ប្រជាសហគមន៍ការពារព្រៃឡង់ខេត្តព្រះវិហារប្រទះឃើញរទេះក្របី និងគោយន្តជាច្រើនគ្រឿង ជាមធ្យោបាយដឹកជញ្ជូនឈើហ៊ុបធំៗ ចេញពីដែនជម្រកសត្វព្រៃឡង់ តម្រង់ចូលការដ្ឋានក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.)។ ការលើកឡើងនេះ ក្រោយពីពួកគាត់ បានលបចុះល្បាតជាថ្មីទៀត ដោយរកឃើញកម្មករជាច្រើននាក់ បោះតង់ក្នុងព្រៃ ដើម្បីកាប់ឈើលក់ឱ្យក្រុមហ៊ុនវៀតណាមមួយនេះ។
ក្រុមស្នូលបណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តព្រះវិហារអះអាង ថា ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី និង ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) កំពុងព្រួតដៃគ្នា ធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ ចេញពីដែនជម្រកសត្វព្រៃឡង់ ដោយប្រើប្រាស់រទេះក្របី ជំនួសរថយន្តច្នៃ ដើម្បីងាយស្រួលប្រមូលឈើមុខកាត់ធំៗ ចេញពីតំបន់អភិរក្សនេះនៅរដូវវស្សានេះ។
ពួកគាត់អះអាងថា ក្នុងមួយថ្ងៃៗ មានរទេះក្របី ១២គ្រឿង និងគោរយន្តយ៉ាងហោចណាស់ ២០ គ្រឿង ដឹកឈើចេញពីព្រៃឡង់ ជាច្រើនម៉ែត្រគូប មកស្តុកទុក ក្នុងបរិវេណក្រុមហ៊ុនវៀតណាមភីអ៊ិនធី(PNT) ឋិតក្នុងឃុំរៀបរយ ស្រុករវៀង។
ការលើកឡើងនេះ បន្ទាប់ពីក្រុមស្នូលបណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តព្រះវិហារ ១៧នាក់ បានលបចុះល្បាតព្រៃឡង់នៅពេលយប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ដោយរកឃើញភស្តុតាងជាច្រើន បង្ហាញពីឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំ កំពុងកើតមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងតំបន់ព្រៃឡង់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
ក្រុមប្រជាសហគមន៍ បានសម្ភាសកម្មករដឹកឈើតាមរទេះក្របីម្នាក់ ដោយគាត់អះអាងថា ពួកលោក បានស៊ីឈ្នួលដឹកឈើលក់ឱ្យក្រុមហ៊ុន ក្នុងមួយម៉ែត្រគូប ២០ ម៉ឺនរៀល ឬស្មើ ៥០ ដុល្លារ។ លោកថា មេការក្រុមហ៊ុនឈ្មោះ ចាប សារ៉ន ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធានាអះអាងនឹងការពារសុវត្ថិភាពពួកលោក ប្រសិនបើក្របី និងសម្ភារៈទាំងឡាយ ត្រូវសមត្ថកិច្ចឃាត់ចាប់បាន ក្រុមហ៊ុននឹងផ្តល់សំណង ជូនពួកគាត់វិញ។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ២៦ កក្កដាថា ក្រុមអ្នកធ្វើអាជីវកម្មឈើសរុបជិត ៣០នាក់ (២៨) ដែលក្នុងនោះមានទាំងកូនក្មេង ស្ត្រី និងមនុស្សចាស់ បានបោះតង់ស្នាក់នៅក្នុងព្រៃ ៣កន្លែងផ្សេងៗគ្នា ដើម្បីដាំបាយ ធ្វើម្ហូប ឱ្យអ្នកកាប់ឈើ។ លោកថា ពលរដ្ឋទាំងនោះចូលកាប់ឈើក្នុងដែនអភិរក្ស ដោយមិនខ្លាចញញើតនឹងច្បាប់នោះទេ ដោយមានក្រុមហ៊ុនកាងនៅពីក្រោយខ្នង ហើយពួកគាត់ភាគច្រើន មកពីខេត្តកំពត ឧត្តរមានជ័យ និងខេត្តកំពង់ធំ។
