សហគមន៍​ព្រៃឡង់​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា កម្មករ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត កំពុង​សម្រុក​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​សាជាថ្មី

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ស្ទឹងត្រែង អះអាង​ថា កម្មករ​របស់​ក្រុមហ៊ុន អង្គរផ្លាយវូត ខូអិលធីឌី (Angkor PlyWood CO., LTD) កំពុង​សម្រុកចូល​កាប់​ឈើ​នៅក្នុង​ដែន​ជម្រកសត្វព្រៃ​ព្រៃ​ឡង់​សាជាថ្មី​។ មន្ត្រី​ក្រសួង​បរិស្ថាន​ថា ប្រសិនបើ​មាន​ករណីនេះ​មែន ពួកគេ​នឹង​ចាត់វិធានការ​តាមច្បាប់។

អស់​រយៈពេល​១០​ថ្ងៃ​ហើយ ដែល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ឃើញ ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត ខូ អិលធីឌី នាំគ្នា​ចូល​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដោយ​សេរី និង​មិនទាន់​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​នោះ​ទេ​។ តែ​ផ្ទុយទៅវិញ​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ ព្យាយាម​តាមដាន​និង​ហាមឃាត់​សហគមន៍​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ព្រៃឡង់​ឡើយ។

យុវតី​និង​ជា​សមាជិក​ក្រុម​ស្នូល​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ខេត្តស្ទឹងត្រែង កញ្ញា ឆេន លក្ខិណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែ​មិថុនា ថា រយៈពេល​១០​ថ្ងៃ​មកនេះ មាន​ក្រុម​កម្មករ ចូល​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ ចូល​ទៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត ដែល​មាន​ទីតាំង​ស្ថិត​នៅត្រង់​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ប៉ែក​ខាងកើត​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ កញ្ញា មានការ​ខកចិត្ត​ចំពោះ​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ​មិន​ព្រម​ចុះ​ទប់ស្កាត់​បទល្មើស និង​មានការ​សោកស្ដាយ​ដែល​ដើមឈើ​មានតម្លៃ​ត្រូវ​បាន​ជនល្មើស​លួច​កាប់​ដោយ​សេរី​បែបនេះ។

កញ្ញា ឆេន លក្ខិណា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ការ​សោកស្ដាយ ពីព្រោះ​យើង​ទៅ​លើក​មុន​វា​អត់​ទាន់​កាប់​និង​ដឹកជញ្ជូន​ឈើ​ច្រើន​ដល់​ថ្នាក់​នេះ​ទេ ដោយសារ​យើង​ទៅ​កាល​ពេល​បុណ្យ​ព្រៃឡង់​ព្រៃ​ដែល​យើង​ការពារ​វា​នៅ​ទាំងអស់ និង​ព្រៃ​តំបន់​អភិរក្ស​ក៏​គេ​កាប់​យក​ដែរ មាន​អារម្មណ៍​ថា មាន​ការ​សោកស្ដាយ​នៅ​ពេល​ដែល​អាជ្ញាធរ ឬ​មន្ត្រី​បរិស្ថាន​គាត់​មិនបាន​ចុះទៅ​ត្រួតពិនិត្យ​តំបន់​ដែល​គេ​កាប់ កាប់​យ៉ាង​អនាធិបតេយ្យ​ឃើញ​ច្រើន​ដឹក​ចេញ​មក​ច្រើន»។

រីឯ​សមាជិក​ក្រុម​ស្នូល​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ខេត្តស្ទឹងត្រែង​ម្នាក់ទៀត គឺ​លោក ខេង ខូ ឲ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​អាច​កើតឡើង​ទៅ​បាន ដោយសារតែ​មន្ត្រី​ជំនាញ​ឈរជើង​ការពារ​នៅ​តំបន់​នោះ បាន​ឃុបឃិត​គ្នា​ជាមួយ​ជនល្មើស​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​ត្រួតពិនិត្យ​និង​រឹត​បន្តឹង​ទៅលើ​មន្ត្រី​ថ្នាក់ក្រោម កុំ​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ។

លោក ខេង ខូ៖ «គ្មាន​ការ​ថយ​ចុះ​ទេ​មានតែ​ការ​កើនឡើង​ការ​ដឹក​ជញ្ជូន​ឈើ មានការ​ឃុបឃិត​គ្នា និង​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ ហើយ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើជា​ចម្ការ​ក៏​មាន​គាត់​កាប់​ទៅ​អត់​មាន​លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​ក៏​គេ​ចាប់​យក​ទៅ​ដាក់គុក អ្នក​ដែល​មាន​លុយ​ឲ្យ​លុយ​ទៅ​ក៏​រួចខ្លួន​ទៅ ខ្ញុំ​មើល​ជាក់ស្ដែង​គាត់​ចាប់​អនុវត្ត​ច្បាប់​ចំពោះតែ​អ្នកក្រ អ្នកមាន​លុយ​គាត់​អត់​ចាប់​យក​ទៅ​ផ្ដន្ទាទោស​ទេ​ឲ្យ​តែ​លុយ​ទៅរួច​ខ្លួន»។

