ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​វៀតណាម PNT ថា កាប់​បំផ្លាញ​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ​ថ្មីទៀត

0:00 / 0:00

ប្រជា​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.) កំពុង​ពង្រាយ​កម្លាំង​កម្មករ​រាប់​សិប​នាក់ ចូល​កាប់​រំលំ​ដើម​ឈើ​ធំៗ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ជិត ២សប្តាហ៍​មក​ហើយ។ ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពី​ពួក​គេ​បាន​ចុះ​ស្រាវជ្រាវ​ពី​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ។

ប្រជា​សហគមន៍​លើកឡើង​ថា ឈើ​មាន​តម្លៃ​ជា​ច្រើន​ប្រភេទ រួម​មាន គគីរ ឈើទាល និង​ពពេល​មាន​មុខ​កាត់​ចាប់​ពី ៣តឹក ដល់ ៦តឹក ប្រវែង ៣ម៉ែត្រ​ឡើង​ទៅ​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​កំពុង​ទទួល​រង​ការ​កាប់​ផ្តួល​យ៉ាង​ពេញទំហឹង ដើម្បី​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។ ប្រជា​សហគមន៍​ព្រៃ​ឡង់​ចោទ​ថា ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធីជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទ​ល្មើស​នេះ តាមរយៈ​កា​របើក​ទីតាំង​ប្រមូល​ទិញ​ឈើ​ខ្នាត​ធំ​ជាប់​ព្រៃ​ឡង់ ក្នុង​ឃុំ​រៀបរយ​ស្រុក​រវៀង។

អ្នក​សម្រប​សម្រួល​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ប្រាប់​អាស៊ី​សេរី​ថា ក្រុម​កម្មករ​រាប់​សិប​នាក់ កំពុង​សម្រុក​កាប់​ឈើ​ធំៗ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ នៅ​ចំណុច​វាល​ស្រែ​អាចម៍​ដែក អណ្ដូង​ពណ៌ អូរ​ធ្នង់ និង​ចំណុច​ជាំ​ប្រទាល។ លោក​ថា​ក្រុម​កម្មករ​ទាំង​នោះ បាន​អារ​ច្រៀក​ឈើ​ជា​ជ្រុងៗ ក្នុង​ព្រៃ​អភិ​រក្ស រួច​ដឹក​ចេញក្រៅ​តាម​គោយន្ត​ចូល​ទៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន ភីអ៊ិនធី។ លោក​សោក​ស្ដាយ ដែល​ក្រសួង​បរិស្ថាន​ហាម​ពលរដ្ឋ​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ ប៉ុន្តែ​អ្នក​កាប់​ឈើ​បែរ​ជា​ចូល​ព្រៃ​បាន៖ «ក្រុមហ៊ុន​នោះ​គេ​ឱ្យ​ឈ្មួញ​ចូល​កាប់​ដឹកជញ្ជូន​ចេញ​មក​ដាក់​ដេប៉ូ​របស់​ក្រុមហ៊ុន ភីអ៊ិនធី ហ្នឹង។ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អី​បាន​រារាំង​បណ្ដាញ​ព្រៃ​ឡង់​មិន​ឱ្យ​ចូល​មើល​ក្នុង​ព្រៃ​ឡង់។ ឱកាស​នេះ​ហើយ ដែល​បទ​ល្មើស​ព្រៃ​ឈើ​អាច​ឆ្លៀត​ឱកាស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចូល​ដេប៉ូ​ក្រុមហ៊ុន​បាន »

លោក ស្រី ថី បន្ថែម​ថា កាល​ពី​ដើម​សប្ដាហ៍​នេះ ពួក​លោក​បាន​ធ្វើ​ដំណើរ​ចូល​ព្រៃ​ឡង់ ហើយ​បាន​ប្រទះ​ឃើញ​គោយន្ត ៣គ្រឿង​ដឹកជញ្ជូន​ឈើ​ជ្រុង​ជាច្រើន​ម៉ែត្រ​គូប ចេញពី​ព្រៃ​ឡង់ ឆ្ពោះ​ទៅ​ការដ្ឋាន​ក្រុមហ៊ុន ភីអ៊ិនធី។ លោក​សង្ស័យ​ថា មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នេះ​ផុស​ឡើង។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ៨ពាន់​ហិកតារ (៧.៩០០) នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ២០១០ ក្រោម​កិច្ចសន្យា​រយៈ​ពេល ៧០ឆ្នាំ។ ក្រុមហ៊ុន​នេះ​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ផាន់ ហួណាម (Phan Huu Nam)។ ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ចន្ទី និង​ដំណាំរួមផ្សំ​ផ្សេងៗ​ទៀត​ ​ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិនបាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ​ ​ដោយ​ផ្តោត​លើ​ការ​កាប់​ឈើ​ទៅ​វិញ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​ភីអ៊ិនធី តាម​រយៈ​លេខ​ទូរស័ព្ទ​ក្នុង​គេហទំព័រ​សាជីវកម្ម តែ​គ្មាន​អ្នក​លើក។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ​លោក យ៉ុង គឹមហឿង វិញ ក៏​អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​បាន​ដែរ​។​

