក៏បំពានទ្រព្យសម្បត្តិ ឬក៏ភាពជាឯកជនរបស់ក្រុមហ៊ុនអ៊ីចឹងទៅ។ ក៏ប៉ុន្តែនៅពេលអ្នកមានអំណាចរំលោភបំពានទ្រព្យសម្បត្តិជាតិ បំពានដីឆ្នេររបស់ជាតិនេះ ហេតុអ្វីក៏មន្ត្រីរដ្ឋាភិបាល ឬមន្ត្រីជំនាញដែលកន្លងមក ធ្វើការគំរាមកំហែង អាងអីវិធានការណ៍ផ្លូវច្បាប់ អាងអីធ្វើតាមច្បាប់ អាងអីនីតិរដ្ឋ អាងអីខុសច្បាប់នោះ ម៉េចបានជាមិនព្រមយកចំណុចទាំងអស់ហ្នឹងទៅអនុវត្តចំពោះយាយភូផង?»។
លោកបន្តថា អាជ្ញាធរជំនាញដែលបានចុះទៅត្រួតពិនិត្យករណីនេះ ត្រូវតែបង្ហាញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនទៅដល់សាធារណជនឱ្យបានដឹង និងត្រូវចាត់វិធានការណ៍ទៅលើម្ចាស់ក្រុមហ៊ុន និងមន្ត្រីខិលខូចទាំងឡាយណាដែលគប់គិតឱ្យមានការរំលោភយកដីឆ្នេរនេះឱ្យបានតឹងរ៉ឹងតាមផ្លូវច្បាប់។ លោកថា ប្រសិនបើរឿងនេះ គ្មានអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ទេ នោះសកម្មភាពទាំងឡាយរបស់អាជ្ញាធរនៅពេលកន្លងមកនោះ គឺគ្រាន់តែជារឿងបំភ័ន្តប៉ុណ្ណោះ៖ «ខ្ញុំគិតថា រដ្ឋាភិបាលត្រូវតែស្រាវជ្រាវ និងស៊ើបអង្កេតពីចំណុចហ្នឹង ចង់ដឹងថា តើក្រុមហ៊ុនមួយហ្នឹងទទួលបានលិខិតអនុញ្ញាតពីបុគ្គល ឬក៏មន្ត្រីរូបណា មានន័យថា បុគ្គលដែលបានពាក់ព័ន្ធ ឬក៏ឃុបឃិតក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនយាយភូហ្នឹង គាត់អាចចាក់ដីលុបឆ្នេរសមុទ្រហ្នឹងបាន។ អ៊ីចឹងយើងត្រូវតែមានវិធានការណ៍ផ្លូវច្បាប់ទៅលើក្រុមហ៊ុនដែលបានរំលោភច្បាប់ និងភាគីពាក់ព័ន្ធដែលឃុបឃិតគ្នាដើម្បីប្រព្រឹត្តរឿងហ្នឹង។ ប្រសិនបើរដ្ឋាភិបាល ឬក៏តុលាការស៊ើបអង្កេត និងធ្វើបែបនេះមែន នេះទើបខ្ញុំយល់ថា ជាចំណាត់ការមែនទែន ប៉ុន្តែប្រសិនបើគេមិនដោយគេយល់ឃើញថា យាយភូ ជាបុគ្គលដែលស្និទ្ធស្នាលនឹងមន្ត្រីរដ្ឋាភិបាលថ្នាក់កំពូលធំៗ គេមិនហ៊ានធ្វើ អាហ្នឹងវាគ្រាន់តែជាចំណាត់ការមួយក្លែងក្លាយទេ»។
កាលពីសប្តាហ៍មុន មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មការគ្រប់គ្រងឆ្នេរ លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិសាស្ត្រភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឱ្យកាយយកដីដែលបានចាក់បំពេញនោះចេញ និងរក្សាឆ្នេរធម្មជាតិដូចដើមវិញ។ លោក ជា សុផារ៉ា បានអនុវត្តបទបញ្ជានេះលឿនដូចផ្លេកបន្ទោរ ដោយបានដឹកនាំក្រុមមន្ត្រីរបស់លោកចុះទៅដល់ទីតាំងផ្ទាល់ ទាំងភ្លៀងរលឹមស្រេចៗ នៅរសៀលថ្ងៃនោះតែម្តង។ ចំណែក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ លោក ថោង ខុន បានអះអាងថា ក្រុមហ៊ុនអភិវឌ្ឍឆ្នេរព្រែកត្រែងនោះ កំពុងតែរំលោភបំពានច្បាប់ ហើយគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរកំពុងតែពិនិត្យមើលទិដ្ឋភាពច្បាប់ទាក់ទងនឹងករណីនេះ។