សហគមន៍​លើកឡើង​ទៀត​ថា ក្រុម​ជនល្មើស​សម្រុក​កាប់​ប្រភេទ​ឈើ កកោះ សុ​ក្រម ដួងចែម និង​ដើម​ត្រ​សេក ជាដើម​។ សហគមន៍​ព្យាយាម​សួរ​ក្រុម​អ្នក​កាប់​ឈើ​ពី​តម្លៃ ការ​បង់​លុយ​ឲ្យ​មន្ត្រី​បរិស្ថាន និង​ថៅកែ​របស់​ពួកគេ ប៉ុន្តែ​ក្រុម​អ្នក​កាប់​ឈើ​លាក់បាំង​មិន​ព្រម​និយាយ​នោះ​ទេ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ស្រេង ជាហេង បាន​ទេ នៅ​ថ្ងៃទី​១០ ខែមិថុនា ដោយសារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល​។ រីឯ​ប្រធាន​ក្រុមហ៊ុន អង្គរផ្លាយវូត លោក ជា ពៅ ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ឲ្យ​ដឹង​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នោះ​ទេ​។ លោ​កថា​នឹង​សួរ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត ប្រសិនបើ​មាន​ករណីនេះ​កើតឡើង​មែន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមច្បាប់។

លោក ខ្វៃ អាទិត្យា៖ «អ៊ីចឹង​យើង​អនុវត្ត​វិធានការ​ទាំង​៤​នេះ ប្រសិនបើ​យើង​រក​ឃើញ​មន្ត្រី​យើង​អនុវត្ត​ច្បាប់ និង​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត កន្លងមក​ដូច​ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង​គឺ​យើង​បាន​អនុវត្ត​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ធនធាន​ធម្មជាតិ»។

កន្លងទៅ សហគមន៍ សកម្មជន​បរិស្ថាន និង​អង្គការ​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​រក​ឃើញ​ថា ក្រុមហ៊ុន អង្គរ​ផ្លាយវូត បាន​បញ្ជូន​កម្មករ​ឲ្យ​ចូល​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ និង​ប្រមូល​ទិញ​ឈើ​ទូទាំង​ប្រទេស ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ឈើ​នៅ​ទីផ្សារ​អន្តរជាតិ ដែល​ធ្វើការ​ដឹកជញ្ជូន​តាមរយៈ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ ចេញ​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម ក្អម​សំណ ខេត្ត​កណ្ដាល។ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​មួយ​នេះ​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ព្រួយបារម្ភ​ដែល​ក្រុមហ៊ុន​ធំៗ​វិលត្រឡប់​មក​ធ្វើ​អាជីវកម្ម​ឈើ​សាជាថ្មី​នៅ​តំបន់​ព្រៃ​ឡង់​និង​តំបន់​ការពារ​នានា​។ លើស​ពី​នេះ លោក​ថា យន្តការ​ដែល​ក្រសួង​បរិស្ថាន​ដាក់ចេញ​កន្លង​មក ក៏​មិនឃើញ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ឡើយ។

លោក អូត ឡាទីន៖ «ឈប់​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​នេះ ដឹកឈើ​ចេញទៅ​ខាងក្រៅ នេះ​ជា​សញ្ញា​មួយ​អាច​បញ្ជាក់​ថា ការ​ប្ដេជ្ញាចិត្ត​វា​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​ទិន្នផល​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​និង​ការ​ធ្វើ​អាជីវកម្ម​ឈើ ប៉ុន្តែ​ដរាបណា​ក្រុមហ៊ុន​ទាំងអស់​នេះ​នៅតែ​ដំណើរការ​ទៅ​បាន ខ្ញុំ​ជឿ​ថា​ការ​ប្ដេជ្ញាចិត្ត​ដែល​បាន​ដាក់​ចេញ​និង​យន្ត​ការដែល​បាន​ដាក់​ចេញ គឺ​មិនទាន់​អនុវត្ត​បាន​ល្អ​នៅឡើយ​ទេ»។

ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃដី​ជិត​៥​សែន (៤៨៩.៦៦៣)​ហិកតារ​ជាប់​ខេត្ត​ចំនួន​៤ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល បង្កើត​ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​នៅក្នុង​ឆ្នាំ​២០១៦។ ព្រៃ​នេះ​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​ប្រមាណ​ជាង​២​សែន​នាក់ ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​កួយ​។ ប៉ុន្តែ​រយៈពេល​ជិត​មួយ​ទសវត្ស មក​នេះ សកម្មជន​បរិស្ថាន អង្គការ​ស៊ីវិល​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា ដែន​ជម្រកសត្វព្រៃ​ព្រៃ​ឡង់​តែងតែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។