ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តា​មោក​បារម្ភ​បាត់​មុខ​របរ ក្រោយ​ពី​បឹង​ត្រូវ​អាជ្ញាធរ​ឈូស​លុប

ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​ជាប់​បឹង​តា​មោក​ជា​ច្រើន​គ្រួសារ​ព្រួយ​បារម្ភ​បាត់បង់​មុខ​របរ បន្ទាប់​ពី​គ្រឿង​ចក្រ​នៅ​តែ​បន្ត​ចាក់​លុប​ផ្ទៃ​បឹង​តា​មោក​ទាំង​ថ្ងៃ​ទាំង​យប់។ ពួក​គាត់​ថា គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល កំពុង​បំផ្លាញ​មុខរបរ ដែល​ប៉ះពាល់​ប្រភព​ចំណូល​សេដ្ឋកិច្ច​ប្រចាំថ្ងៃ និង​លំនៅឋាន​របស់​ពួក​គាត់។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល គួរ​គិតគូរ​សិក្សា​ពី​ប្រភព​ពលរដ្ឋ​តំបន់​បឹង​តា​មោក មុន​ចង់​ដោះស្រាយ ឬ​ដោះដូរ​ណា​មួយ ដោយ​មិន​បង្ខំ​ពលរដ្ឋ​ឱ្យ​ទៅ​រស់នៅ​កន្លែង ដែល​ពួក​គាត់​មិន​ចង់​ទៅ។

ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ១៥១ ជាប់​បឹង​តា​មោក ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដែល​ប្រកប​មុខរបរ បេះ​បន្លែ រក​នេសាទ​ត្រី ដាំ​ឈូក បេះ​ត្រកួន បារម្ភ​ខ្លាច​បាត់បង់​មុខរបរ និង​ខ្លាច​អាជ្ញាធរ ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ ពួក​គាត់​មួយ​ចំនួន​ទាមទារ​ដល់​រដ្ឋាភិបាល​អភិវឌ្ឍន៍ នៅ​នឹង​កន្លែង ហើយ​ខ្លះ​ទៀត ទាមទារ​សំណង​ក្នុង​តម្លៃ​ទីផ្សារ។

ក្នុង​ទឹក​បឹង​ជម្រៅ​ត្រឹម​ក មាន​កាធុន​ជ័រ​មួយ​ចង​ភ្ជាប់​ខ្សែ​ទៅ​នឹង​ខ្លួន លូក​ដៃ​ចុះ​ទៅ​ក្នុង​ទឹក​រាវរក​ក្រអៅ​ឈូក ដើម្បី​ដក​យក​ទៅ​លក់​បាន​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​របស់​លោកស្រី ទឹម អ៊ុក។

ពលរដ្ឋ​អាស្រ័យ​ផល និង​រស់នៅ​ជាប់​បឹង​តា​មោក លោកស្រី ទឹម អ៊ុក ដែល​មាន​សមាជិក​គ្រួសារ ៨នាក់ និង​កូន ៦នាក់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៥ ខែ មករា​ថា សព្វថ្ងៃ​ក្រុម​គ្រួសារ​លោកស្រី តែងតែ​រាវ​លៀស រក​ត្រី ដក​ក្រអៅ​ឈូក យក​ទៅ​លក់​បាន​ប្រាក់​ដោះ​ស្រាយ​ជីវភាព។ លោកស្រី​ថា លោកស្រី​មក​រស់នៅ និង​អាស្រ័យ​ផល​បឹង​មួយ​នេះ តាំងពីឆ្នាំ១៩៩៤ មក ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ មិន​ព្រម​ធ្វើ​សៀវភៅ​គ្រួសារ ដល់​លោកស្រី​នោះ​ទេ ហើយ​កូនៗ ក៏​មិន​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន​ឡើយ។ លោកស្រី អះអាង​ថា គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល បាន​ចាក់​លុប​ផ្ទៃ​បឹង​តា​មោក​ប្រមាណ ៧០% ហើយ​ត្រី​ក្នុង​បឹង​តា​មោក​លែង​មាន​ច្រើន​ដូច​ពី​មុន​ហើយ។ លោកស្រី​បារម្ភ​ពី​ការ​បាត់បង់​មុខ​របរ និង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​របស់​អាជ្ញាធរ ក្រោយ​លុប​បឹង​រួច ព្រោះ​លោកស្រី​អាច​ដោះដូរ​ដី​ទៅ​រស់នៅ​កន្លែង​ថ្មី​បាន​ទេ។

