សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង ស្នើ​អាជ្ញាធរ​ស៊ើបអង្កេត​ការ​ឈូស​ឆាយ​ដី​ព្រៃ​ឡង់​ជិត ៣ពាន់​ហិកតារ

0:00 / 0:00

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង និង​អាជ្ញាធរ​មូលដ្ឋាន​ព្រួយបារម្ភ ពី​ការ​រីក​រាលដាល សកម្មភាព​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វព្រៃ​ឡង់ និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ​អស់​ជិត ៤ពាន់​ហិកតារ​ជាថ្មី​ទៀត ក្រោម​រូបភាព​ដីសម្បទាន​សង្គមកិច្ច។ ពួក​គេ​សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ លក់ដូរ​ដី​ព្រៃ​អភិរក្ស​ទើបបាន​ជា​មិន​អើពើ​ដោះ​ស្រាយ​បណ្តឹ​ងរ​បស់​សហគមន៍​ជិត ៣ ឆ្នាំ​មក​ហើយ។

សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ទំហំ​ជាង ១ពាន់ ៣រយ​ហិកតារ (១.៣៨១) និង​ដែន​ជម្រក​សត្វព្រៃ​ឡង់​មាន​ទំហំ​ជាង ២ ពាន់ ៦រយ​ហិកតារ (២.៦០៣) គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន កំពុង​ទទួលរង​ការ​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់ និង​លក់ដូរ​បែប​អនាធិបតេយ្យ។ សហគមន៍​ព្រៃ​ឡង់​អះអាង​ថា ពួក​គេ​មាន​ភស្តុតាង និង ឯកសារ​ច្បាស់លាស់ ដែល​បញ្ជាក់​ពី​ទំហំផ្ទៃ​ដី ក្នុង​ព្រៃ​អភិរក្ស និង​ព្រៃ​របស់​រដ្ឋ ត្រូវ​បាន​ឈូស​ឆាយ ទន្ទ្រាន ឱ្យ​ក្លាយជា​វាលរហោឋាន គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន ក្រោម​លេស ផ្តល់​ដីសម្បទាន​សង្គមកិច្ច។ សមាជិក​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង លោក ខេង ខូ ឱ្យ​ដឹង​នៅ​ថ្ងៃទី ១៥ កក្កដា​ថា ការ​ឈូស​ឆាយ​ព្រៃ​ខ្នាត​ធំ​នេះ អាច​ធ្វើ​ទៅ​បាន​ ទំនងជា​មានការ​អនុញ្ញាត​ពី​ឆ្មាំ​អភិរក្ស របស់ក្រ​សួង​បរិស្ថាន ដែល​ឈរជើង​ការពារ​ព្រៃ​នៅ​តំបន់​នោះ។ ពួក​គេ​អះអាង​ថា ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​នេះ ឋិតនៅ​នៅ​ចំណុច​ភ្នំ​ពោង ក្នុង​ភូមិ​ដូង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់។ លោក​ស្ដី​បន្ទោស​ឆ្មាំ​អភិរក្ស​របស់ក្រ​សួង​បរិស្ថាន​ថា បាន​រារាំង និង​គំរាមកំហែង​សហគមន៍ មិន​ឱ្យ​ចូល​ទៅ​តំបន់​នោះ ទំនងជា​ចង់​លាក់បាំង​ពី​ភាព មិន​ប្រក្រតី នៃ​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​នេះ៖ « ការ​កាប់​រាន​ដី​ព្រៃ​នេះ គឺ​ស៊ីញេ​ដោយ​លោក​មេឃុំ ជា​អ្នកលក់​ដី​ព្រៃ ឱ្យ​ពលរដ្ឋ​ចំណូល​ខេត្ត​ចំនួន ៦៩គ្រួសារ ហើយ​កំពុង​កាប់​រាន​ដី​ព្រៃធំ​ធេង។ តំបន់​ដី​រដ្ឋ មិនមែន​ជា​ដី​សហគមន៍​ទេ ហើយ​ចូល​តំបន់​អភិរក្ស ដែលគេ​កាប់​ចូល​ព្រៃ​អភិរក្ស​ចំនួន ២៦០៣​ហិកតារ ជា​ដី​តំបន់​ការពារ »