លោក ស្រី ថី សង្កេតឃើញថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ បានកើតមានជាង ៧ ខែមកហើយ មកទល់ពេលនេះ មិនទាន់ឃើញ ក្រសួងបរិស្ថាន អាជ្ញាធរ និងគណៈកម្មការជំនាញ មកអនុវត្តច្បាប់ឱ្យច្បាស់លាស់នៅឡើយទេ។ រីឯរបាយការណ៍របស់ពួកលោក អាជ្ញាធររដ្ឋាភិបាលតែងតែច្រានចោល ដោយមិនបានស៊ើបអង្កេតដល់ទីតាំងជាក់ស្តែងនៅឡើយ៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាល និងគណៈកម្មការជំនាញ ឱ្យគាត់វែកមុខអ្នកនៅពីក្រោយខ្នង ដែលដឹកនាំពលរដ្ឋកាប់បំផ្លាញព្រៃឈើ។ ឱ្យគាត់វែកមុខឱ្យឃើញ កុំឱ្យគាត់ច្រានចោល របាយការណ៍ពួកខ្ញុំដោយមិនបានស៊ើបអង្កេត វាអត់ត្រឹមត្រូវ។ មិនច្រានចោលរបាយការណ៍ ត្រូវចុះស៊ើបអង្កេត ពួកខ្ញុំធានា ជូនពួកគាត់ទៅដល់ទីតាំងគេកាប់បំផ្លាញ។
ប្រជាសហគមន៍ការពារព្រៃឡង់ បានចុះល្បាតក្នុងព្រៃអភិរក្សនេះ នៅចំណុច អូររី ស្រែក្រួច ជាំតាងេ បុស្សរាំង អូរអាមច៍ដែក អូរគគីរ ជាំក្បាលដំរី ភ្នំស្រឡៅ ភ្នំស្វែលកូន ធូរធ្នង់ ភ្នំតាងុត និងចំណុច ប្រាសាទគោល។ តំបន់ទាំនេះ ពោរពេញដោយសកម្មភាពអារឈើ និងការបរបាញ់សត្វបែបអនាធិបតេយ្យ ដោយគ្មានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន អនុវត្តច្បាប់នោះឡើយ។
លើសពីនេះ ឈើដែលក្រុមជនល្មើសសម្រុកកាប់បំផ្លាញ ភាគច្រើន ដើមឈើទាល ឬដើមយាង ដែលអ្នកស្រុកដុត យកជ័រទឹក មានមុខកាត់ ៣ តឹក ដល់ជាង ១ម៉ែត្រ ប្រវែង ៣ម៉ែត្រ ដល់ជាង ៦ ម៉ែត្រ។
លោក ស្រី ថី បន្ថែមថា ព្រៃឡង់ដែលសំបូរដោយបទល្មើសច្រើនជាងគេ ឋិតនៅតំបន់មុំបី ឬតំបន់ប្រសព្វគ្នា រវាងព្រៃឡង់ខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តកំពង់ធំ ហើយទីតាំងនោះ សំបូរដើមឈើផលិតជ័រទឹក ដែលអ្នកស្រុកដុតយកជ័រលក់ កំពុងក្លាយជាទីផ្សារកាប់ឈើយ៉ាងពេញទំហឹង។ លោកបញ្ជាក់ថា តំបន់នោះ ជាតំបន់ស្នូលព្រៃឡង់ ដែលក្រសួងបរិស្ថាន ចាត់ទុកថា ជាទីកន្លែងការពារដ៏តឹងរ៉ឹងបំផុតនោះ ដោយមានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ៖ «រទេះក្របីខ្លាំងជាក្រឡេថង ( គោយន្ត ) គេជញ្ជូនមួយថ្ងៃដល់ទិសដៅ គេដឹកពីព្រៃមកដាក់នៅដេប៉។ ដេប៉ូនៅភ្នំស្រឡៅ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បាននៅឡើយទេ នៅថ្ងៃទី២៧ កក្កដា។
រីឯអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និង អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។ រីឯតំណាងក្រុមហ៊ុនវៀតណាមភីអ៊ិនធី និងក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទង សុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ចំណែកឯមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ចាប់ សារ៉ន ដែលពលរដ្ឋចោទថា ជាមេកាឱ្យ ក្រុមហ៊ុន វៀតណាមភីអ៊ុនធី ធ្លាប់បដិសេធថា លោកមិនពាក់ព័ន្ធនឹងអាជីវកម្មឈើទាំងនេះទេ។ លោកអះអាងថា លោកមិនដែលស្គាល់ក្រុមហ៊ុនវៀតណាមនេះទេ ហើយក៏មិនដែលស្គាល់ព្រៃឡង់ដែរ។
