បណ្ដាញសហគមន៍ការពារព្រៃឡង់ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិចុះសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានត្រឹមត្រូវទៅលើប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា ដែលជាប់ពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃឡង់ភាគខាងត្បូង មានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរថ្នាក់ជាតិចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃមួយនេះ។
បណ្ដាញសហគមន៍ការពារព្រៃឡង់ សោកស្ដាយដែលប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ចុះហត្ថលេខា និងកាត់ឆ្វៀលដីព្រៃឲ្យទៅក្រុមជនល្មើសជាង ៦០កន្លែង ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ។ សហគមន៍ស្នើឲ្យអាជ្ញាធរថ្នាក់ជាតិ ចុះសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានត្រឹមត្រូវ និងត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ព្រៃឡង់។ សហគមន៍សង្ស័យថា ករណីនេះទំនងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ទើបក្រុមជនល្មើសលួចកាប់ទន្ទ្រានដីព្រៃរហូតដល់ស្នើសុំចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់បែបនេះ។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ខែតុលា ថា លោកភ្ញាក់ផ្អើលនៅពេលឃើញឯកសារជាច្រើន ដែលប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ចុះហត្ថលេខាយល់ព្រមកាត់ឆ្វៀលដីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ឲ្យទៅប្រជាពលរដ្ឋជាង ៦០កន្លែង នៅក្នុងតំបន់ព្រៃឡង់។ លោកបន្ថែមថា អាជ្ញាធរថ្នាក់ជាតិគួរចុះសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ជុំវិញការចុះហត្ថលេខាលើឯកសារ កាត់ឆ្វៀលដីព្រៃក្នុងតំបន់ព្រៃឡង់ឲ្យទៅប្រជាពលរដ្ឋបែបនេះ។
លោក ហឿន សុភាព៖ «ខ្ញុំគិតថាទាំងប្រធានមន្ទីរ អភិបាលខេត្ត ក៏ដូចជានាយករដ្ឋមន្ត្រីគួរតែចុះត្រួតពិនិត្យឲ្យបានជាក់លាក់ ថាតើតំបន់នេះគួរកាត់ឆ្វៀលឲ្យប្រជាពលរដ្ឋឬមិនគួរឆ្វៀល ឬក៏ដកយកមកដាំដើមឈើបន្ថែមឬក៏ដកទុកជាទ្រព្យសម្បត្តិរបស់រដ្ឋតែម្ដង ខ្ញុំសំណូមពរឲ្យមានការសមស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល»។
ស្រដៀងគ្នានេះដែរ អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តក្រចេះ លោក ស្វាយ សុង ឲ្យដឹងថា លោកសោកស្ដាយដែលអាជ្ញាធរចុះហត្ថលេខាលើឯកសារទាំងនោះ ដោយលោកថា សហគមន៍ចំណាយទាំងពេលវេលា កម្លាំងកាយចិត្ត ស្ម័គ្រចិត្តប្រឈមគ្រោះថ្នាក់គ្រប់បែបយ៉ាងដើម្បីការពារព្រៃឈើដែនជម្រកសត្វព្រៃព្រៃឡង់។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែចុះស្រាវជ្រាវ និងទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ករណីនេះនឹងបន្តកើតមានជាបន្តបន្ទាប់ទៀតជាក់ជាមិនខាន។
លោក ស្វាយ សុង៖ «សុំឲ្យខាងក្រសួងចុះស៊ើបអង្កេតការប្រគល់ដីឲ្យថាត្រឹមត្រូវ ឬមិនត្រឹមត្រូវ សូមឲ្យក្រសួងជួយស៊ើបអង្កេតតាមដានឲ្យច្បាស់ បើមិនអ៊ីចឹងទេអំពើពុករលួយនៅតែកើតមាន ហើយពួកខ្ញុំក៏មិនយល់ព្រមមិនយល់ស្របដែរ ពីព្រោះពួកខ្ញុំខំការពារដើម្បីប្រយោជន៍ប្រជាពលរដ្ឋ តែផ្ទុយទៅវិញ បើមានករណីអ៊ីចឹងវិញខ្ញុំមិនគាំទ្រទេ សូមឲ្យរដ្ឋាភិបាលក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិលជួយ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ លោក តុប កក្កដា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១៤ ខែតុលា។ ចំណែក អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា កាលពីឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ បានបង្ហាញផែនទីកំណត់ទីតាំងដើម្បីកាត់ឆ្វៀលដីព្រៃជិត ៦ពាន់ហិកតារ ចេញពីដែនជម្រកសត្វព្រៃព្រៃឡង់ឲ្យទៅប្រជាពលរដ្ឋ ដែលបានចូលទៅកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់នោះស្រាប់ នេះបើតាមផែនទីមួយផ្ទាំងដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃទី១៤ ខែតុលា។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន លើកឡើងថា អាជ្ញាធរថ្នាក់ជាតិគួរតែចុះសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ និងត្រូវបកស្រាយចំពោះបញ្ហានេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការសង្ស័យទៅលើមន្ត្រីមូលដ្ឋាន ថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកចង់ឃើញអាជ្ញាធរថ្នាក់ជាតិចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃរហូតដល់ទទួលបានកម្មសិទ្ធិស្របច្បាប់បែបនេះ។
លោក អូត ឡាទីន៖ «សូមឲ្យក្រសួងបរិស្ថានធ្វើការទៅលើបញ្ហានេះហើយធ្វើការឆ្លើយតបឲ្យបានម៉ត់ចត់ គឺសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ដើម្បីធ្វើការរកឲ្យឃើញថានរណាជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយលើបញ្ហានេះ ហើយប្រសិនបើមានជនណាពាក់ព័ន្ធនឹងអំពើពុករលួយក្នុងករណីនេះ សុំឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុតដោយមិនមានការលើកលែង»។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលបានប្រកាសពង្រីកទំហំផ្ទៃដីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ចាប់ពី ៤៣ម៉ឺន (៤៣១.៦៨៣) ហិកតារទៅ ៤៨ម៉ឺន (៤៨៩.៦៦៣) ហិកតារ។ បើទោះបីរដ្ឋាភិបាលពង្រីកផ្ទៃដីធំជាងមុនយ៉ាងណាក្ដី ក៏អង្គការជាតិ និងអន្តរជាតិ នៅតែរកឃើញថា តំបន់ការពារមួយនេះរងការបាត់បង់ធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។