ស្រូវ​ជិត​១​ពាន់​ហិកតារ​ក្នុង​ខេត្ត​ចំនួន​ពីរ​ប្រឈម​នឹង​ខូច​ដោយសារ​ទំនប់​ក្រុមហ៊ុន​ចិន

0:00 / 0:00

ប្រឡាយ​អភិវឌ្ឍន៍​ដែល​យក​ទឹក​ពី​ស្ទឹង​ស្ពានស្រែង ជាប់​ព្រំប្រទល់​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប និង​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ កំពុង​ប៉ះពាល់​ដល់​ស្រូវ​របស់​ប្រជា​កសិករ​ជិត ១​ពាន់​ហិកតារ ដោយ​ស្រែ​ខ្លះ​គ្មាន​ទឹក និង​ស្រែ​ខ្លះ​ទៀត​មាន​ទឹក​ជន់​លិច​លង់​ខ្លាំង​ខុស​ពី​ធម្មតា។

ប្រឡាយ​អភិវឌ្ឍន៍​នេះ កំពុង​អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន​ចិន ដើម្បី​នាំ​ទឹក​សម្រាប់​ស្រោចស្រព​វិស័យ​កសិកម្ម​នា​រដូវ​ប្រាំង។

អាជ្ញាធរ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប និង​មន្ត្រី​ពាក់ព័ន្ធ​ខ្លះ​ទៀត​កំពុង​ជួប​ប្រជុំ​គ្នា ដើម្បី​រិះរក​មធ្យោបាយ​ល្អ​ក្នុង​ការ​បញ្ចៀស​ទឹក​ជំនន់​ដែល​ចាល់​ខ្លាំង ដោយសារ​ទំនប់​អភិវឌ្ឍន៍​កំពុង​តែ​គំរាម​កំហែង​ទៅ​លើ​ស្រូវ​របស់​ប្រជា​កសិករ​ជាច្រើន​រយ​ហិកតារ​នៅ​ក្នុង​ឃុំ​ចំនួន​៥។

ទឹក​ជំនន់​ដែល​បណ្ដាល​មក​ពី​ភ្លៀង​ខ្លាំង ហើយ​ហូរ​មក​ចាល់​នឹង​ទំនប់​ដែល​ក្រុមហ៊ុន​ចិន ស្ថាបនា​នោះ កំពុង​ធ្វើ​ឱ្យ​កសិករ​ជាច្រើន​គ្រួសារ ព្រួយ​បារម្ភ​អំពី​ការ​ខូចខាត​ស្រូវ​របស់​ពួក​គេ ប្រសិន​បើ​ទឹក​នៅ​តែ​បន្ត​លិច​រយៈពេល​យូរ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ ១​រូប គឺ​លោក ហូយ ឈិន។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែ​កញ្ញា អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ផ្នែក​ទៀត បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​រិះរក​វិធី​ដោះស្រាយ​ទៅ​លើ​បញ្ហា​ទឹក​ដែល​ចាល់​នឹង​ទំនប់ ហើយ​ជន់​លិច​ស្រូវ​ជាច្រើន​រយ​ហិកតារ​នោះ។ មន្ត្រី​ដដែល​បញ្ជាក់​ថា រយៈពេល​ជិត​មួយ​សប្ដាហ៍​មក​ហើយ ទឹក​ភ្លៀង​ដែល​ហូរ​ពី​តំបន់​ភ្នំ​តាម​ស្ទឹង​ស្ពានស្រែង បាន​មក​ចាល់​នឹង​ទំនប់ ធ្វើ​ឱ្យ​លិច​លង់​ស្រូវ​របស់​ប្រជា​កសិករ​ជាច្រើន​ឃុំ នៃ​ស្រុក​ស្រីស្នំ៖ «នេះ​កំពុង​ប្រជុំ​ដោះស្រាយ​រឿង​ទឹក​លិច​ស្រូវ ព្រោះ​វា​ជន់​លើក​មុន ក៏​ទឹក​វា​លិច​ដែរ ហើយ​នៅ​ពេល​វា​ទើប​តែ​ងើប​បាន​បន្តិច ទឹក​ជន់​លើក​ក្រោយ​នេះ​មក​លិច​មួយ​សា​ទៀត នៅ​មិន​ទាន់​ស្រក​ទេ។ ចាំ​មើល​អភិបាល គាត់​ថា​ចុះ​ទៅ​មើល ដើម្បី​ឱ្យ​ចិន កាយ​បង្ហូរ​ចេញ»