លោកស្រី ទឹម អ៊ុក៖«គេ​លុប​បឹង​អស់​ហើយ យើង​ទៅ​រក​ស៊ី​អ្វី ពី​មុន​មក​យើង​ប្រកប​មុខ​របរ អ្នកនេសាទ ដក​ក្រអៅ​ឈូក​អ៊ីចឹង បេះ​ត្រកួន បេះ​ព្រលិត​អី​ហ្នឹង។ និយាយ​ទៅ​យើង​អ្នក​ក្រឡឹង​ជុំវិញ​បឹង យើង​ទៅ​រក​អ្វី​បាន​ក្រៅពី​ហ្នឹង​ទេ បើ​យើង​ដឹង​តែ​ចុះ​បឹង​យើង​ដឹង​តែ​បាន​លុយ​ហើយ តិច​ច្រើន​អី ដឹង​តែ​បាន​ប្រចាំ​ថ្ងៃ​អ៊ីចឹង​តែ​ម្ដង។ គេ​ត​ចាក់​រហូត​អ៊ីចឹង​ចាក់​ដី​ចាក់​ខ្សាច់ៗ អ៊ីចឹង​ណា។ ខ្ញុំ​អត់​ព្រម​ដូរ​ដោះដូរ​ទេ នឹក​ឃើញ​ថា ខ្ញុំ​មក​នៅ​ហ្នឹង​តាំង​ពី​ឆ្នាំ១៩៩៤ អ៊ីចឹង​ហើយ ខ្ញុំ​នៅ​ស្រឡាញ់​មុខ​របរ​ខ្ញុំ ជីវភាព​របស់​ខ្ញុំ ខ្ញុំ​ក៏​មិន​ចង់​រើ​បម្រាស់​ទៅ​ណា​ដែរ យើង​វា​នៅ​ជិត​ផ្សារ​វា​ស្រួល នឹក​ឃើញ​ថា បាន​អ្វី​បន្តិច​យើង​យក​លក់​ទៅ ក៏​នៅ​យើង​បាន​លុយ​ចិញ្ចឹម​ជីវភាព​រាល់​ថ្ងៃ»។

