សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៦នាក់​ថា នឹង​ចូល​សវនាការ​សាលា​ដំបូង​ភ្នំពេញ​នៅ​ខែ​ក្រោយ​

0:00 / 0:00

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៦នាក់​អះអាង​ថា ពួក​គេ​នឹង​ចូលរួម​សវនាការ​តាម​ការ​កោះ​ហៅ​របស់​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ប្រមាថ​អង្គ​ព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»។ អង្គការ​សង្គម​ស៊ីវិល​ថា តុលាការ​គួរតែ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​យុវជន​ទាំង​នោះ ព្រោះ​ពួក​គេ​ធ្វើ​សកម្មភាព​កន្លង​ទៅ គឺ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​សម្បត្តិ​រួម​តែ​ប៉ុណ្ណោះ។

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​កោះ​ហៅ មេធាវី​ការពារ​ក្ដី​សកម្មជន​បរិស្ថាន​ចំនួន ៦នាក់ គឺ​លោក សំ ចំរើន និង​កូន​ក្ដី​ទាំង ៦រូប​នោះ រួម​មាន​កញ្ញា ឡុង គន្ធា កញ្ញា ស៊ុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ លោក យីម លាងហ៊ី និង ថុន រដ្ឋា ឱ្យ​ចូលរួម​សវនាការ​ជា​លើក​ទី១ នៅ​ថ្ងៃ​ទី៦ ខែមករា​ខាង​មុន​នេះ។

សកម្មជន​មាតា​ធម្មជាតិ ដែលទើបចេញពីពន្ធនាគារអស់រយៈពេលជិត១ឆ្នាំ កញ្ញា ឡុង គន្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១១ ខែមករា​នេះ​ថា កញ្ញា និង​យុវជន ៥នាក់​ទៀត ត្រៀម​ខ្លួន​ចូល​សវនាការ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នៅ​ខែ​ក្រោយ​នេះ។ ប៉ុន្តែ​កញ្ញា​មិន​សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​គេ​នោះ​ទេ។

សកម្មជន​បរិស្ថាន​វ័យ ២៥ឆ្នាំ​រូប​នេះ​បន្ត​ថា ការណ៍​ដែល​ពួក​កញ្ញា​ថ្លែង​បែប​នេះ គឺ​ដោយសារ​តែ​កន្លង​ទៅ​អាជ្ញាធរ រួម​នឹង​តុលាការ​បាន​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ពួក​គេ​ដាក់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ១ឆ្នាំ​ទាំង​អយុត្តិធម៌​រួច​មក​ហើយ ខណៈ​ពួក​គេ​ទាំង ៦នាក់ គ្រាន់តែ​ធ្វើ​សកម្មភាព ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​ផល​ប្រយោជន៍​រួម​ប៉ុណ្ណោះ។

កញ្ញា ឡុង គន្ធា៖«សម្រាប់​ខ្ញុំ​នៅ​តែ​ទូទូច និង​ស្នើ​ឱ្យ​តុលាការ​មេត្តា​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​ពួក​យើង ៦នាក់។ យើង​នៅតែ​ប្រកាន់​គោល​ជំហរ​ថា យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​កន្លង​មក​នោះ​ទេ។ សកម្មភាព​របស់​ពួក​យើង​កន្លង​មក គឺ​ដើម្បី​ការពារ​បរិស្ថាន ដើម្បី​ការពារ​ធនធាន​ធម្មជាតិ មិន​មាន​ចេតនា​ណា​ផ្សេង​ក្រៅ​ពី​ហ្នឹង​ទេ ហើយ​សកម្មភាព​របស់​ពួក​យើង​គួរតែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត វា​មិន​គួរ​ត្រូវ​បាន​រឹតត្បិត វា​មិន​ត្រូវ​បាន​កៀប​សង្កត់​គ្រប់​រូបភាព​តាម​ផ្លូវ​តុលាការ​ជា​ដើម​នោះ​ទេ»។