ទោះជាយ៉ាងនេះក្តី អាជ្ញាធរជំនាញមិនទាន់បង្ហាញលទ្ធផលនៃការចុះត្រួតពិនិត្យករណីនេះនៅឡើយទេ ហើយក៏មិនទាន់បង្ហាញពីចំណាត់ការតាមផ្លូវច្បាប់យ៉ាងណាទៅលើក្រុមហ៊ុន និងអ្នកពាក់ព័ន្ធនោះដែរ បន្ទាប់ពីចុះទៅអនុវត្តបទបញ្ជារបស់លោក ហ៊ុន សែន អស់រយៈពេលជាច្រើនថ្ងៃរួចមកនេះ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត ជាច្រើនដង កាលពីថ្ងៃទី២៣ កញ្ញា ដើម្បីសាកសួរអំពីរឿងនេះ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
សារព័ត៌មានក្នុងស្រុកផ្សាយថា ក្រុមហ៊ុនដែលចាក់ដីលុបឆ្នេរព្រែកត្រែងនោះ គឺជារបស់អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ ភរិយារបស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលជាម្ចាស់ក្រុមហ៊ុន ស៊ូកាកូអ៊ីន (Shukaku Inc) ដែលបានចាក់ដីលុបតំបន់បឹងកក់ដ៏ចម្រូងចម្រាស់ កាលពីពេលកន្លងទៅ។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទងអ្នកស្រី ជឹង សុភាព ហៅ យាយ ភូ បាននៅឡើយទេកាលពីថ្ងៃទី២៣ កញ្ញា ដើម្បីសុំការឆ្លើយតបចំពោះរឿងនេះ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ សម្តែងការសោកស្តាយចំពោះអាជ្ញាធរមូលដ្ឋាន ដែលបណ្តោយឱ្យមានការចាក់ដីលុបឆ្នេរព្រែកត្រែងទាំងបំពានច្បាប់បែបនេះ។ លោកជឿថា បញ្ហានេះផ្តើមចេញពីអំពើពុករលួយជាប្រព័ន្ធពីសំណាក់អាជ្ញាធរដែលទទួលបានផលប្រយោជន៍ពីក្រុមហ៊ុន ទើបក្រុមហ៊ុនហ៊ានធ្វើរបៀបនេះ។ លោកថា ចំណាត់ការផ្លូវច្បាប់លើក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធ ត្រូវតែមានចំពោះករណីនេះ មិនអាចត្រឹមតែជាកាយដីឆ្នេរឡើងវិញតែមួយមុខនោះឡើយ៖ «មូលហេតុចម្បងនៅក្នុងរឿងហ្នឹង គឺអំពើពុករលួយហ្នឹងហើយ បើយើងនិយាយឱ្យចំទៅ។ យើងគិតថា មិនដែលក្រុមហ៊ុនណាហ៊ានទៅចាក់ដីខុសច្បាប់ហើយ ចាក់ឡើងពេញណាពេញណីហើយ ទើបមានប្រតិកម្មពីនេះពីនោះ។ តាមពិតអ្នកដែលមានការទទួលខុសត្រូវធំជាងគេនៅកន្លែងនោះ គឺអភិបាលនៃគណៈអភិបាលខេត្តហ្នឹងតែម្តង ដែលជាអ្នកទទួលខុសត្រូវ ជាភ្នែកច្រមុះរបស់រដ្ឋាភិបាលក្នុងការមើល ក្នុងការអនុវត្ត និងបង្ក្រាបបទល្មើស»។
ការចាក់លុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹកដោយគ្មានការអនុញ្ញាត ត្រូវបានកំណត់ក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិថា ជាបទល្មើសឧក្រិដ្ឋ ដែលជនល្មើសនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥លានរៀល ទៅ ១៥០លានរៀល។ ច្បាប់នេះក៏ចែងដែរថា អាជ្ញាធរមានសមត្ថកិច្ចណាដែលសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនោះ ក៏នឹងត្រូវផ្តន្ទាទោសដូនជនប្រព្រឹត្តដែរ។
មន្ត្រីសង្គមស៊ីវិលនៅខេត្តព្រះសីហនុអះអាងថា មកទល់នឹងពេលនេះ ក្រុមហ៊ុនមិនទាន់កាយដីដែលបានចាក់លុបឆ្នេរព្រែកត្រែងនោះនៅឡើយទេ ហើយថែមទាំងបានធ្វើរបងព័ទ្ធជុំវិញបរិវេណដីនោះទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។