ពលរដ្ឋ​ខេត្ត​កែប​ចោទ​ប្រកាន់​អាជ្ញាធរ​ថា អនុវត្ត​ច្បាប់​នេសាទ អត់​ស្មើភាព

ប្រជា​នេសាទ​ជាច្រើន​គ្រួសារ​កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត រឿង​អាជ្ញាធរ​ខេត្តកែប​ អនុវត្ត​ច្បាប់​នេសាទ​មិន​ស្មើភាព​គ្នា​ដោយ​លម្អៀង​ទៅ​រក​បុគ្គល​មាន​លុយ​មាន​អំណាច។ ក្រុម​ពលរដ្ឋ​ទាំង​នោះ ស្នើ​ដល់​អាជ្ញាធរ​ជំនាញ​ឱ្យ​បកស្រាយ​រឿង​នេះ និង​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។

ប្រជា​នេសាទ​ទាំង​នោះ ​ប្រមាណ ៥០គ្រួសារ​ រស់​នៅ​ភូមិស្រែយល់ និង​ភូមិអំពែង ឃុំអំពែង ស្រុក​ដំណាក់​ចង្អើរ​ទាមទារ​ឱ្យ​មន្ត្រី​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្តកែប អនុវត្ត​ច្បាប់​នេសាទ​ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​មិន​ត្រូវ​យោគយល់​តែ​អ្នក​មាន​អំណាច​ តែ​ធ្វើបាប​ចំពោះ​ពលរដ្ឋ​ក្រីក្រ​នោះ​ឡើយ។

តំណាង​ពលរដ្ឋ​ លោក ហុំ សិន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី២ សីហា​ថា មន្ត្រី​រដ្ឋបាល​ជលផល​មួយ​ចំនួន បាន​ឃាត់​ចាប់​ដុំ​ឆក់ របស់​ប្រជា​នេសាទ​អស់​ជាច្រើន​គ្រឿង ប៉ុន្តែ​បែរ​ជា​បណ្ដោយ​ឱ្យ​អ្នក​នេសាទ​នៅ​តំបន់​ផ្សេងៗ ដែល​ជាប់​សែស្រឡាយ​អ្នក​មាន​អំណាច ប្រើ​ដុំ​ឆក់​បាន​ដោយ​សេរី។

លោក​ថា ប្រជា​នេសាទ​ជាច្រើន​គ្រួសារ កំពុង​ប្រឈម​ជីវភាព​ខ្វះខាត​ មិនបាន​ទៅ​នេសាទ​ច្រើន​ថ្ងៃ​មក​ហើយ ព្រោះ​ក្រុម​មន្ត្រី​រដ្ឋបាល​ជលផល ​កំពុង​ត្រៀម​ឃាត់​ចាប់ ដុំ​ឆក់​របស់​ពួក​លោក​ជា​ច្រើន​គ្រឿង ហើយ​ប្រសិន​បើ​គ្មាន​ដុំ​ឆក់​ទេ ពួក​លោក​នឹង​មិន​អាច​រក​ត្រី​បាន​ឡើយ។

លោក​ទទួលស្គាល់​ថា ដុំ​ឆក់ ជា​ឧបករណ៍​ខុស​ច្បាប់ តែ​លោក​ចង់​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្មាន​ មិន​គួរ​ឃាត់​ចាប់​តែ​ពួក​លោក ​ប៉ុន្តែ​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេង​ប្រើប្រាស់​បាន​នោះ​ទេ៖ «ម៉ែ​ ឆាលី​គាត់​មាន​អំណាច ​សូម​មន្ត្រី​ជលផល​ កុំ​កាន់​តែ​ជើង​ពលរដ្ឋ​មាន​លុយ​មាន​អំណាច តែ​គាប់​ពលរដ្ឋ​ក្រីក្រ ​យក​លុយ​ទិញ​អង្ករ​ឱ្យ​កូន​ហូប​មិន​បាន។

កាល​ពី​ថ្ងៃ​ទី១ សីហា ពលរដ្ឋ​ជាង ៤០នាក់ តំណាង​ឱ្យ​ប្រជា​នេសាទ​ជាង ៥០គ្រួសារ រស់​នៅ​ភូមិ​ចំនួន ​២ ​ក្នុង​ឃុំអំពែង​ បាន​លើក​គ្នា​តវ៉ា​នៅ​សាលាស្រុក​ដំណាក់ចង្អើរ​ ដើម្បី​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ ពលរដ្ឋ​ថា អាជ្ញាធរ​ស្រុក ​បាន​សន្យា​នៅ​ចំពោះ​មុខ​ពួកគាត់​ថា នឹង​កោះហៅ​ភាគី​ពាក់ព័ន្ធ​មក​ដោះស្រាយ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។

