យុវជនចលនាមាតាធម្មជាតិស្នើសុំឱ្យរដ្ឋាភិបាលដកហូតដីចំណីឆ្នេរអូឈើទាល ដែលត្រូវបានបុគ្គលឯកជនហ៊ុំព័ទ្ធធ្វើរបងយកដាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋវិញ។ ការស្នើសុំនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនឯកជនដែលបានធ្វើរបងហ៊ុំព័ទ្ធដីឆ្នេរអូរឈើទាលនោះ បានវាយរបងចេញកាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ។ មន្ត្រីអង្គការសង្គមស៊ីវិល គាំទ្រចំពោះការស្នើសុំនេះ និងស្នើសុំឱ្យរដ្ឋាភិបាលបង្ហាញពីតម្លាភាពក្នុងការផ្ទេរកម្មសិទ្ធិដីមួយកន្លែងនេះជាសាធារណៈ។
របងថ្មដែលសង់នៅជាប់ឆ្នេរអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ សម្របសម្រួលជាមួយម្ចាស់ក្រុមហ៊ុនឯកជន វាយកម្ទេចចោលហើយ តាមបទបញ្ជាពីចម្ងាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយមានការរិះគន់ព្រោងព្រាតពីសាធារណៈជន។ ទោះយ៉ាងណា សកម្មជនបរិស្ថានស្នើសុំឱ្យរដ្ឋាភិបាលដកហូតដីឆ្នេរសមុទ្រនោះមកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ ដើម្បីលើកកម្ពស់សម្រស់ឆ្នេរសមុទ្រ និងទាក់ទាញភ្ញៀវទេសចរណ៍។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីថា លោកសាទរចំពោះការវាយរបងដែលបានធ្វើនៅលើដីឆ្នេរអូរឈើទាល ក៏ប៉ុន្តែ លោកនៅតែបារម្ភចំពោះការគ្រប់គ្រងដីឆ្នេរសមុទ្រ និងដីចំណីឆ្នេរសមុទ្រដោយក្រុមហ៊ុនឯកជន ដែលមិនបានបម្រើជាផលប្រយោជន៍រួមដល់សាធារណៈជន និងវិស័យទេសចរណ៍នោះឡើយ។ លោកបន្ថែមថា រដ្ឋាភិបាលគួរដកដីឆ្នេរសមុទ្រអូរឈើទាល ដែលក្រុមហ៊ុនឯកជនកាន់កាប់ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញទាំងអស់ ដើម្បីលើកកម្ពស់សម្រស់ឆ្នេរសមុទ្រកម្ពុជាឡើងវិញ ឱ្យសាកសមទៅនឹងឈ្មោះដែលអន្តរជាតិផ្ដល់ចំណាត់ថ្នាក់ ជាឆ្នេរសមុទ្រល្អ។
សម្រាប់អ្វីដែលយើងចង់បានគឺ ចង់ឱ្យឆ្នេរដែលត្រូវបានរំលោភដោយឯកជនហ្នឹង ក្លាយជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឡើងវិញ អ៊ីចឹងបើសិនជាមិនទាន់មានលិខិតណាមួយ យើងនឹងមានសកម្មភាពនៅពេលខាងមុខ ដើម្បីទាមទារឱ្យខាងតែបាន ឱ្យឆ្នេរនេះក្លាយជាទ្រព្យសម្បត្តិសាធារណៈ។
ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់កម្មសិទ្ធិដែលមានដីនៅលើដីឆ្នេរអូរឈើទាល បានវាយកម្ទេចរបងបេតុងចេញវិញ កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ។ ការវាយរបងបេតុងដែលជាសំណង់រឹងមាំចេញវិញនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដោយសារតែមានការរិះគន់ច្រើនពីមហាជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងការសម្របសម្រួលពីរដ្ឋាភិបាលតែប៉ុណ្ណោះ។
ឆ្លើយតបនឹងការស្នើសុំនេះ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរខេត្តបានទទួលគោលការណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យសម្របសម្រួលជាមួយម្ចាស់កម្មសិទ្ធិដីនៅតំបន់ឆ្នេរអូរឈើទាល ដើម្បីវាយកម្ទេចរបង ក៏ប៉ុន្តែលោកថា រដ្ឋបាលខេត្តមិនបានទទួលការណែនាំឱ្យដកហូតប័ណ្ណកម្មសិទ្ធិដីនោះ ទៅជាកម្មសិទ្ធិរបស់រដ្ឋវិញនោះទេ។

លោក ឡុង ឌីម៉ង់៖ «ម្សិលមិញពេលល្ងាចហ្នឹង គឺថាសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកបានណែនាំ ឱ្យរដ្ឋបាលខេត្តធ្វើការជាមួយនឹងខាងម្ចាស់កម្មសិទ្ធិករ ដើម្បីឱ្យមានការកែសម្រួល និងរុះរើរបងប៉ែកខាងសមុទ្រ ឱ្យរុះរើចេញ អ៊ីចឹងម្ចាស់ក៏បានឯកភាព»។