ចំណែក​សមាជិក​ក្រុម​ស្នូល​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភក្ត្រ ថ្លែង​ថា មកទល់​ពេល​នេះ ក្រុម​ពលរដ្ឋ​ចំណាក​ស្រុក​ប្រមាណ ៦៨គ្រួសារ បាន​សង់​លំនៅឋាន លើ​ដី​ដែល​កាប់​ទន្ទ្រាន​នោះ។ លោក​ថា ការ​អនុញ្ញាត​ឱ្យ​ក្រុម​ពលរដ្ឋ​ទាំង​នោះ តាំង​ទីលំនៅ​ជាប់​ព្រៃ​ឡង់ គឺ​ចៀស​មិន​ផុត មាន​ការ​លួច​កាប់​ឈើ​ខុស​ច្បាប់​នោះ​ទេ។ លោក​ថា ដើម​ច្បោះ​ជ័រ​ទឹក​ជាង ៤ពាន់​ដើម ក្នុង​តំបន់​ព្រៃ​ឡង់ ត្រូវ​គេ​កាប់​ផ្ដួល ធ្វើ​អាជីវកម្ម នៅ​រយះ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ៖ « ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ហ្នឹង មាន​ភាព​មិន​ប្រក្រតី មាន​ការ​ជាប់​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ ប្រហែល​អាច​ឈាន​ដល់កម្រិត​ថ្នាក់​ខេត្ត។ មន្ត្រី​ឧទ្យានុរក្ស​ថ្នាក់​មូលដ្ឋាន ហាក់​ដូចជា​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​អ្នក​ដែល​គាត់​បាន លក់ គាត់​អ្នកមាន​អំណាច​លក់​ដី​ហ្នឹង។ ប្រសិន​ជា​មិន​អ៊ីចឹង​ទេ គាត់​លក់ គាត់​អ្នក​មាន​អំណាច​លក់​ដី​ហ្នឹង។ ប្រសិន​ជា​មិន​អ៊ីចឹង​ទេ គាត់​មាន​ចំណាត់​ការ​ត្រឹម​ត្រូវ​ហើយ »

កាល​ពី​ឆ្នាំ២០១៥ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​កាំងចាម ​បាន​ប្រជុំ​កំណត់​តំបន់​ភ្នំ​ពោង​ ជា​ទី​តាំង​វិនិច្ឆ័យ​គោលដៅ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ មាន​ទំហំ​ជាង​ ៨០០​ហិកតារ ផ្តល់​ជូន​ពលរដ្ឋ​ក្រីក្រ​ ផ្អែក​តាម​សំណើ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ជាង​ ២០០​គ្រួសារ។ ទោះ​ជា​យ៉ាង​ណា ក្រុម​ឈ្មួញ ​អ្នក​មាន​អំណាច ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ស្ទឹងត្រែង​ខ្លះ បាន​ឃុបឃិត​គ្នា ​លក់​ដី​ព្រៃ​ និង​ធ្វើ​លិខិត​កាន់​កាប់​ដី​ធ្លី ​ឱ្យ​ពលរដ្ឋ​ចំណាកស្រុក ​ចូល​ទៅ​រស់នៅ​ និង​ឈូស​ឆាយ ​ពង្រីក​ផ្ទៃ​ដី​កសិកម្ម​ បំពាន​ចូល​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​អស់​រាប់ពាន់​ហិកតារ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​កាំងចាម​ លោក ដន លួន ទទួល​ស្គាល់​ថា ពិត​ជា​មាន​សកម្មភាព​កាប់​ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ និង​ព្រៃ​សាធារណ​របស់​រដ្ឋ ​អស់​រាប់​ពាន់​ហិកតារ​មែន​។​ លោក​ថា ​ដី​ដែល​កាប់​ទន្ទ្រាន ​និង​ឈូស ឆាយ​នោះ ​មាន​ការ​លក់ដូរ ​និង​ធ្វើ​ប្លង់​កម្មសិទ្ធិ ​ឱ្យ​ពលរដ្ឋ​ចំណូល​ថ្មី មិន​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។ ចំណែក​ពលរដ្ឋ​នៅ​មូលដ្ឋាន​វិញ លោក​ថា មិន​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច ​សូម្បី​តែ ១គ្រួសារ៖ « ឯកសារ​គេ​ដាក់​អ៊ីចឹង​ ដើម្បី​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ​តែ​តាម​ការ​ពិត​មិន​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ទេ ​ឱ្យ​អ្នក​ចំណាក​ស្រុក​។ ពលរដ្ឋ​អ្នក​ផ្ដិត​មេដៃ​អត់​បាន​អី​ទេ ​បាន​តែ​ពលរដ្ឋ​ចំណាក​ស្រុក ​មាន​លុយ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក ​ពលរដ្ឋ​ខឹង​សម្បារ​ និង​គគ្រឹក​គ្រេង​ណាស់​ កំពុង​មាន​ការ​ស្មុគស្មាញ​ណាស់ »

