អាជ្ញាធរខែត្រស្ទឹងត្រែង បានជូនដំណឹងឲ្យពលរដ្ឋដែលបដិសេធមិនទទួលសំណង រស់នៅភូមិស្រែគរចាស់ និងភូមិក្បាលរមាសចាស់ ស្រុកសេសានខែត្រស្ទឹងត្រែង ត្រូវប្រញាប់រុះរើផ្ទះសម្បែង និងជញ្ជូនសម្ភារៈចេញពីតំបន់នោះ ឲ្យមុនថ្ងៃទី៣១ ខែធ្នូ ខាងមុខ។ គណៈកម្មការដោះស្រាយផលប៉ះពាល់បានកំណត់យកថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៧ ជាថ្ងៃបញ្ចប់នៃការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
លិខិតជូនដំណឹងរបស់អភិបាលខែត្រស្ទឹងត្រែងលោក មុំ សារឿន ចុះថ្ងៃទី១១ តុលា បញ្ជាក់ថា ក្នុងករណីដែលពលរដ្ឋមិនទទួលសំណង រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានផ្ដល់ជម្រើសនានាជូនពលរដ្ឋដែលចង់យកទីតាំងថ្មី ឋិតនៅក្បែរភូមិចាស់ និងធ្លាប់អាស្រ័យផលស្រាប់ ដែលជាទីតាំងមានសុវត្ថិភាព ដើម្បីសាងសង់លំនៅឋានថ្មីរស់នៅ។ លើសពីនេះ ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ នឹងផ្ដើមបិទទឹកបន្ថែម ដើម្បីរក្សាទឹកទុកផលិតថាមពលអគ្គិសនីតួប៊ីនទី១ នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ ហើយការបិទទ្វារទឹកបន្ថែមនេះ កម្ពស់ទឹកនឹងឡើងលិចភូមិស្រែគរចាស់ និង ក្បាលរមាសចាស់ទាំងស្រុង ដែលនឹងលិចលង់ផ្ទះសម្បែង និងអាចខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាដើម។ ជាងនេះទៀត ក្នុងករណីដែលពលរដ្ឋ នៅពុំទាន់ទទួលសំណង គណៈកម្មការខែត្រ និងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ផលប្រយោជន៍របស់ពលរដ្ឋនោះទេ។ គណៈកម្មការដោះស្រាយផលប៉ះពាល់ខែត្រ សម្រេចមិនអនុញ្ញាតឲ្យអ្នកដំណើរ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ចូលទៅកាន់តំបន់នោះឡើយ ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ដែលប្រការនេះ ពួកអ្នកភូមិថា ជាលេសដើម្បីមិនអោយពួកអ្នកខាងក្រៅ និងអ្នកសារព័ត៌មានចូលទៅជួប ឬជួយពួកគាត់។
ទោះជាយ៉ាងណា មេឃុំស្រែគរ លោក សៀក មេគង្គ ឲ្យដឹងនៅថ្ងៃទី១៥ តុលា ថា អាជ្ញាធរខែត្រស្ទឹងត្រែងបានចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋ និងត្រៀមទូកជាមធ្យោបាយជួយដឹកជញ្ជូនសម្ភារៈនានាចេញទៅទីទួលខ្ពស់ ហើយមកទល់ពេលនេះ ពុំមានពលរដ្ឋ និងកុមារណាម្នាក់មានគ្រោះថា្នក់ដោយសារទឹកជំនន់នៅឡើយទេ។ រីឯក្រុមហ៊ុនបានចុះតំបន់នោះប្រចាំការ ២៤ម៉ោង ដើម្បីត្រៀមវាស់វែងផ្ដល់សំណងជូនពលរដ្ឋ ប្រសិនបើពលរដ្ឋប្ដូរឥរិយាបថទទួលសំណង៖ «យើងរៀបចំកម្លាំង ដើម្បីជួយតែម្ដងក្នុងពេលប្រការណាមួយ គាត់មិនអាចនៅភូមិបាន។ គោលការណ៍របស់ខែត្រមានជម្រើសពីរ បើគាត់ចង់នៅចម្ការគាត់ឲ្យគាត់នៅបាន បើគាត់ចង់យកសំណងអាចឡើងផ្ទះថ្មី»។
របាយការណ៍អាជ្ញាធរឃុំស្រែគរ អោយដឹងថា រយៈពេលប្រមាណ ៣ខែចុងក្រោយនេះ ពលរដ្ឋជាង ៦០គ្រួសារថ្មីទៀត នៅឃុំស្រែគរ បានយល់ព្រមទទួលសំណង និងចាកចេញពីភូមិចាស់ ទៅរស់នៅភូមិថ្មី ហើយបច្ចុប្បន្នពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៧គ្រួសារ និងឃុំស្រែគរ ជាង៦០គ្រួសារនៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។