អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ដោះលែង​សកម្មជន​ការពារ​ព្រៃឈើ និង​អ្នក​សារព័ត៌​មាន ៦រូប ក្រោយ​ធ្វើ​កិច្ច​សន្យា

កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​នៅ​ល្ងាច​ថ្ងៃ​ទី២៥ វិច្ឆិកា​ បាន​ដោះលែង​សកម្មជន​បរិស្ថាន ៥នាក់ និង​អ្នក​សារព័ត៌មាន​ម្នាក់​ ក្រោយ​ពី​សួរនាំ​រយៈ​ពេល២​ថ្ងៃ​ជាប់​គ្នា ក្នុង​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង។ ប៉ុន្តែ​ក្រោយ​ពី​ការ​ដោះលែង ពួកគេ​ហាក់​ព្យាយាម​រក្សា​ភាព​ស្ងៀមស្ងាត់។

ក្រោយ​ការ​ដោះលែង​សកម្មជន​ការពារ​ព្រៃឈើ និង​អ្នក​សារព័ត៌មាន​ទាំង​នោះ ​មាន​ទឹក​មុខ​ស្លេកស្លាំង ភ្នែកខ្មៅ និង​ញញឹម​រាក់​ទាក់​ទៅ​កាន់​អ្នក​ទ្រ​ និង​អ្នក​ឃ្លាំមើល ប៉ុន្តែ​ពួកគេ​មិន​និយាយ​អ្វី​ ដែល​ជាប់​ទាក់ទង​នឹង​បញ្ហា​នៃ​ការ​ចាប់​ខ្លួន​នោះ​ទេ។

អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៥ វិច្ឆិកា ថា សំណុំ​រឿង​នេះ​មិនមែន​ជា​បទល្មើស​ដែល​ត្រូវ​ចោទ​ប្រកាន់​នោះ​ទេ​ ហើយ​បច្ចុប្បន្ន​សកម្មជន​ការពារ​បរិស្ថាន​ទាំង​នោះ​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ ទំនង​ជា​មាន​គំនាប​ពី​ខាង​ក្នុង។

លោក យិន ម៉េងលី៖ «អត់​មាន​បទល្មើស​ដែល​ត្រូវ​ធ្វើការ​ចោទ​ប្រកាន់​ទេព្រោះ​ឥឡូវ​នេះ​ពួកគាត់​ស្ងៀម​វា​ស្ងាត់​មិន​និយាយ​អ្វី​ទាំងអស់​ដែល​ធ្វើ​ឱ្យ​យើង​មាន​ការ​លំបាក​ហាក់បី​ដូច​ជា​ពួកគាត់​កំពុង​មាន​គំនាប​មួយ​ចេញ​ពី​ខាង​ក្នុង​មក។

មន្ត្រី​អាវុធហត្ថ​បាន​ឃាត់ខ្លួន​និង​សាកសួរ​សកម្មជន​បរិស្ថាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ព្រុំ ម៉ៅ លោកក មន ម៉ាប់ (ហៅ ផុន) លោក អូត ឡាទីន និង​អតីត​អ្នក​សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ​និង​បច្ចុប្បន្ន​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​លោក តាត ឧត្តម។

លោក យិន ម៉េងលី បញ្ជាក់​ថា ក្រោយ​ពី​ការ​ដោះលែង​សមត្ថកិច្ច​បាន​ប្រគល់​វត្ថុតាង និងម៉ូតូ​ជូន​ពួកគាត់វិញ។ រីឯ​សម្ភារៈ​ផ្សេង​ទៀត​រួមមាន ទូរសព្ទដៃ​ និង​ឧបករណ៍​បង្ហោះ​លើ​អាកាស (Drone) ជាដើម​ លោក​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ពួកគាត់​ទាំង​នោះ​ត្រូវ​បាន​មន្ត្រី​អាវុធ​ហត្ថ​ឃាត់ខ្លួន កាល​ពី​ថ្ងៃ​ទី ២៣ វិច្ឆិកា​ ដោយ​ចោទ​ពី​បទ ចូល​តំបន់​ហាមឃាត់​ដោយ​គ្មាន​ការ​អនុញ្ញាតក្នុង​ពេល​ពួកគាត់​កំពុង​ឃ្លាំមើល​បទល្មើស កាប់​ព្រៃឈើ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បដិសេធ​មិន​អធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ដោយ​លោក​ថា ជា​នីតិវិធី​របស់​តំណាង​អយ្យការ។