ជុំវិញ​រឿង​នេះ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា មើល​ឃើញ​ថា ការ​កោះ​ហៅ​សកម្មជន​បរិស្ថាន​ទាំង ៦រូប ចូល​សវនាការ​សា​ជា​ថ្មី​នេះ តាម​នីតិវិធី​របស់​តុលាការ​គួរតែ​ឈរ​លើ​ជំហរ​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​គេ។ លោក​ថា តុលាការ​មិន​គួរ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​នោះ​តាំង​ពី​ដំបូង ព្រោះ​ពូក​គេ ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ។

លោក សឹង សែនករុណា៖«យើង​សង្ឃឹម​ថា មាន​ការ​ពិចារណា​ពី​តុលាការ​ដំបូង ពី​តុលាការ​ឧទ្ធរណ៍​មាន​ការ​គិតគូរ ហើយ​បន្ធូរ​បន្ថយ ឬ​ក៏​មាន​ការ​ទម្លាក់​ចោល​ការ​បទ​ចោទ​ប្រកាន់ ដើម្បី​ឱ្យ​ពួក​គាត់​ធ្វើ​បាន​ដោយ​យុត្តិធម៌ ហើយ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​បំពេញ​តួនាទី និង​ការងារ​របស់​ខ្លួន​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ជា​បន្ត​ទៀត»។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន កញ្ញា ស៊ុន រដ្ឋា និង​លោក យីម លាងហ៊ី ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ ចំណែក​លោក លី ចាន់ដារ៉ាវុត តុលាការ​បាន​ចោទ​ពី​បទ «រួមគំនិតក្បត់» និង «ប្រមាថ​អង្គ​ព្រះមហាក្សត្រ» ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វីដេអូ​ទាមទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​សកម្មជន​បរិស្ថាន កាល​ពី​ខែមិថុនា ឆ្នាំ២០២១។ ក្នុង​សំណុំរឿង​ក្ដី​នេះ​ដែរ កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក ថុន រដ្ឋា ក្នុង​ពេល​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ តុលាការ​ក៏​បាន​ចោទ​ប្រកាន់​ពួក​គាត់​មួយ​បទ​ល្មើស​ទៀត គឺ​បទ​រួម​គំនិត​ក្បត់ បន្ថែម​លើ​បទ​ចោទ​ញុះញង់ ដែល​ពួក​គាត់​ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០២០។

ក្រោយ​ពី​តុលាការ​បាន​ដោះ​លែង​ពួក​គេ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លង​ទៅ ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ​បានទទួលពានរង្វាន់២។ ទី១ គឺ​ជា​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ២០២១ ពី​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា និង​មួយ​ទៀត គឺ​ជា​ពានរង្វាន់​អ្នក​ការពារ​ជួរ​មុខ ពី​អង្គការ Front Line Defenders ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយប្រថាន​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិស្ថាន​នៅ​កម្ពុជា។

ទោះជា​យុវជន​ទាំង​នោះ​នៅ​ក្រោម​សម្ពាធ នៃ​ការ​ឃ្លាំមើល​ពី​តុលាការ​រហូត​ដល់​បច្ចុប្បន្ន​ក៏​ដោយ ក៏​ពួក​គេ​នៅ​បន្ត​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ជា​បន្ត​បន្ទាប់​ជា​ឧទាហរណ៍​យុទ្ធនាការ​ការពារ​កោះកុង​ក្រៅ តាម​រយៈ​ចេញ​វីដេអូ​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ និង​យុទ្ធនាការ​ដង្ហែ​សាកសព​ព្រៃ​ឈើ​ទៅ​កាន់​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​ឱ្យ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ និង​សកម្មភាព​តស៊ូ​មតិ​លើ​បញ្ហា​សិទ្ធិមនុស្ស​ជា​ដើម ដោយ​ពួក​គេ​ចាត់​ទុក​ថា សកម្មភាព​ទាំង​នោះ​ជា​ទង្វើ​ស្រប​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។