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ លោក អេង ហ៊ី ជំរុញ​ឱ្យ​ប្រជា​សហគមន៍​ព្រៃ​ឡង់ ត្រូវ​ផ្តល់​ព័ត៌មាន​ពី​បទល្មើស​ព្រៃឈើ​ទាំង​នេះ ទៅ​អាជ្ញាធរ​ដែនដី​ឱ្យ​ចុះ​ទប់​ស្កាត់។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​មិន​ចាត់វិធានការ​ទេ ប្រជា​សហគមន៍​អាច​សរសេរ​លិខិត​ផ្ញើ​ជូន​គណៈកម្មការ​ជំនាញ​ថ្នាក់​ជាតិ​ ​ដើម្បី​ដោះស្រាយ​រឿង​នេះ៖ «មិន​ថា​នៅ​កំពង់ធំ មិនថា​នៅ​ណា​ទេ នៅ​ស្ទឹង​ត្រែង ក្រចេះ មួយ​ជួរ​ហ្នឹង គឺ​ឱ្យ​តែ​ពាក់ព័ន្ធ​ព្រៃ​ឡង់ យើង​ចុះ​បង្ក្រាប​មួយ​សា​ហើយ​បាទ។ ដើម្បី​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ កុំ​ឱ្យ​គាត់​និយាយ​ ឱ្យ​គាត់​ធ្វើជា​លិខិត​មក »

ទោះ​យ៉ាង​ណា​ក្ដី សកម្មជន​ការពារ​ព្រៃ​ឈើ លោក ហេង ស្រស់ ចាត់​ទុក​វត្តមាន​ក្រុមហ៊ុន​វៀតណាម​នេះ កំពុង​បំផ្លាញ​ព្រៃ​ឈើ​ខ្នាត​ធំ​ជា​ថ្មី​ទៀត ក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ចុះ​ទប់​ស្កាត់​ជា​បន្ទាន់។ លោក​អស់​សង្ឃឹម​ពី​ប្រសិទ្ធ​ភាព​ការងារ​របស់​​​ក្រសួង​បរិស្ថាន ដែល​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដដែលៗ និង​មិន​ដោះស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ៖ «យើង​លែង​មាន​សង្ឃឹម​លើ​ក្រសួង​បរិស្ថាន​ទៀតហើយ យើង​មានតែ​អំពាវនាវ​ឱ្យ​គណៈកម្មការ​ជាតិ អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេងៗ ទៀត ធ្វើការ​ចុះ​អន្តរាគមន៍ ក៏​ដូចជា ចុះ​បង្ក្រាប​ជា​បន្ទាន់។ បើសិនជា​ពួកគាត់​នៅតែ​បណ្ដែតបណ្ដោយ អា​ហ្នឹង​វិនាសកម្ម​ព្រៃ​ឡង់ នៅ​តែ​កើត​មាន​ត​ទៀត »

Wood_in_Choam_Prateal_Prey_Lang_Preah_Vihear_by_Heng_Sros_032121.jpg
កំណាត់ឈើនៅទីតាំងជាំប្រទាល ក្នុងព្រៃឡង់ ដែលសកម្មជនព្រៃឡង់ឃើញ ពេល​ចុះល្បាត កាល​ពី​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២១។ រូប៖ លោក ហេង ស្រស់


កាលពី​ចុង​ឆ្នាំ២០២០ ប្រជា​សហគមន៍​ព្រៃ​ឡង់​ប្រទះឃើញ​ឈើ​មូល​ធំៗ ជាង ៥០០​ដើម ត្រូវ​គេ​កាប់​ចេញពី​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ដឹក​ជញ្ជូន​ចូល​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​ភីអ៊ិនធី​ជាបន្តបន្ទាប់ ដើម្បី​អារ​ច្រៀក​ធ្វើអាជីវកម្ម។ ប្រជា​សហគមន៍ និង​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ៤គ្រឿង និង​មាន​រថយន្ត​កែច្នៃ​ជិត ១០គ្រឿង សម្រាប់​ដឹក​ឈើ​ធ្វើអាជីវកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។