ប្រជាសហគមន៍ព្រៃឡង់ ខេត្តព្រះវិហាររកឃើញបទល្មើសព្រៃឈើ ៨៦ករណីជាថ្មីទៀត ដែលមានជាប់ពាក់ព័ន្ធក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.) នៅតែបញ្ជូនកម្មកររាប់សិបនាក់ ចូលព្រៃឡង់ អារឈើមូលធំៗ ធ្វើអាជីវកម្ម។ ពួកគេលើកឡើងថា រកឃើញនេះ ក្រោយពីចុះល្បាតដោយលួចលាក់រយៈពេល ៥ថ្ងៃ ដើម្បីប្រមូលភស្តុតាង និងឃ្លាំមើលពីស្ថានភាពព្រៃឈើក្នុងដែនជម្រកសត្វព្រៃឡង់។
ប្រជាសហគមន៍ព្រៃឡង់ និងសកម្មជនការពារព្រៃឈើ មិនពេញចិត្តនឹងរដ្ឋាភិបាល នៅតែមិនចាប់អារម្មណ៍ ទៅលើមន្ត្រីខិលខូចនៅខេត្តព្រះវិហារ ដែលបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំដដែលៗ កើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ពួកគេរកឃើញថា ក្រោយពីចុះល្បាតរយៈពេលជិត ១សប្ដាហ៍ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ តុលា កន្លងទៅប្រទះឃើញកម្មកររបស់ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី ជាច្រើនក្រុម បានបោះតង់ស្នាក់នៅក្នុងព្រៃប្រដាប់ដោយវិទ្យុទាក់ទងស្ទើរគ្រប់ដៃ រណាយន្ត និងគោយន្ត ១៥គ្រឿង ដើម្បីដឹកឈើចេញពីព្រៃឡង់ នៅចំណុចយាងប្រាសាទគោល អូរអាចម៍ដែក និងជាំតាង៉ុត ឆ្ពោះទៅដេប៉ូស្តុកឈើ របស់ក្រុមហ៊ុនមួយនេះ ឋិតជាយព្រៃឡង់ក្នុងស្រុករវៀងខេត្តព្រះវិហារ។
ប្រធានសហគមន៍ព្រៃឡង់ លោក ស្រី ថី ឱ្យដឹងនៅថ្ងៃទី២៦ តុលាថា សកម្មភាពកាប់ឈើទ្រង់ទ្រាយធំក្នុងព្រៃអភិរក្សនេះ គឺមានការឃុបឃិតគ្នារវាងមន្ត្រីបរិស្ថាន និង ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី។ លោកថា ដើមឈើធំៗ មានមុខកាត់ ៦តឹក ដល់ជាង ១ម៉ែត្រ នៅតែប្រឈមកាប់ផ្ដួលធ្វើអាជីវកម្មពីសំណាក់កម្មករក្រុមហ៊ុនវៀតណាម រាប់សិបនាក់បានពង្រាយក្នុងព្រៃ ដើម្បីកាប់ឈើនៅចំពោះមុខមន្ត្រីបរិស្ថានរយៈពេលជាង ២សប្ដាហ៍មកហើយ។ លោកអំពាវនាវជាថ្មីទៀត ឱ្យរដ្ឋាភិបាលចាប់អារម្មណ៍លើមន្ត្រីខិលខូចរបស់ខ្លួនដែលនៅតែបណ្ដែតបណ្ដោយឱ្យមានសកម្មភាពកាប់ឈើខុសច្បាប់ដដែលៗ ធ្វើឱ្យព្រៃឡង់វិនាសហិនហោច៖ «ព្រៃឡង់រលាយហើយ បើរដ្ឋាភិបាលមិនចាប់អារម្មណ៍លើមន្ត្រីខិលខូចនៅខាងក្រោម។ ដឹងតែវារលាយហើយ មិនអាចទប់បានទេ បើខ្ញុំទៅសួរ អ្នកអារឈើឱ្យទៅ ឃើញមន្ត្រីបរិស្ថានមកអត់ គេថា មកតែមកដោះស្រាយបាយទឹកតិចតួចក៏ចប់ទៅ។ ការបើកដៃពីមន្ត្រីនៅតែមានដដែលៗ វាមិនថមថយទេ បទល្មើសព្រៃឈើនៅតែកើនឡើងដដែល។
លោក ស្រី ថី បន្ថែមថា កម្មកររបស់ក្រុមហ៊ុននេះ មានអាវុធកែច្នៃ ២ដើម បានគំរាមបាញ់ពួកលោក ក្នុងពេលចុះឃ្លាំមើលបទល្មើសព្រៃឈើ។ រីឯមន្ត្រីបរិស្ថានដែលឈរជើងយាមព្រៃនៅទីនោះ មិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ បែរជាព្យាយាមស្វែងរកអ្នកការពារព្រៃឈើ ដើម្បីអនុវត្តច្បាប់។
ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជិត ៨ពាន់ហិកតារ (៧.៩០០) នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ឆ្នាំ។ ក្នុងកិច្ចសន្យា ក្រុមហ៊ុននេះវិនិយោគដំណាំខ្លឹមច័ន្ទ ចន្ទី និងដំណាំរួមផ្សំផ្សេងៗ ទៀត ប៉ុន្តែប្រជាសហគមន៍អះអាងថា ក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យានោះទេ ដោយផ្ដោតលើការកាប់ឈើទៅវិញ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក អេង ហ៊ី បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា ឱ្យតែមានបទល្មើសព្រៃឈើ គឺអាជ្ញាធរដែនដីតែងតែអនុវត្តច្បាប់។ លោកជំរុញឱ្យប្រជាសហគមន៍ផ្តល់ព័ត៌មាននេះ ទៅអាជ្ញាធរខេត្ត ដែលជាសេនាធិការរបស់គណៈកម្មការជាតិ ដើម្បីចុះបង្ក្រាបបទល្មើសព្រៃឈើ៖ «សូមឱ្យគាត់ទំនាក់ទំនងទៅអាជ្ញាធរដែនដី ក្នុងករណី ដែលអាជ្ញាធរដែនដីមិនបង្ក្រាប អាហ្នឹងបាន គណៈកម្មការជាតិ ចុះទៅបង្ក្រាប តែធម្មតាតូចៗ អនុគណៈកម្មការគេទៅបង្ក្រាបហើយ»។
ដោយឡែក តំណាងក្រុមហ៊ុនវៀតណាម ភីអ៊ិនធី ជាជនជាតិតៃវ៉ាន់ (Taiwan) ធ្លាប់ប្រាប់អាស៊ីសេរីថា លោកមិនអាចបំភ្លឺរឿងនេះតាមទូរស័ព្ទបានទេ។
ជុំវិញរឿងនេះ សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ ចាត់ទុកបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ ជាចេតនាឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឃុបឃិតគ្នា ជាមួយក្រុមហ៊ុនវៀតណាមរកស៊ីឈើខុសច្បាប់។ លោកសង្កេតឃើញថា មន្ត្រីបរិស្ថាន មិនមែនការពារព្រៃឈើនោះទេ បែរជាកាងការពារជនល្មើសកាប់បំផ្លាញព្រៃឈើ ក្នុងពេលដែលប្រជាសហគមន៍ព្រៃឡង់ ចង់ល្បាតព្រៃ ដើម្បីអភិរក្សធនធានធម្មជាតិតែបែរទទួលរងការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញពីមន្ត្រីបរិស្ថានទៅវិញ៖
«នេះគ្រាន់តែមួយខេត្តទេ ហើយព្រៃឡង់ទាំងអស់ ៤ខេត្ត ហើយយើងគ្មានលទ្ធភាពណា ដើម្បីចូលព្រៃឡង់បានទេ ព្រោះព្រៃឡង់គ្រប់ដណ្ដប់ដោយមន្ត្រីបរិស្ថាន ហើយកាងការពារដោយ មិនឱ្យពួកយើងចូល សូម្បីតែឈរអែបមាត់ព្រៃ បើសិនជាយើងមើល ពីបទល្មើស ហើយអ្នករកស៊ីកាប់បំផ្លាញព្រៃឈើ បែរចូលព្រៃយ៉ាងរលូន គេមានតែកាង ហើយបើកដៃ»។
កាលពីចុងឆ្នាំ២០២០ ប្រជាសហគមន៍ព្រៃឡង់ ប្រទះឃើញឈើមូលធំៗ ជាង ៥០០ដើម ត្រូវគេកាប់ចេញពីដីស្រែចម្ការរបស់ពលរដ្ឋដឹកជញ្ជូនចូលក្នុងការដ្ឋានរបស់ក្រុមហ៊ុន ភីអ៊ិនធី ជាបន្តបន្ទាប់ ដើម្បីអារច្រៀកធ្វើអាជីវកម្ម។ ប្រជាសហគមន៍ និងពលរដ្ឋអះអាងថា ក្រុមហ៊ុនមានម៉ាស៊ីនអារច្រៀកឈើខ្នាតធំ ៤គ្រឿង និងមានរថយន្តកែច្នៃជិត ១០គ្រឿង សម្រាប់ដឹកឈើធ្វើអាជីវកម្ម។
សកម្មជនបរិស្ថានបន្ថែមថា បើទោះបីជារកឃើញភស្តុតាងជាច្រើនដែលបង្ហាញថា ក្រុមហ៊ុន ភីអ៊ិនធី និងក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) បានប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើខ្នាតធំជាប់តំបន់ព្រៃឡង់ជាច្រើនខែមកហើយ ប៉ុន្តែមិនត្រឹមតែគ្មានការបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាលនោះទេ ផ្ទុយទៅវិញសកម្មភាពកាប់ឈើធំៗ នៅតែកើតមានឥតស្រាកស្រាន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។