ប្រភព​ព័ត៌មាន​ពី​តាម​បណ្ដា​ភូមិ​ខ្លះ​នៃ​ស្រុក​ស្រីស្នំ ឱ្យ​ដឹង​ថា អ្នក​ភូមិ​រាប់​សិប​គ្រួសារ កំពុង​រង​ការ​ប៉ះពាល់​ដោយសារ​តែ​ទឹក​ជំនន់​គំរាម​កំហែង​ស្រូវ​របស់​ពួក​គេ។

មេ​ភូមិ​ជ្រោយនាងងួន នៃ​ឃុំ​ជ្រោយនាងងួន លោក ឌី ប៊ុនស៊ាន ឱ្យ​ដឹង​ថា ទឹក​ជំនន់​បាន​ជន់​លិច​ស្រែ​នៅ​ភូមិ​របស់​គាត់​កាល​ពី ៣​ថ្ងៃ​មុន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ១០​គ្រួសារ ក្នុង​ចំណោម​អ្នក​ភូមិ​សរុប ៧០​គ្រួសារ កំពុង​រង​ការ​ប៉ះពាល់​ពី​ទឹក​ជំនន់​នោះ៖ «ទឹក​លិច​បាន ៣​ថ្ងៃ ទើប​តែ​ស្រក ផុស​ឃើញ​ចុង​ស្រូវ​បន្តិចៗ មាន​រលួយ​ខ្លះៗ​ទៅ​ហើយ ជាប់​នឹង​មាត់​ប្រឡាយ​ប្រហែល ៥​ហិកតារ វា​រលួយ​ម្ដុំៗ មិន​រលួយ​ទាំងអស់​ទេ នៅ​វា​ទើប​តែ​ផុស​ស្រូវ​បន្តិចៗ»

ចំណែក​មេ​ភូមិ​ឫស្សីសាញ់ លោក អាន ពិសី ឱ្យ​ដឹង​ស្រដៀង​គ្នា​ថា ស្រូវ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក កំពុង​លិច​ទៅ​ក្នុង​ទឹក​ប្រហែល​ជិត ២០០​ហិកតារ ក៏ប៉ុន្តែ​លោក​មិន​អាច​ប៉ាន់ស្មាន​ថា​តើ​វា​អាច​ខូចខាត ឬ​ក៏​យ៉ាង​ណា​ទេ ពីព្រោះ​លោក​មិន​ទាន់​ដឹង​ថា ទឹក​វា​នឹង​ស្រក​ផុត​នៅ​ពេល​ណា​ពិត​ប្រាកដ៖ «វា​កល់​នឹង​ប្រឡាយ​ចិន​ណា! ប៉ែក​ខាង​លិច លិច​ប្រហែល ១៥០​ហិកតារ ហើយ​នេះ​កំពុង​តែ​បង្ហូរ​ទឹក​ចេញ យើង​មិន​ទាន់​ដឹង​ថា​ផល​ប៉ះពាល់​យ៉ាង​ម៉េច​ទេ។ បើ​បង្ហូរ គឺ​បង្ហូរ​ហើយ ប៉ុន្តែ​ទឹក​ចេះ​តែ​មក​ពី​លើ​ថែម​ទៀត ឯ​រឿង​ខូច ឬ​មិន​ខូច យើង​អត់​ទាន់​ដឹង ពីព្រោះ​វា​ទើប​តែ​លិច​បាន ២-៣​ថ្ងៃ។ ខ្ញុំ​ព្រួយ​បារម្ភ​ដែរ បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ចិន ហើយ​ក្រុមហ៊ុន​គេ​ចុះ​មក​ជួយ​កាប់​ប្រឡាយ​បង្ហូរ​ទឹក​ចេញ»

នៅ​ស្រុក​ស្រីស្នំ ដោយសារ​តែ​ទំនប់ និង​ប្រឡាយ​អភិវឌ្ឍន៍ ដែល​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ដើម្បី​យក​ទឹក​ពី​ស្ទឹង​ស្ពានស្រែង សម្រាប់​ស្រោចស្រព​វិស័យ​កសិកម្ម​នៅ​រដូវ​ប្រាំង​នោះ គឺ​កំពុង​ធ្វើ​ឱ្យ​ឃុំ​ខ្លះ​ទទួល​រង​ទឹក​ជំនន់​លិច​ស្រូវ និង​ឃុំ​ខ្លះ​ទៀត​ខ្វះ​ទឹក ដោយសារ​តែ​ស្ទះ​មិន​អាច​ចូល​ដល់។ អាជ្ញាធរ​ស្រុក​ស្រីស្នំ និង​មន្ត្រី​កសិកម្ម កំពុង​តែ​ស្វែងរក​ការ​ដោះស្រាយ​ទៅ​លើ​បញ្ហា​ទាំង​ពីរ​នេះ​ឱ្យ​មាន​ភាព​ប្រសើរ។

ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ស្រីស្នំ លោក ណាត ស៊ីនួម មាន​ប្រសាសន៍​ថា ទឹក​ភ្លៀង​ដែល​ហូរ​តាម​ស្ទឹង​ស្ពានស្រែង បាន​ចូល​តាម​ប្រឡាយ​អភិវឌ្ឍន៍​ដែល​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា កន្លង​ទៅ ហើយ​នៅ​ថ្ងៃ​ទី​១៤ គឺ​ទឹក​ដែល​ហូរ​តាម​ប្រឡាយ បាន​ជន់​ខ្លាំង និង​បាន​បែក​ចូល​ទៅ​តាម​ស្រែ បណ្ដាល​ឱ្យ​ជន់​លិច​ស្រូវ​ចំនួន ៩៣០​ហិកតារ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ក្នុង​ចំណោម​ស្រូវ​ដែល​ទឹក​លិច​ជិត ១​ពាន់​ហិកតារ​នោះ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា គឺ​ទើប​តែ​ស្រក​បាន​ចំនួន ៣៧០​ហិកតារ នៅ​សល់​ប្រមាណ​ជាង ៥០០​ហិកតារ នៅ​តំបន់​ខាង​ក្រោម បន្ត​លិច​នៅ​ឡើយ៖ «វា​ស្រក​ទៅ​ពី​លើ​នេះ​ទៅ វា​នៅ​ខាង​ត្រាំសសរ វា​មាន ៥​ភូមិ​ទៀត បើ​គិត​ជា​ផ្ទៃដី​ខ្ទង់ ៥០០​ហិកតារ​ជាង​ទៀត​នោះ កំពុង​តែ​លិច។ ដូច្នេះ បើ​ការ​សន្និដ្ឋាន​របស់​ខ្ញុំ វា​មិន​ទាន់​អាច​ឱ្យ​ដល់​ទៅ​ខូច​ទេ ពីព្រោះ​ស្រូវ​ទឹក​ជំនន់​លិច​ត្រឹម ៧-១០​ថ្ងៃ​អត់​អី​ទេ។ មាន​តំបន់​ខ្លះ​ដែល​ស្ទះ និង​ប្រឡាយ​ចិន វា​អត់ វា​អត់​មាន​ទឹក។ ដូច្នេះ បង​ប្អូន​សំណូមពរ​មក​លោក​មេ​ឃុំ លោក​អភិបាល​ស្រុក​ស្រីស្នំ គេ​បាន​រៀបចំ​ចាត់​ចែង​អស់​ហើយ កាយ​បង្ហៀរ​ពី​កន្លែង​ណា​ដែល​លិច ទៅ​ដាក់​នៅ​កន្លែង​គ្មាន​ទឹក។ ដូច្នេះ វា​អាច​មាន​ទឹក​គ្រប់​ស្រែ»

មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ស្រីស្នំ ឱ្យ​ដឹង​ថា តំបន់​ដែល​មាន​ទឹក​ជំនន់​លិច​ស្រូវ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី​១៩ គឺ​នៅ​ឃុំ​ស្លែងស្ពាន សរុប​ផ្ទៃ​ដី​ស្រែ​ប្រមាណ ១០០​ហិកតារ ឃុំ​ជ្រោយនាងងួន ផ្ទៃ​ដី​ស្រែ​ដែល​លិច​ទឹក​ប្រមាណ ៧០​ហិកតារ។ ចំណែក​ឯ​ឃុំ​ប្រិយ និង​ឃុំ​ក្លាំងហាយ សរុប​ផ្ទៃដី ១៥០​ហិកតារ ក៏ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ទឹក​ជំនន់​បាន​ស្រក​ជិត​ផុត​ពី​តំបន់​ទាំង​នោះ​ហើយ។

មន្ត្រី​ស្រុក​ស្រីស្នំ ឱ្យ​ដឹង​ថា ប្រឡាយ និង​ទំនប់​អភិវឌ្ឍន៍​សម្រាប់​នាំ​ទឹក​ពី​ស្ទឹង​ស្ពានស្រែង ស្រោចស្រព​វិស័យ​កសិកម្ម​នៅ​រដូវ​ប្រាំង ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ទឹក​ជំនន់​លិច​ស្រូវ​នៅ​តំបន់​ខ្លះ ហើយ​តំបន់​ខ្វះ​ទៀត ស្ទះ​ទឹក​ចូល​មិន​ដល់​នោះ គឺ​ក្រុមហ៊ុន​ចិន បាន​អនុវត្ត​គម្រោង​សាងសង់​រយៈពេល ៣​ឆ្នាំ ដោយ​រហូត​មក​ដល់​ពេល​នេះ គម្រោង​ស្ថាបនា​ជិត​រួច​រាល់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។