ដី​ប្រមាណ​ប្រាំ​ហិកតារ​ជា​លំនៅឋាន របស់​ពលរដ្ឋ​បឹង​តា​មោក ក្នុង​ឃុំ​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដែល​ពលរដ្ឋ​មក​រស់នៅ និងអាស្រ័យផលតាំងពីឆ្នាំ១៩៩០ ប៉ុន្តែ​សព្វថ្ងៃ​ប្រឈម នឹង​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ បច្ចុប្បន្ន​ អ្នក​ភូមិ​ដែល​រស់នៅ​ជាប់​បឹង​តា​មោក​មាន​ជាង​មួយ​រយ​ខ្នង​ផ្ទះ (១០៤) ស្មើនឹង ២៤៥គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​លុប​បឹង​តា​មោក។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្ដី ដើម្បី​សុំការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី២៥ ខែមករា ដោយ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ ធ្លាប់​ប្រាប់​សារ​ព័ត៌មាន​វីអូឌី​ថា អាជ្ញាធរ​មិន​អាច​ឱ្យ​ពលរដ្ឋ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​បាន​ឡើយ ដោយសារ​ពលរដ្ឋ​ទាំង​នោះ​រស់​លើ​ចំណី​ផ្លូវ​ដោយ​ខុសច្បាប់ ហើយ​រដ្ឋាភិបាល​គ្រោង​ពង្រីក​ផ្លូវ​នេះ​ឱ្យ​បាន ៥០ម៉ែត្រ។ លោក​ថា ពលរដ្ឋ​ទាំង​នេះ ត្រូវ​តែ​ដោះដូរ​ទៅ​ទីតាំង​ថ្មី ស្ថិត​ក្នុង​សង្កាត់​សំរោង​ដូច​គ្នា។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា រដ្ឋាភិបាល​គួរ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ជា​មុន ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ។ លោក​ថា ការ​ផ្ដល់​សំណង​មួយ​ចំនួន​កន្លង​មក មិន​អាច​ឆ្លើយតប និង​លក្ខខណ្ឌ​គ្រប់គ្រាន់​ដូច​តំបន់​រស់នៅ​ចាស់ ដែល​ប្រែក្លាយ​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ពលរដ្ឋ​ទៅ​វិញ។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​គួរ​ពិនិត្យ​ទៅ​លើ​ការ​បញ្ចុះ​ពន្ធ​ប្រេង និង​បង្កើន​ការ​ស្រាវជ្រាវ​រុករក​ប្រេង​ក្នុង​ប្រទេស ដោយ​គ្រប់គ្រង​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក ហេង គឹមហុង៖«ប្រសិនជា​រដ្ឋាភិបាល​យល់​ពួក​គេ​ត្រូវតែ​ធ្វើការ​អភិវឌ្ឍន៍​តំបន់​នោះ​ដោយ​ខាន​មិន​បាន រដ្ឋាភិបាល​ត្រូវ​តែ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​តាម​រយៈ​រក​ការងារ​ឱ្យ​ពួក​គេ​ធ្វើ​សិន ហើយ​មាន​ប្រភព​ចំណូល​ថ្មី មក​ជួស​ជាមួយ ហើយ​នឹង​ប្រភព​ចំណូល ដែល​ពួក​គេ​យល់​ថា ជា​ប្រភព​ចំណូល​ចាំបាច់​របស់​ពួក​គេ។ ហើយ​នេះ​ជា​រឿង​មួយ​សំខាន់​ណាស់ បើសិនជា​ចង់​អភិវឌ្ឍន៍ ប៉ុន្តែ​អត់​បាន​ផ្ដល់​នូវ​ការ​ដោះ​ស្រាយ​ទាំង​សំណង​ផ្លូវចិត្ត ឬ​សំណង​ទៅ​លើ​វិស័យ​ការងារ ឬ​សំណង​ផ្សេង​ទៅ​ដល់​ពួក​គេ​នោះ និង​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ទៅ​ដល់​កត្តា​ជីវភាព កត្តា​រស់នៅ ហើយ​ជាពិសេស ការ​បាត់បង់​លំនៅឋាន ឬ​ការ​បាត់បង់​អ្វី​ផ្សេង​ជា​ដើម»។

បឹង​តាមោក ឬ​បឹង​កប់​ស្រូវ មាន​ផ្ទៃដី​សរុប​ជាង ៣ពាន់​ហិកតារ (៣.២៣៩) ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាល​ពី​ដើម​ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​បាន​ចេញ​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ឆ្នាំ២០១៨ ដល់​ចុង​ខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹង​តា​មោក​សរុប​ជាង ២ពាន់​ហិកតារ (២.០០០) ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ ឬ​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន​មួយ​ចំនួន ដែល​គេ​ដឹង​ថា ជា​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច និង​មនុស្ស ដែល ស្និទ្ធ​នឹង​លោក ហ៊ុន សែន សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ពលរដ្ឋ និង​សង្គម​ស៊ីវិល ទទូច​ដល់​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ដល់​ពលរដ្ឋ​តំបន់​បឹង​តាមោក ដោយ​សន្តិវិធី និង​ផ្ដល់​សំណង​សមរម្យ ដើម្បី​ឱ្យ​ពួក​គាត់​អាច​រស់នៅ និង​មាន​មុខ​របរ​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។