ក្រុមហ៊ុនភីអ៊ិនធី (PNT Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជិត៨ពាន់ ( ៧.៩០០ )ហិកតារ នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ឆ្នាំ។ ក្នុងកិច្ចសន្យាក្រុមហ៊ុននេះវិនិយោគដំណាំខ្លឹមច័ន្ទ ចន្ទី និងដំណាំរួមផ្សំផ្សេងៗ ទៀត ប៉ុន្តែប្រជាសហគមន៍អះអាងថា ក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យានោះទេ ដោយសម្រុកកាប់ឈើ និងអាជីវកម្មឈើជាងមួយឆ្នាំមកហើយ។ លើសពីនេះទៀត ក្រុមហ៊ុនមានម៉ាស៊ីនអារច្រៀកឈើខ្នាតធំ ៤គ្រឿងឋិតក្នុងស្រុករវៀង ជាប់ព្រៃឡង់ខេត្តព្រះវិហារ។
កន្លងទៅ រដ្ឋបាលព្រៃឈើបានបំភ្លឺនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបង្ហាញថា ក្រសួងកសិកម្មបានអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក បង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋ ដើម្បីប្រមូលឈើក្នុងអនុតំបន់ ២.៣ និងអនុតំបន់ ៤ ឋិតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអ៊ិនធី(P.N.T Co., Ltd.)។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ សង្កេតឃើញថា បទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់ នៅតែកើតមានឡើងដដែលៗ ប្រសិនបើមន្ត្រីជំនាញ និង អាជ្ញាធរមានឆន្ទៈអនុវត្តច្បាប់គ្មានអ្វីលំបាកទេ។ លោកសង្ស័យថា អាជ្ញាធរ និងក្រុមហ៊ុនឃុបឃិតគ្នា ប្រព្រឹត្តបទល្មើសព្រៃឈើ បានជាមិនអើពើរាល់ក្តីកង្វល់ទាំងឡាយរបស់ប្រជាសហគមន៍៖ «ស្នើដល់រដ្ឋាភិបាលគួរណាមានវិធានការ ទៅមន្ត្រីថ្នាក់ក្រោមជាតិ ឱ្យមានវិធានការទៅហ្នឹង បទល្មើសទាំងអស់ហ្នឹង បើមិនអ៊ីចឹងទេ ព្រៃឈើនៅព្រៃវិហារនឹងហិនហោច»។
បណ្ដាញក្រុមស្នូលការពារព្រៃឡង់បន្ថែមថា រទេះក្របី ដែលក្រុមជនល្មើស កំពុងដឹកជញ្ជូនឈើចេញពីព្រៃឡង់ មានលក្ខណៈងាយស្រួលជាង គោយន្ត និងរថយន្តកែច្នៃ ហើយវាផ្ទុកឈើចន្លោះជាង ១ម៉ែត្រ ទៅជាង ២ម៉ែត្រគូប អាចដឹកឈើតាមផ្លូវវាង បទបែនតាមដងព្រៃ នៅរដូវវស្សា។ពួកគាត់អះអាងថា ក្រុមអ្នកដឹកឈើ សុទ្ធតែមានមេការក្រុមហ៊ុន កាងការពារសុវត្ថិភាព ដោយមានវិទ្យុទាក់ទងស្ទើរគ្រប់ដៃ ដើម្បីងាយស្រួលផ្តល់ព័ត៌មាន នៅគ្រាដែលមានអាជ្ញាធរចុះអនុវត្តច្បាប់។ រីឯឆ្មាំអភិរក្សរស់ក្រសួងបរិស្ថាន ដែលឈរជើងយាមព្រៃនៅទីនោះ មិនអើពើបង្ក្រាបបទល្មើសព្រៃឈើទាំងនេះទេ ប៉ុន្តែតឹងតែងចំពោះអ្នកការពារព្រៃឈើ មិនឱ្យចូលព្រៃអភិរក្សជិត ៣ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។