លោក ហុំ សិន បន្ថែម​ថា ដុំ​ឆក់​ដែល​ប្រជា​នេសាទ​ប្រើប្រាស់​សម្រាប់​នេសាទ​សមុទ្រ មាន​ប្រភព​ពី​ប្រទេស​វៀតណាម ហើយ​ពួក​លោក​មាន​ទម្លាប់​ប្រើ​ឧបករណ៍​នេះ​ជាង ២០ឆ្នាំ​មក​ហើយ។ លោក​បញ្ជាក់​ថា ដុំ​ឆក់​នេះ មាន​តម្លៃ​ចន្លោះ​ពី ១លាន​រៀល (១.០០០.០០០) ដល់ ១លាន ៣សែន​រៀល ​(១.៣០០.០០០) ដែល​មន្ត្រី​រដ្ឋបាល​ជលផល ឃាត់​ចាប់​ពី​ពួក​លោក ហើយ​លួច​យក​ទៅ​លក់​បន្ត​ជា​ហូរហែ ​។ ​លោក​បារម្ភ​ថា​ ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ នឹង​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ក្រីក្រ​ ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្នែក​ពី​ផល​នេសាទ៖ «ប្រជា​ពលរដ្ឋ​នៅ​ខេត្តកែប​អត់​ប្រើ​ឆក់​ ក៏​អូស​ក៏​អត់​បាន​ដែរ ​ព្រោះ​មាន​ជន​ជាតិ​វៀត​ណាម ​ចូល​មក​អូស​ក្នុង​ដី​ខ្មែរ​យើង​ដែរ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកែប ​លោក ថឹង បូរិន និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្តកែប ​លោក វ៉ោ សុខា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២ កក្កដា។ ចំណែក ​អភិបាលខេត្ត​កែប ​លោក​ សោម ពិសិដ្ឋ ​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកែប លោក ថឹង បូរិន បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ឆ្នាំ២០២១ ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ នៅតែ​កើត​មាន​សកម្មភាព​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​សមុទ្រ​ ខេត្ត​កែប​កំពុង​បំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា ថ្ម​ប៉ប្រះ ផ្កាថ្ម និង​ជម្រក​មច្ឆាជាតិ​ជា​ដើម។

ជុំវិញ​រឿង​នេះ ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ចាត់​ទុក ការ​ប្រើ​ឧបករណ៍​ឆក់ ដើម្បី​នេសាទ​សមុទ្រ ជា​ទង្វើ​ខុសច្បាប់ ហើយ​អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា ដោយ​មិន​រើសអើង៖ «បើ​អាជ្ញាធរ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ​ទេ នឹង​ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​កាំបិត​មុខ​ពីរ ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹង​សម្បារ តែ​អ្នកមាន​អំណាច​ខ្លះ គាត់​សប្បាយ​ចិត្ត​គាត់​រក​បាន​តែ​ឯង»

របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្តកែប បង្ហាញ​ថា ក្នុង​ឆ្នាំ២០២១ ប្រជា​នេសាទ​សមុទ្រ​ខេត្តនេះ ​ប្រមូល​ផល​ត្រី​បាន​ជាង ៥ពាន់​តោន (៥.២៤៧) ហើយ​ការ​បង្ក្រាប​បទ​ល្មើស​ជលផល​មាន​ចំនួន​ ៤០ករណី។

អាជ្ញាធរ​រក​ឃើញ​ថា ​ផ្ទៃ​សមុទ្រ​ខេត្តកែប​អំណោយ​ផល ផ្នែក​ជីវចម្រុះ​ងាយ​ស្រួល​រស់​នៅ ព្រោះ​តំបន់​នោះ មាន​ផ្ទៃ​សមុទ្រ​សម្បូរ​ស្មៅ​ដែល​ជា​ប្រភព​អាហារ​យ៉ាង​សំខាន់​របស់​ត្រី និង​ជីវចម្រុះ​សមុទ្រ។ បន្ថែម​ពី​នេះ ​សមុទ្រ​ខេត្តកែប មាន​កន្លែង​អភិរក្ស​ស្មៅ​សមុទ្រ ​និង​កន្លែង​អភិរក្ស​ជលផល ១០តំបន់​ ដែល​មាន​ផ្ទៃ​ដី​សរុប​ជាង ៣ពាន់​ហិកតារ (៣.០៩៥)៕