បណ្ដាញព្រៃឡង់បានរកឃើញវិនាសកម្មព្រៃឈើកើតមានកាន់តែខ្លាំងនៅខេត្តព្រៃវិហារ ស្របពេលជិតដល់ការបោះឆ្នោតឃុំ-សង្កាត់។ ពលរដ្ឋចោទអាជ្ញាធរមូលដ្ឋានថា បានបើកដៃឱ្យជនល្មើសចូលកាប់ ដោយសេរី ដើម្បីជាថ្នូរឱ្យបោះឆ្នោតជូនគណបក្សកាន់អំណាចនៅពេលខាងមុខ។ សកម្មជនការពារព្រៃឈើព្រួយបារម្ភពីទង្វើរបស់អាជ្ញាធរពាក់ព័ន្ធនឹងភាពហិនហោចព្រៃឈើនៅពេលខាងមុខ។
សមាជិកបណ្ដាញព្រៃឡង់បានចុះល្បាតព្រៃកាលពីថ្ងៃទី១៣ ខែមេសា ដោយរកឃើញបទល្មើសព្រៃឈើបន្តកាប់បំផ្លាញកាន់តែខ្លាំង ខណៈការបោះឆ្នោះជិតចូលមកដល់។ ពួកគាត់ទើបតែបានដាក់ញត្តិ កាលពីថ្ងៃទី២៩ ខែមីនា ទៅក្រសួងបរិស្ថាន ឱ្យអាជ្ញាធរបញ្ឈប់បទល្មើសព្រៃឈើក៏ដោយ ក៏មិនទទួលបានលទ្ធផលឡើយ។
ប្រជាពលរដ្ឋដែលសកម្មជនការពារព្រៃឈើ លោក ស្រី ថី ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៧ ខែមេសាថា អាជ្ញាធរមូលដ្ឋាន បើកដៃឱ្យជនល្មើសចូលកាប់ព្រៃឡង់ ហិនហោចឈើធំៗ និងឈើប្រណិតៗ។ លោកអះអាងថា បទល្មើសបានកើតឡើងខ្លាំង កំឡុងពេលចូលឆ្នាំខ្មែរ។ លោកថា មន្ត្រីបរិស្ថានមិនអើពើទប់ស្កាត់ ជនល្មើសនោះទេ ព្រោះខ្លះបាត់បង់សន្លឹកឆ្នោតរបស់ពួកគេ៖ «មុនចូលឆ្នាំ១ថ្ងៃ ខ្ញុំបានទៅដល់ ( ឌីពូ ) ឈើគេនៅភ្នំស្រឡៅ ហើយខ្ញុំយកបានទាំងឯកសារ តម្លៃឈើ កូនកីបឈើ។ ឃើញគេដាក់ព្រៃទី១ ព្រៃទី២ ព្រៃទី៣ណា៎ ! ។ ប្រភេទឈើអ៊ីៗគេដាក់ហ៊ុំមកពីព្រៃឡង់ទាំងអស់។ សំណូមពររដ្ឋាភិបាល សម្ដេចតេជោ និងគណៈកម្មការជម្រុះបើសិនជាគាត់មានទឹកចិត្តស្នេហាព្រៃឈើពិតប្រាកដមែននេះ ឱ្យគាត់ហ្នឹងចុះមកមើលខ្លួនឯងកុំឱ្យគាត់នឹងថា ពួកយើងនឹងរាយការណ៍កុហកភូតភរ ហើយមួយទៀតមានតែសម្ដេចតេជោទេដែលគាត់ធានាអះអាងថា បាន។ ដូចគាត់ធ្វើខាងបឹងទន្លេសាប ដូចដែលអ្នកដែលឆក់ត្រី អ្នកចាប់ត្រីចង់ឱ្យគាត់បញ្ជរធ្វើទៅលើព្រៃឈើដូចគ្នាដែរ»។
លោកបន្តថា ការរកឃើញបទល្មើសរបស់បណ្ដាញព្រៃឡង់ និងបានរៀបចំជារបាយការណ៍ជាច្រើនលើក ទាំងមានភស្តុតាង ដាក់ទៅក្រសួងពាក់ព័ន្ធ ប៉ុន្តែក្រសួងទាំងនោះមិនបានចាត់វិធានការតាមច្បាប់នោះទេ ថែមទាំងចោទប្រកាន់ថា បណ្ដាញព្រៃឡង់គ្រាន់តែធ្វើសកម្មភាពដើម្បីបំពេញចិត្តរបស់ម្ចាស់ជំនួយប៉ុណ្ណោះ។ លោកបន្តថា ការបើកដៃឱ្យពលរដ្ឋមួយចំនួនចូលកាប់ឈើ ដែលមានក្រុមហ៊ុនធំៗ នៅពីក្រោយខ្នងបែបនេះ អាចនឹងឱ្យហិនហោច ព្រៃឈើ នៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗ។