ឆ្លើយ​តប​រឿង​នេះ ​អ្នក​នាំ​ពាក្យ​សាលា​ខេត្តស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​ថា រដ្ឋបាល​ខេត្ត​បាន​ចាត់​ឱ្យ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ ​ចុះ​ស្រាវជ្រាវ​ធ្វើ​ស្ថិតិ​ទិន្នន័យ​ពលរដ្ឋ និង​សិក្សា​ពី​ស្ថានភាព​ កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់ ​ដើម្បី​កាត់​ឆ្វៀល​ដី​ចែក​ជូន​ពលរដ្ឋ​ជាក់ស្ដែង ​ដែល​រស់​នៅ​រយៈ​ពេល​យូរ​។ លោក​បញ្ជាក់​ថា ​ក្នុង​ករណី​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ និង​ព្រៃ​អភិរក្ស​ខុស​ច្បាប់ អាជ្ញាធរ​នឹង​ដក​ហូត​ដី​ទាំង​នោះ​ ហើយ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​ល្មើស៖ « មក​ដល់​ពេល​នេះ ​យើង​មិនទាន់​បាន​របាយការណ៍​លទ្ធផល ​ក្រុម​ការងារ ​កំពុង​ចុះ​ស្រង់​ស្ថិតិ ​ទិន្នន័យ ​ពី​ស្ថានភាព​កាប់​ទន្ទ្រាន​ហ្នឹង​ និង​ស្ថានភាព នៃ​កាប់​ទន្ទ្រាន​ហ្នឹង ​និង​ស្ថានភាព​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ព្រៃ​ឡង់​ ពី​យូរ​មក​ហើយ​ទេ។ ប្រហែល​ជា​សប្ដាហ៍​ក្រោយ​នេះ ​នឹង​មាន​កិច្ច​ប្រជុំ​ដើម្បី​ត្រួត​ពិនិត្យ​អំពី លទ្ធផល​នៃ​ការ​ចុះ​ធ្វើ​កិច្ច​ការងារ​នេះ។ ភាព​ជាក់​ស្ដែង​មន្ត្រី​មាន​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​ការងារ​នេះ ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​និង​សហគមន៍​ពាក់ព័ន្ធ »

ចំណែក អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មិន​អធិប្បាយ​ពី​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឡង់​អស់​ជាង​ ២ពាន់​ហិកតារ​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ក្រសួង​បរិស្ថាន​រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​បន្ត​អនុវត្ត​វិធានការ​ការពារ ​និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ ដោយ​ស្មារតី​ទទួល​ខុសត្រូវ។ លោក​ថា ក្រសួង​នឹង​ចាត់​វិធានការ​ រាល់​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​បាន​កើតឡើង។