ទោះបីជាមានការឆ្លើយតបបែបនេះក្ដី សាធារណៈជនបានលើកឡើងថា អភិបាលរងខេត្តរូបនេះគ្រាន់តែឆ្លើយដោះសារ ដើម្បីការពារបុគ្គលដែលជាម្ចាស់កម្មសិទ្ធិដីតំបន់ឆ្នេរនេះតែប៉ុណ្ណោះ ព្រោះកន្លងមក លោកមិនបានបង្ហាញឈ្មោះម្ចាស់កម្មសិទ្ធិនៅលើដីឆ្នេរសមុទ្រនេះឡើយ។
សារាចរណែនាំ ស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលឆ្នាំ២០១២ ចែងថា ដីឆ្នេរជម្រាលត្រូវកំណត់យ៉ាងតិច៣០ម៉ែត្រ ចាប់ពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុតទៅដីគោក។ ដីឆ្នេរសមុទ្រនេះត្រូវបានចាត់ទុកជាដីសាធារណៈរបស់រដ្ឋ និងប្រើប្រាស់សម្រាប់ជាប្រយោជន៍សាធារណៈតែប៉ុណ្ណោះ។ ដោយឡែក ដីចំណីឆ្នេរសមុទ្រ ដែលមានប្រវែង៥០ម៉ែត្របន្ថែមពីលើដីឆ្នេរសមុទ្រ ៣០ម៉ែត្រ ក៏ត្រូវចាត់ទុកជាដីសាធារណៈរបស់រដ្ឋដែរ ក៏ប៉ុន្តែសារាចរណែនាំនេះ បានលើកលែងចំពោះដីចំណីឆ្នេរសមុទ្រដែលមានម្ចាស់កម្មសិទ្ធិកាន់កាប់រួចហើយ។ ទោះជាយ៉ាងណា ទាំងដីឆ្នេរសមុទ្រ ៣០ម៉ែត្រ រួមជាមួយដីចំណីឆ្នេរសមុទ្រ ៥០ម៉ែត្រ និងដីផ្លូវសាធារណៈតាមបណ្ដោយដីចំណីឆ្នេរសមុទ្រ ៣០ម៉ែត្រ សរុបត្រូវជា ១១០ម៉ែត្រនោះ មិនត្រូវបានអនុញ្ញាតឱ្យសាងសង់សំណង់រឹងមាំនោះឡើយ ទោះបីជាដីចំណីឆ្នេរត្រូវបានគ្រប់គ្រងដោយបុគ្គលឯកជនស្រាប់ហើយក៏ដោយក្ដី។
ជុំវិញរឿងនេះ មន្ត្រីកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ប្រាប់វិទ្យុអាស៊ីសេរីថា ដីឆ្នេរ និងដីចំណីឆ្នេរសមុទ្រ ដែលក្រុមហ៊ុនឯកជនកាន់កាប់នោះ គឺជាអតីតទីតាំងដីនគរបាលជើងទឹក។ លោកគាំទ្រចំពោះការស្នើសុំឱ្យរដ្ឋាភិបាលដកហូតយកដីនេះ ធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ នៅក្នុងករណីរកឃើញថា ការផ្ទេរកម្មសិទ្ធិដីឯកជនរបស់រដ្ឋទៅក្រុមហ៊ុនឯកជនមួយនេះ ធ្វើឡើងដោយមានអំពើពុករលួយ។ ទន្ទឹមគ្នានេះ លោក ហេង គឹមហុង ក៏ស្នើសុំឱ្យរដ្ឋាភិបាល បង្ហាញពីដំណើរផ្ទេរកម្មសិទ្ធិដីនៅតំបន់ឆ្នេរអូរឈើទាលនេះផងដែរ ដើម្បីបង្ហាញពីតម្លាភាពដល់សាធារណៈជន។
លោក ហេង គឹមហុង៖ «រដ្ឋាភិបាលក្ដី ភាគីពាក់ព័ន្ធផ្សេងទៀតក្ដី ត្រូវតែធ្វើការពិនិត្យ និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើការសម្រេចរបស់ខ្លួន ជាពិសេសកុំឱ្យមានទំនាស់ផ្នែកច្បាប់ ឬក៏វិធានគតិយុត្តិដែលមានស្រាប់។ រដ្ឋាភិបាលបើកាលណាសម្រេចខុសអំពីឆន្ទៈនៃច្បាប់ដែលមានស្រាប់ វានឹងធ្វើឱ្យមានការប្រតិកម្មពីសំណាក់មហាជន ឬក៏ធ្វើឱ្យការអនុវត្តច្បាប់ហ្នឹង វាមានស្តង់ដារខុសពីគ្នា»។
ទោះជាយ៉ាងណា រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ដឹងថា នរណាជាម្ចាស់កម្មសិទ្ធិដីឆ្នេរសមុទ្រនេះឱ្យពិតប្រាកដនៅឡើយទេ ដោយសារអាជ្ញាធរខេត្តព្រះសីហនុ ជួយការពារបិទបាំង ខ្លាចខូចកេរ្តិ៍ឈ្មោះរបស់បុគ្គលនោះ។ សកម្មជនចលនាមាតាធម្មជាតិ បញ្ជាក់ថា ក្រុមយុវជនចលនាមាតាធម្មជាតិ នឹងនៅតែធ្វើសកម្មភាពតស៊ូមតិដោយអហិង្សា ដើម្បីទាមទារឱ្យរដ្ឋាភិបាល ដកហូតដីស្ថិតនៅលើឆ្នេរសមុទ្រអូរឈើទាលនេះ មកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការដកហូតប័ណ្ណកម្មសិទ្ធិដីនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។