បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ អះអាងថា បច្ចុប្បន្នក្រុមហ៊ុនចំនួន២ ដែលធ្វើអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំជី ខេត្តកំពង់ធំ កំពុងបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភាគខាងត្បូងយ៉ាងធ្ងន់ធ្ងរ។ សកម្មជនបរិស្ថាន ចង់ឲ្យរដ្ឋាភិបាលបញ្ឈប់អាជីវកម្មរ៉ែមាស នៅក្នុងតំបន់ព្រៃឡង់។
បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ អះអាងថា ក្រុមហ៊ុនចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (Late Cheng Mining Development) និងខេមបូឌា ខេ៨៨ អ៊ីនដឹសស្ទ្រី (Cambodian K88 Industry) កំពុងធ្វើអាជីវកម្មរ៉ែមាស ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភាគខាងត្បូង បានបង្កផលប៉ះពាល់បរិស្ថាន ព្រៃឈើ និងដីស្រែចម្ការប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ ហើយពលរដ្ឋនៅតំបន់នោះមិនហ៊ាននិយាយ ឬរិះគន់ក្រុមហ៊ុនទាំងអស់នេះឡើយ។
សមាជិកក្រុមស្នូល នៃបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោក មិញ នី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែធ្នូថា តំបន់ព្រៃឡង់ភាគខាងត្បូងក្នុងខេត្តកំពង់ធំ កំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិ តាមរយៈការធ្វើអាជីវកម្មរ៉ែមាស ដែលក្រុមហ៊ុនទាំងអស់នោះបានឈូសឆាយព្រៃឈើ និងរំលោភយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះរាប់រយហិកតារ។ លោកថា ពលរដ្ឋនៅតំបន់នោះ មិនហ៊ាននិយាយរិះគន់ ឬតវ៉ាជាមួយក្រុមហ៊ុននោះទេ ដោយសារកន្លងទៅ ក្រុមហ៊ុន និងអាជ្ញាធរបានចុះទៅគំរាមកំហែង និងបង្ខំឲ្យពលរដ្ឋទទួលយកសំណងដែលពួកគេបានកំណត់។ លោកបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែមាស កំពុងលាក់បាំងជនល្មើស ដែលកំពុងសំងំកាប់ឈើធ្វើអាជីវកម្មនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។
លោក មិញ នី៖ «រដ្ឋាភិបាល ឬក៏ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន លោកគួរត្រួតពិនិត្យផង ពីព្រោះព្រៃឈើនេះគឺជាដែនជម្រកសត្វព្រៃព្រៃឡង់ គួរកុំសម្បទានទៀត រដ្ឋាភិបាលសុំកុំឲ្យសម្បទានឲ្យទៅក្រុមហ៊ុនណា ទោះបីជារ៉ែអ្វីក៏ដោយ ធនធានធម្មជាតិសូម្បីក្រោមដីក៏ធនធានធម្មជាតិដែរ ឲ្យតែយើងធ្វើហើយវាខូចហើយស្ថានភាពកន្លែងនោះ»។
លើសពីនោះ ពលរដ្ឋថា តំបន់ព្រៃឡង់ភាគខាងត្បូង កំពុងតែរងការកាប់ទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យថែមទៀត ហើយមន្ត្រីជំនាញឈរជើងនៅតំបន់នោះ ហាក់មិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសឡើយ។
យុវជនម្នាក់នៅឃុំសុចិត្រ លោក សឿន សុជា ឲ្យដឹងថា ក្រៅពីក្រុមហ៊ុនចិនឈូសឆាយព្រៃឈើដើម្បីយករ៉ែមាសហើយនោះ សព្វថ្ងៃមានក្រុមឆ្លៀតឱកាសមួយចំនួនចូលកាប់ទន្ទ្រានដីព្រៃ នៅក្នុងតំបន់ព្រៃឡង់ជាច្រើនកន្លែងថែមទៀត។ លោកបន្ថែមថា មន្ត្រីជំនាញនៅតំបន់នោះ ហាក់មិនអើពើចុះទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ផ្ទុយទៅវិញមន្ត្រីទាំងនោះព្យាយាមតាមដាន និងហាមឃាត់ពលរដ្ឋមិនឲ្យចូលទៅការពារព្រៃឈើក្នុងតំបន់ព្រៃឡង់។
លោក សឿន សុជា៖ «មន្ត្រីបរិស្ថាន ប្រធានមន្ទីរបរិស្ថាន និងមន្ត្រីពាក់ព័ន្ធទាំងអស់នេះជាអ្នកទទួលខុសត្រូវ មន្ត្រីទាំងអស់នេះគួរតែទប់ស្កាត់ ហើយស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីយើងថែរក្សាព្រៃឡង់ទាំងអស់នេះ ទុកជាសម្បត្តិជាតិ ទុកជាផលប្រយោជន៍ឲ្យប្រជាជនខ្មែររស់នៅតជំនាន់ទៅមុខទៀត»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៣ ខែធ្នូ។ ចំណែកប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ លោក តុប កក្កដា និងតំណាងក្រុមហ៊ុនទាំងពីរ ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
កន្លងទៅទាំងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានអះអាងដូចគ្នាថា នឹងលែងឲ្យមានសកម្មភាពធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់ព្រៃឡង់តទៅទៀត។ ប៉ុន្តែបច្ចុប្បន្ននេះ មានក្រុមហ៊ុន ចំនួន ១១ក្រុមហ៊ុន កំពុងសិក្សារុករករ៉ែ នៅក្នុងដែនជម្រកសត្វព្រៃឡង់។
អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា លើកឡើងថា រដ្ឋាភិបាលមិនគួរបន្តឲ្យមានអាជីវកម្មរ៉ែមាសនៅក្នុងតំបន់ព្រៃឡង់ទៀតនោះទេ។ លោកថា ប្រសិនបើរដ្ឋាភិបាលគ្រប់គ្រងអាជីវកម្មរ៉ែមាសមិនបានល្អ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថាន និងប្រជាពលរដ្ឋ។
លោក ម៉ា ចិត្រា៖«អ៊ីចឹងប្រសិនបើរដ្ឋាភិបាលគាត់មានឆន្ទៈការពារព្រៃឈើមែន ខ្ញុំគិតថាគាត់គួរមានវិធានការដកហូតមុខតំណែងអ្នកដែលកាន់ការងារនៅតំបន់នោះចេះ ហើយដាក់អ្នកថ្មី គាត់មានសមត្ថភាព មានឆន្ទៈក្នុងការការពារ តំបន់នោះឲ្យបានល្អប្រសើរ ហើយបើសិនគាត់អត់ធ្វើបែបនេះទេ គឺគាត់បណ្ដែតបណ្ដោយឲ្យមន្ត្រីថ្នាក់ក្រោមធ្វើបែបនេះដែរ ស្មើនឹងគាត់ចូលរួមបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីជាប្រយោជន៍បក្ខពួករបស់គាត់ដែរ»។
កាលពីតុលា ឆ្នាំ២០២៣ អង្គការអន្តរជាតិឈ្មោះ ប្រូណូ មែនសឺ ហ្វោន (Bruno Manser Fonds) ដែលមានមូលដ្ឋាននៅប្រទេសស្វីស រកឃើញថា គម្រោងអាជីវកម្មរ៉ែធំៗនៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់ បានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃឈើ និងជីវិតរបស់ប្រជាជននៅក្នុងតំបន់នោះ។ អង្គការនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនរ៉ែ ហើយហាមឃាត់គម្រោងអាជីវកម្មរ៉ែធំៗនៅក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។