ប្រជាសហគមន៍ព្រៃឡង់រកឃើញបទល្មើសអារឈើថ្មី ៧៣ ករណី ដែលកើតមាននៅតំបន់ព្រៃឡង់ ដោយគ្មានអាជ្ញាធរណាចុះទប់ស្កាត់នៅឡើយ។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើថា បញ្ហានេះកើតឡើង ដោយសារតែមន្រ្តីទាំងនោះទទួលថវិកាពីជនល្មើស តាមរយៈការប្រព្រឹត្តអំពើពុករលួយ។
បណ្ដាញសគមន៍ព្រៃឡង់ខេត្តព្រះវិហារដែលមានគ្នា៣៣នាក់បានចុះល្បាតក្នុងតំបន់ព្រៃឡង់អស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែមករា ដើម្បីឃ្លាំមើលពីស្ថានភាពព្រៃឈើនិងរៀបចំជារបាយរកណ៍ទប់ស្កាត់ទបល្មើសអារឈើដែលកំពុងរង់ការកាប់ទន្រ្ទាន់យ៉ាងអនាធិបតេយ្យ។
តំណាងបណ្ដាញសហគមន៍ព្រៃឡង់លោក ស្រី ថីដែលបានចូលរូមចុះល្បាតដែរនោះប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ខែមករាថា ករណី លួចអារឈើរបស់ជនល្មើសក្នុងតំបន់ព្រៃឡង់នៅតែកើតមានបន្តបន្ទាប់ដោយគ្មានអាជ្ញាធរណាចុះទប់ស្កាត់នោះឡើយ។ លោកថាប្រជាសហគមន៍បានឃាត់ជនល្មើសកំពុងដឹកឈើនិងអារឈើដែលមានគ្នា ៨នាក់។ ពួកគេបានប្រើគោយន្ត២គ្រឿងរណាយន្ត២គ្រឿង ម៉ូតូ២គ្រឿងនិងប្រេងសាំងម៉ាស៊ូតចំនួន៣កាដុងធំរួមនឹងសម្ភារៈផ្សេងៗ។ លោក ស្រី ថី អះអាងថាមន្រ្តីបរិស្ថានពុំដែលឃាត់ខ្លួនពួកគេនោះទេទោះបីអ្នកប្រព្រឹត្តនោះជាមនុស្សមុខដដែលៗក៏ដោយ។ លោកជឿជាក់ថាបញ្ហានេះកើតឡើងបានអាចដោយសារមានអាជ្ញាធរមួយចំនួនជាប់ពាក់ព័ន្ធលើការប្រព្រឹត្តបទល្មើសនេះ។
លោក ស្រី ថី៖«ខ្ញុំគិតថា មានតែមន្រ្តីថ្នាក់លើទេដែលមានសិទ្ធិបញ្ជារមន្រ្តីថ្នាក់ក្រោម។បើទុកឱ្យតែមន្រ្តីថ្នាក់ក្រោម[សម្រេច]អារឿងបទល្មើសព្រៃឈើមិនអាចបង្រ្កាបបានទេដូចយើងចាក់ទឹកលើក្បាលទាអ៊ីចឹង។យើងមើលទៅប្រហែលជាតម្រុយ[សកម្មភាពអារឈើ]នេះជាមានអ្វីនៅពីក្រោយគេក៏មិនដឹងយើងមើលទៅប្រហែលជាមាន(អ្នកមានអំណាច)បានជាឈើចេះតែដឹកចេញដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ»។
ប្រជាហគមន៍អះអាងថា តំបន់ដែលពួកគាត់ប្រទះឃើញបទល្មើសកាប់ទន្រ្ទាន់ថ្មីៗនេះគឺស្ថិតក្នុងចំណុចបុសរាំងក្បាលថ្លាន់ព្រៃដំណាក់កាលនិងចំណុចភ្នំស្រឡៅដែលស្ថិតនៅឃុំធ្មានិងឃុំរៀបរយស្រុកជ័យសែន។ ពួកគាត់ថាគល់ឈើដែលជនល្មើសអារមានចំនួន៥៥ករណីមានមុខកាត់ពីមួយម៉ែត្រទៅកន្លះម៉ែត្រនិងឈើច្រៀកមិនទាន់ដឹកចេញចំនួន៩ម៉ែត្រគូបជាប្រភេទឈើ គគី ត្រាច ផ្តៀក ផ្ចឹកឈើទាលនិងឈ្លីកដែលសរុបមានចំនួន ៧៣ ករណី។
ព្រៃឡង់ជាតំបន់ដែនជម្រកសត្វព្រៃមានទំហំជាង៤៣ម៉ឺនហិកតា។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន៤រួមមានខេត្តព្រះវិហារកំពង់ធំ ក្រចេះនិងខេត្តស្ទឹងត្រែងប៉ុន្តែព្រៃឈើដ៏ធំមួយនេះកំពុងរង់ការកាប់ទន្រ្ទាន់ស្ទើតែបាត់បង់ប្រភេទពូជឈើប្រណិតៗនិងប្រភេទសព្វព្រៃកម្រផងដែរ។
បទល្មើសអារឈើនៅតំបន់ព្រៃឡង់កើតមានជាបន្តបន្ទាប់ទោះបីកន្លងទៅអង្គការជាតិនិងអន្តរជាតិរកឃើញថាអ្នកដែលទិញឈើពីជនល្មើសទាំងនោះភាគច្រើនជាអ្នកមានលុយមានអំណាចរួមនិងមានតួនាទីក្នុងជួររដ្ឋាភិបាលក៏ដោយក៏មិនដែលឃើញមានមន្រ្តីអាជ្ញាធរណាមួយចាប់ជនល្មើសនោះឡើយ។ ផ្ទុយទៅវិញអាជ្ញាធរបែរជាចោទប្រកាន់មកលើប្រជាសហគមន៍ដែលហ៊ានបង្ហាញពីបញ្ហាអារឈើទាំងនោះថាជាអ្នកបំពុលសង្គមនិងមានចេតនាញុះញុងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលោក ហ៊ុនសែន។
វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយបានទេពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក សុងចន្ទសុជាតិនៅថ្ងៃទី១៦ ខែមករា។ ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត្រ ភក្រ្តាក៏មិនអាចទាក់ទងបានដែរ។
ដោយឡែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ីប្រាប់វិទ្យុអាស៊ីសេរីថាមកដល់ពេលនេះលោកមិនទាន់ទទួលបានព័ត៌មានពីមន្រ្តីមូលដ្ឋាននៅឡើយទេជុំវិញបទល្មើសព្រៃឡង់ប៉ុន្តែលោកថាបើសិនជាមានករណីលួចអារឈើបែបនោះមែនលោកនឹងធ្វើការចុះបង្រ្កាបទៅតាមទិដ្ឋភាពជាក់ស្ដែងបើសិនជាមន្រ្តីបរិស្ថានឬមន្រ្តីពាក់ព័ន្ធត្រូវការជំនួយ។
លោក អេង ហ៊ី៖«បើមានព័ត៌មាន(បទល្មើសអារឈើ)កម្លាំងយើងប្រាប់ហើយកន្លងមក អត់ឱ្យមានការបំផ្លាញ់ព្រៃឈើចឹងទេ ហើយយើងចុះមើលជាក់ស្ដែងព្រោះមានព័ត៌មានខ្លះមក ថាចឹងមែនដល់ទៅមើលអត់ជាក់ស្ដែង ព័ត៌មានខ្លះក៏យើងបង្រ្កាបបានដែរ តែឥឡូវអត់មានទ្រុងទ្រាយធំទេ មានទ្រុងទ្រាយតូច។ កម្លាំងយើងនៅទីនោះ គឺចាំមើលខ្ញុំបានព័ត៌មាននោះ ខ្ញុំឱ្យកម្លាំងព័ត៌មានស្រាវជ្រាវបន្ត»។
ជុំវិញរឿងនេះអ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោកអូត ឡាទីនដែលតែងតែចុះល្បាតនៅតំបន់ព្រៃឡង់ជាហូរហែដែរនោះមើលឃើញថាសកម្មភាពអារឈើនៅតំបន់ព្រៃឡង់នៅតែកើតមានជារាងរាល់ថ្ងៃដោយសារតែមន្រ្តីបរិស្ថានគ្មានឆន្ទៈក្នុងការការពារព្រៃឈើពិតប្រាកដ។លោកអះអាងថាអាជ្ញាធរទាំងនោះហាក់ឈ្លក់វង្វែងនឹងការប្រព្រឹត្តអំពើពុកលាយតាមរយៈការទទួលថវិកាពីជនល្មើស។
លោកអូត ឡាទីន៖«បច្ចុប្បន្ននេះបទល្មើសព្រៃឈើកើតឡើងនៅក្នុងរូបភាពមួយទៀតគេប្រើប្រាស់ប្រជាពលរដ្ឋឱ្យទៅកាប់ហើយមិនឱ្យក្រុមជនល្មើសទាំងនោះនិយាយថាដឹកចូលក្រុមហ៊ុនទេឱ្យនិយាយថាដឹកចូលដេប៉ូរតូចៗនៅតាមកៀកៗនៅតាមតំបន់ព្រៃឡង់នោះទាំងម្ដង។តាមពិតទៅបទល្មើសទាំងនោះគឺវាកើតឡើងមានការជាប់ពាក់ព័ន្ធក្រុមហ៊ុនជាពិសេសក្រុមហ៊ុនម៉ាឃលឡូជីស្ទិក(MACLELOGISTICCAMBODIA Co.,Ltd)នៅខេត្តព្រះវិហារនោះទាំងម្ដងដែលតែងតែសកម្មការពារឈើនៅតំបន់ព្រៃឡង់»។
របាយការណ៍អង្កេតលើកទី២របស់ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យកូពែនហេហ្គែន(Copenhagen) នៃប្រទេសដាណឺម៉ាក (Denmark) ចេញផ្សាយកាលពីថ្មីៗ នេះបង្ហាញថាកម្ពុជាបានបាត់បង់ព្រៃឈើជាង១៤ម៉ឺនហិកតារ (១៤៤.០០០) កាលពីឆ្នាំ២០២០។ ក្នុងនោះការបាត់បង់គម្របព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់បានកើនឡើង ២២% ព្រៃព្រះរកាកើនឡើង ៤៣% និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នចំនួន ៤៧%។
ក្រុមអ្នកឃ្លាំងមើលបញ្ហាព្រៃឈើនិងប្រជាសហគមន៍ទទូចម្ដងហើយម្ដងទៀតថាអាជ្ញាធរពាក់ព័ន្ធគួរតែពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹងលើជនល្មើសនិងបើលំហរសិទ្ធិសេរីភាពដល់ប្រជាសហគមន៍ក្នុងចុះល្បាតការពារព្រៃឈើឡើងវិញដើម្បីរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។ពួកគាត់ថាបើសិនជាព្រៃឈើទាំងនេះអាចរក្សាបានល្អជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិរួមនឹងទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុនៅពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។