លោក អេង ហ៊ី៖ «ពាក់ព័ន្ធ​រឿង​ហ្នឹង​គឺ​ដឹកនាំ​សម្រប​សម្រួល​ ត្រូវ​សួរ​នាំ​ព្រះ​រាជ​អយ្យកា​ឬ​អយ្យការ​រង។ អ៊ីចឹង!សូម​ឱ្យ​សួរ​ទៅ​អ្នក​នាំពាក្យ​របស់​ខាង​អយ្យការ ឬ​តំណាង​អយ្យការ​ទៅ»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង ខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ បាន​នៅ​ឡើយ​ទេនៅ​ថ្ងៃទី ២៥ វិច្ឆិកា។

រីឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្រុម​យុវជន និង​សហគមន៍​ការពារ​ព្រៃឈើ​ប្រមាណ ​១៥ នាក់ បាន​ទៅ​ឃ្លាំមើល​នៅ​មុខ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត នៅ​ថ្ងៃ​ទី ២៥ វិច្ឆិកា​ដើម្បី​តស៊ូ​មតិ​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង ៦នាក់នោះ។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់​ស្រុក​ថា ឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ប៊ុន វ៉ាន់នី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ ចំណាត់ការ​របស់​អាជ្ញាធរ​នឹង​គ្មាន​ផល​ចំណេញ​ដល់​សង្គម​ជាតិ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ជា​ទង្វើ​គំរាម​កំហែង និង​បំបាក់​ស្មារតី​ លើ​អ្នក​ការពារ​ធនធាន​ធម្មជាតិ។ ចំណែក​ឯ​អ្នក​បំផ្លាញ​ធនធាន​ធម្មជាតិ​ នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដដែលៗ ដោយ​គ្មាន​ចំណាត់​ការ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

លោក ប៊ុន វ៉ាន់នី៖«ការ​ចាប់​ពួកគាត់​ហាក់​ដូចជា​ផ្ដល់​ឱកាស​មួយ​ទៅ​ដល់​ពួក ឈ្មួញ​រក​ស៊ី​លើ​បទល្មើស​ខុសច្បាប់​លើ​ធនធាន​ធម្មជាតិ​របស់​យើង​កាន់​តែ​ច្រើន​ព្រោះ​សកម្មជន​ដែល​ការពារ​ពួកគាត់​គ្រាន់​តែ​ការពារ​សោះ​បែរ​ជា​ចាប់។ គ្រប់​យ៉ាង​គឺ​ពួកគាត់​លះបង់​សម្រាប់​តែ​ប្រជាជន​យើង​ទាំង​អស់​គ្នា​មិនមែន​សម្រាប់​តែ​ប្រជាជន​នៅ​ខេត្ត​ស្ទឹងត្រែង​ទេ គឺ​នៅ​ទូទាំង​ប្រទេស»។

យុវជន​រស់​នៅ​រាជ​ធានី​ភ្នំពេញ លោក ហៀម ផេត យល់​ថា សកម្មជន​ការពារ​បរិស្ថាន​ទាំង​នោះ បាន​ប្តូរ​ជីវិត​ការពារ​ព្រៃឈើ និង​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ ​ដើម្បី​ប្រយោជន៍​រួម ដែល​លោក​ថា​អាជ្ញាធរ​គួរតែ​លើក​ទឹកចិត្ត​ និង​សហការ​ជាមួយ​ពួកគាត់។

លោក ហៀម ផេត៖«រំលោភ​សិទ្ធិ​ពួកគាត់​ ហើយ​បំបិទ​សិទ្ធិ​សេរីភាព​ពួកគាត់ ដោយ​គ្រាន់តែ​ការពារ​ផល​ប្រយោជន៍​រួម​ ចំណែក​អ្នក​ដែល​លួច​បំផ្លាញ​ធនធាន​ធម្មជាតិ បែរ​ជា​ច្បាប់​នៅ​មូលដ្ឋាន​មិន​ចាប់​ទៅ​វិញ»។

ក្នុង​ចំណោម​ពួកគាត់​ទាំង​៦​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​នោះ ក៏​មាន លោក អ៊ូច ឡេង ដែល​ជា​អ្នក​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោ និង​ធ្លាប់​ទទួល​ បាន​ពាន​រង្វាន់​ឆ្នើម​ផ្នែក​ការពារ​បរិស្ថាន ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize) ក្នុង​ឆ្នាំ២០១៦។ មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​ថា​ចំណាត់ការ​របស់​អាជ្ញាធរ​គឺ​ជា​ការ​លាក់​បាំង​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតីនៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន ធី.អេស.អិម.ដាប់​បែលយូ ឯ.ក(TSM WW)ផ្ទុយ​ពី​បម្រាម​របស់​រដ្ឋាភិបាល​និងការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ភ្នំ​ក្រឡា​ពស់​ ក្នុង​ស្រុក​សេសាន​ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំដែន​ខេត្ត​រតនគិរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។