មន្ត្រី​សម្រប​សម្រួល​សមាគម អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី យល់​ថា ការ​ឈូស​ឆាយ​ព្រៃ​ទ្រង់ទ្រាយ​ធំ ក្រោម​លេស​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ គឺ​ជា​អំពើ​ល្មើស​ច្បាប់ ព្រោះ​ដី​នៅ​តំបន់​នោះ អាជ្ញាធរ​ពុំ​ទាន់​ធ្វើ​អនុប្បយោគ និង​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ លោក​ថា រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​ចំពោះ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដែល​សមគំនិត​លក់​ដូរ ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ​និង​ព្រៃ​អភិរក្ស​ខុស​ច្បាប់៖ « បើ​កាប់​ថ្មីៗ​នេះ ​វា​មិន​អាច​ផ្តល់​ដី​ឱ្យ​គាត់​បាន​ទេ ​ព្រោះ​រំលោភ​បំពាន​ដី​រដ្ឋ ​ជា​អំពើ​ល្មើស​ច្បាប់។ គាត់​កាប់​ថ្មីៗ​ ហេតុអ្វី​មន្ត្រី​អភិរក្ស ​និង​អាជ្ញាធរ​មូលដ្ឋាន ​មិន​ចាត់​វិធានការ ​លើ​ដី​ព្រៃ​របស់​រដ្ឋ​ហ្នឹង។ វា​មាន​រឿង​ច្រើន​ ពី​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ។ បញ្ហា​នេះ​វា​កើត​ចេញ​ពី​ការ​មិន​អនុវត្ត ច្បាប់​ និង​មិន​ចាត់ការ​ទៅ​លើ​ជន​ដែល​ប្រព្រឹត្ត​ហ្នឹង​ឯង »

សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​រាប់​រយ​នាក់ បាន​ចូល​ទៅ​តាំង​ទី​លំនៅ និង​ទិញ​ដី​នៅ​តំបន់​នោះ ដោយ​ភាគច្រើន​មក​ពី​ខេត្ត​កំពង់ចាម ព្រៃវែង ខេត្ត​តាកែវ និង​រាជធានី​ភ្នំពេញ​។ ​ពួកគេ​បារម្ភ​ថា ទំហំ​ព្រៃ​ឡង់​នឹង​កាន់​តែ​រួម​តួច ​ប្រសិន​បើ​មិន​ទប់ស្កាត់ ​អនុវត្ត​ច្បាប់​ លើ​សកម្មភាព​ឈូស ឆាយ ​និង​ ទន្ទ្រាន ​ដី​ព្រៃ​អភិរក្ស​ដោយ​ខុសច្បាប់​នោះ​ទេ។

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ​សាកល​វិទ្យាល័យ ខូប៉ែនហាក (Copenhagen) របស់​ប្រទេស​ដាណឺម៉ាក ​បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ បង្ហាញ​ពី​ការ​បាត់បង់​ទំហំ​ព្រៃឈើ ​លើ​ផ្ទៃដី​ជិត ១ម៉ឺន​ហិកតារ (៧.៥១០) ក្នុង​ឆ្នាំ២០១៩ ​កើន​ឡើង ៧៣ភាគ​រយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨។ របាយការណ៍​បន្ថែម​ថា ការ​បាត់បង់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ មាន​ទំហំផ្ទៃ​ដី​ជាង ២ពាន់ ៥រយ​ហិកតារ (២.៥៦៥) ក្នុង​ឆ្នាំ២០១៩៕

ព្រៃ​ឡង់​នៅ​ចំណុច​ភ្នំ​ពោង ភូមិ​ដូង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រង​កាប់​ទន្ទ្រាន​អស់​ជាង ២ពាន់​ហិកតារ ថត​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០២០។
ព្រៃ​ឡង់​នៅ​ចំណុច​ភ្នំ​ពោង ភូមិ​ដូង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រង​កាប់​ទន្ទ្រាន​អស់​ជាង ២ពាន់​ហិកតារ ថត​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០២០។ (រូប៖ សហគមន៍​ព្រៃឡង់)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។