ព្រៃឡង់មានផ្ទៃដីប្រមាណជាង៥០ម៉ឺនហិកតារ ស្ថិតនៅក្នុងខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ចន្ទសុជាតិ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោករវល់ជួបជុំគ្រួសារ។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មិនអាចទាក់ទងសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៧មេសា ដោយទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។ តែយ៉ាងណា លោកធ្លាប់ឆ្លើយតាមប្រព័ន្ធតេឡេក្រាម(Telegram)ថា បទល្មើសនៅមានតែខ្នាតតូចប៉ុណ្ណោះ ដែលមន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិ កំពុងបន្តទប់ស្កាត់ និងដកហូតឧបករណ៍ពាក់ព័ន្ធជាបណ្ដើរៗ ចំណែកបទល្មើសខ្នាតធំមិនមានដូចការលើករបស់បណ្ដាញសហគមន៍ព្រៃឡង់នោះទេ។
ជុំវិញរឿងនេះ សកម្មជនបរិស្ថាននៃសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN លោក សាន់ ម៉ាឡា ឱ្យអាស៊ីសេរីដឹងថា លោកគាំទ្រចំពោះការលើកឡើងរបស់បណ្ដាញព្រៃឡង់ និងប្រជាពលរដ្ឋមូលដ្ឋាន។ លោកបន្តថា កន្លងមកលោកតែងតែសង្កេតឃើញថា ឱ្យតែជិតដល់ការបោះឆ្នោត ឬមានបុណ្យទានម្ដងៗ ជនឆ្លៀតឪកាស កាប់ជាហូរហែ។ លោកយល់ថា បញ្ហានេះ អាចជាប់ពាក់ព័ន្ធបញ្ហាអំពើពុករលួយជាមួយមន្ត្រីនៅមូលដ្ឋាន ហើយអាជ្ញាធរពាក់ព័ន្ធហាក់មិនមានឆន្ទះទប់ស្កាត់បទល្មើសព្រៃឈើនោះទេ៖ «សម្រាប់ខ្ញុំបើសិនជាគេបើកដៃឱ្យកាប់បំផ្លាញព្រៃឈើដើម្បីទាញយកផលប្រយោជន៍នយោបាយ ឬក៏ការបោះឆ្នោត ពីសំណាកអ្នករកស៊ីឈើវាមិនត្រឹមត្រូវ ហើយជាអ្វីដែលអង្គការស៊ីវិលរបស់យើងជំទាស់ ហើយស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ពង្រឹងនូវការងាររបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងថែរក្សាព្រៃឈើឱ្យបានខ្ជាប់ខ្ជួន ព្រោះបើសិនជាមានការកើនឡើងខ្លាំង ត្បិតតែអ្នកខាងក្នុងគេបោះឆ្នោតគាំទ្រពួកគាត់ ប៉ុន្តែប្រជាជននៅក្នុងប្រទេសផ្សេងទៀតអាចសម្ដែងការមិនពេញចិត្ត នឹងបោះឆ្នោតទៅឱ្យដៃគូប្រកួតប្រជែងរបស់រដ្ឋាភិបាល»។របាយការណ៍របស់អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដែលបានស្រាវជ្រាវអំពីព្រៃឡង់ កាលពីឆ្នាំ២០១៩ ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ បាន បាត់បង់ព្រៃប្រមាណ៤៧.៤០០ ហិកតារ។
ចំណែករបាយការណ៍ថ្មីរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅក្នុងឆ្នាំ២០២១ ឱ្យដឹងថា ព្រៃឈើជាង៦ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃធំៗចំនួន២ គឺ ដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការត្រូវបានជនល្មើសកាប់បំផ្លាញ តាមរយៈការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ របាយការណ៍ដដែលបញ្ជាក់ថា ការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ កំពុងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិនិងវប្បធម៌របស់ជនជាតិដើមភាគតិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។